Thursday, March 6, 2025
Homeតារាខ្មែរសុគន្ធ និសាៈ ជួបបញ្ហា?

សុគន្ធ និសាៈ ជួបបញ្ហា?

ភ្នំពេញ ៖ តារាចម្រៀង សុគន្ធ និសា បានច្រៀង Cover ឡើងវិញ បទ «Please Stop» របស់នាង ដែលល្បីកាលពី១៤ឆ្នាំមុន នៅផលិតកម្មរស្មីស្ទឹងសង្កែ ដែលបទនេះនិពន្ធទំនុកច្រៀងដោយអតីតសង្សារនាង គឺលោកកវី សុខ ជំនោរ  ។ ការច្រៀងជាថ្មីរបស់និសា នូវបទចាស់នេះ បញ្ជាក់ថា នាងនៅចងចាំនិងចង់រំលឹកឡើងវិញនូវបទចម្រៀងល្បីៗរបស់ខ្លួន កាលនៅផលិតកម្មចាស់ ហើយបទទាំងនោះ គ្រាន់តែកែប្រែភ្លេងថ្មី វានឹងប្លែកជាមិនខាន ។ ប៉ុន្ដែការគាស់កកាយបទចាស់ៗរបស់និសា នាពេលនេះ ក៏ជាសញ្ញានៃការជួបបញ្ហាក្នុងការធ្វើបទចម្រៀងរបស់នាង មិនដិតដល់លើទីផ្សារផងដែរ ក្រោយនិសា ដើរចេញពីហង្សមាស បើទោះជាមុននេះ នាងចាប់ដៃជាមួយសិស្សប្អូន លោកនីកូ និងនួន សុធារ័ក្ស ផលិត MV បែបបុរាណ បទ «ម្នាក់ស្រលាញ់ ម្នាក់អា​មណិត» ជាខ្សែរឿង «ប្រវត្តិស្នេហាឃុនឆាង ឃុនផែន និងនាងភឹម»  ក្ដី ។

 ទោះជាយ៉ាងណា ការច្រៀង Cover បទរបស់ខ្លួនឡើងវិញនេះ មិនមែនតែសុគន្ធ និសា នោះទេ ប៉ុន្ដែមានតារាជាច្រើនទៀត ក៏បានដើរតាមផ្លូវនេះដែរ ដូចជាមុននេះ លោកព្រាប សុវត្ថិ Cover បទខ្លួនឯង «គួរចាំទឹកភ្នែកបងស្ងួតសិន» និងពេជ្រ សោភា Cover បទរបស់លោកស្រី មាស សុម៉ាលី «យ៉ងៗម៉ាឌូ» ជាដើម ដែលនោះជាការបញ្ជាក់ពីការស្រលាញ់ចម្រៀងទាំងនោះ ។

 ចំពោះសុគន្ធ និសា ក្រោយចេញពីហង្សមាស នាងបានផលិតបទចម្រៀងថ្មី ច្រៀងទោល ទើបតែបាន ៣បទ រួមមាន «ពេលខ្ញុំដូលអ្នកនៅឯណា?», «អារម្មណ៍ចាស់ៗ» និង «ម្នាក់ស្រលាញ់ ម្នាក់អាណិត»។

សុគន្ធ និសា ក៏មិនខុសពីតារាចម្រៀងផ្សេងៗទៀតដែរ ទោះជាមិនច្រៀងឲ្យហង្សមាសទៀតក្ដី ប៉ុន្ដែនាងនៅតែឡើងឆាករបស់ផលិតកម្មនេះជាធម្មតា ។ ប៉ុន្ដែតំណែងធំ២ របស់និសា គឺជាគ្រូបង្វឹក The Voice Kids Cambodia និងCambodian Idol Junior រដូវកាលថ្មី នៅតែមានភាពស្រពេចស្រពិលនៅឡើយ ខណៈតាមព័តមានថា ថៅកែហង្សមាស អាចនឹងដាក់តារាកុងត្រារបស់ខ្លួន ចូលជំនួសតារាដែលបានចាកចេញ។ ជាក់ស្ដែងដូចជាលោកព្រាប សុវត្ថិ ដែលដើរចេញពីហង្សមាស កាលពីឆ្នាំ២០២០ នោះ ក៏តំណែងរបស់លោកជាគណៈកម្មការ និងគ្រូបង្វឹក នៅកម្មវិធី Cambodian Idol, The Voice Kids Cambodia, Cambodian Idol Junior និង Cambodia Got Talent ក៏មិនត្រូវបានរក្សាទុកឲ្យលោកទៀតដែរ ។ ប៉ុន្ដែសម្រាប់និសា គឺអត់បញ្ហានោះទេ ព្រោះនាងក៏មិនសូវមានពេលគ្រប់គ្រាន់សម្រាប់ការងារមួយនេះដែរ ដោយសារតែជាប់ដៃរកស៊ីអាជីវកម្មជាច្រើន ក្រៅពីសិល្បៈ មានដូចជា ហាងកាហ្វេ, គុយទាវខ្ចប់ និងចេកឆឹង ជាដើម ស្របពេលដែលនាងបានដាក់ភាគហ៊ុនធំទៅលើគ្លីនិករក្សាសម្រស់មួយ រយៈពេលជាង៥ឆ្នាំទៅហើយ ។

 គួរបញ្ជាក់ថា សុគន្ធ និសា បានបន្សល់ស្នាដៃភាពយន្ដ ៤រឿង នៅហង្សមាស មុនពេលនាងដើរចេញ នោះគឺរឿង «សិសិរដូវក្នុងបេះដូង», «រាជិនីភូមិគ្រឹះ», «ព្រះវេស្សន្ដរជាតក» និងរឿង «ចំណតថ្មីនៃសភមង្គល» ។ និសា អាចនឹង Cover បទល្បីៗរបស់ខ្លួននៅហង្សមាស មួយចំនួនទៀត ដើម្បីទប់ទល់ទីផ្សារចម្រៀង កុំឲ្យធ្លាក់ចុះ ខណៈពេលនេះ គ្មានដំណឹងនាងចូលផលិតកម្មថ្មីទេ ទោះជាមុននេះ លេចឭថា Galaxy ចង់បាននាងជាសមាជិក ដើម្បីចាប់ដៃជាមួយលោកព្រាប សុវត្ថិ ម្ដងទៀតក្ដី ។ អ្នកជំនាញសិល្បៈ បានព្រមានថា សុគន្ធ និសា ប្រសិនបើផលិតបទចម្រៀងខ្លួនឯង ហើយគ្មានក្រុម (Team) ច្បាស់លាស់ ឬគ្មានផលិតកម្មផ្ទាល់ខ្លួនទេ  នោះនឹងគ្មានបទចម្រៀងដិតដល់លើទីផ្សារឡើយ ហេតុនេះប្រាកដជាមិនអាចទប់ជាប់តារាថ្មីៗដែលចេញបទស្ទើររៀងរាល់ថ្ងៃនោះបានឡើយ ។ ប៉ុន្ដែរហូតមកដល់ពេលនេះ គ្មានដំណឹងនិសា បើកផលិតកម្មផ្ទាល់ខ្លួន ដូចមាស សុខសោភា នោះទេ៕

RELATED ARTICLES