ភ្នំពេញ៖កាលពីខែកញ្ញា ឆ្នាំ២០២០ មនុស្សជំនិតបំផុតលោកព្រាប សុវត្ថិ បានប្រាប់ទៅអ្នកសារព័តមានថាលោកសុវត្ថិ ដែលចាប់អាជីពចម្រៀង២៨ឆ្នាំ សល់ទ្រព្យប្រមាណ៣០លានដុល្លារ ។ទិន្នន័យទ្រព្យសម្បត្តិរបស់ព្រាប សុវត្ថិ នេះនាំឲ្យមហាជនមានការភ្ញាក់ផ្អើល ខណៈសិល្បករជាច្រើនក៍បានស្ញប់ស្ញែងផងដែរ ព្រោះគេអាចទូទាត់បានថាក្នុង១ឆ្នាំ ព្រាប សុវត្ថិ រកប្រាក់ចំណូលបានជាង១លានដុល្លារ ។ប៉ុន្ដែ៥ឆ្នាំចុងក្រោយនេះព្រាប សុវត្ថិ ឬ មនុស្សជំនិតរបស់លោកមិនបានប្រាប់ពីចំនួនលុយដែលអតីតតារាហង្សមាសរូបនេះប្រមូលបានពីសិល្បៈនោះទេ ពិសេសគឺក្រោយពេលដែលលោកសុវត្ថិ បានឡើងងារជាឧកញ៉ាថ្ងៃទី៩ខែមេសា ឆ្នាំ ២០២២ នោះមកលោកមិនដែលប្រកាសពីទ្រព្យសម្បត្តិឲ្យគេដឹងឡើយ ។តែមានការលើកឡើងថាបើគិតចាប់តាំងពីឆ្នាំ១៩៩៧ ព្រាប សុវត្ថិ រកលុយបានយ៉ាងទៀតទាត់ក្នុងរយៈពេល២៨ឆ្នាំ ពោលគឺជាមធ្យម១ឆ្នាំជាង១លានដុល្លារនោះមានន័យថានៅរយៈពេល៥ឆ្នាំចុងក្រោយនេះលោកមានតែរកប្រាក់ចំណូលបានច្រើនជាងឆ្នាំមុនៗទៅទៀត ព្រោះពង្រីកមុខជំនួញជាបន្ដបន្ទាប់ ហេតុនេះគេអាចសន្និដ្ឋានបានថាលោកឧកញ៉ាស្នាយ វ័យ៥០ឆ្នាំមានទ្រព្យសរុបអាចខ្ទង់ ជិត៤០លានដុល្លារទៅហើយ គិតត្រឹមឆ្នាំ២០២៥ ដែលទ្រព្យទាំងនោះភាគច្រើនកប់នៅលើទុនក្នុងវិស័យអចលវត្ថុ និងមុខជំនួញផ្សេងៗទៀតដូចជាហាងលក់បាយ(ផ្ទះព្រាប សុវត្ថិ ),ហាងកាត់ដេរ និងហាងកាត់សក់ ជាដើម ។


អ្នកជំនាញសិល្បៈបានលើកឡើងថាទោះជា៥ឆ្នាំ(២០២០-២០២៥) នេះអាជីពចម្រៀងរបស់ព្រាប សុវត្ថិ មិនទៅមុខ ពោលគឺមិនខ្លាំងដូចកាលនៅហង្សមាសក្ដី ប៉ុន្ដែលោកសុវត្ថិ មិនធ្លាក់ចំណូលនោះទេគឺមានតែកើនឡើងដោយសារតែលោកពង្រីកអាជីវកម្មហាងបាយទៅដល់ភូមិភាគឦសាន នាខេត្តមណ្ឌុលគិរី និងមានក្រុមហ៊ុនអចលនវត្ថុ ផងដែរ ។តែព្រាប សុវត្ថិ ដែលឈានចូលវ័យ៥០ឆ្នាំនោះមិនបានបន្ធូដៃ រឿងចេញបទចម្រៀង ឬរាំច្រៀងនៅលើឆាកតន្រ្ដីឡើយ ព្រោះលោកធ្លាប់ប្រាប់ថាតាំងពីឡើងជាឧកញ៉ាមកលោកចាប់អាជីពសិល្បៈ និងរកស៊ីស្មើគ្នា ពោលគឺមិនអាចព្រលែងចោលមួយណាបានទេ ។លោកសុវត្ថិ ថែមទាំងថា«បើមិនរកស៊ី គឺមិនទៅមុខទេ » ។


សូមបញ្ជាក់ថាព្រាប សុវត្ថិ ក្រោយទទួលបានគោរម្យងារឧកញ៉ាជិត៣ឆ្នាំមកនេះលោកបង្ហាញឥទ្ធិពលកាន់តែខ្លាំងពោលគឺមិនចាញ់ឧកញ៉ាផ្សេងៗទៀតឡើយ ព្រោះទៅណាមកណាមានកងអង្គរក្សបើកម៉ូតូធំតាមការពារជាមួយក្បួនរថយន្ដលោកមានដូចជារថយន្ដRolls Royce ,Escalade ,BMW ,Isuzu និងRange Rover ជាដើម ។លោកសុវត្ថិ ដែលជ្រកនៅGalaxy ចូលដល់ឆ្នាំទី៥ និងគ្មានដំណឹងតកុងត្រាថ្មីហើយបានយកកូន២នាក់ច្រៀងនៅទ្រនុំជាមួយខ្លួនគឺកូនទី១៖សុវត្ថិ មុនីវណ្ណ និងកូនទី៣៖សុវត្ថិ សិរីវុឌ្ឍ នោះបានចេញឃោសនាជាបន្ដបន្ទាប់ឲ្យកូនទី២របស់លោកសុវត្ថិ មុនីនាគ (N.John )ដែលនឹងចេញបទចម្រៀងជាភាសារអង់គ្លេសនៅអាមេរិកនៅថ្ងៃទី២៨ ខែកុម្ភៈ នឹងចេញនៅខ្មែរនៅថ្ងៃទី១ ខែមីនា ។ប៉ុន្ដែគេមិនទាន់អាចសន្និដ្ឋានបានថាលោកសុវត្ថិ ជម្រុញឲ្យកូនទី២ ច្រៀងជាភាសារបរទេសនេះជោគជ័យឬអត់នោះទេ ក្រោយលោកបានជួលគ្រូជំនាញបរទេសឲ្យបង្ហាត់ដល់កូនទាំងច្រៀងនិងរាំ មុនចេញAlbum ដំបូងរបស់ខ្លួន។សុវត្ថិ មុនីនាគ ដែលប្ដូរឈ្មោះទៅជាN.JOHN នេះហើយដែលតារាចម្រៀងពេជ្រ សោភា ធ្លាប់និយាយថាតាមការមើលឃើញរបស់នាងរូបគេនឹងក្លាយទៅជាអ្នកស្នងតំណែងលោកព្រាប សុវត្ថិ ដ៍មានឥទ្ធិពលនាពេលអនាគត ៕

