ភ្នំពេញ ៖ ជនសង្ស័យជាទមិឡឥតសាសនាម្នាក់ ក្រោយពីដឹងដំណឹងថា ព្រះចៅអធិការ– វត្តមិនគង់នៅក្នុងកុដិ ក៏ធ្វើសកម្មភាពគាស់កុដិ ព្រះចៅអធិការ លួចយកបច្ច័យអស់ប្រមាណ ៣០លានរៀល បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចកុដិព្រះគ្រូចៅអធិការវត្ត ប្រយូវង្ស មានទីតាំងស្ថិតក្នុងក្រុម៣៦ ភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ព្រះចៅអធិការដែលត្រូវចោរលួចគាស់ កុដិលួចយកបច្ច័យអស់ប្រមាណ៣០លានរៀល មានព្រះនាមអ៊ុង សិទ្ធី ព្រះជន៤១វស្សា ជា ព្រះចៅអធិការវត្តប្រយូវង្ស មានស្រុកកំណើត នៅភូមិដំណាក់អម្ពិល ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។
តាមសង្ឃដីកាព្រះចៅអធិការ បានមាន សង្ឃដីការៀបរាប់ថា នៅមុនពេលកើតហេតុ កាល ពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ ព្រះអង្គមានកិច្ចការរវល់ត្រូវនិមន្ត ទៅស្រុកកំណើត ដើម្បីធ្វើបុណ្យ ដោយមិន បានយកបច្ច័យដែលបានសន្សំជាច្រើនឆ្នាំមក ហើយសរុបប្រមាណជាង៣០លានរៀល ទុក សម្រាប់កសាងវត្ត ទៅជាមួយទេ។ រហូតដល់ វេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០១៧ ទើបព្រះអង្គបាននិមន្តត្រឡប់ មកដល់វត្តវិញ តែក៏មិនបានចាប់អារម្មណ៍ថា បាត់បច្ច័យអ្វីដែរ រហូតទាល់តែនិមន្តទៅឆាន់ ចង្ហាន់ថ្ងៃត្រង់ រួចនិមន្តមកសឹងក្នុងកុដិវិញ ទើបប្រទះឃើញថា ខ្នើយដែលព្រះអង្គដាក់ បច្ច័យទុកក្នុងនោះ ប្រមាណ៣០លានរៀល បាត់អស់ទៅហើយ។
ព្រះចៅអធិការ មានបន្ទូលបន្តទៀតថា នៅពេលដឹងថា បាត់បច៉្ច័យភ្លាមព្រះអង្គមិនទាន់ ឆោឡោភ្លាមទេ ព្រោះខ្លាចច្រឡំដៃទុកបច្ច័យ នៅកន្លែងផ្សេង ប៉ុន្តែក្រោយពីរើកកាយពេញ កុដិហើយ នៅតែរកបច្ច័យមិនឃើញ ទើបនៅ វេលាមោ់ង៦ល្ងាច ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ព្រះអង្គបានសម្រេចព្រះទ័យ រាយការណ៍សុំ អន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។
ព្រះចៅអធិការ បានបញ្ជាក់ថា បច្ច័យទាំង នោះ មានចំនួនសរុបប្រមាណ៣០លានរៀល ដែលជាបច្ច័យរបស់ពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ ព្រមទាំងសប្បុរសជន បានចូលជាបច្ច័យ ហើយព្រះអង្គក៏សន្សំទុក សម្រាប់កសាងវត្ត ស្រាប់តែពេលនេះត្រូវជន មិនស្គាល់ មុខលួចយកអស់ទៅហើយ។
ក្រោយកើតហេតុ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ចបាន ចុះមកពិនិត្យដល់កុដិព្រះចៅអធិការ ដើម្បីធ្វើ កំណត់ហេតុ និងសាកសួរ ដើម្បីកំណត់មុខសញ្ញា ស្រាវជ្រាវតាមជំនាញ៕