Sunday, March 23, 2025
Homeតារាខ្មែរឌុច លីដាៈលេងសម្រស់ មិនចាញ់ក្រមុំ

ឌុច លីដាៈលេងសម្រស់ មិនចាញ់ក្រមុំ

ភ្នំពេញ ៖ តារាសម្តែង ឌុច លីដា ហាក់ស្ងប់ស្ងាត់ពីអាជីពសិល្បៈខ្លាំង ក្រោយពេលនាងមានស្វាមីវ័យចំណាស់ ជាមន្រ្ដីរាជការ ៨ឆ្នាំមកហើយ ។ ប៉ុន្ដែកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ លីដា បែរជាហ៊ានស្លៀកពាក់បញ្ចេញរន្ធផ្ចិតនិងគល់សុដន់ ដោយនាងប្រាប់ទៅប្ដីថា «សុំមួយថ្ងៃហើយ»។

ការលេងខ្លួនលើកដំបូងរបស់លីដា ក្រោយមានប្ដីនិងកូនប្រុសមួយនេះបន្ទាប់ពីនាងទើបតែត្រូវបានស្វាមីធ្វើខួប​កំណើតឲ្យ និងទើបតែបើកសម្ពោធហាងកាហ្វេមួយ ប៉ុន្ដែនាងមិនប្រាប់ពីទុននៃការចំណាយចំពោះអាជីវកម្មថ្មីនេះទេ ខណៈស្វាមី គាំទ្រនិងលើកទឹកចិត្តនាងពីក្រោយខ្នង ។

 ការងាកមកលេងខ្លួនប្លែករបស់ឌុច លីដា នៅឆ្នាំ២០២៥ នេះ គឺចំពេលដែលកូនប្រុសរបស់នាង ឈ្មោះឡេង កិត្យានី មានអាយុ៥ឆ្នាំ ទៅហើយ ដែលមានន័យថា នាងនឹងរៀបការជាចំហ នៅឆ្នាំនេះ ប្រសិនបើគ្មានអ្វីប្រែ​ប្រួលនោះទេ ព្រោះលីដា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថា ចង់រៀបការជាសាធារណៈ នៅឆ្នាំ២០២៥ ដែលបញ្ហានេះ ដោយសារតែនាងរង់ចាំឲ្យកូនប្រុសមានអាយុគម្រប់៥ឆ្នាំសិន ដើម្បីឲ្យរូបគេធ្វើជាកូនអណ្ដើក ក្នុងពិធីរៀបការម្តាយតែម្ដង ។ តែនៅដើមឆ្នាំ២០២៥ នេះលីដា គិតគួររឿងរកស៊ីបើកហាងកាហ្វេ មុនរៀបការទៅវិញ ។

 សូមរំលឹកថា ឌុច លីដា បានភ្ជាប់ស្នេហ៍បុរសវ័យចំណាស់ ជាមន្រី្ដរាជការម្នាក់ អំឡុងឆ្នាំ២០១៧ ហើយនាងសម្រាលកូនប្រុស នៅដើមឆ្នាំ២០២០ និងរៀបការស្ងាត់ៗ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។ លីដា ប្រាប់ថា មង្គលការ មិនមែនជារឿងចាំបាច់បំផុតសម្រាប់រូបនាងនោះទេ ប៉ុន្ដែនាងនឹងធ្វើទៅតាមពេលវេលាកំណត់ទុក។

 គួរបញ្ជាក់ថា ឌុច លីដា មុនមានស្វាមី នាងជាតារាមិនដែលញ៉ាករឿងថតស៊ិចស៊ី ឬឈុតស្នេហារោលរាលនោះទេ រហូតមានភាពយន្ដខ្លះ គេសង្ស័យថានាងហ៊ានថតស្រាតទៀតផង ដូចជារឿង «នារីវេទមន្ដ» និងរឿង «ស្បែកគង់» ជាដើម បើទោះជានាងធ្លាប់អះអាងថានោះគ្រាន់តែជាបច្ចេកទេសក្ដី ។ ប៉ុន្ដែ៨ឆ្នាំមកនេះ លីដា បានបោះបង់ការសម្ដែងឈុតស្នេហាក្ដៅសាច់នោះទាំងស្រុង ហើយបើទោះជាពេលនេះ នាងចាប់ផ្ដើមហ៊ានលេងឈុតស្ដើងៗ គួរឲ្យព្រឺព្រួច មិនចាញ់កាលនៅក្រមុំក្ដី ក៏មិនមានន័យថា នាងវិលមកលេងឈុតកាចៗក្នុងភាពយន្ដថ្មី ដូចមុនពេលមានប្ដីនោះឡើយ ។ មូលហេតុដែលលីដា មិនអាចវិលមកក្ដាប់តំណែងចាស់វិញបាននោះ គឺបណ្ដាលមកពីស្វាមីនាង ជាមន្រ្ដីរាជការ ហេតុនេះនាងមិនធ្វើឲ្យប្ដីបាក់មុខនោះទេ គឺបានត្រឹមតែថតស៊ិចស៊ី ដោយគ្មានតួប្រុសឱបរឹតប៉ុណ្ណោះ ។

 ប្រសិនបើឌុច លីដា ហ៊ានរៀបការចំហ នៅឆ្នាំ២០២៥ នេះមែន មានន័យថា នាងជាតារាទី២ ហើយដែលមានកូនរួច ទើបរៀបការ ព្រោះនាងទេព បូព្រឹក្ស ប្រកាសរៀបការជាមួយ ងួន ចាន់ដាវិត ហៅជី-ដេវីត នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីកូនប្រុសពួកគេមានអាយុជាង២ឆ្នាំ ។ ចំពោះលីដា ក្រៅពីចង់រៀបការនៅឆ្នាំនេះ នាងធ្លាប់ប្រាប់ថា មិនទាន់មានគម្រោងយកកូនទី២ នៅឡើយ ខណៈដែលការថតសិល្បៈវិញ នាងថា ទទួលតែរឿងខ្លីៗ និងស្ពត ប៉ុណ្ណោះ បើការថតរឿងភាគវិញ នាងមិនទាន់ត្រៀមខ្លួនថតទេ ព្រោះមិនចង់ចុះទៅថតនៅខេត្ត យូរថ្ងៃ ចោលកូនតូច ។

 ក្រៅពីឌុច លីដា តារាដែលយកកូនមុនរៀបការ កាន់តែមានបរិមាណច្រើន នារយៈពេលចុងក្រោយនេះ ដោយតារាខ្លះ កូន១ ទើបរៀបគម្រោងរៀបការ ខ្លះទៀតអត់រៀបការតែម្ដង ។ សម្រាប់លីដា គេជឿថា នាងនឹងព្រម​រៀប​ការដោយបើកចំហ ដើម្បីលាងជម្រះរឿងគេសង្ស័យថា ប្ដីនាងមិនមែនបុរសនៅទំនេរ និងមិនចង់ឲ្យគេរិះ​គន់បន្ថែមទៀតថា តារាល្បីប៉ុណ្ណឹងដែរ បានត្រឹមរៀបការលួចលាក់ ៕

RELATED ARTICLES