ភ្នំពេញ ៖ ស្រីស្រស់ មាន សូនីតា ត្រូវបានថៅកែហង្សមាស ផ្ដល់តំណែងឲ្យជាគណៈកម្មការក្នុងកម្មវិធី «The Amazing Star» ដែលនាងត្រូវចាប់ដៃគូជាមួយនាង ប្រាសាទ ដាវីន ។ នៅចំពោះមុខកាមេរ៉ា ជាច្រើនគ្រាប់ និងភ្លើងហ្វាគ្រប់ជ្រុងនោះ សូនីតា ហ៊ានស្លៀកឈុតខ្មៅស្ដើង មើលឃើញដល់ឈុតក្នុង ហើយនាងសារភាពថា នោះជាលើកទី១ ដែលនាងហ៊ានលេងឈុតបែបនោះ ។ ទោះជាយ៉ាងណា ដើម្បីឲ្យកម្មវិធីនោះមានការចាប់ អារម្មណ៍ សូនីតា មិនស្ទាក់ស្ទើចិត្តនោះទេ ហើយនាងតាំងចិត្តថា នៅឆ្នាំ២០២៥ គឺត្រូវតែហ៊ាននិយាយ, ហ៊ានធ្វើ និងហ៊ានសម្រេចចិត្ត ។


បើទោះបីជា មាន សូនីតា មានតួនាទីជាគណៈកម្មការ នៅកម្មវិធី «The Amazing Star» នារដូវកាលទី១ នេះមែន ប៉ុន្ដែនាងដើរតួនាទីស្ទើរតែស្រដៀងនឹង MC ដែរ ដោយជួយពន្យល់ដល់លក្ខខណ្ឌផ្សេងៗដល់បេក្ខភាពទាំងឡាយ ។ នេះជាការងារថ្មីរបស់សូនីតា នៅហង្សមាស ខណៈដែលកន្លងមក នាងធ្លាប់តែបង្ហាញខ្លួនថតភាពយន្ដ និង MV ឲ្យផលិតកម្មនេះ ជាញឹកញាប់ ហើយនេះក៏ជាឱកាសមួយទៀត ដើម្បីឲ្យនាងបានបង្អួតសម្រ ស់លើវេទិកាមួយនេះផងដែរ ។


សូមបញ្ជាក់ថា មាន សូនីតា ធ្លាប់សាកល្បងចាប់អាជីពជាពិធីការិនី នៅប៉ុស្ដិ៍លេខ៥ តែមិនជោគជ័យ ព្រោះអ្នកដឹកនាំកម្មវិធីសិល្បៈខ្លះថា នាងមានសំឡេងតូចនិងស្រាលពេក និយាយទៅដូចកូនក្មេង ទើបនាងងាកមកផ្ដោតតែលើអាជីពសម្ដែងវិញ ។ ស្រីស្រស់រូបនេះការធ្លាប់តេស្ដការច្រៀងសំឡេងខ្លួនឯង នៅថ្ងៃខួបកំណើតផងដែរ ដែលពេលនោះមានទាំងអ្នកគាំទ្រ និងរិះគន់ ទើបពេលនេះ មិនទាន់ឃើញនាងចាប់អាជីពជាតារាចម្រៀងឡើយ ។ យ៉ាងណា នៅដើមឆ្នាំ២០២៥ នេះ សូនីតា ស្រាប់តែមានយ៊ីអ៊ុនល្អ រាសីឡើង ត្រូវថៅកែហង្សមាស ឲ្យតំណែងធំដល់នាង ដែលតាមព័តមានថា បើសិនជាសូនីតា ធ្វើបានល្អ នោះម្ចាស់ទូរទស្សន៍នោះ នឹងផ្ដល់ឱ កាសឲ្យនាងធ្វើជា MC នៅស្ថានីយ និងការប្រគំតន្រ្ដី ឆាកធំៗតាមខេត្តទៀតផង ។

មាន សូនីតា មានអាយុ៣៥ឆ្នាំ ជាអតីត Freshie លេខ៣ កាលពីឆ្នាំ២០០៩ ត្រូវបានហង្សមាស ឲ្យតំណែងជាតួឯកក្នុងភាពយន្ដ ជាបន្ដបន្ទាប់ ទើបធ្វើឲ្យនាងលេចធ្លោគួរសមក្នុងសង្វៀនសិល្បៈ ប្រដមប្រសងជាមួយអតីត Freshie ផ្សេងៗទៀត ដូចជានាង ហ៊ិន ច័ន្ទនីរ័ត្ន, សុខ សោម៉ាវត្តី និងប្រាសាទ ដាវីន ជាដើម ។ ប៉ុន្ដែប៉ុន្មានឆ្នាំចុងក្រោយនេះ សូនីតា លែងចង់ថតភាពយន្ដ ដោយងាកទៅដើរលេងនៅបរទេសជាញឹកញាប់ ហើយនាងធ្លាប់ប្រាប់ថា ក្នុង ១ឆ្នាំ ថតតែមួយរឿងប៉ុណ្ណោះ ហើយភាពយន្ដនោះនាងពេញចិត្ត ទើបទទួលថត ព្រោះនាងចង់ទុកពេលវេលាទៅរកស៊ីវិញម្ដង ។ ការបន្ធូដៃសម្ដែងរបស់សូនីតា គឺចំពេលដែលនាងមានហាងអាជីវកម្មដល់ទៅ៣ ព្រមគ្នា គឺហាងកាហ្វេ, ហាងកាត់ដេរ និងហាងក្រមា ។ ជាមួយគ្នានេះដែរ សូនីតា ក៏កាន់តែមានជីវភាពធូរធារដាច់ជាងមុន ព្រោះរស់នៅផ្ទះវីឡាប្រណីត ជិះរថយន្ដថ្លៃៗ និងដើរលេងក្រៅស្រុក ជិះយន្ដហោះកៅអី Business Class ជាដើម ដែលចំណុចទាំងនេះ មិនសូវមានតារាណាធ្វើបានដូចនាងនោះទេ ។ ប៉ុន្ដែសូនីតា មិនធ្លាប់ចេញមុខបកស្រាយបដិសេធរឿងលេចឮថា នាងមានមន្រ្ដីគយវ័យចំណាស់ តាមស្នេហានាងជាច្រើនឆ្នាំនោះ តែនៅចំពោះមុខអ្នកកាសែត នាងនិយាយថា មានគូស្នេហាហើយ តែស្ថិតក្នុងដំណាក់កាលមើលចិត្តថ្លើមគ្នានៅឡើយ ពោលគឺមិនអាចកំណត់ពេលវេលារៀបការបានទេ បើទោះជាចិត្តនាងឃើញមិត្តភក្ដិរៀបការ ចង់តែរៀបការដែរក្ដី តែនាងសុខចិត្តសាងស្នេហាដោយលាក់លៀមតទៅទៀត ។

ក្រៅពីមាន សូនីតា តារាសាងស្នេហាដោយមិនបើកចំហ នៅឆ្នាំ២០២៥ នេះមានដូចជាសុខ ពិសី, រ៉េត ស៊ូហ្សាណា, សុខ សោម៉ាវត្តី និង តន់ ច័ន្ទសីម៉ា ជាដើម ៕

