Sunday, February 23, 2025
Homeព័ត៌មានជាតិ ដកកាំ.../ភ្លើងភ្ជ../ង់គេ រៀលកៃត្រូ.../វខ្លួនឯង

 ដកកាំ…/ភ្លើងភ្ជ../ង់គេ រៀលកៃត្រូ…/វខ្លួនឯង

ខេត្តព្រះសីហនុ ៖ ជនសង្ស័យម្នាក់ ក្រោយពីចាញ់ល្បែង បានយករថយន្ត ១គ្រឿង ទៅដាក់បញ្ចាំ លុះក្រោយមក កើតមានជម្លោះ ឈានដល់ដកកាំភ្លើងភ្ជង់គំរាមគេ តែត្រូវសន្តិសុខចូលទៅប្រតាយប្រតប់ រៀលកៃកាំភ្លើងត្រូវភ្លៅខ្លួនឯង ១គ្រាប់ រួចកាន់កាំភ្លើងរត់ចេញមកក្រៅ ភ្ជង់គំរាមម៉ូតូកង់បី ជិះគេចខ្លួនអត់បាន ក៏ភ្ជង់គំរាមអ្នក បើកតាក់ស៊ីម្នាក់ យករថយន្តជិះគេចខ្លួន តែរត់មិនរួច ត្រូវសមត្ថកិច្ចតាមចាប់ក្របួចជាប់ ដល់ក្នុងមន្ទីរពេទ្យ។ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង២៣នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជាន់ទី២ នៃសណ្ឋាគារណានហៃ ស្ថិតក្នុងក្រុម២ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ជនសង្ស័យជាខ្មាន់កាំភ្លើង ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា គឺជាជនជាតិចិន។

យោងតាមសេចក្តីរាយការណ៍បឋម បានឱ្យដឹងថា មុនកើតហេតុ ជនសង្ស័យជាជាតិចិន ខាងលើ និងបក្ខពួក បានចាញ់ល្បែង រួចក៏យករថយន្ត ១គ្រឿង ទៅបញ្ចាំ ស្រាប់តែក្រោយមក មិនដឹងមានបញ្ហាអ្វី ក៏កើតជម្លោះ ហើយភ្លាមនោះ ជនសង្ស័យជាជនជាតិចិន បានដកកាំភ្លើងខ្លី ១ដើម ភ្ជង់គេ រួចរត់ចេញពីសណ្ឋាគារ។ ប៉ុន្តែពេលរត់មកដល់មាត់ទ្វារសណ្ឋាគារ ត្រូវសន្តិសុខឃាត់ រហូតប្រតាយប្រតប់យគ្នា ធ្វើឱ្យរៀលកៃកាំភ្លើង ត្រូវភ្លៅខ្លួនឯង រងរបួស។

សេចក្តីរាយការណ៍ បន្តថា ពេលរងរបួសហើយ ជនជាតិចិននេះ បានរត់ចេញទាំងរងរបួស និងកាន់កាំភ្លើងជាប់ដៃ មកធ្វើសកម្មភាពភ្ជង់គំរាមម៉ូតូកង់បី ចំនួន២គ្រឿង ជាបន្តបន្ទាប់ឱ្យឈប់ បំណងដឹកខ្លួនរត់គេច តែអ្នកបើកម៉ូតូកង់បី មិនហ៊ានឈប់ ទើបជនសង្ស័យ បានរត់ទៅភ្ជង់អ្នករត់តាក់ស៊ីម្នាក់ទៀត ដែលកំពុងចតរថយន្តតាក់ស៊ី ម៉ាកតូយ៉ូតា ព្រូស នៅខាងមុខសណ្ឋាគារ បំណងចង់បើកគេចខ្លួន ធ្វើឱ្យអ្នកបើកតាក់ស៊ីភ័យ បានបើកទ្វាររត់ និងចុចសោរពន្លត់ ធ្វើឱ្យជនជាតិចិន មិនអាចបើកបាន ក៏រត់ទៅពេទ្យ ដោយខ្លួនឯង និងត្រូវបានសមត្ថកិច្ច តាមចាប់ខ្លួនដល់ក្នុងមន្ទីរពេទ្យតែម្តង។

ដោយឡែក តាមប្រភពស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ក្រោយកើតមានករណីផ្ទុះអាវុធខាងលើ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្ត បានបញ្ជាឱ្យកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការក្រុងព្រះសីហនុ ចុះទៅកន្លែងកើតហេតុធ្វើការស្រាវជ្រាវ ដោយកំណត់មុខសញ្ញាបាន ជនសង្ស័យម្នាក់ ឡើងជិះរថយន្ត ១គ្រឿង ម៉ាកមែរសឺដេស ពណ៌ស នៅចំណុចមន្ទីរពេទ្យឯកជន មួយកន្លែង ស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ បន្ទាប់មក កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនមនុស្ស សរុប៣នាក់ (ស្រី១នាក់) និងដកហូតវត្ថុតាង រួមមាន សំបកគ្រាប់ ចំនួន ២គ្រាប់ និងគ្រាប់ចំនួន ៤គ្រាប់ នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំជនជាតិចិន ចំនួន៣នាក់ (ស្រី១) និងរថយន្ត ២គ្រឿង យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីស្រាវជ្រាវ និងចាត់ការតាមនីតិវិធី៕

RELATED ARTICLES