
ភ្នំពេញ ៖ មេបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា ដែលមុននេះ ចង់ឃើញអ្នកនយោបាយប្រើវប្បធម៌សន្ទនា គិតថ្មី ធ្វើថ្មីនោះ បានបន្តលើកឡើងថា បរិបទនយោបាយថ្មីកម្ពុជា គួរងាកពីជម្លោះបែកបាក់ ទៅរកការរួបរួម ផ្សះផ្សានិងឯកភាពជាតិ ដោយកុំធ្វើដូចពស់ថ្លាន់ បើកឆាកប្រយុទ្ធជាមួយនឹងស្តេចពស់វែក ហើយលទ្ធផលគឺស្តេចពស់វែក ងាប់ដោយសារថប់ដង្ហើម ចំណែកពស់ថ្លាន់ ងាប់ដោយសារពិស ។
លោកមាជ សុវណ្ណារ៉ា បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ថា “បរិបទនយោបាយថ្មីកម្ពុជា គួរងាកពីជម្លោះបែកបាក់ ទៅរកការរួបរួម ផ្សះផ្សានិងឯកភាពជាតិ? ពស់ថ្លាន់ បើកឆាកប្រយុទ្ធជាមួយនឹងស្តេចពស់វែក ហើយលទ្ធផលគឺ ស្តេចពស់វែក ស្លាប់ដោយសារថប់ដង្ហើម ចំណែកឯពស់ថ្លាន់ ស្លាប់ដោយសារពិស ។ ការឆ្លុះបញ្ចាំងខាងលើនេះ គឺជាលទ្ធផលនៃការបំផ្លាញគ្នារវាងមនុស្សនិងមនុស្ស «មិត្តភាពបញ្ចប់ទំ នាក់ទំនងកាត់ផ្តាច់ គ្រួសារក៏បានបែកបាក់គ្នា ព្រោះតែម្នាក់ៗចង់ឈ្នះរៀងៗខ្លួន»។ មនុស្សខ្លះ បំផ្លាញគ្នាដោយសារតែភាពអាត្មានិយមរបស់ខ្លួនឯង ចំណែកអ្នកខ្លះវិញ ព្យាយាមនិយាយបង្ខូចបង្កាច់កេរ្តិ៍ឈ្មោះអ្នកដទៃ ឬបោកបញ្ឆោតគ្នា រហូតដល់ចុងក្រោយ ពួកគេចាប់ផ្តើមសងសឹក បំផ្លាញគ្នាទៅវិញទៅមក «សូមរស់ជាមនុស្ស សូមសន្សំសេចក្តីល្អ សេចក្តីស្រឡាញ់ និងភាពស្មោះត្រង់»។
លោកមាជ សុវណ្ណារ៉ា សរសេរបន្តថា “សម្តេចព្រះមហាឃោសានន្ទ ៖ «ទុក្ខវេទនារបស់ប្រជាពលរដ្ឋកម្ពុជា មានទំហំធំធេងណាស់ មើលឃើញទុក្ខវេទនានេះ នាំឲ្យមានមហាករុណា មានមហាករុណា នាំឲ្យមានចិត្តស្ងប់ ចិត្តស្ងប់ នាំឲ្យបុគ្គលសុខសាន្ដ បុគ្គលសុខសាន្ត គ្រួសារសុខសាន្ត គ្រួសារសុខសាន្ត នាំឲ្យសហគមន៍សុខសាន្ត សហគមន៍សុខសាន្ត នាំឲ្យជាតិសុខសាន្ត នាំឲ្យពិភពលោកសុខសាន្ត» ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ថា ការដែលលោកថា កុំធ្វើដូចពស់ថ្លាន់ បើកឆាកប្រយុទ្ធជាមួយនឹងស្តេចពស់វែក ហើយលទ្ធផល គឺស្តេចពស់វែក ស្លាប់ដោយសារថប់ដង្ហើម ចំណែកពស់ថ្លាន់ ស្លាប់ដោយសារពិសនោះ គឺលោកចង់បៀបធៀបពីបញ្ហានយោបាយថា ប្រទេសជាតិមួយ កាលណាបើយើងបែកបាក់ផ្ទៃក្នុងជាតិ បាត់សេចក្ដីអាណិតស្រលាញ់ ផ្ដល់មេត្តាករុណា សន្ដោសអធ្យាស្រ័យ អភ័យទានឲ្យគ្នា ក្នុងនាមជាឈាមជ័រខ្មែរអង្គរតែមួយនោះ នឹងដូចបទពិសោធន៍អតីតកាលប្រវត្តិសាស្រ្តក្រោយសម័យអង្គរ ខ្មែរ ត្រូវបាត់បង់ទឹកដីអស់ជាច្រើន ទៅប្រទេសជិតខាង ។ ដូច្នេះអ្វីសំខាន់ ត្រូវបើកឱកាសឲ្យអ្នកនយោបាយវ័យក្មេង មានឱកាសចូលរួមស្មើមុខស្មើមាត់គ្នា មិនមែនបន្តវេន បន្តពូជតែកូនអ្នកមានអំណាច មានទ្រព្យសម្បត្តិនោះទេ គឺកូនអ្នកក្រ ដែលខិតខំរៀនសូត្រ ក៏ត្រូវមានឱកាសក្នុងការចូលរួមចំណែកកសាង ជួយប្រទេសជាតិរបស់ខ្លួនដែរ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “បាទ! ជាការជាក់ស្ដែង អត្ថប្បដិរូប ដូចដែលខ្ញុំបានបញ្ជាក់រវាងការប្រយុទ្ធគ្នាទៅនឹងពស់ថ្លាន់ ជាមួយនឹងពស់វែក តើទីបំផុត ពួកគេទទួលនូវឧប្បត្តិហេតុនៃការអន្តរាយដល់អាយុជីវិតរៀងៗខ្លួន? មួយបាក់ឆ្អឹងស្លាប់ មួយទទួលនូវពិសនៃពស់វែក ហើយពស់ថ្លាន់ រឹតពស់វែកនាគរាជហ្នឹង ឲ្យបាត់បង់ជីវិត ។ អ៊ីចឹងបើយើងបៀបធៀបពីបញ្ហានយោបាយ ប្រទេសជាតិមួយ កាលណាបើយើងបែកបាក់ផ្ទៃក្នុងជាតិ គឺថា យើងអត់មានអ្វីដែលធ្វើឲ្យមានស្ថិរភាព ជាពិសេសក្ដីស្រលាញ់ ក្ដីអាណិត មេត្តាករុណាឲ្យគ្នា ការសន្ដោស ការអធ្យាស្រ័យ អភ័យទាន ដើម្បីជាភាពខ្លាំង ដើម្បីជាសុភមង្គលនៃឈាមជ័រខ្មែរអង្គរតែមួយហ្នឹង គឺថាយើងមានបទពិសោធន៍ពីអតីតកាល ក្រោយពី ៨០០ឆ្នាំជាងមក តើអាណាចក្រមហានគរហ្នឹង ត្រូវខ្ទេចខ្ទាំ អស់ប្រទេសបន្តិចទៅៗ រហូតទៅដល់យើងភ្លាត់អស់នូវទឹកដី ២០ខេត្តជាង នៅកម្ពុជាក្រោម យើងអស់ទឹកដីជិត ២០ខេត្តទៅទៀត នៅប្រទេសថៃ ហើយមកដល់ឥឡូវ គឺការធ្វើនយោបាយយើង បើទោះបី ៥ជំនាន់មក ក្រោយពីអាណានិគមបារាំង មកគឺថាយើងឃើញតែមួយជំនាន់ទៅមួយជំនាន់ សង្រ្គាម ចម្បាំងរាំងជល់ នៃទំនាស់និន្នាការខ្មែរយើង ហើយមានបរទេសលូកនៅពីក្រោយ នៃភូមិសាស្រ្តនយោបាយទៅទៀត។ បន្តបន្ទាប់មក យើងឃើញថា អ្នកនយោបាយខ្មែរ ពីមួយជំនាន់ ទៅមួយជំនាន់ហ្នឹង តែងតែចោទប្រកាន់គ្នា អានេះក្បត់ជាតិ អានោះក្បត់ជាតិ ។ ដល់អ៊ីចឹងទៅ យើងឃើញថា សមានចិត្តនៃក្ដីស្រលាញ់របស់ឈាមជ័រជាខ្មែរ ការផ្ដុំពហុគំនិតហ្នឹង មិនបានឲ្យគុណតម្លៃគ្នា ក្រៅតែពីបង្ហាញក្រុមអញខ្លាំង ក្រុមឯងខ្សោយ ក្រុមឯងមិនដល់អញទេ អញកាន់អំណាច អញធ្វើអីតាមអំពើចិត្ត“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងអ្នកឈ្នះ ជាស្ដេច អ្នកចាញ់ មិនថាផ្លូវទុច្ចរិត ផ្លូវសុចរិត ប៉ុន្តែអ្នកចាញ់ ទៅជាចោរ អ្នកឈ្នះ ទៅជាស្ដេច អាហ្នឹងវាមិនមែនជាការទទួលយកបាននូវអ្វីដែលយើងបែកបាក់ផ្ទៃក្នុងជាតិ ។ អ៊ីចឹងហើយ យើងឃើញថា មកដល់ព្រះរាជាណាចក្រកម្ពុជាទី២ ទៅទៀត ក្រោយពីសម័យអ៊ុនតាក់ ឆ្នាំ១៩៩៣ យើងបោះឆ្នោតរៀបចំឲ្យមានសេរីពុហបក្ស ប្រទេសព្រះរាជាណចក្រឡើងវិញ មានស្ដេចផែនដីគ្រប់គ្រងអាណាចក្រកម្ពុជាទី២ យើងឃើញថា នៅតែមានអាគំនុំគុំកួនផ្នែកនយោបាយ ចង់ឈ្នះចាញ់គ្នា ដោយការផ្ដួល ផ្ដួលនៃការបំផ្លាញ ផ្ដួលនៃការបាត់ដៃគូ មិនមែនជាការប្រកួតប្រជែងឲ្យមានដៃគូ ហើយបំពេញឲ្យគ្នានូវទស្សនទាន នូវបេសកកម្មនយោបាយ នូវអ្វីជាការបង្កើតនូវគោលនយោបាយ នូវចំណេះដឹង បញ្ញាញាណគូសឲ្យគ្នា ហើយធ្វើកិច្ចការជាតិ កសាងជាតិជាមួយគ្នា ដោយតម្កល់អ្វីជាផលប្រយោជន៍ជាតិ អ្វីជាសេចក្ដីសុខរបស់ប្រជាជាតិ ប្រជារាស្រ្ត ។ អ៊ីចឹងហើយខ្ញុំមើលឃើញថា មកដល់ពេលនេះ រហូតដល់ពីមួយជំនាន់នៃអាណត្តិអតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយឥឡូវដល់អាណត្តិដែលជាកូនរបស់អតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្លាយជានាយករដ្ឋមន្រ្តី នៃបក្សកាន់អំណាច កូនរបស់លោកហ៊ុន សែន គឺហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្រ្តី ។ អ៊ីចឹងហើយ យើងឃើញថា មកដល់ពេលនេះ អ្នកដែលធ្វើនយោបាយហ្នឹង ជួបនូវអ្វី? ជួបនូវការឈឺចាប់ ជួបនូវភាពអយុត្តិធម៌ រងគ្រោះ គ្រាន់តែការបញ្ចេញមតិ និយាយស្ដី ត្រូវបានគេចាប់ដាក់គុក ត្រូវបានគេគិតថា អាហ្នឹងជាបទឧក្រិដ្ឋ ញុះញង់ បង្កអស្ថិរភាព វឹកវរដល់ប្រទេសជាតិ ។ អ៊ីចឹងយើងឃើញថា នៅតែមានការគុំកួនគ្នា ជាពិសេសអ្នកនយោបាយជំនាន់ឪនោះ គឺថាមានស៊ី អត់សែន មានសែន អត់ស៊ី មានឯង អត់អញ មានអញ អត់ឯង សុទ្ធតែពួកក្បត់ជាតិ ក្បត់អី តើអ្នកជំនាន់ថ្មី ជំនាន់ក្រោយនេះ អ្នកនយោបាយវ័យក្មេង នៃបក្សក្រៅរដ្ឋាភិបាល ដែលជាជំនាន់សករាជថ្មី យុគសម័យនៃបច្ចេកវិទ្យា ក៏ដូចជាឌីជីថល តើគាត់រំពឹងសង្ឃឹមទៅរកបន្ទាត់នយោបាយល្អប្រសើរបែបណា? ហើយវាមានតែការហិនហោច មានតែបរទេសគេមើលងាយ គេជាន់ឈ្លី នៅពេលដែលយើងបែកបាក់ គឺខ្មែរ មិនអាចមានគំនិត ការបង្កើត កែច្នៃរីកចម្រើនណា ទៅតាមបញ្ញាខ្មែរដែលខ្លាំងពូកែសម័យអង្គរនោះ ខំកសាងអង្គរ ប្រើដីខ្សាច់រាប់លានតោនបែបណា ហើយអត់មានចាក់គ្រឹះស៊ីម៉ងត៍អីទេ គឺថាយើងធ្វើនូវគំនិតកែច្នៃឲ្យពិភពលោកទទួលស្គាល់តម្លៃនៃខ្មែរអង្គរ ហើយមកដល់ឥឡូវ តើយើងមានតម្លៃ មានមរតកអីដែលទុកសម្រាប់កូនចៅជំនាន់ក្រោយ ដូចដែលដូនតា វីរបុរសយើងបានទុកមកឲ្យយើងសម្រាប់ជាខឿនសេដ្ឋកិច្ច សម្រាប់ជាការឲ្យកិត្តិយស និងសេចក្ដីថ្លៃថ្នូរ កិត្យានុភាពនៅលើឆាកអន្តរជាតិ?“ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “អ៊ីចឹងអានេះជាបញ្ហាលទ្ធផលនៃការបែកបាក់ ការដែលមិនរួបរួម ការដែលមិនយកគំនិតផ្ដល់ឲ្យគ្នា ក្រៅតែពីក្រុមអញ ឯងមិនចេះដល់ក្រុមអញ មិនមានអំណាចដល់ក្រុមអញ បក្សនយោបាយឯង វានៅស្ទើរភ្លើង បក្សនយោបាយតូចតាច អាហ្នឹងហើយ ដែលយើងហែកចែកគ្នា មិនយកគំនិតរួម គំនិតនៃការបំពេញឲ្យគ្នា គំនិតមិនមែនជាសត្រូវស៊ីសាច់ហុតឈាម គំនិតដែលយកបញ្ហា យកចំណេះ យកគោលនយោបាយ យកកម្មវិធីនយោបាយ យកគំនិតណាដែលល្អៗឲ្យប្រទេសជាតិរីកចម្រើន ឲ្យមនុស្សមានការធ្វើបដិវត្តន៍ផ្នត់គំនិតសម្រាប់ឲ្យអ្នកជំនាន់ក្រោយ អ្នកនយោបាយវ័យក្មេងហ្នឹង គាត់មានឱកាសចូលរួមស្មើមុខស្មើមាត់គ្នា គឺថាមិនមែនបន្តវេន បន្តពូជតែកូនអ្នកមាន កូនអ្នកមានអំណាច មានលុយ ទ្រព្យសម្បត្តិស្អេកស្កះ ដែលមានការប្រកួតប្រជែងបានទេ គឺថាត្រូវតែមានកូនអ្នកក្រ កូនអ្នកអត់ គាត់រៀនសូត្រ គាត់មានឱកាសក្នុងការចូលរួមចំណែកកសាង ជួយប្រទេសជាតិគាត់ ធ្វើជាអ្នកនយោបាយ ធ្វើជាអ្នកសិក្សាស្រាវជ្រាវ អ្នកវិភាគ អង្គការសង្គមស៊ីវិល ឬក៏ជាផ្នែកណាដែលជាគំនិតកែច្នៃរីកចម្រើននោះ ។ អានោះដែលជាបញ្ហាយើងចង់ឃើញស្មើភាពគ្នា ស្មើមុខស្មើមាត់គ្នា ដែលធានាការពារដោយរដ្ឋធម្មនុញ្ញ ។ រដ្ឋធម្មនុញ្ញ គឺថាបញ្ហាសេរីភាពនៃការបញ្ចេញមតិ សិទ្ធិធ្វើនយោបាយដោយពេញលេញ គ្មានការគាបសង្កត់ គំរាមកំហែង បំភិតបំភ័យ សិទ្ធិមិនអត់ឃ្លាន សិទ្ធិមានជំនឿសាសនា សិទ្ធិចូលរួមប្រពៃណី សេដ្ឋកិច្ច អង្គការសង្គមស៊ីវិល អីជាដើមហ្នឹង ។ អាហ្នឹងហើយ ដែលយើងចង់ឃើញថា ការដែលធ្វើឲ្យមានបញ្ហាដែលខ្មែរ មើលមុខគ្នាមិនត្រូវ ដូចយើងចាប់មាន់ជល់ហ្នឹងយកមកលាបធ្យូងបងប្អូនឯង បែរជាយើងជល់ដាក់គ្នា រហូតដល់អន្តរាយរៀងខ្លួននៃជីវិត អន្តរាយនូវអ្វីដែលជាសម្បត្តិធម្មជាតិ ភោគទ្រព្យ ត្រូវធ្លាក់ទៅលើដៃអ្នកបក្សកាន់អំណាចណាដែលធ្វើផ្ដេសផ្ដាសផ្ទុយអំពីច្បាប់ប្រទេស ប្រព្រឹត្តអំពើពុករលួយ ភាពអយុត្តិធម៌សង្គមអីទាំងអស់ហ្នឹងហើយ គឺជាការបែកបាក់ជាតិ ដែលគ្មានការបង្រួបបង្រួមគ្នាទៅបានហ្នឹង“ ៕ កុលបុត្រ