
ភ្នំពេញ ៖ បន្ទាប់ពីអនុប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចហ៊ុន ម៉ាណែត បានលើកឡើងថា «បើខ្មែរយើងមិនខិតខំរួមគ្នាពង្រឹងខ្លួនឯង គ្មានអ្នកណាផ្សេងគេធ្វើជំនួសយើងទេ» នោះមក លោកមាជ សុណ្ណារ៉ា មេបក្សជំនាន់ថ្មី ដែលជាគណបក្សក្រៅរដ្ឋាភិបាល ទើបនឹងបង្កើតថ្មី ត្រៀមប្រកួតប្រជែងការបោះឆ្នោតនៅក្នុងឆ្នាំ២០២៧ និង២០២៨ ខាងមុខនេះ បានលើកឡើងថា ដល់ពេលដែលអ្នកនយោបាយនិងបញ្ញវន្ត ត្រូវជជែកគ្នា រិះគន់ក្នុងន័យស្ថាបនា តាមរយៈបង្កើតវប្បធម៌សន្ទនា គិតថ្មី ធ្វើថ្មី ដើម្បីជាតិរុងរឿងទាំងអស់គ្នា ។
លោកមាជ សុវណ្ណារ៉ា បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ថា “ខ្ញុំនៅតែមានក្ដីសង្ឃឹមថា ខ្មែរយើងអាចរួមគ្នាស្ដារកិត្តិយសជូនដល់ដូនតាយើងបានឡើងវិញ ពីសំណាក់អ្នកជំនាន់ថ្មី ឈាមថ្មី គំនិតថ្មី (គិតថ្មី ធ្វើថ្មី)“ ។

លោកមាជ សុវណ្ណារ៉ា បានសរសេរបន្ថែម នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ថា “តើគេនាំគ្នាធ្វើនយោបាយ ដើម្បីអ្វី? ហើយបញ្ញវន្ត ខិតខំរៀនសូត្រមក ដើម្បីអ្វីដែរ? អ្នកនយោបាយ និងបញ្ញវន្ត សុទ្ធតែអះអាងថា អ្វីដែលពួកគាត់ម្នាក់ៗកំពុងធ្វើ គឺដើម្បីជាតិ និងប្រជារាស្ត្រ ជាធំ។ ចម្លើយស្របគ្នា តែគំនិតនៃការអនុវត្ត ផ្ទុយពីគ្នា ជាពិសេស ការវាយប្រហារគ្នា តែងតែកើតមានជាញឹកញាប់ នៅតាមបណ្ដាញសារព័ត៌មានក្នុងស្រុកនិងអន្តរជាតិ។ តើរវាងអ្នកនយោបាយ និងបញ្ញវន្ត មួយណាជាអ្នកនាំបង្កើតឲ្យមានគំនិតប្រេះឆាគ្នាក្នុងសង្គមយ៉ាងដូច្នេះ? អ្វីដែលខ្ញុំតែងតែសង្កេតមើលឃើញនាពេលកន្លងមក គឺអ្នកនយោបាយ ច្រើនតែប្រើពាក្យសម្ដីធ្ងន់ៗ រិះគន់ចំៗ និងគ្មានការរអែងអ្វីបន្តិចទាល់តែសោះ ទៅលើបញ្ញវន្ត ជាពិសេសលើអ្នកវិភាគបញ្ហាសង្គម។ រីឯអ្នកវិភាគព្រឹត្តការណ៍សង្គម ដែលជាបញ្ញវន្តមួយចំនួនវិញ ក៏បានវាយបកលើអ្នកនយោបាយខ្លាំងៗវិញ ដោយគ្មានសំចៃមាត់ ដែលកាយវិការនេះ សបញ្ជាក់ឲ្យឃើញថា បញ្ញវន្តខ្មែរ និងអ្នកនយោបាយខ្មែរ គ្មានវប្បធម៌ជ្រោមជ្រែងគ្នា ដើម្បីប្រយោជន៍ជាតិ សូម្បីតែបន្តិច។ ហេតុអ្វីបានជាខ្ញុំលើកឡើងយ៉ាងដូច្នេះ?
ហេតុផល ៖
១- អ្នកនយោបាយខ្មែរ ច្រើនរុញគូទបញ្ញវន្ត ឲ្យដើរដល់ចំណុចគ្រោះថ្នាក់បំផុត ដោយមិនខ្វល់ពីបញ្ហាប្រឈមក្នុងសង្គម និងអនាគតជាតិ។
២- អ្នកនយោបាយខ្មែរ ចូលចិត្តប្រើប្រជាភិថុតិ ឬបំភ័យលើបញ្ញវន្ត ដោយប្រើគ្រប់យុទ្ធវិធី ដើម្បីកេងចំណេញផ្នែកនយោបាយរបស់ខ្លួន។
៣- បញ្ញវន្តខ្មែរ តែងប្រើឱកាសដែលខ្លួនឯងមាន ដើម្បីតទល់ជាមួយអ្នកនយោបាយណាដែលមិនខ្វល់ពីសង្គមជាតិ និងប្រជារាស្ត្ររបស់ខ្លួន ។
៤- បញ្ញវន្ត និងអ្នកនយោបាយ ច្រើនតែគិតថា ខ្លួនឯងប្រសើរជាងគេ ដូច្នេះពួកគាត់ម្នាក់ៗ គិតតែប្រជែងគ្នា ដើម្បីបង្ហាញពីភាពអស្ចារ្យ (អំណាច និងចំណេះដឹង) របស់ខ្លួនជាប់ជានិច្ច»។
លោកមាជ សុវណ្ណារ៉ា បានសរសេរបន្តថា «តើបញ្ញវន្ត និងអ្នកនយោបាយខ្មែរ គួររួបរួមគ្នាដើម្បីប្រយោជន៍ជាតិ តាមវិធីសាស្ត្របែបណា?
ចម្លើយគឺ ៖
១- បង្កើតវប្បធម៌ពិគ្រោះយោបល់គ្នា និងសហការគ្នា ដើម្បីអភិវឌ្ឍន៍ជាតិ និងធនធានមនុស្ស។
២- បង្កើតវប្បធម៌ទិតៀនគ្នាតាមវិជ្ជាជីវៈ និងមិនបង្កើតវិវាទ ដើម្បីកេងចំណេញផលប្រយោជន៍ពីគ្នាទៅវិញទៅមក។
៣- បង្កើតវប្បធម៌ខ្មែរសន្តិភាពផ្លូវចិត្ត បោះបង់ចោលហិង្សា ចាប់យកសេចក្ដីស្រឡាញ់ ដើម្បីបុព្វហេតុបម្រើដល់ផលប្រយោជន៍រួមរបស់ជាតិ សាសនា និងព្រះមហាក្សត្រ ស្របទៅតាមរដ្ឋធម្មនុញ្ញជាតិ“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ថា របៀបគិតថ្មី ធ្វើថ្មី ដើម្បីឲ្យប្រទេសជាតិ មានការរីកចម្រើន គឺអ្នកនយោបាយ ត្រូវមានវប្បធម៌សន្ទនា រវាងបក្សកាន់អំណាច និងបក្សក្រៅរដ្ឋាភិបាល ដើម្បីបំពេញការខ្វះខាត បំពេញនូវចំណេះដឹង បទពិសោធន៍ ជំនាញវិជ្ជាជីវៈ ដើម្បីជួយសង្គមជាតិទាំងអស់គ្នា ចៀសវាងការរើសអើងនិន្នាការ ហើយមានគំនុំនយោបាយ ដោយវាយប្រហារគ្នា ឬក៏កម្ទេចគ្នា ធ្វើឲ្យជាតិអន្តរាយ ធ្វើឲ្យសេដ្ឋកិច្ចមិនទៅមុខ អស្ថិរភាព វិបត្តិផ្ទៃក្នុងនយោបាយនៃប្រទេសជាតិ ។ ជាពិសេស បញ្ញវន្ត ត្រូវចូលរួមចំណែកកសាងជាតិ តាមរយៈការក្លាយខ្លួនជាអ្នកនយោបាយផង ជាបុគ្គលឯករាជ្យដែលចង់ជួយប្រទេសជាតិផង ដែលមិនបាំបាច់ចូលគណបក្សនយោបាយ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំថាប្រទេសជាតិមួយ គឺរីកចម្រើន និងអភិវឌ្ឍ វិវឌ្ឍនភាពទៅបាន នៃវិស័យការគ្រប់គ្រងរដ្ឋ មានន័យថា រដ្ឋបាលសាធារណៈ និងអភិបាលកិច្ចល្អ ក៏ដូចជាកំណើននៃសេដ្ឋកិច្ចជាតិ នយោបាយការបរទេស និងសកលភាវូបនីយកម្មនៃពាណិជ្ជកម្ម ជួញដូរផ្នែកសេដ្ឋកិច្ច អាហរ័ណ នីហរ័ណ ក្នុងនិងក្រៅប្រទេស គឺពឹងផ្អែកទៅលើក្រុមបញ្ញវន្តហ្នឹងហើយ ហើយក្រុមបញ្ញវន្ត គឺយើងចង់សំដៅទៅជាបុគ្គលមានគតិបណ្ឌិត មានឧត្ដមគតិសម្រាប់ស្នេហាប្រទេសជាតិ ប្រជារាស្រ្ត ទៅនឹងចំណេះ ជំនាញដែលគាត់មានហ្នឹង ចំណេះជំនាញទៅលើផ្នែកនយោបាយ ទៅលើផ្នែកសេដ្ឋកិច្ច ទៅលើបែបវិទ្យាសាស្រ្ត ប្រព័ន្ធបច្ចេកវិទ្យាទំនើបបែបណា គឺថាមានឱកាស ឱកាសដោយតម្លាភាព ដោយឯករាជ្យ មានវិជ្ជាជីវៈ ប្រកបទៅដោយសីលធម៌ ហើយចូលរួមចំណែកកសាងជាតិ តាមរយៈការក្លាយខ្លួនជាអ្នកនយោបាយ ឬក៏ជាទីប្រឹក្សាបច្ចេកទេស ទៅតាមចំណេះ ជំនាញ ដែលមិនចំណុះឲ្យគណបក្សនយោបាយ ដែលរដ្ឋាភិបាល ត្រូវតែប្រមូលផ្ដុំមនុស្សដោយឯករាជ្យ យកមកធ្វើកិច្ចការរដ្ឋ ហើយកុំបង្ខំ ផ្ដេកផ្ដួលទៅនឹងកិច្ចការនយោបាយ តាមរយៈយកគណបក្ស ជាធំអីហ្នឹង គឺយើងចែកគ្នាឲ្យដាច់ រវាងអ្នកនយោបាយ ទៅនឹងបញ្ញវន្ត ហើយបញ្ញវន្តហ្នឹង ក្លាយខ្លួនជាអ្នកនយោបាយផង ក្លាយខ្លួនជាបុគ្គលឯករាជ្យដែលចង់ជួយប្រទេសជាតិផង ដែលមិនបាច់ចាំចូលគណបក្សនយោបាយ ។ អាហ្នឹងហើយជារបៀបគិតថ្មី ធ្វើថ្មី ដើម្បីឲ្យប្រទេសជាតិហ្នឹងមានការរីកចម្រើន ហើយអ្នកនយោបាយហ្នឹង ត្រូវមានវប្បធម៌សន្ទនា រវាងបក្សកាន់អំណាច និងបក្សក្រៅរដ្ឋាភិបាល ដើម្បីយើងបំពេញការខ្វះខាត បំពេញនូវចំណេះដឹង បំពេញនូវបទពិសោធន៍ បំពេញនូវជំនាញវិជ្ជាជីវៈណា ដើម្បីជួយសង្គមជាតិទាំងអស់គ្នា ចៀសវាងការរើសអើងនិន្នាការ ហើយមានគំនុំនយោបាយ ដោយវាយប្រហារគ្នា ឬក៏កម្ទេចគ្នា បែបធ្វើឲ្យជាតិអន្តរាយ ធ្វើឲ្យសេដ្ឋកិច្ចហ្នឹងមិនទៅមុខ ហើយអស្ថិរភាព វិបត្តិផ្ទៃក្នុងនយោបាយនៃប្រទេសជាតិ ។ អាហ្នឹងហើយដែលជាឧបសគ្គសម្រាប់ការកសាង និងអភិវឌ្ឍប្រទេសជាតិ តាមរយៈអ្នកនយោបាយស្អាតស្អំ អ្នកនយោបាយបរិសុទ្ធ និងបញ្ញវន្តដែលមានកម្លាំងចង់ជួយប្រទេសជាតិ តែមិនរងសម្ពាធ ឬក៏រងឥទ្ធិពលគណបក្សនយោបាយ ឬក៏អ្នកនយោបាយណា ។ អ៊ីចឹងយើងទៅជាមួយគ្នា ក្នុងន័យថា បង្កើតនូវការសន្ទនាបែបណា រវាងអ្នកនយោបាយ និងអ្នកនយោបាយ រវាងអ្នកនយោបាយទៅនឹងគុណតម្លៃនៃបញ្ញវន្ត ដែលគាត់ចង់ជួយជាតិគាត់ ប៉ុន្តែអត់មានចំណុះឲ្យគណបក្សនយោបាយ ជាបុគ្គលឯករាជ្យ ហើយគិតតែពីជួយទៅតាមចំណេះ ជំនាញដល់ប្រទេសជាតិ តាមបែបផែនណា ដែលគាត់អាចមើលឃើញថាជួយបាន គ្មានការគ្របដណ្ដប់ពីអ្នកនយោបាយ ពីគណបក្សនយោបាយ“ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងយើងត្រូវរកវិធីបែបណា ក្នុងវិធីសាស្រ្ត យុទ្ធសាស្រ្តថ្មី ក្នុងការគិតនៃអ្នកជំនាន់ថ្មី ទាំងបក្សកាន់អំណាច ទាំងបក្សក្រៅរដ្ឋាភិបាល ដូចជាបក្សជំនាន់ថ្មី យើងចង់បានការជជែកគ្នា រិះគន់បែបស្ថាបនា ហើយផ្ដល់ជាពហុគំនិតឲ្យគ្នា នៅក្នុងរបបសេរីពហុបក្សមួយ ដែលយើងឈរនៅលើគោលការណ៍តុល្យភាពនៃអំណាច នីតិប្បញ្ញត្តិ អ្នកដែលមិនទាន់បានឈ្នះឆ្នោតទៅដឹកនាំប្រទេស គឺនៅក្នុងសភា ហើយយើងធ្វើរបៀបនយោបាយ បង្ហាញតុល្យភាពឲ្យគ្នា ជាមួយនឹងអ្នកឈ្នះឆ្នោត ទៅកាន់ប្រទេស រវាងបក្សក្រៅរដ្ឋាភិបាល ដែលមានអាសនៈនៅក្នុងសភា ធ្វើកិច្ចការនយោបាយបែបនីតិរដ្ឋ គ្រប់គ្រងនីតិរដ្ឋ ច្បាប់ទម្លាប់ អនុវត្ត មើលអ្វីដែលប្រជាពលរដ្ឋចង់បាន ប្រជាពលរដ្ឋមានវិបត្តិ មានទុក្ខលំបាកបែបណា រកដំណោះស្រាយនៅក្នុងដៃគូនៃបក្សកាន់អំណាច ក៏ដូចជាបក្សក្រៅរដ្ឋាភិបាល ដែលមានអាសនៈហ្នឹង ដើម្បីដោះស្រាយបញ្ហាវិបត្តិប្រជាពលរដ្ឋ វិបត្តិប្រទេសជាតិ ទៅនឹងអ្វីជាការរីកចម្រើន ដែលមិនរាំងស្ទះ ដោយយើងប្រើនូវល្បិចកលនយោបាយទុច្ចរិតណាដែលនាំឲ្យអ្នកនយោបាយក្ដី បញ្ញវន្តក្ដី ដែលគាត់មិនអាចជួយជាតិបាន ដោយសារការគាបសង្កត់ ការទុច្ចរិតក្នុងការបំផ្លាញគ្នា ផ្ទុយអំពីរបបប្រជាធិបតេយ្យ សេរី ការគោរពសិទ្ធិមនុស្សអីហ្នឹង គឺថាយើងបង្ហាញនូវសេរីភាពពេញលេញសម្រាប់មនុស្សជាតិ ដើម្បីយើងធ្វើយ៉ាងណាឲ្យវាមានសុខភាពដឹកនាំប្រទេស សុខភាពនៃការគ្រប់គ្រងរដ្ឋបែបណា ដែលមិនជួបនូវអ្វីដែលប្រទេសជាតិគ្រោះថ្នាក់ ហានិភ័យសម្រាប់ប្រជារាស្រ្ត ដែលគាត់ត្រូវការឲ្យមានជីវភាពរស់នៅល្អប្រសើរ សុខុមាលភាពរបស់គាត់ មានមន្ទីរពេទ្យដែលអាចទុកចិត្តបាន មានសាលារៀនដែលមានគុណភាពក្នុងការបង្កើតនូវធនធានមនុស្ស មានមុខរបរ វិស័យឧស្សាហកម្ម ឬក៏រោងចក្រវាយនភណ្ឌ ឬក៏អាជីវកម្មធំតូចអីហ្នឹង គឺថាគាត់រស់របៀបគាត់ គាត់មានទីផ្សារសេរី ដោយមានទីផ្សារសម្រាប់លក់កសិផល មានរោងចក្រចង្វាក់ផលិតកម្មអី ដើម្បីឲ្យគាត់រស់ឃ្លាតពីភាពក្រីក្រ កាត់បន្ថយភាពក្រីក្រ ឃ្លាតពីបំណុល ហើយមានសុភមង្គលគ្រួសារ ក៏មានសុខដុមរមនាដល់ប្រទេសជាតិផងដែរ ។ ហ្នឹងហើយភាពជាអ្នកដឹកនាំ ការគ្រប់គ្រងរដ្ឋមួយ ដែលឲ្យតម្លៃលើពលរដ្ឋម្ចាស់ឆ្នោត ម្ចាស់ប្រទេស ហើយអ្នកដែលផ្ដល់នូវគុណតម្លៃសម្រាប់ការរីកចម្រើនជាតិ គឺបញ្ញវន្ត និងអ្នកនយោបាយស្អាតស្អំ បញ្ញវន្តដែលមិនស្ថិតរងនៅក្នុងសម្ពាធនយោបាយអីហ្នឹង គឺថាឯករាជ្យទៅ នាំគ្នាយកជាតិជាធំ មានន័យថា ជាតិធំជាងរដ្ឋ ជាងបក្ស ជាងបក្ខពួកអីទាំងអស់ ហើយប្រជាពលរដ្ឋហ្នឹងជាម្ចាស់ប្រទេស អាហ្នឹងហើយដែលខ្ញុំចង់បញ្ជាក់បន្ថែម“ ។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ខាងលើនេះ បានធ្វើឡើងក្រោយពីសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា បើខ្មែរយើងមិនខិតខំរួមគ្នាពង្រឹងខ្លួនឯង គ្មានអ្នកណាផ្សេងគេធ្វើជំនួសយើងទេ។
សម្ដេចហ៊ុន ម៉ាណែត បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់សម្ដេច នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ថា “ប៉ុន្មានឆ្នាំមកនេះ ទោះជាខ្ញុំប្រយុទ្ធ ឬក៏ចរចា គឺតែងតែសម្រេចដោយខ្លួនឯង មានតែខ្លួនឯងធ្វើឱ្យខ្លាំងក្លាទេ ទើបគេព្រមមកជួយយើង»។

សម្ដេចហ៊ុន ម៉ាណែត បានសរសេរបន្ថែម នៅថ្ងៃដដែលថា “៨ឆ្នាំមុន (៦ មីនា ២០១៧) និងថ្ងៃនេះ (១២ មីនា ២០២៥) ខុសគ្នាតែអាយុនិងតួនាទី ប៉ុន្តែកាតព្វកិច្ច និងការចូលរួមក្នុងកិច្ចការពារបូរណភាពទឹកដី ការពង្រឹងប្រៀបការពារជាតិ ការអភិវឌ្ឍប្រទេស រួមទាំងការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែន មិនប្តូរទេ។ បើខ្មែរយើងមិនខិតខំរួមគ្នាពង្រឹងខ្លួនឯង គ្មានអ្នកណាផ្សេង គេធ្វើជំនួសយើងទេ“ ៕ កុលបុត្រ