Wednesday, March 12, 2025
Homeតារាខ្មែរសេង មង្គលៈ ប៉ះតារាថៃ របួសក្បាល

សេង មង្គលៈ ប៉ះតារាថៃ របួសក្បាល

ភ្នំពេញ ៖ តារាសម្ដែង លោកសេង មង្គល ជាខ្សែប្រយុទ្ធរបស់ក្រុមបាល់ទាត់តារាកម្ពុជា ត្រូវបានប្ដូរចេញនៅតង់ទី២ ដោយសារតែបានរងរបួសក្បាល ហូរឈាមក្រោយប៉ះទង្គិចជាមួយខ្សែការពាររបស់ក្រុមបាល់ទាត់តារាថៃ រារាំងមិនឲ្យមង្គល តែតបាល់ចូលសំណាញ់ទីដែលបញ្ជួនចេញពីខ្សែបម្រើស្លាបស្ដាំ  ។

យោងតាមវីដេអូដែលមង្គលបង្ហោះ រូបគេហូរឈាមក្បាល ហើយត្រូវក្រុមគ្រូពេទ្យពិនិត្យនិងជួយសង្រ្គោះភ្លាមៗ ។ មង្គល មិនអាចបន្ដប្រកួតបានទេ ហើយភ្លាមៗនោះ ត្រូវបានសែងប្ដូរចេញតែម្ដង ។ ក្រោយរងរបួសក្បាលធ្ងន់មក មង្គល បានកាត់វីដេអូនោះបង្ហោះលើហ្វេសបុកផេកផ្ទាល់ខ្លួន តែត្រូវបានលុបចេញវិញភ្លាមៗ ដែលទំនងខ្លាចប៉ះពាល់ដល់ទឹកចិត្តកីឡាករក្នុងក្រុម ក្រោយបញ្ចប់ការប្រកួតលទ្ធផលការមិត្តភាពអន្ដរជាតិរវាងក្រុមកីឡាករបាល់ទាត់កម្ពុជា បានចាញ់ក្រុមតារាថៃ ១ទល់២  ក្នុងពានរង្វាន់ «សតវត្សរ៍នៃព្រះធម៌ » កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ដើម្បីអបអសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនាក់ការទូតការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។

 មុនការប្រកួត លោកសេង មង្គល បានប្រាប់អ្នកយកព័តមានយើងថា លោកបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតព្រឹត្តិការណ៍ដ៏ធំនេះហើយ លោកនឹងធ្វើឲ្យបានល្អក្នុងតួនាទីជាខ្សែប្រយុទ្ធ ពាក់អាវលេខ៩ ។ លោកមង្គល បន្ថែមថា ការប្រកួតលក្ខណៈអន្ដរជាតិនោះ ជាលើកទី១ សម្រាប់ក្រុមលោក តែការប្រកួតជាលក្ខណៈសប្បុរសធម៌ គឺធ្លាប់បានលេងជាច្រើនប្រកួតមកហើយ ដើម្បីប្រមូលថវិការជួយដល់មន្ទីពេទ្យ និងកុមារកំព្រា។

 ក្រោយរងរបួសបែកក្បាល ដែលត្រូវបានដេរជាច្រើនថ្នេរនោះ សេង មង្គល ត្រូវបានមិត្តរួមក្រុម និង Fan ជាច្រើន បារម្ភពីស្ថានភាពរបួសរបស់គេផងដែរ។

 លោកខេម ប្រធានក្រុមតារាបាល់ទាត់កម្ពុជា បានចេញសារជូនពរឲ្យឆាប់ជាសះស្បើយ ។ ចំណែកផេកផ្លូវការរបស់ Cambodia Super Stars បានចេញសេចក្ដីប្រកាសថា របួសរបស់មង្គល គឺជាការសោកស្ដាយនិងតក់ស្លុតបំផុត ដែលជាមិត្តរួមក្រុម ជាបងប្អូន ជួបរឿងបែបនេះ ហើយបានជូនពរឲ្យឆាប់ជាសះស្បើយ ។ រីឯលោកឈិន ឈឿន គូបង្វឹករបស់ក្រុមបាល់ទាត់តារាកម្ពុជា បានថ្លែងសារថា «អារម្មណ៍សោកស្ដាយចំពោះរឿងកើតឡើង អាណិតកូនសិស្សខ្លួនឯង ជូនពរបងឆាប់ជាសះស្បើយ បាត់ស្លាកស្នាម បន្ដការងារ»។

លោកសេង មង្គល បានប្រាប់ពីស្ថានភាពរបួសរបស់លោកទៅកាន់ Fan ថា «អរគុណបងប្អូនទាំងអស់គ្នា ចំពោះការបាម្ភ ខ្ញុំបានដេររបួសរួចហើយ ។ អរគុណបងប្អូនទាំងអស់គ្នាចំពោះការបារម្ភនិងជូនពរ» ។

 សេង មង្គល ប្រាប់មុនរងរបួសថា ទោះជារូបលោកមមាញឹកជាប់សម្ដែងភាពយន្ដ ប៉ុន្ដែក្នុង ១សប្ដាហ៍ តែងតែឆ្លៀតហាត់បាល់ទាត់ជាមួយមិត្តរួមក្រុម ២ទៅ៣លើក ដើម្បីត្រៀមប្រកួតកម្មវិធីផ្សេងៗ ។ ប៉ុន្ដែតាមព័តមានពីអ្នករួមអាជីពជាមួយមង្គល ប្រាប់ថាស្ថានភាពរបួសរបស់មង្គល ធ្ងន់គួរសម ហេតុនេះមិនអាចកំណត់ពីពេលវេលាមកហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញបានទេ ពិសេសរូបគេត្រូវបានសុំផ្អាកពីការថតភាពយន្ដ រយៈពេលខ្លីផងដែរ រង់ចាំដល់ស្ថានភាពល្អប្រសើរដូចដើមវិញ ទើបបន្ដការងារជាថ្មី ។

គួរបញ្ជាក់ថា ក្រៅពីសេង មង្គល (ហូរ ប៉ូសេង) តារាដែលចូលរួមក្នុងក្រុមបាល់ទាត់តារាកម្ពុជា មានដូចជា លោកចា រិទ្ធី, ខេម, ប៉ែន តុលា ,ហេង នរកក្កដា,គូម៉ា, ពៅ ពិសិដ្ឋ  និងអ៊ុក មិនណារិទ្ធ ជាដើម ៕

RELATED ARTICLES