ភ្នំពេញ ៖ អតីតតារាចម្រៀងហង្សមាស និងថោន កញ្ញាឈិត សុវណ្ណបញ្ញា បានបោះបង់ចោលអាជីពចម្រៀង ចាប់យកព្រះធម៌ តាមមាគាព្រះពុទ្ធសាសនា ស្លៀកស ញាំអាហារបួស ធ្វើសមាធិឲ្យស្ងប់ចិត្ត ហើយកាលពីខែកុម្ភៈ នាងបានធ្វើដំណើរធម្មយាត្រាទៅកាន់ដែនដីពុទ្ធភូមិ នៅប្រទេសឥណ្ឌា ទៀតផង។


នៅលើទំព័រហ្វេសបុករបស់សុវណ្ណបញ្ញា គ្មានការផុសបទចម្រៀងថ្មីៗ ឬរំលឹកពីអនុស្សាវរីយ៍ចាស់ដែលនាងធ្លាប់ចេញច្រៀងសម្ដែងតាមបណ្ដារឆាកតន្រ្ដីជាច្រើននោះទេ តែជំនួសមកវិញនូវភាពរូបនាងបូជាផ្កាថ្វាយព្រះ និងអង្គុយសមាធិនៅរៀងរាល់ថ្ងៃសីល ជាដើម ។ សកម្មភាពរបស់សុវណ្ណបញ្ញា នេះគឺផ្ទុយគ្នាទៅនឹងអតីតតារាចម្រៀងមួយដួងទៀតរបស់ហង្សមាស នោះគឺអ្នកនាង សុខ ស្រីនាង ដែលនាងបោះបង់អាជីពចម្រៀងដូចនាងដែរ តែជូនកាល ១ឆ្នាំ បានចេញមុខម្ដង លើបណ្ដាញសង្គម ប៉ុន្ដែនាងមិនបានទៅធ្វើសមាធិ ឬចាប់យកព្រះធម៌ដូចនាងឡើយ ។


សូមរំលឹកថា ឈិត សុវណ្ណបញ្ញា បានផ្អាកឡើងឆាកតន្រ្ដី ជាង៧ឆ្នាំមកហើយ តែនាងនៅតែចេញមុខតាមកម្មវិធីអ្នកសិល្បៈដែលជិតដិតបំផុតដដែល ដូចជាទៅចូលរួមពិធីឡើងផ្ទះពិធីករ យឹម ណារ៉ា និងមង្គលការសុភ័ក្រ កុសុម៉ា ជាដើម ដោយនាងស្លៀកពាក់ធម្មតា មិនមែនស្លៀកសពាក់សដូចក្នុងពេលដែលនាងកំពុងប្រតិបត្តិព្រះពុទ្ធសាសនា ជាដូនជីនោះទេ ។ ប្រភពបានឲ្យដឹងថា សុវណ្ណបញ្ញា កាន់តែចូលជ្រៅទៅនិងផ្លូវព្រះពុទ្ធសាសនា ក្រោយពីលោកយាយជាទីស្រលាញ់របស់នាង បានទទួលមរណភាពកាលពីដើមខែឧសភា ឆ្នាំ២០១៨ ។ នាងគ្មានគម្រោងចេញបទចម្រៀងថ្មីៗ ឬវិលទៅរកឆាកតន្រ្ដី សាជាថ្មីនោះទេ បើទោះជាអ្នកធ្លាប់រួមអាជីពជិតដិតជាមួយនាង បានដាស់តឿនមិនឲ្យបញ្ញា បោះបង់អាជីពចាស់ក្ដី ។


គួរបញ្ជាក់ថា មិនមែនតែឈិត សុវណ្ណបញ្ញា នោះទេ ដែលដើរផ្លូវទៅរកព្រះធម៌ មុននេះតារាចម្រៀងអឿន ស្រីមុំ ក៏បានឈានមួយជំហានមុននាងដែរ នោះគឺតែងតែស្លៀកសពាក់សនៅថ្ងៃសីល ហើយទៅធ្វើសមាធិនៅទីអារាមជាញឹកញាប់ ដើម្បីឲ្យចិត្តបានស្ងប់។ ចំណែកស្រីស្អាត ស៊ីន យូប៊ីន បានបាត់មុខជាច្រើនខែ ក៏ដោយសារតែនាងទៅបួសជាដូនជី នៅវត្តមួយ។ រីឯតារាសម្តែង នៅ សុនិតា ក៏ធ្លាប់បួសជាដូនជី ធ្វើសមាធិនៅទីអារាមមួយផងដែរ ខណៈដែលមាស សុខសោភា ក៏ជឿស៊ប់ទៅលើអប្បិយជំនឿ ពិសេសគឺលោកតាសក់ស ភ្នំត្បែង ខេត្តព្រះវិហារ ដែលបញ្ហាទាំងអស់នេះ គឺដោយសារតែពួកគេចង់ឲ្យអារម្មណ៍បានស្ងប់សុខនោះឯង ។ មជ្ឈដ្ឋានមហាជន សង្កេតឃើញថា ទោះជាឈិត សុវណ្ណបញ្ញា កាន់តែឃ្លាតឆ្ងាយពីឆាកតន្រ្ដី ហើយរកផ្លូវស្វែងរកព្រះធម៌មែន ប៉ុន្ដែនាងរស់នៅក្នុងកម្រិតជីវភាពយ៉ាងល្អប្រសើរមានផ្ទះប្រណីត និងជិះរថយន្ដទំនើបៗ មិនចាញ់តារាកំពុងសកម្មរាំច្រៀងសព្វថ្ងៃឡើយ ។ ប៉ុន្ដែរឿងស្នេហារបស់សុវណ្ណបញ្ញា ស្ងាត់មិនចាញ់សុខ ស្រីនាង នោះទេ បើទោះជានាងមិនធ្លាប់ប្រកាសដូចអឿន ស្រីមុំ ថាមិនយកប្ដីអស់មួយជីវិតក្ដី តែបញ្ញា មិនដែលបណ្ដើរគូស្នេហ៍ជាសាធារណៈម្ដងណាឡើយ ៕



