ភ្នំពេញ ៖ តារាចម្រៀង ខេមរៈ សិរីមន្ដ បានអះអាងថា រយៈពេលជាង ១ឆ្នាំចុងក្រោយនេះ ខ្លួនមានបទចម្រៀងជាប់ចំណាត់ថ្នាក់លេខ១ ដល់ទៅ៥បទ លើ YouTube គឺ«បាញ់ស្នេហ៍», « Call Me Papa», «ឆ្នាំថ្មីសល់អីខ្លះ?», «គេងលើភ្លើង », «សៅអើយនាងសៅ» និងបទ «ឆ្នាំនេះសប្បាយខ្លាំង»។ ប៉ុន្តែលោកអះអាងថា ការបញ្ជាក់បែបនេះ មិនមែនជាការចង់អួតអាងដូចក្រុម MMO នោះទេ តែលោកចង់បង្ហាញពីសមិទ្ធផលរបស់ខ្លួន ឲ្យគេបានដឹង ។

ការរៀបរាប់របស់លោកខេមរៈ សិរីមន្ដ នាពេលនេះ គឺចំពេលដែលមានការលើកឡើងពីអ្នកលេងបណ្ដាញសង្គមមួយចំនួន ដែលមិនពេញចិត្តលោកប៊ុនថៃ ថាពេលនេះបទចម្រៀងរបស់លោក មិនមានគុណភាពដូចកាលនៅច្រៀងសាន់ដេ និងហង្សមាស នោះទេ។ ប៉ុន្ដែសិរីមន្ដ មិនយល់ស្របការលើកឡើងទាំងនោះទេ ទើបលោកលើកជាភ័ស្ដុតាងថា មានដល់ទៅ ៥បទឯណោះ ដែលឈរលើគេ ។

ចំណែកភរិយាលោកខេមរៈ សិរីមន្ដ អ្នកនាងគួយ ផល្លី បានចេញមកលើកទឹកចិត្ត គាំទ្រប្ដីពេញបេះដូង និងចាត់ទុកស្វាមី ជាមនុស្សពូកែ ច្រៀងបានគ្រប់ចង្វាក់។ អ្នកនាងផល្លី សរសើរប្ដីថា «បេះដូងអូន ច្រៀងបានគ្រប់ទម្រង់» ។

ខេមរៈ សិរីមន្ដ នៅឆ្នាំ២០២៥ បានងាកមកច្រៀងបទបែបស្រុកស្រែ និងចង្វាក់កន្ទ្រឹមសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ ធ្វើឲ្យអ្នកជេរប្រមាថ និងព្រមានធ្វើពហិការលើបទចម្រៀងលោកមួយចំនួន បានងាកមកស្ដាប់បទលោកវិញ បើទោះជាពួកគេមិនពេញចិត្តព្រោះតារាវ័យ៤០ឆ្នាំ រូបនេះតែងតែចេញមុខការពារថៅកែ សកម្មជាងច្រៀងរាំក្ដី ។ ដោយឡែកអ្នកធ្វើការនៅផលិតកម្ម Galaxy ម្នាក់ បង្ហើបដោយសុំមិនបញ្ចេញឈ្មោះថា ទោះ ជាសិរីមន្ដ ថាបទខ្លួនជាប់លេខ១ លើ YouTube ដល់ទៅ៥បទ ប៉ុន្ដែថៅកែ នឹងមិនឲ្យលោកល្បីជាង ឬឡើងខ្លាំងជាងព្រាប សុវត្ថិ នោះទេ ។

គេសង្កេតឃើញថា ខេមរៈ សិរីមន្ដ បន្ដចេញច្រៀងតាមកម្មវិធីភាគច្រើន រៀបចំដោយGalaxy ព្រោះតាម ព័តមានថា ខាងក្រុមហ៊ុនផ្សេងៗ មិនហ៊ានជួល ក្រោយតារាចម្រៀងឧកញ៉ារូបនេះ ប្រកាសថា ស៊ីថ្លៃ ១ម៉ឺនដុល្លារ ពីការច្រៀងត្រឹមតែ ៦បទនោះមក ។ យ៉ាងណា តារាកូន៣ ដែលមានភរិយាជាជំនួយការនេះ មិនទាន់ផ្ដល់សិទ្ធិពិសេសឲ្យប្រពន្ធ តាមរយៈការចេញដឹកនាំ MV របស់ប្ដី ដូចអំឡុងពេលដែលលោកច្រៀងនៅហង្សមាស នោះឡើយ ទោះជាប្រពន្ធលោកនៅតែដើរតួនាទីជាជំនួយការ ជួយរៀបចំសម្លៀកបំពាក់ និងធ្វើម៉ូដសក់ឲ្យប្ដី ពេលឡើងឆាកនានា ដូចមុនក៏ដោយ ។

អ្នកជំនាញសិល្បៈ បានលើកឡើងថា ខេមរៈ សិរីមន្ដ មានប្រៀបជាងតារាផ្សេងៗទៀតព្រោះលោកមានអាវុធពិសេសក្នុងអាជីព ពោលគឺមានបងប្រុស លោកខេមរៈ ភារុណ ជាអ្នកនិពន្ធទំនុកច្រៀង ឲ្យខ្លួនច្រៀង ហេតុនេះហើយពេលសិរីមន្ដ ប្រុងឬប្រឈមការធ្លាក់ចុះនោះលោកភារុណ ដែលដឹងពីតិចនិកសំឡេង របស់ប្អូនប្រុសច្បាស់នោះ នឹងចេញអន្ដរាគមន៍ប្អូនជាបន្ទាន់តែម្ដង ។ ប៉ុន្ដែលោកភារុណ បានប្រាប់អ្នកយកព័តមានយើងថា ពេលនេះដោយសារតែឃើញប្អូនៗអ្នកនិពន្ធវ័យក្មេងមានស្នាដៃនិពន្ធល្អមិនធម្មតា ទើបបទរបស់សិរីមន្ដ មិន មែនលោកនិពន្ធឲ្យច្រៀងភាគច្រើនដូចមុនទេ តែលោកនៅតែឆ្លៀតសរសេរឲ្យប្អូនច្រៀង ព្រោះលោកក៏ជាបុគ្គលិក Part Time របស់ Galaxy ដែរ ។

គួរបញ្ជាក់ថា ខេមរៈ សិរីមន្ដ បានជ្រកនៅ Galaxy ជាង២ឆ្នាំហើយ ដែលដៃគូស្រីរបស់លោក ដូចគ្នានឹងព្រាប សុវត្ថិ ដែរ គឺមានតែកញ្ញា តន់ ច័ន្ទសីម៉ា ម្នាក់ប៉ុណ្ណោះ ទើបធ្វើឲ្យលោកថៃ មិនសូវសម្រុកចេញបទច្រៀងឆ្លងឆ្លើយនោះទេ ។ យ៉ាងណា តាមព័តមានថា ថៅកែ Galaxy តែងតែយល់ស្របទៅតាមសិរីមន្ដ ដែលចង់ច្រៀងបទប្រភេទបែបណា ហេតុនេះគេចាំមើលថា សិរីមន្ដ អាចធ្វើឲ្យព្រាប សុវត្ថិ ដែលមានងារឧកញ៉ាដូចគ្នានោះ រង្គោះរង្គើតំណែង ដូចកាលពីឆ្នាំ២០១៥ ដែរទេ ? …៕

