Tuesday, March 4, 2025
Homeព័ត៌មានសិល្បៈប្រុសស្អាត ប៉ែន ចាន់សិត ស្លាប់ដោយរោគាពាធ

ប្រុសស្អាត ប៉ែន ចាន់សិត ស្លាប់ដោយរោគាពាធ

ភ្នំពេញ ៖ អតីត Freshie Boy ប៉ែន ចាន់សិត ជាតារាសម្តែងនិងបង្ហាញម៉ូដ ដែលធ្លាប់ល្បីក្នុងស្ពតម៉ូតូហុងដា ឌ្រីម បានទទួលមរណភាព នៅវេលាម៉ោង ១៣:២០នាទី រសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ដោយរោគាពាធ ។តាមប្រភពសាច់ញាតិអតីតប្រុសស្អាតប៉ែន ចាន់សិត បានឲ្យដឹងនៅល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ថា អតីត Freshie Boy ឆ្នាំ២០០៩ រូបនេះ បានទទួលមរណភាពដោយរោគាពាធ បន្ទាប់ពីលោកបានធ្លាក់ខ្លួនឈឺ មិនអាចពិសាអាហារបាន អស់រយ:ពេលជាច្រើនខែ រហូតដល់រាងកាយសល់ស្បែកដណ្តប់ឆ្អឹង និងបានទទួលមរណ ភាពនៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។ សពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តតាំងកសាងខាងជើង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមាគមសិល្បករខ្មែរ បានចូលរួមរំលែកទុក្ខ  ជាមួយក្រុមគ្រួសារតារាសម្ដែងនិងបង្ហាញម៉ូដ ប៉ែន ចាន់សិត ដោយលើកឡើងថា មរណភាពរបស់តារាសម្ដែង ប៉ែន ចាន់សិត ជាការបាត់បង់ធនធានសិល្បករផ្នែកសម្ដែងនិងបង្ហាញម៉ូដ ពោរពេញដោយសមត្ថភាពនិងទេពកោសល្យ ក្នុងសង្គមសិល្បៈកម្ពុជា ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការបម្រើអារម្មណ៍មហាជនខ្មែរទូទៅ តាមរយៈទស្សនីយភាពសិល្បៈទី៧ នាពេលកន្លងមក។

សមាគមសិល្បករខ្មែរ បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួននៅយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ថា «តាងនាមថ្នាក់ដឹកនាំ ក្រុមការងារ និងសមាជិក សមាជិកា នៃសមាគមសិល្បករខ្មែរ យើងខ្ញុំសូមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំបំផុត ប្រកបដោយក្ដីសោកស្ដាយជាពន់ពេក ជូនចំពោះក្រុមគ្រួសារសាច់ញាតិទាំងអស់ ដែលបានទទួលដំណឹងពីមរណភាពរបស់លោក ប៉ែន ចាន់សិត ជាតារាសម្ដែងនិងជាតារាបង្ហាញម៉ូដ កាលពីវេលាម៉ោង ១:២០នាទីរសៀល ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ដោយរោគាពាធ។

មរណភាពរបស់តារាសម្ដែង លោក ប៉ែន ចាន់សិត មិនត្រឹមតែជាបាត់បង់នូវកូនប្រុសជាទីស្រឡាញ់ ប្រកប ដោយភាពកតញ្ញូ និងការខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងបុព្វហេតុគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់ធនធានសិល្បករផ្នែកសម្ដែងនិងបង្ហាញម៉ូដ ពោរពេញដោយសមត្ថភាពនិងទេពកោសល្យ ក្នុងសង្គមសិល្បៈកម្ពុជា ដែលតែងតែចូលរួមយ៉ាងសកម្ម ក្នុងការបម្រើអារម្មណ៍មហាជនខ្មែរទូទៅ តាមរយៈទស្សនីយភាពសិល្បៈទី៧ នាពេលកន្លងមក។

សាជាថ្មីម្ដងទៀត ក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ សមាគមសិល្បករខ្មែរ សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារលោក ប៉ែន ចាន់សិត និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់លោកបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សមាគមសិល្បករខ្មែរ ក៏សូមអំពាវនាវដល់បងប្អូនសិល្បករ សិល្បការិនីទាំងអស់ ដែលមាននូវការរាប់អាន ព្រមទាំងញាតិមិត្តជិតឆ្ងាយ មេត្តាអញ្ជើញចូលរួមពិធីបុណ្យឈាបនកិច្ចសពលោក ប៉ែន ចាន់សិត ដែលបច្ចុប្បន្នកំពុងប្រារព្ធឡើងនៅវត្តតាំងកសាងខាងជើង រាជធានីភ្នំពេញ ដើម្បីរួមចំណែករំលែកទុក្ខនិងរំលែកនូវការលំបាករបស់ក្រុមគ្រួសារផងដែរ»៕ ខៀវទុំ

RELATED ARTICLES