ភ្នំពេញៈ អតីតម្ចាស់ពាន The Voice Cambodia រដូវកាលទី១ លោកប៊ុត សីហា ដែលធ្លាប់មានប្រវត្តិពាក់ព័ន្ធនឹងគ្រឿងញៀន រហូតត្រូវសមត្ថកិច្ចឃាត់ខ្លួន ២-៣លើក រួចមកហើយ និងទើបចេញពីពន្ធនាគារនោះ បានប្រកាសវិលចូលសិល្បៈវិញ និងថែមទាំងទម្លាយថា មូលហេតុដែលខ្លួនជាប់ផុងខ្លួនប្រើប្រាស់គ្រឿងញៀន រហូតដល់ជាប់គុក គឺដោយសារវិបត្តិគ្រួសារ និងវិបត្តិផ្លូវចិត្ត និងមិត្តភក្តិមិនល្អអូសទាញ។

លោកប៊ុត សីហា បានបង្ហោះសំណេរមួយតាមបណ្តាញសង្គមផ្ទាល់ខ្លួន កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ថា “ខ្ញុំចេញមក ខ្ញុំមិនបានខ្មាសនឹងបង្ហាញភាពអាក្រក់របស់ខ្ញុំទេ ជាប់គុក ខ្ញុំក៏ប្រាប់ ប្រើគ្រឿងញៀន ខ្ញុំក៏និយាយ…”។

លោកប៊ុត សីហា បានបញ្ជាក់ថា កាលដែលលោកបាត់មុខមួយរយៈធំមកនេះ គឺដោយសារតែលោកមានបញ្ហាជាមួយនឹងការប្រើប្រាស់គ្រឿងញៀន ដោយលោកបានជាប់ពន្ធនាគារ រយៈពេល១ឆ្នាំ និងទើបចេញពីពន្ធនាគារវិញ។ ចំពោះមូលហេតុដែលនាំឱ្យលោកផុងខ្លួនជាមួយនឹងការប្រើប្រាស់គ្រឿងញៀន រហូតដល់ត្រូវជាប់គុកបែបនេះ គឺដោយសារតែបញ្ហាចម្បង គឺវិបត្តិគ្រួសារ ធ្វើឱ្យលោកខូចចិត្ត ដើរផ្លូវខុស និងសេពគប់ជាមួយមិត្តភក្តិមិនល្អ អូសទាញទៅប្រើប្រាស់គ្រឿងញៀន។ យ៉ាងណា លោកបានបដិសេធថា លោកមិនបានជួញដូរគ្រឿង ញៀននោះទេ តែលោកគឺជាជនរងគ្រោះ (អ្នកប្រើប្រាស់គ្រឿងញៀន) ប៉ុណ្ណោះ។

លោកប៊ុត សីហា បានបញ្ជាក់ថា “មួយរយៈមុន ខ្ញុំបាត់មុខមួយរយៈធំ ដោយសារខ្ញុំមានបញ្ហាជាមួយនឹងការប្រើប្រាស់គ្រឿងញៀន ហើយខ្ញុំបាទទើបនឹងចេញមកពីពន្ធនាគារវិញ ខ្ញុំជាប់រយៈពេល ១ឆ្នាំ ដោយសារតែពេលហ្នឹង គឺខ្ញុំមានវិបត្តិផ្លូវចិត្ត ពាក់ព័ន្ធជាមួយនឹងគ្រួសារ ហើយពេលហ្នឹង គឺយើងនៅចំពេលដែលមានមិត្តភក្តិគាត់ប្រើប្រាស់គ្រឿងញៀន គាត់អូសទាញយើងទៅ ហើយយើងក៏ស្លុងចិត្តតាមគេទៅ ទើបយើងដល់ថ្នាក់មានបញ្ហាអ៊ីចឹង…”។

លោកប៊ុត សីហា បានបន្តថា “រាល់ថ្ងៃនេះ ប្រពន្ធកូន គ្រួសារខ្ញុំ គឺបានលែងលះគ្នាហើយ គឺលែងលះមុនពេលដែលខ្ញុំជាប់ផុងនឹងគ្រឿងញៀន ទៅទៀត មូលហេតុប្រហែលជាយើងខ្វះភាពកក់ក្តៅឱ្យគេ អ៊ីចឹងហើយបានគេទៅចោលយើង ប៉ុន្តែកូននៅជាមួយខ្ញុំបាទ ដោយម្តាយខ្ញុំជាអ្នកជួយមើលថែ។ ចំពោះការផុងខ្លួនជាមួយនឹងគ្រឿងញៀន ម្តងជាពីរដងមកនេះ ដោយសារតែកាលហ្នុង ខ្ញុំមានវិបត្តិផ្លូវចិត្ត ខ្ញុំដើរតែឯង អត់ទាន់មានក្រុមការងារដូចឥឡូវ ហើយពេលពួកយើងទំនេរពីការងារ ពួកយើងទៅហាត់ប្រាណ ហាត់អីចឹងទៅ តែពីមុន ខ្ញុំអត់មានក្រុមការងារទេ ចេញទៅច្រៀង ក៏ម្នាក់ឯង ធ្វើអីក៏ម្នាក់ឯង អ៊ីចឹងបានដើរជាមួយមិត្តភក្តិដែលមិនល្អ ទើបអូសទាញយើងទៅតាមគេទៅ…”។

អតីតម្ចាស់ពាន The Voice Cambodia រដូវកាលទី១ រូបនេះ បានបន្ថែមថា “រឿងមួយទៀតដែលខ្ញុំចង់ប្រាប់ទៅមហាជន ដោយសារតែពេលខ្លះទៅ ព័ត៌មានខ្លះចេះតែចុះថា ខ្ញុំហ្នឹងចែកចាយគ្រឿងញៀន អ្នកលក់គ្រឿងញៀន តាមការពិតខ្ញុំគ្រាន់តែជាអ្នករងគ្រោះទេ ជាអ្នក ប្រើប្រាស់គ្រឿងញៀនទេ ហើយខ្ញុំចង់ប្តេជ្ញាប្រាប់បងប្អូនទាំងអស់គ្នាថា ខ្ញុំមកលើនេះ ខ្ញុំប្តេជ្ញាថាខ្ញុំនឹងធ្វើឱ្យបាន ហើយធ្វើបទថ្មី ក៏ដូចជាបង្កើតអ្វី ដែលថ្មីៗជូនបងប្អូនទាំងអស់ សង្ឃឹមថាបងប្អូននឹងគាំទ្រខ្ញុំបាទ…”។

លោកប៊ុត សីហា បានបញ្ជាក់បន្ថែមថា “សម្រាប់ខ្ញុំបាទ ពេលនេះ ខ្ញុំបាទសូមអរគុណដល់បងប្អូនទាំងអស់គ្នា ដែលបានគាំទ្រដល់រូបខ្ញុំបាទ ហើយខ្ញុំនឹងប្តេជ្ញាចិត្តថា ខ្ញុំនឹងខំប្រឹងប្រែងដើរលើវិថីសិល្បៈនេះ ហើយឆ្ពោះទៅមុខ ឱ្យដូចកាលពីខ្ញុំប្រឡងដំបូងអ៊ីចឹង ខ្ញុំនឹងខំប្រឹង ហើយប្រសិនបើខ្ញុំអាចស្តារមុខមាត់ឡើងវិញបាន និងរកចំណូលបាន នោះខ្ញុំនឹងបរិច្ចាគ ២០ភាគរយ ជូនទៅដល់ខាងមណ្ឌលកែប្រែបន្សាបគ្រឿងញៀន ដើម្បីឱ្យបងប្អូនទាំងអស់គ្នាដឹងថា អ្នកដែលប្រើប្រាស់គ្រឿងញៀន គឺជាជនរងគ្រោះទេ ហើយខ្ញុំបាទមានបទពិសោធន៍ផ្ទាល់ អ៊ីចឹងខ្ញុំចង់ចែករំលែកទៅដល់បងប្អូនដែលគាត់ធ្លាប់ដើរផ្លូវខុស ប្រើប្រាស់គ្រឿងញៀន សូមបញ្ឈប់ទៅ ព្រោះគ្រឿងញៀននេះ គ្មានអ្វីល្អទេ គឺនាំឱ្យខាតពេលវេលា ពិសេសបំផ្លាញជីវិតយើង ហើយក៏សូមឱ្យបងប្អូនឈប់យល់ច្រឡំបន្តទៀតថា ខ្ញុំជាអ្នកចែកចាយគ្រឿងញៀន គឺមិនមែនទេ ខ្ញុំគ្រាន់តែជាជនរងគ្រោះ និងជាអ្នកប្រើប្រាស់ប៉ុណ្ណោះ…”។
គួររំលឹកថា អតីតម្ចាស់ពាន The Voice Cambodia រដូវកាលទី១ ប៊ុត សីហា ធ្លាប់បានសន្យាចំពោះមុខមហាជនជាច្រើនលើកច្រើនសារមកហើយថា នឹងកែខ្លួនឡើងវិញ មិនធ្វើឱ្យមហាជនខកបំណងឡើយ។ ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ប៊ុត សីហា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួនថា “អរគុណបងប្អូន ដែលខម្មិនមក ចង់ប្រាប់ថា ខ្ញុំមិនដើរផ្លូវខុសម្តងទៀតទេ សន្យាជាចុងក្រោយ”។

យ៉ាងណា មហាជន អ្នកគាំទ្រ កំពុងរង់ចាំគាំទ្រនូវស្នាដៃថ្មីៗរបស់តារាចម្រៀង អតីតម្ចាស់ពានThe Voice Cambodia រដូវកាលទី១ រូបនេះ ខណៈដែលមហាជនខ្លះ កំពុងរង់ចាំមើល ថាតើការសន្យារបស់ប៊ុត សីហា លើកនេះ ពិតជាសន្យាចុងក្រោយ មែនឬយ៉ាងណា តើពិតអាចកែខ្លួនបានដែរឬទេ? …។