Sunday, March 23, 2025
Homeតារាខ្មែររ៉េត ស៊ូហ្សាណាៈ ត្រៀមទៅអាមេរិក

រ៉េត ស៊ូហ្សាណាៈ ត្រៀមទៅអាមេរិក

ភ្នំពេញ ៖ តារាចម្រៀងស្រីស្រស់ រ៉េត ស៊ូហ្សាណា នឹងហោះទៅអាមេរិក នៅដើមខែកក្កដា ដើម្បីត្រៀមច្រៀងសម្ដែងនៅថ្ងៃទី១២ និង១៣ ខែកក្កដា នៅមហោស្រពតន្រ្ដី Sabaidee Fest នៅ Gloria Molina Grand Park ទីក្រុងឡូសអែនចេឡេស (Los Angeles) សហរដ្ឋអាមេរិក ។ ហ្សាណា ប្រាប់ថា នាងមានអារម្មណ៍រំភើបខ្លាំង ព្រោះការទៅច្រៀងសម្ដែងនៅអាមេរិក វាជាលើកដំបូងសម្រាប់នាង ក្រោយចាប់អាជីពចម្រៀង ជិត១០ឆ្នាំ ។

 រ៉េត ស៊ូហ្សាណា វាចាថា «នាងខ្ញុំពិតជារំភើបមែនទែន ព្រោះនេះជាលើកដំបូងរបស់នាងខ្ញុំ ដែលបានទៅសម្ដែងនៅសហរដ្ឋអាមេរិក និងមហោស្រពតន្រ្ដីដ៏ធំ និងបានជួបបងប្អូនខ្មែរយើងនៅក្រៅប្រទេស»។

 យ៉ាងណា នៅមិនទាន់ដឹងថា រ៉េត ស៊ូហ្សាណា នឹងយកបទចម្រៀងអ្វីខ្លះទៅបកស្រាយក្នុងព្រឹត្តិការណ៍នោះទេ តែតាមព័តមានថា ក្រោយច្រៀងចប់ ២ថ្ងៃនោះ ហ្សាណា គ្មានគម្រោងចេញច្រៀងសម្ដែងតាមបណ្ដារដ្ឋផ្សេងៗទៀតទេ បើទោះជា Fan នាងនៅទីនោះ ចង់ជួបស្រីស្អាត និងចង់ស្ដាប់ទឹកដមសំនៀងនាងច្រៀងបទមរតកដើម ដូចតារាផ្សេងៗទៀតដែលទៅសម្ដែងនៅអាមេរិក ក្ដី ។ ប៉ុន្ដែការមានឱកាសច្រៀងកម្មវិធីធំ ហើយហ្សាណា អាចច្រៀងបទជាភាសារអង់គ្លេសនោះ វាគ្មានឧបសគ្គចំពោះរូបនាងច្រើនឡើយ ។

រ៉េត ស៊ូហ្សាណា បានចាកចេញពីហង្សមាស ចូលផលិតកម្មបារមី ជាងកន្លះឆ្នាំហើយដែលពេលនេះបានចេញបទចម្រៀង ដូចជាបទ «Lost», «Better Off », «ស្រ្ដីសេរី »និងបទចាប់ដៃជាមួយលោកយូហៃ «2Am » ….។ តាំងពីប្ដូរទ្រនំថ្មីមក ហ្សាណា មិនសូវចេញមុខតាមConcerts ច្រើនដូចនៅហង្សមាស ទេ ប៉ុន្ដែនាងត្រូវថៅកែបារមី ទុកចិត្តឲ្យនាងធ្វើជាអ្នកនិពន្ធ, ដឹកនាំ និងរៀបចំសាច់រឿងថត MV ដោយខ្លួនឯង ដែលនេះជាជំហានថ្មីរបស់នាង មិនធ្លាប់មានពីមុន។ ប៉ុន្តែអ្វីដែល Fan ខ្លះខកចិត្តនោះ គឺគេចង់ឃើញនាងច្រៀងដៃគូជាមួយតារារ៉េប លោកវណ្ណដា ប៉ុន្ដែបែរជាហ្សាណា ចាប់ដៃលោកយូហៃ ទៅវិញ។

តារាវ័យ២៤ឆ្នាំ ដែលធ្លាប់តែត្រូវម្ដាយតាមការពារជាប់គ្រប់ជំហាន ហើយតឹងរ៉ឹង មិនឲ្យនាងនិយាយទូរស័ព្ទជាមួយប្រុសណាដែលមិនពាក់ព័ន្ធការងារសិល្បៈនោះ ស្រាប់តែពេលនេះនាងងាកមកស្និទ្ធស្នេហ៍លោកហៃ ដែលបុរសនោះអាចកៀកកើយនាងបានទាំងក្នុងនិងក្រៅឆាក។ ភាពប្រែប្រួលរបស់ហ្សាណា ពេលនេះ កើតមានក្រោយពីអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ រូបនេះបានបញ្ឈប់ទំនាក់ទំនងជាមួយកូនកំលោះឧកញ៉ាព្រាប សុវត្ថិ បន្ទាប់ពីលោកស្រីឡុង ស្រីមុំ ប្រកាសកាលពីឆ្នាំ២០២២ ថាកូនប្រុសគាត់ សុវត្ថិ មុនីនាគ គ្មានស្នេហាជាមួយហ្សាណា ដូចគេសង្ស័យនោះទេ ។ ប្រភពបានឲ្យដឹងថា រ៉េត ស៊ូហ្សាណា មានប្រុសអាណិកជនខ្មែរ នៅអាមេរិក មិនតិចនាក់ទេ រង់ចាំមើលការច្រៀងសម្ដែងរបស់នាង នៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ហើយប្រសិនបើនាងហ៊ានតែពន្យារពេលមកកស្រុកវិញ ដោយទទួលសំណើច្រៀងសម្ដែងបន្ដនៅរដ្ឋផ្សេងៗ ដោយមិនបានគ្រោងទុកនោះ ច្បាស់ជាពិបាកគេចអន្ទាក់ស្នេហ៍បុរសក្រៅស្រុកជាមិនខាន។ ដោយសារតែបញ្ហានេះហើយ ទើបតាមព័តមានថា ម្ដាយហ្សាណា នឹងជូនកូនស្រីទៅអាមេរិក ផងដែរ ដើម្បីការពារកូនស្រី ខ្លាចត្រូវប្រុសអាណិកជនខ្មែរនៅទីនោះ ឆក់យកបេះដូងទៅឃុំគ្រង មិនឲ្យវិលត្រឡប់មកស្រុកំណើតវិញ ដូចតារាស្រីមួយចំនួន ៕

RELATED ARTICLES