ភ្នំពេញ ៖ ស្រីស្រស់ ប៉ាច គីមមួយ ដែលត្រូវបានគេសង្ស័យថា នាងដើរចេញពីផលិតកម្មរស្មីហង្សមាស នោះ បានសារភាពថា នាងពិតជាចាកចេញពីផលិតកម្មនេះប្រាកដមែន ហើយបច្ចុប្បន្នផ្ដោតទៅលើការការផលិតបទចម្រៀងដោយខ្លួនឯងវិញម្ដង។ នាងថាបច្ចុប្បន្ននៅរក្សាទីផ្សារចម្រៀងធម្មតា ហើយក៏មិនទាន់មានគម្រោងចូលផលិតកម្មណាថ្មីទៀតដែរ ។

ប៉ាច គីមមួយ វាចាថា «ខ្ញុំចេញពីហង្សមាស មែន ព្រោះចប់កុងត្រានៅទីនោះ តែខ្ញុំនៅតែចេញច្រៀង Concerts ឲ្យហង្សមាស ជាធម្មតា ទាំងនៅ Studio និងតាមខេត្ត ។ រាល់ថ្ងៃ ខ្ញុំងាកមកធ្វើបទចម្រៀងដោយខ្លួនឯង ដោយផ្ដោតលើការធ្វើបទញាក់ បែបយុវវ័យ ច្រើនជាងធ្វើបទបែបវ័យកណ្ដាល ។ ប៉ុន្តែការចេញបទចម្រៀងនោះ មិនទៀងទាត់ទេ គឺចេញទៅតាមពេលវេលាជាក់ស្ដែង»។

ប៉ាច គីមមួយ ប្រាប់ថា នាងមិនបារម្ភពេលច្រៀងអត់ផលិតកម្មនេះ ប្រឈមធ្លាក់កូដ ឬបាត់ប្រាក់ចំណូលទេ ព្រោះនាងក៏ធ្លាប់មានបទពិសោធន៍ខ្លះៗពីមុន ក្នុងការធ្វើបទចម្រៀងដោយខ្លួនឯងដែរ ។ គីមមួយ ប្រាប់ដែរថា ក្រៅពីចេញបទខ្លួនឯងបែបយុវវ័យនោះ នាងក៏ត្រៀមចេញចម្រៀងជាមួយដៃគូស្នេហារបស់នាង លោក សយ រតនៈ និង DJ ម្នាក់ផ្សេងទៀត ។

ប៉ាច គីមមួយ ជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី១ ដែលច្រៀងឲ្យហង្សមាស ជិត១០ឆ្នាំ ធ្លាប់សម្ដែងនិងច្រៀងបទ តពីបទល្បីរបស់ព្រាប សុវត្ថិ ដូចជា «មាន់ស្រែ បន្លែស្រស់ » និងបទ «កាឌឹបៗដាក់» ជាដើម ខណៈដែលបទផ្ទាល់ខ្លួននាង «ស្រលាញ់គ្នាយូរបានទេ?» ក៏មានការគាំទ្រច្រើន ។ ស្រីស្អាតមកពីខេត្តបាត់ដំបង រូបនេះ ក៏ធ្លាប់ថតសម្ដែងភាពយន្ដ ជាច្រើនរឿងផងដែរ មុនចេញពីហង្សមាស ។ ថ្មីៗនេះដែរ គីមមួយ ក៏បានចេញបទផលិតដោយខ្លួនឯង ២បទ គឺ «នារី Full Option » និងបទ «Moon Light » ទទួលបានការគាំទ្រមធ្យមផងដែរ។

សូមរំលឹកថា ប៉ាច គីមមួយ ជាអតីតបេក្ខភាព Cell Card Star ម្នាក់ ហើយនាងជាតារាចម្រៀងរូបស្រស់ ដែលអាចច្រៀងបានទាំងបទខ្មែរ, បទចិន និងបទអង់គ្លេស ទៀតផង។ចំណែកនៅលើ YouTube គីមមួយ ក៏មានការគាំទ្រច្រើន នៅពេលដែលនាងច្រៀង Cover បទល្បីៗរបស់លោកឆាយ វីរៈយុទ្ធ ។

ប៉ាច គីមមួយ ប្រាប់បន្ថែមថា «ឥឡូវខ្ញុំនៅចេញច្រៀងធម្មតា ដូចមុនអ៊ីចឹង ហើយខ្ញុំច្រៀងបទផ្ទាល់ខ្លួនពីមុនៗខ្លះ បទថ្មីៗខ្លះ ។ ខ្ញុំនៅបន្ដច្រៀងកម្មវិធីនានា ឲ្យហង្សមាស ជាធម្មតា ទោះជាផុតកុងត្រាជាមួយផលិតកម្មហើយក្ដី» ។

គួរបញ្ជាក់ថា ប៉ាច គីមមួយ អំឡុងជ្រកនៅហង្សមាស ជិត១០ឆ្នាំនេះ នាងបានសាងស្នេហាជាមួយតារារួមដំបូល លោក សយ រតនៈ និងបានភ្ជាប់ពាក្យ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ដោយគ្រោងរៀបការតាំងពីឆ្នាំ២០២៣ តែបែជាពន្យារពេលរហូតមកដល់ពេលនេះទៅវិញ បើទោះជាលោក រតនៈ ធ្លាប់ប្រាប់ថា នឹងរៀបការជាមួយអូនគីមមួយ មិនឲ្យលើសពីឆ្នាំ២០២៤ ក៏ដោយ។

អតីតតារាហង្សមាស រូបនេះ វាចាថា «រឿងរៀបការហ្នឹង ឥឡូវនៅឆ្នាំ២០២៥ ខ្ញុំអត់មានគម្រោងច្បាស់លាស់ទេ ។ និយាយទៅ បើខ្ញុំរៀបការ ក៏មិនប្រាប់ជាមុនដែរ គឺដល់ពេល រៀបចំយកតែម្ដង។ មិត្តភក្ដិខ្ញុំជិតដិត គេចេះតែចង់ឃើញខ្ញុំធ្វើកម្មវិធី តែពេលនេះ យើងមិនទាន់កំណត់ថ្ងៃរៀបការហ្នឹងទេ ប៉ុន្ដែពួកយើងច្បាស់លាស់គ្នា ១០០% ហើយ»។

ក្រៅពីប៉ាច គីមមួយ តារាស្រីដែលដើរចេញពីហង្សមាស មកផលិតបទចម្រៀងដោយខ្លួនឯង មានដូចជា ពេជ្រ សោភា, វី ឌីណែត, ពេជ្រ សូលីកា, ទេព បូព្រឹក្ស និងសុគន្ធ និសា ជាដើម ៕