ភ្នំពេញ ៖ យុវជន៣នាក់ ទើបនឹងចេញ ពីកម្មវិធីខួបកំណើតមិត្តភក្តិក៏ជិះម៉ូតូម្នាក់មួយ គ្រឿង មកអង្គុយលេងនៅសួនច្បារសម្តេចហ៊ុន សែន ស្រាប់តែលេចមុខក្រុមក្មេងទំនើងមាន គ្នា៧នាក់ ព្រួតគ្នាដេញកាប់ និងទាញដុំថ្មគប់ ធ្វើឱ្យយុវជនរងគ្រោះទាំង៣នាក់ ភ័យពេករត់ ចោលម៉ូតូ ក៏ត្រូវក្រុមជនបង្កហេតុព្រួតកាប់ម៉ូតូ បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំចំនួន៣ គ្រឿង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅចំណុចសួនច្បារសម្តេចហ៊ុន សែន ស្ថិតក្នុងក្រុមទី៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ជនរងគ្រោះទាំង៣នាក់ រួមមាន ទី១-ឈ្មោះអឿន ម៉េងហុង អាយុ១៩ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ ដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជាម្ចាស់ម៉ូតូម៉ាក MSX ស៊េរីឆ្នាំ២០១៥ ពណ៌ សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FU-7439 (បែកកុងទ័រ) ទី២-ឈ្មោះរិទ្ធ ចន្តា អាយុ២០ឆ្នាំ មុខរបរជាបុគ្គលិកណេត ស្នាក់នៅផ្ទះលេខ ១២៥ ផ្លូវសុកហុក សង្កាត់អូរប្ញស្សី ខណ្ឌ៧- មករា ជាម្ចាស់ម៉ូតូម៉ាក ស៊ុយស៊ូគី ឡត៌េស ស៊េរី ឆ្នាំ២០១៥ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១ឌំ-១៥៥០ និងទី៣-ឈ្មោះពៅ សំរិទ្ធ អាយុ ២០ឆ្នាំ មុខរបរនៅចាំចម្ការ នៅស្រុកកំណើត ក្នុងភូមិទី៧ ឃុំគងតាណឹង ស្រុកងមាស ខេត្ត កំពង់ចាម ជាម្ចាស់ម៉ូតូម៉ាក ឌូគែ ស៊េរីឆ្នាំ ២០១៦ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GE- 2219 (បែកកុងទ័រ និងចង្កៀងមុខ)។
តាមសម្តីរបស់ជនរងគ្រោះបានរៀបរាប់ ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ពួកខ្លួនមាន គ្នា៣នាក់ បានជិះម៉ូតូម្នាក់មួយគ្រឿងទៅចូល រួមពិធីខួបកំណើតមិត្តភក្តិ ដែលរៀបចំឡើង នៅក្នុងក្លឹបប៊្លូឡាញ។ លុះពេលចប់កម្មវិធីនៅ ម៉ោងប្រមាណ២និង៣០នាទីរំលងអធ្រាត្រ ឈាន ចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ពួកខ្លួនក៏ ជិះម៉ូតូដើរលេង រួចក៏មកអង្គុយលេងនៅចំណុច កើតហេតុខាងលើ តាំងពីម៉ោង៣និង១៥នាទី រំលងអធ្រាត្រថ្ងៃដដែល។
ប្រភពដដែលបន្តថា ស្រាប់តែមកដល់ វេលាម៉ោងកើតហេតុខាងលើ ក៏លេចមុខក្រុម ជនបង្កហេតុចំនួន៧នាក់ ក្នុងនោះ២នាក់ ជិះ ម៉ូតូ១គ្រឿង ចំណែក៥នាក់ទៀត ដើរថ្មើជើង និងប្រដាប់ដោយដាវសាមូរ៉ៃ ព្រមទាំងដុំថ្ម បាន ដើរសំដៅមករកពួកខ្លួន រួចក៏នាំគ្នាដេញកាប់ ប្រហារ និងគប់ មកលើពួកខ្លួនទាំងកំរោលដោយ មិនមានទំនាស់អ្វីនឹងគ្នាសោះ។ ភ្លាមនោះ ពួក ខ្លួនបានរត់គេចខ្លួនចោលម៉ូតូ ព្រោះខ្លាចក្រុម ជនបង្កហេតុកាប់ស្លាប់ ទើបធ្វើឱ្យក្រុមជនបង្កមានឱកាសវាយកម្ទេចម៉ូតូរបស់ពួកខ្លួនទាំង ៣គ្រឿង បណ្តាលឱ្យរងការខូចខាតតែម្តង។
ក្រោយកើតហេតុជនរងគ្រោះទាំង៣នាក់ បាននាំគ្នាទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរ- បាលទន្លេបាសាក់ ឱ្យជួយអន្តរាគមន៍រហូតឈាន ដល់ការចាប់ខ្លួនជនសង្ស័យបានចំនួន២នាក់ រួម ជាមួយម៉ូតូ១គ្រឿង ព្រមទាំងដាវសាម៉ូរ៉ៃ១ ដើមផងដែរ។
ជនសង្ស័យទាំង២នាក់ ដែលសមត្ថកិច្ច ចាប់ឃាត់ខ្លួន រួមមានទី១-ឈ្មោះហូរ សី អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ ជួល ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក និង ទី២-ឈ្មោះប៊ី សុវណ្ណារាជ អាយុ១៦ឆ្នាំ មុខរបរ លក់ភេសជ្ជៈ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់មិត្ត- ភាព ខណ្ឌ៧មករា។ ជនសង្ស័យទាំង២នាក់ ជិះ ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BK-8121។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ២នាក់ បានសារភាពថា ពួកខ្លួន រួមនិងបក្ខពួក ៥នាក់ទៀត ពិតជាបានដេញវាយជនរងគ្រោះ ទាំង៣នាក់ខាងលើមែន។ លុះខឹងវ៉ៃមិនបាន ក៏ នាំគ្នាកាប់កម្ទេចម៉ូតូជនរងគ្រោះទាំង៣គ្រឿង តែម្តង។
ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់អធិការ- ដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្ត តាមនីតិវិធី។ ចំណែកបក្ខពួកដែលបានរត់គេច ខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីនាំយកមកចាត់ការតាមច្បាប់។