ភ្នំពេញ៖តារាសម្ដែងនិងជាពិធីការិនីគៀត បេឡា ហៅហ្វា ហ្វា ឬស្រីយី បានធ្វើពិធីសែនក្រុងពាលី បុកគ្រឹះ សង់ផ្ទះជូនឪពុកម្ដាយនៅស្រុកកំណើត នៅដើមខែមីនា ដែលធ្វើឲ្យមានការលើកឡើងថាហ្វា ហ្វា ពិតជាគំរូល្អមួយ ព្រោះនាងនៅក្មេងសោះមិនគិតពីការលេងម៉ូដឡានដូចគេទេ តែប្រឹងសន្សំលុយធ្វើផ្ទះជូនអ្នកមានគុណ(ធ្វើបុណ្យទាន់ខែភ្លឺ ) ដែលនេះកត្តញូរបស់កូនចំពោះលោកអ្នកមានគុណ។



ខាងក្រោមនេះគឺជាបទសម្ភាសន៍របស់អ្នកយកព័តមាន«នគរធំ» ជាមួយហ្វា ហ្វា កាលពីពេលថ្មីៗនេះ !
នគរធំ៖តើហ្វា ហ្វា សាងសង់ផ្ទះជូនឪពុកម្ដាយនោះជាប្រភេទផ្ទះវីឡារ ឬលំហែរ ?
ហ្វា ហ្វា៖ចា៎ !ផ្ទះរបស់ប្អូនមិនដល់ជាផ្ទះវីឡារទេ តែជារបៀបប្រភេទផ្ទះលំហែរ តែប្អូនមិនទាន់ច្បាស់ថាត្រូវធ្វើ១ជាន់ ឬ២ជាន់នោះទេ ព្រោះជាក់ស្ដែងនៅលើថវិកាដែលប្អូនរកបានថែមទៀតសិន ។ប៉ុន្ដែឥឡូវអាចធ្វើ១ជាន់សិន មានន័យថាជាន់ផ្ទាល់ដីហើយ១ជាន់លើទៀត តែបើខាងមុខអាចរកបានអាចធ្វើ១ជាន់ថែមទៀតចឹងទៅ គឺធ្វើទៅតាមលទ្ធភាព ។


នគរធំ៖តើផ្ទះនោះសង់លើទីតាំងនៅឯណាដែរ ?
ហ្វា ហ្វា ៖គឺនៅស្រុកកំណើតរបស់ប្អូន ឡូវចូលក្រុងហើយពីមុននៅខេត្តកណ្ដាល តែបច្ចុប្បន្នគឺភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ។ប្អូននៅជាមួយគាត់(ឪពុកម្ដាយ)យូហើយ គឺនៅរហូត អត់ដែលទៅណាទេ ព្រោះចង់នៅក្បែគាត់ ព្រោះបងប្អូនរបស់ប្អូនមានតែ៣នាក់(ស្រី២) គឺតិចដែរ ហើយបងស្រីក៍ត្រៀមទៅរស់នៅអាមេរិកទៀត ព្រោះប្ដីគាត់អាណិកជន ចឹងប្អូនចង់នៅជាមួយគាត់ជាមួយប្អូនប្រុស អត់ចង់ទៅណាទេ។រាល់ថ្ងៃក៍មានផ្ទះនៅដែរ តែរបៀបផ្ទះចាស់យូហើយជាង៣០ឆ្នាំហើយ ដល់ពេលចឹងទៅក៍សម្រេចចិត្តធ្វើផ្ទះថ្មីលើដីក្រោយផ្ទះចាស់នោះ ព្រោះដីនៅស្រុកមានរបៀបធំៗដែរ។


នគរធំ៖តើហ្វា ហ្វា បានលុយពីថតសិល្បៈ ឬរកស៊ីចំណេញ យកមកសង់ផ្ទះជូនឪពុកម្ដាយ ?គ្រោងធ្វើពិធីឡើងផ្ទះទេ ពេលសាងសង់រួចរាល់?
ហ្វា ហ្វា ៖ការពិតលុយបានមកពីទាំងអស់ គ្រាន់តែថាសិល្បៈច្រើនជាងរកស៊ី ដោយសារតែរកស៊ីប្អូនទើបតែចាប់ផ្ដើមដែរ ហើយក៍មិនជាណាស់ណាដែរ ។សិល្បៈបើនិយាយពីការថតកុន ប្អូនក៍មិនបានច្រើនណាស់ណាដែរ តែបានធ្វើជាBA ជាអ្នកប្រម៉ូតអីចឹងទៅ ក៍បានលុយជាដុំខ្លះៗទៅ ក៍ខំប្រឹងសន្សំ៤-៥ ឆ្នាំហើយចឹងក៍មានលទ្ធភាពធ្វើជូនគាត់។ប៉ុន្ដែយើងនៅតែខំប្រឹងសាគូលុយថែមទៀតដែរ ព្រោះធ្វើផ្ទះឧទាហរណ៍បើមាន៧ម៉ឺនដុល្លារ ត្រូវសាគូ៩ម៉ឺនដុល្លារ ព្រោះបុកគ្រឹះ ធ្វើរបងអីអស់លុយច្រើនដែរ ។ពេលសាងសង់រួចប្អូននឹងធ្វើពិធីឡើងផ្ទះ តែមិនដឹងថាធ្វើប៉ុន្មានខែទើបហើយទេ ហើយពេលហ្នុងប្អូនក៍ហៅបង(អ្នកកាសែត)ឲ្យចូលរួមផងដែរ។

នគរធំ ៖សំណួរចុងក្រោយឃើញហ្វា ហ្វា ធ្វើជាMC ឲ្យ Pnn តើមានជាប់កុងត្រា ឬFreelance ?ចុះរឿងស្នេហាវិញពេលនេះមានសង្សារថ្មីឬនៅ ?
ហ្វា ហ្វា ៖ការងារមួយហ្នឹងជាក្ដីស្រម៉ៃរបស់ប្អូនបន្ថែមទៀត បន្ទាប់ពីប្អូនក្លាយជាតារាសម្ដែង តារាម៉ូឌែល ហើយប្អូនក៍នៅមានក្ដីស្រម៉ៃ បន្ដទៀតដែរ ប៉ុន្ដែអត់ទាន់បានធ្វើឥឡូវទេ ព្រោះដោយសារតែយើងត្រូវចប់មួយចូលមួយ គឺឲ្យច្បាស់មួយ ហើយចាំទៅមួយទៀត ដូចកាំជណ្ដើរចឹង។ប្អូនធ្វើជាMC នៅRapper Fighter នៅPnn តែបានបញ្ចប់ហើយ ប៉ុន្ដែGanzberg គាត់ជាSponsor ធំបន្ដធ្វើជាTour Concerts ដើម្បីឲ្យបេក្ខជនប្រលងគាត់មានការងារធ្វើ និងCoach មានការងារទាំងអស់គ្នា នាំការសប្បាយទាំងអស់គ្នាទៅតាមខេត្ត ហើយខ្ញុំជាពិធីការិនីនៅហ្នឹងដែរ ។ខ្ញុំធ្វើការងារនេះFreelance អត់មានកុងត្រាទេ ធ្លាប់កុងត្រាតែពេលប្រលងចម្រៀងរ៉េបហ្នុង,តែស៊ីតែ១Project ៗ ,ម៉ៅ ម៉ាProject ហ្នឹងន្មានអីចឹងទៅ តែបើថាមានជាប់កុងត្រាឲ្យខាងណាអត់គឺអត់មានទេ ចឹងធ្វើឲ្យខាងណាក៍បានដែរ ។រាល់ថ្ងៃខ្ញុំនៅតែខំប្រឹងអភិវឌ្ឍន៍ខ្លួនឯង ដើម្បីឲ្យមានជំនាញច្បាស់លាស់ជាងហ្នឹង។ក្ដីស្រម៉ៃរបស់ខ្ញុំនីមួយៗគឺចាប់ផ្ដើមពីចំណុចសូន្យទាំងអស់ ចឹងដូចកាំជណ្ដើរចឹងឡើងពីកាំទី១ ឈរឲ្យនឹងហើយទើបឡើងកាំទី២និងកាំបន្ទាប់ទៀត។ខ្ញុំអត់មានបងប្អូនចូលសិល្បៈទេ ចឹងត្រូវប្រឹងបង្កើតជំនាញ ចំណេះដោយខ្លួនឯង ទេពកោសល្យខ្លួនឯង គឺការងាររាល់ថ្ងៃនេះធ្វើដោយសារតែក្ដីស្រលាញ់ ការអត់ធ្មត់ និងខំប្រឹងហ្នឹងឯង ៕

