Sunday, March 23, 2025
Homeតារាខ្មែរលី ម៉ារីណាៈ ថ្ងៃខួបកំណើតប្ដី សុំបងស្រឡាញ់តែអូន១

លី ម៉ារីណាៈ ថ្ងៃខួបកំណើតប្ដី សុំបងស្រឡាញ់តែអូន១

ភ្នំពេញ ៖ តារាសម្តែង លី ម៉ារីណា បានធ្វើខួបកំណើតគម្រប់ ៥៥ឆ្នាំ ឲ្យស្វាមីនាង លោកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ហើយនាងប៉ងប្រាថ្នាធំនៅថ្ងៃពិសេសរបស់ស្វាមីនោះ ដោយចង់ឲ្យលោកអធិការ ស្រលាញ់នាងតែម្នាក់គត់។ ម៉ារីណា បានប្រាប់ប្ដីនៅថ្ងៃខួបកំណើតនោះថា «ជូនពរប្ដីជោគជ័យគ្រប់ភារកិច្ច ជាពិសេស ស្រលាញ់តែអូនម្នាក់គត់»។

ក្រៅពីដាក់សំណើទៅប្ដីខ្លីខ្លឹមខាងលើ លី ម៉ារីណា បានធ្វើឲ្យអធិការរីករាយនិងរំភើបនៅថ្ងៃពិសេសរបស់លោកនោះ តាមរយៈការឱបថើបស្វាមីយ៉ាងស្អិតល្មូត។ ចំណែកសារដែលម៉ារីណា ចង់ឲ្យលោកប្ដី កុំមើលស្រីណាផ្សេងក្រៅពីរូបនាងនោះ អាចគ្រាន់តែជាការដាស់តឿនលោកអធិការ ច្រើនជាង ព្រោះកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ លោកច័ន្ទសារ ធ្លាប់ប្រកាសម្ដងរួចទៅហើយថា «មួយជីវិតរបស់ប្ដី ពុំទុកអ្វីក្រៅពីក្ដីស្រ លាញ់ ផ្ដល់ជូនអូន គ្រប់ពេលវេលា»។

យ៉ាងណា មានការកត់សម្គាល់ថា ចំណងស្នេហា លី ម៉ារីណា និងលោកអធិការនគរបាលខណ្ឌដូនពេញ គឺតែងតែបង្ហាញភាពផ្អែមល្ហែមមិនចាញ់គូស្នេហាយុវវ័យនោះទេ តាំងពីពួកគេបានក្រាបផ្ទឹមជាមួយគ្នា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ហើយគេចាំបានថានៅថ្ងៃខួបកំណើតម៉ារីណា គម្រប់៤៣ឆ្នាំ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ លោកទៀង ច័ន្ទសារ បានជូនកាដូពិសេសឲ្យនាង នូវរថយន្ដទំនើប មួយគ្រឿង។ ឥឡូវដល់ថ្ងៃខួបកំណើតលោកប្ដីវិញម្ដង ម៉ារីណា បានជូនកាដូថ្ពាល់ ទៅឲ្យស្វាមី។

 លី ម៉ារីណា បានធ្វើពិធីជប់លៀងខួបអាពាហ៍ពិពាហ៍ គម្រប់១ឆ្នាំ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ហើយនាងគឺជាតារាតែម្នាក់គត់ ដែលតែងតែធ្វើខួបកំណើតផ្ទាល់ខ្លួន ជារៀងរាល់ឆ្នាំ រហូតដល់អ្នករួមអាជីពខ្លះ ទៅខួបកំណើតនាងញឹកពេក និយាយថា ទៅខួបនាងជាលើកទី១០០ ទៀតផង ព្រោះចាំអត់បាន។

លី ម៉ារីណា មានអាយុ៤៤ឆ្នាំ គឺប្អូនស្វាមីដល់ទៅ ១១ឆ្នាំ ហើយតាមព័ត៌មានថា នាងរៀបគម្រោងយកកូនភ្លោះ តាំងពីឆ្នាំ២០២៤ តែបរាជ័យ ព្រោះពេលនេះ នៅតែមិនទាន់ពពោះ ។ ម៉ារីណា ដែលតារាជិតស្និទ្ធហៅថា «ជំទាវៗ» នោះ នៅតែបន្ដអាជីពលក់អីវ៉ាន់ Online ជាធម្មតា ប៉ុន្ដែនាងធ្លាប់ប្រាប់អ្នកយកព័តមានយើងថា កាត់បន្ថយអាជីពសិល្បៈ ពោលគឺក្នុង ១ឆ្នាំ ថតតែមួយរឿងប៉ុណ្ណោះ ព្រោះចង់ទុកពេលរកស៊ី។ ប្រភពបានឲ្យដឹងថា ម៉ារីណា ស្រលាញ់កូនស្រីប្រពន្ធដើមប្ដី ដូចកូននាងបង្កើតដែរ ខណៈលោកអធិការ ក៏ចាត់ទុកកូនប្រុសនាងស្វាមីមុន ដូចកូនលោកដែរ ហេតុនេះហើយបានជាគ្រួសារពួកគេរស់នៅដោយសុខសាន្ដ បើទោះជាម៉ារីណា មិនទាន់បំពេញបំណងធំឲ្យសា្វមី តាមរយៈការពពោះកូនដំបូង ក្រោយរៀបការជាង១៣ខែមកនេះក្តី ។

 សូមបញ្ជាក់ថា លី ម៉ារីណា បានឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ ៣លើក ក្នុងជីវិត តែចំណងស្នេហាលើកទី១ ជាមួយលោកទិត្យ ថាវរិទ្ធ និងទី២ ជាមួយលោកសាត ចាន់ថន បរាជ័យ ហើយនាងជានារីម្នាក់ដែលមានគោលការណ៍ថាបុរសណាស្នេហានាងពិត គឺទាល់តែឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ ទើបទៅរួច។ ចំណងស្នេហារបស់ម៉ារីណា ជាមួយលោកអធិការ ទៀង ច័ន្ទសារ ត្រូវបានអ្នករួមអាជីព ព្យាករណ៍ថា ពួកគេនឹងរក្សាបានយូអង្វែងជាមិនខាន ព្រោះតែអ្នកទាំងពីរ ធ្លាប់ឆ្លងកាត់ជីវិតបែកបាក់ប្ដីប្រពន្ធដូចគ្នា មុនចាប់ដៃគ្នា ។ តារាជាច្រើនបានសរសើរម៉ារីណា ថានាងមានសំណាងបានប្ដីពូកែថ្នាក់ថ្នមចិត្ត ប៉ុន្ដែមួយចំនួនទៀត បែរជាថា លោកអធិការ ទៅវិញទេ ដែលជាបុរសមានសំណាង ព្រោះម៉ារីណា មានជម្រើសស្នេហាច្រើន បើទោះជានាងមានវ័យជ្រេបន្ដិចមែន តែមិនខ្វះឧកញ៉ា និងមន្រ្ដីធំៗ រួមទាំងអាណិកជនខ្មែរនៅក្រៅស្រុក ដែលចាំត្រងស្នេហានាងក្រោយនាងលែងប្ដីទី២ លោកសាត ចាន់ថន កាលពីឆ្នាំ២០២២ ប៉ុន្ដែចុងក្រោយ ម៉ារីណា បានជ្រើសយកប្ដីពោះម៉ាយ លោកអធិការប៉ូលិស ជាមួយថ្លៃទឹកដោះ ៩ម៉ឺនដុល្លារ ។

 គេរង់ចាំមើលថា លី ម៉ារីណា ក្រៅពីចង់ឲ្យប្ដីស្នេហានាងតែម្នាក់គត់នោះ នាងអាចធ្វើឲ្យលោកអធិការ សប្បាយចិត្តជាងនេះ តាមរយៈការពពោះកូនភ្លោះ បានដូចបំណងឬអត់ នៅឆ្នាំ២០២៥ នេះ? …៕

RELATED ARTICLES