ភ្នំពេញ៖តារាចម្រៀងលោកប៉ុន សុណារិន ហៅខេម ដែលជាប្រធានក្រុមបាល់ទាត់តារាកម្ពុជា ស្ពឹកមុខព្រោះត្រូវអ្នកលេងបណ្ដាញសង្គមរិះគន់ផង វាយប្រហារផង ថាលោកនិងកូនក្រុមលេងបាត់អត់កើត ទប់បាល់អត់ជាប់ផង ព្រោះតារាខ្លះដុះក្បាលពោះ ខ្លះជរា រត់អត់១នាទីហាមាត់…ចង់ប្រកួតជាមួយក្រុមតារាប្រទេសជិតខាងនាំតែបាក់មុខ ដោយសារដឹងលទ្ធផលមុនទៅហើយថាគង់តែចាញ់។

ឆ្លើយតបបញ្ហានេះក្នុងជំនួបផ្ទាល់កាលពីថ្ងៃទី២៤ ខែ២ ខេម ថាលោកមិនមែនជាកីឡាករបាល់ទាត់អាជីពទេ តែគឺជាអ្នកចម្រៀងអាជីពម្នាក់។ លោកខេម ក៍បានឆ្លើយតទៅគេរិះគន់ក្រុមបាល់ទាត់របស់ខ្លួនវិញនោះថា«តើហ៊ានទេ បើមកប្រកួតច្រៀងជាមួយខ្ញុំ?» ។លោកខេម បន្ថែមថាអ្នកពូកែទើស ចូលចិត្តវ៉ៃប្រហារ ក្រុមបាល់ទាត់របស់លោកនោះក៍អាចណាត់លោកលេងបាល់ទាត់ជាមួយគ្នាពេលណាក៍បានដែរគឺម៉ាស្រលាញ់លោកស្វាគមន៍ជានិច្ច ។

លោកខេម ថ្លែងថា«បើតារាបាល់ទាត់ក្រុមខ្ញុំទាត់បាល់កើតម្លេះពួកយើងទៅធ្វើកីឡាករបាល់ទាត់អាជីពមួយ បាត់ទៅហើយ។បើឲ្យអ្នករិះគន់ហ្នឹងមកច្រៀងក៍ពិបាកជាមួយខ្ញុំដែរ គឺដូចតែគ្នាទេ ។អ្នករិះគន់ថាក្រុមខ្ញុំលេង បាល់ទាត់មិនកើតនោះអាចប្រមូលគ្នាមួយដុំមកជុំគ្នាបាន យើងអាចលេងតទល់ជាមួយគ្នាបាន ព្រោះយើងជាខ្មែរដូចគ្នាអីចឹងគ្រាន់តែទាត់បាល់ដើម្បីសុខភាពរឿងអីមិនហ៊ាន ឈ្នះចាញ់ជារឿងធម្មតា »។

លោកខេម ថាអ្នកអង្គុយមើលកីឡាករបាល់ទាត់លេង ខុសពីអ្នកលេង ហើយលោកយល់ថាមនុស្សយើងមានរូបរាងសង្ហារ មានទ្រព្យសម្បត្តិច្រើនយ៉ាងណាក៍ដោយ តែបើគ្មានសុខភាពហើយគឺស្មើនិងសូន្យ អត់ន័យខ្លឹមសារអ្វីទាំងអស់ ។

លោកខេម បានឲ្យដឹងដែរថាមុនក្លាយទៅជាប្រធានក្រុមបាល់ទាត់តារាកម្ពុជានេះរូបលោកក៍ធ្លាប់ជាកីឡាករប្រចាំខេត្តកំពង់ឆ្នាំង ធ្លាប់ទៅទាត់បាល់នៅតាមខេត្តក្រុងមួយចំនួនផងដែរ ។លោកខេម ថាទោះជាសមាជិកក្នុងក្រុមរបស់លោកមិនទាន់ឈានដល់ចំណុចកំពូលមែន តែបច្ចុប្បន្នកូនក្រុមលោកបានយល់ពីបាល់ទាត់ច្រើនជាងមុន ។

គួរបញ្ជាក់ថាខេម នឹងដឹកនាំក្រុមបាល់ទាត់តារាកម្ពុជា លេងតទល់ជាមួយក្រុមបាល់ទាត់តារាថៃ ដែលនឹងធ្វើនៅថ្ងៃទី៨ ខែ៣ ឆ្នាំ២០២៥ ខាងមុខនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ។

Fan មួយចំនួនលើកឡើងថាលោកខេម ពេលនេះរវល់ទៅលើការដឹកនាំក្រុមតារាបាល់ទាត់កម្ពុជាច្រើនជាង ច្រៀងរាំ ទើបធ្វើឲ្យលោកមិនសូវមានបទល្បីៗដូចមុនទេ ។ប៉ុន្ដែរឿងស្នេហាជាមួយអ្នកនាងកា វិញលោកសុណារិន កាន់តែព្យាយាមរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំថែមទៀត ដោយថ្មីៗនេះថែមទាំងបង្ហាញរូបសាក់អក្សរលើដៃសាច់ដុំដៃស្ដាំចារឈ្មោះភរិយាថា«KA » និងមានសាក់ថ្ងៃខែឆ្នាំ កំណើតពួកគេជួបគ្នាលើកដំបូងទៀតផង។ប៉ុន្ដែលោកសុណារិន ដែលកាន់គ្រិស្ទានតាំងពីក្មេងរូបនេះនៅតែមិនទាន់ហ៊ានកំណត់ថ្ងៃរៀបការជាក់លាក់ទេ ហេតុនេះហើយបានជាធ្វើឲ្យលោកដែលចង់បានកូនង៉ាបីប្រលែងលេងនោះបានត្រឹមតែដើរបីកូនគេបណ្ដោះអាសន្នសិន ។

មជ្ឈដ្ឋានមហាជនមើលឃើញថាអំឡុងពេលដែលខេម កំពុងតែជាប់ដៃរឿងបាល់ទាត់នេះអាជីពចម្រៀងរបស់លោកនៅGalaxy ហាក់នៅទ្រឹងពោលគឺមិនអាចវ៉ាគេបានទេតាំងពីព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ មកដល់ ដោយអ្នកខ្លះថាលោកមិនមែនលេខ១ ឬលេខ២ទេ ប៉ុន្ដែគឺឈរនៅលេខរៀងទី៣ទៅហើយ ។ប៉ុន្ដែTop Fan របស់លោកខេម នៅតែថា លោក សុណារិន ស្ថិតក្នុងលំដាប់តារាជូរមុខដដែល របស់Galaxy ដដែល ៕


