Sunday, March 23, 2025
Homeតារាខ្មែរម្តាយប្រុសស្អាត ប៉ែន ចាន់សិត ទួញយំស្តាយ អាយុខ្លីម៉្លេះកូនប្រុស!

ម្តាយប្រុសស្អាត ប៉ែន ចាន់សិត ទួញយំស្តាយ អាយុខ្លីម៉្លេះកូនប្រុស!

ភ្នំពេញ ៖ ក្រោយកូនប្រុសសំណព្វចិត្ត លោកប៉ែន ចាន់សិត ដែលជាអតីត Freshie Boy ឆ្នាំ២០០៩ និងជាតារាសម្តែងធ្លាប់ល្បីឈ្មោះក្នុងស្ពតម៉ូតូហុងដា ឌ្រីម ស៊េរីឆ្នាំ២០១០ បានទទួលមរណភាពមក ស្ត្រីជាម្តាយ បានទួញ យំសោកស្តាយស្រណោះកូនប្រុសយ៉ាងខ្លាំង ដោយលើកឡើងថា “ហេតុអ្វីកូនខ្ញុំអាយុខ្លីម៉្លេះ ខ្ញុំស្តាយកូនខ្ញុំណា ស់ ស្តាយត្រង់ថា កូនខ្ញុំរូបរាងស្អាតបាតណាស់ ហេតុអីក៏គាត់អាយុខ្លី?”។

គួរបញ្ជាក់ថា លោកប៉ែត ចាន់សិត បានទទួលមរណភាព កាលពីវេលាម៉ោង ១និង២០នាទីរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ នៅក្នុងមន្ទីរពេទ្យ ដោយរោគាពាធ។ តាមប្រភពសាច់ញាតិអតីតប្រុសស្អាតប៉ែន ចាន់សិត បានឱ្យដឹង លោកប៉ែន ចាន់សិត បានទទួលមរណភាព ដោយរោគាពាធ បន្ទាប់ពីលោកបានធ្លាក់ខ្លួនឈឺ មិនអាចពិសាអាហារបាន អស់រយៈពេលជាច្រើនខែ រហូតដល់រាងកាយសល់តែស្បែកដណ្តប់ឆ្អឹង និងបានទទួលមរណ ភាព នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥។

លោកប៉ែន វណ្ណា អាយុ៦២ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់លោក ប៉ែន ចាន់សិត បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់លោក ឈ្មោះប៉ែន ចាន់សិត គឺជាកូនទី៤ ក្នុងចំណោមបងប្អូន ៧នាក់ ហើយគេជាមនុស្សស្លូត និងមិនសូវចេះត្អូញត្អែរ ប្រាប់ពីអាការជំងឺឱ្យពួកគាត់ជាឪពុកម្តាយ បានដឹងនោះទេ។ នៅពេលធ្លាក់ខ្លួនឈឺ កូនប្រុសនេះ មានការអៀនខ្មាស ខ្លាចគេថា “ខ្លួនក្មេងតែឈឺ” ហេតុនេះទោះចង់សុំជំនួយ ក៏គេមិនហ៊ានហាមមាត់ស្តីដែរ ខ្លាចខ្មាសគេ សូម្បីតែទៅពេទ្យ ក៏គេពាក់ម៉ាស់បិទបាំងដែរ ទីបំផុតកូនប្រុសរូបនេះ បានទទួលមរណភាព ក្នុងវ័យ៣២ឆ្នាំ។

ចំណែកលោកស្រី ព្រិល សុគន្ធារី អាយុ៦០ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់លោកប៉ែន ចាន់សិត បានរៀបរាប់ទាំងទឹកភ្នែក ប្រាប់ថា ប៉ែន ចាន់សិត ចាប់ផ្តើមឈឺធ្ងន់ រយៈពេលទើបតែ ៣-៤ខែហ្នឹងទេ តែត្រង់ជំងឺដែលគេឈឺយូរមកហើយ សូម្បីតែគាត់ជាម្តាយ ក៏មិនបានដឹងច្បាស់ថា កូនកើតមានជំងឺ ប៉ុន្មានឆ្នាំមកហើយនោះទេ ព្រោះដោយសារតែកូនគាត់ជាមនុស្សពូកែទ្រាំណាស់ ឈឺថ្កាត់អ្វី មិនដែលចេះត្អូញត្អែរប្រាប់គាត់ជាម្តាយ ឬក្រុមគ្រួសារនោះទេ គ្រាន់តែគេធ្លាប់ប្រាប់ថា គេឧស្សាហ៍ក្តៅខ្លួន និងចេះតែទិញថ្នាំលេបរហូតមក។ លុះចូលមកដល់អំឡុង ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងមក ទើបគាត់ជាម្តាយនិងក្រុមគ្រួសារ បានដឹង តែអ្វីៗគឺហួសពេលទៅហើយ ដោយកូនចាប់ផ្តើមធ្លាក់ខ្លួនឈឺធ្ងន់បាត់ទៅហើយ។

លោកស្រី ព្រិល សុគន្ធារី បានបន្តថា កូនប្រុសគាត់នេះ គឺជាមនុស្សមិនចេះទំរន់នោះទេ ឈឺយ៉ាងណា គ្រាន់តែផ្សំថ្នាំលេបរួច ធ្វើជាធម្មតា មិនបង្ហាញអាការអ្វីឱ្យគេឯងបានដឹងនោះឡើយ តែកន្លងមក គាត់ធ្លាប់ឃើញកូនប្រុសត្រឡប់មកផ្ទះវិញ មានអាការគ្រុនក្តៅ និងប្រាប់ថា ឈឺក្បាល ហើយគាត់ក៏បានទៅផ្សំថ្នាំឱ្យកូនលេបទៅ លុះពេលញ៉ាំថ្នាំ បានធូរស្រាលហើយ ក៏ចេញទៅធ្វើការជាធម្មតា ព្រោះមិនចង់ឱ្យពួកគាត់ជាឪពុកម្តាយ ព្រួយ បារម្ភពីគេនោះទេ។ រហូតដល់ពេលចាប់ផ្តើមឈឺខ្លាំង ចូលព្យាបាលនៅមន្ទីរពេទ្យ បែរជាកូនប្រុសផ្តាំនិងហាមគាត់ដាច់ខាតថា មិនឱ្យសុំជំនួយនោះទេ ទោះបីមិត្តភក្តិជិតស្និទ្ធគេខ្លះ បានផ្តល់យោបល់ឱ្យសុំជំនួយដែរ តែកូនប្រុសមិនព្រមដាច់ខាត ដោយសំអាងថា ខ្លាចខ្មាសគេ។

ម្តាយលោកប៉ែន ចាន់សិត បានរៀបរាប់ទាំងអួលដើមកថា “កូនសិតខ្ញុំ ចូលពេទ្យ ៣ដងហើយ កាលលើកទី១ ហ្នឹង វាចូលទៅថាគ្រាន់ ហើយដល់ពេលចូលលើកទី២ទៀត វាថាម៉ាក់អើយ ! កូនហត់ហើយ ដូចថាសួត អីចឹងណា និយាយរួម វាអត់សូវញ៉ាំបាយ ហេតុនេះហើយ ក្រពះ ពោះវៀន ធ្វើទុក្ខ វាទៅចង់ខូចពោះវៀន ស្អិតពោះវៀន និយាយរួម ញ៉ាំអត់ចូលតែម្តង រយៈពេលប៉ុន្មានខែចុងក្រោយហ្នឹង ចាប់ផ្តើមឈឺ គឺអត់ញ៉ាំអីសោះតែម្តង ទើបកូនខ្ញុំបាក់ដល់ម្ល៉ឹង ស្គមមែនទែនតែម្តង ស្គមដល់ថ្នាក់មើលរូបកូនពីមុន ដល់ឥឡូវ គឺវាខុសគ្នាឆ្ងាយមេឃនិងដីតែម្តងកូនខ្ញុំ…”។

ស្ត្រីជាម្តាយ បន្តថា “កូនខ្ញុំ តាំងពីតូចមក មិនដែលធ្វើឱ្យខ្ញុំជាម្តាយ ឬក្រុមគ្រួសារពិបាកចិត្តនោះឡើយ ទើបតែមួយរយៈចុងក្រោយ ពេលដែលគេឈឺ គេប្រាប់ថា ម៉ាក់អើយ! កូនបាក់ទឹកចិត្តហើយ! ខ្ញុំថា កូនឯងបាក់ទឹកចិត្តធ្វើអី ជិតចូលឆ្នាំហើយ ទើបនិយាយជាមួយវាព្រឹកមិញ វានិយាយថា ម៉ាក់អើយ! ខ្ញុំពិបាកណាស់ម៉ាក់ ពិបាកដោយសារពេលចូលពេទ្យលើកទី៣ នេះ គេសុងវា សុងផង ដាក់អុកស៊ីសែនផង ហើយសេរ៉ូម ដាក់សងខាង ហេតុនេះវាថា ម៉ាក់អើយ! ខ្ញុំពិបាកណាស់ ខ្ញុំទ្រាំលែងបានហើយ ម៉ាក់ឯងលើកខ្ញុំអង្គុយតិចមក ខ្ញុំក៏លើកអង្គុយៗ ដល់ហើយខ្ញុំដើរចេញទៅក្រៅមួយភ្លែត ពេលត្រឡប់មកវិញ ខ្ញុំអត់ដឹងកូនខ្ញុំផុតដង្ហើមផងហ្នឹង ខ្ញុំអត់ទាន់ផងហ្នឹង ពេលចូលមកវិញ ខ្ញុំឃើញកូនបញ្ឈរភ្នែកឡើងលើ លុះមើលដង្ហើមនៅត្រង់បំពង់ក ដូចជាមិនកម្រើក ក៏មើលពោះទៀត ទើបដឹងថា កូនផុតទៅហើយ ហើយខ្ញុំក៏រត់ទៅហៅពេទ្យមកជួយទៀត តែពេទ្យថា ផុតទៅហើយ…”។

ម្តាយរបស់ប៉ែន ចាន់សិត បានបន្ថែមថា “កាលពីនាំកូនចូលពេទ្យ លើកចុងក្រោយនេះ គ្រូពេទ្យបានប្រាប់ដែរថា មីងអើយ! សិត មកសារហ្នឹង ជាលើកទី៣ហ្នឹង ខ្ញុំអត់សង្ឃឹមទេ គ្រាន់តែខ្ញុំនឹងជួយឱ្យអស់ពីលទ្ធភាព។ ពេទ្យថា សិត នឹងអាចមានគ្រោះថ្នាក់បាត់បង់ជីវិតនៅមន្ទីរពេទ្យហ្នឹងហើយ តែខ្ញុំមិននឹកស្មានថា កូនខ្ញុំដល់ប៉ុណ្ណឹងទេ ក៏និយាយជាមួយគ្រូពេទ្យទៅថា លោកគ្រូពេទ្យអើយ! លោកគ្រូជួយព្យាបាលកូនខ្ញុំផង ទោះកូនខ្ញុំយ៉ាងណាក៏ដោយ ខ្ញុំអត់មានបន្ទោសពេទ្យទេ។ ពេទ្យក៏ថា អត់អីទេ ចាំខ្ញុំព្យាបាលឱ្យអស់ពីលទ្ធភាព ពេទ្យសម្តេចឪហ្នឹង គាត់មើលថែកូនខ្ញុំអស់ពីលទ្ធភាពមែន គាត់មើលយកចិត្តទុកដាក់ណាស់។ ទីបំផុតកូនខ្ញុំបែរជាទៅចោលខ្ញុំ ខ្ញុំមិននឹកស្មានថាកូនខ្ញុំអាយុខ្លីអ៊ីចឹងទេ លោកអើយ! ខ្ញុំមានតែបន់ថា បើសិនជាកូនខ្ញុំជា ខ្ញុំសុខចិត្តកាត់បន្ថយអាយុខ្ញុំខ្លះ ខ្ញុំឱ្យទៅកូនខ្ញុំចុះ ព្រោះខ្ញុំអត់ដែលឈឺអីទេ គ្នានៅក្មេងពេក ខ្ញុំស្តាយកូនខ្ញុំ ស្តាយត្រង់ថា កូនខ្ញុំរូបរាងស្អាតបាតណាស់ ហេតុអីក៏គាត់អាយុខ្លីអ៊ីចឹង? ព្រហ្មលិខិត ម៉េចហេតុអីក៏ធ្វើឱ្យកូនខ្ញុំមកជួបខ្ញុំបានតែត្រឹមហ្នឹងអ៊ីចឹង?…”។

គួរបញ្ជាក់ថា លោកប៉ែន ចាន់សិត ជាអតីត Freshie Boy និងជាតារាសម្តែង និងជាអ្នកបង្ហាញម៉ូដ ដែលធ្លាប់ល្បីក្នុងស្ពតពាណិជ្ជកម្ម ម៉ូតូហុងដា ឌ្រីម ស៊េរីឆ្នាំ២០១០ បានទទួលមរណភាពនៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ហើយសពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តតាំងកសាងខាងជើង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងធ្វើពិធីបូជា នៅវេលាម៉ោង ០៨និង៣០នាទីព្រឹក ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥៕

RELATED ARTICLES