ភ្នំពេញ ៖ ខណៈដែលតារាស្រីហង្សមាស ពេជ្រ សោភា, សុគន្ធ និសា, ពេជ្រ សូលីកា, រ៉េត ស៊ូហ្សាណា, សុខ ស្រីនាង, យក់ ថិតរដ្ឋា, ទេព បូព្រឹក្ស និងវី ឌីណែត ជាដើម បានចេញពីហង្សមាស អស់នោះ តារាចម្រៀងសិចស៊ី នាងសេន យូរី បែរជានៅបន្ដច្រៀងឲ្យផលិតកម្មធំនេះទៀត ។ យូរី បានចេញចម្រៀងចុងក្រោយនៅហង្សមាស នៅដើមខែមីនា គឺបទ «ទាស្រវឹង» សម្រាប់រាំកម្សាន្ដក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ដែលនេះជាការបញ្ជាក់ថា នាងមិនទៅណាពីផលិតកម្មធំនេះទេ ក្រោយមានការសង្ស័យថា ស្រីស្រស់នេះ អាចនឹងរត់ចោលហង្សមាស ដូចមិត្តរួមក្រុម ។


យូរី នៅតែស្មោះស័គ្រថៅកែហង្សមាស បើទោះជាបទចម្រៀងរបស់នាង ចេញលើទីផ្សារ នៅមានកម្រិតក៏ដោយ តែតាមព័តមានថាថៅកែផលិតកម្ម បានផ្ដល់សិទ្ធិឲ្យនាងធ្វើបទចម្រៀងពីខាងក្រៅ ដោយខ្លួនឯង បន្ថែមពីលើផលិតកម្មទម្លាក់ឲ្យច្រៀង។ ហេតុនេះហើយបានជាស្រីស្រស់ បន្ដរួមរស់ជាមួយទ្រនំទី៣ របស់ខ្លួនបន្ដទៀត ។

អ្នកតាមដានបទចម្រៀងរបស់យូរី «ទាស្រវឹង» បានលើកឡើងថា បទថ្មីរបស់នាង ទាំងចំណងជើងនិងភ្លេង ស្រដៀងគ្នាទៅនឹងបទល្បីរបស់នាង នៅសាន់ដេ កាលពី៧ឆ្នាំមុន «ក្បាច់ទា» ដែលពេលនោះ នាងឡើងកូដខ្លាំង រហូតធ្វើឲ្យតារាចម្រៀងចេញបទញាក់ពិបាកទប់ទល់ ។ តែពេលនេះ យូរី ដែលច្រៀងនៅហង្សមាស ល្បីបទ «រាំតោង» នោះ បានងាកទៅច្រៀងបទស្រដៀងនាងល្បីនៅផលិតកម្មចាស់វិញ ។


សូមបញ្ជាក់ថា យូរី មានទីផ្សារខាងច្រៀងបទញាក់ បែបយុវវ័យ ពោលគឺមិនសូវស៊ីបទស្លូវនោះទេ ហើយចំណុចពិសេសរបស់នាង ដែលធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍នោះ នៅលើការតែងខ្លួនបែបប្លែកៗ រួមទាំងក្បាច់រាំសាហាវ មិនចាញ់នាងទេព បូព្រឹក្ស ឡើយ ។ ប្រភពបានឲ្យដឹងថា យូរី ស៊ីថ្លៃច្រៀង ១កម្មវិធី ក្បែរ ២ពាន់ដុល្លារ ដែលតម្លៃនេះ ឡើង១ទ្វេជា២ បើប្រៀបធៀបនាងច្រៀងនៅផលិតកម្មចាស់ ។ អតីតតារា Rock និងសាន់ដេ រូបនេះ ក៏ធ្លាប់បង្ហើបថា នាងចង់បង្កើនសកម្មភាពសិល្បៈ ឲ្យច្រើនជាងនេះ តាមរយៈការឈានទៅថតភាពយន្ដ ដូចតារាមួយចំនួនទៀតដែរ តែ៥ឆ្នាំ នៅហង្សមាស យូរី នៅតែមិនទាន់ត្រូវបានថៅកែឲ្យតំណែងតួឯកក្នុងភាពយន្ដរឿងមួយណានោះទេ បើទោះជាអ្នកដឹកនាំការប្រគំតន្ត្រី នៅទូរទស្សន៍ហង្សមាស តែងតែរុញនាងឲ្យច្រៀង សឹងគ្រប់ឆាកតន្រ្ដីធំៗក្តី។


មហាជនបានកត់សម្គាល់ថា យូរី មានភាពលេចធ្លោគួរសម នៅហង្សមាស ទាំងទីផ្សារចម្រៀង និងរូបសម្រស់ ប៉ុន្ដែនាងបែរជាមិនសូវកាក់កបរឿងស្នេហាទៅវិញ។ ប្រភពបានឲ្យដឹងថា យូរី បានបរាជ័យស្នេហ៍ ៣លើកមកហើយ ដែលចុងក្រោយ ធ្វើឲ្យនាងខកចិត្តខ្លាំងនោះគឺចែកផ្លូវថៅកែហាងផឹកស៊ី លោក ជា នី ទាំងមិននឹកស្មានដល់ ជាង៣ឆ្នាំមកនេះ ។ យូរី ក៏មិនដែលបង្ហាញមុខគូស្នេហាថ្មី ជាសាធារណៈម្ដងណាទេ ហើយជាញឹកញាប់ នាងបញ្ចេញរូបភាពហាក់ឯកោ អត់គូសង្សារ បើទោះជាគេមិនសូវជឿថា នាងទុកបេះដូងនៅទំនេរក្ដី តែស្រីស្រស់លែងកៀកកើយប្រុសណាជាសាធារណៈទៀតហើយ ដែលបញ្ហានេះ អាចមកពីនាងខ្លាចដើរជាន់ដានចាស់ នាំឲ្យពិបាកប្រឈម រឿងគេថា នាងជោគជ័យតែអាជីពចម្រៀង ប៉ុន្ដែរឿងស្នេហា ស្មើសូន្យ ។ តាមព័តមានថា យូរី ចង់បានស្នេហាថ្មីច្បាស់លាស់ ពោលគឺនាងមិនចង់បរាជ័យស្នេហាជាលើកទី៤ ឡើយ ។ ការសាងស្នេហាថ្មី មិនពិបាកឡើយសម្រាប់ស្រីស្អាតដូចយូរី ព្រោះនាងមានជម្រើសច្រើន ហើយរឿងដែល Fan រង់ចាំមើលនោះ ថាតើនាងនឹងជ្រើសតៃកុងឡានថ្មី ជាប្រុសក្នុងស្រុក ឬអាណិកជនខ្មែរនៅក្រៅប្រទេស ? …៕


