Thursday, March 20, 2025
Homeព័ត៌មានជាតិករណីកោះគុត ប្រាសាទតាមាន់ សម្តេចហ៊ុន សែន ថាមិនដែលភ្លេចការពារទឹកដីទេ

ករណីកោះគុត ប្រាសាទតាមាន់ សម្តេចហ៊ុន សែន ថាមិនដែលភ្លេចការពារទឹកដីទេ

ភ្នំពេញ ៖ ទាក់ទងនឹងករណីកោះគុត និងប្រាសាទ៣ គឺប្រាសាទតាមាន់តូច (តាមន្តតូច) ប្រសាទតាមាន់ធំ (តាមន្តធំ) និងប្រាសាទតាក្របី ដែលក្រុមប្រឆាំងនៅក្រៅប្រទេស ដឹកនាំដោយលោកសម រង្ស៊ី បានធ្វើបាតុកម្មជំរុញទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា ប្ដឹងភាគីថៃ ទៅតុលាការអន្តរជាតិ ដើម្បីការពារកុំឲ្យបាត់បង់ទឹកដីទៅប្រទេសជិតខាងនោះ សម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាកចក្រកម្ពុជា បានបញ្ជាក់ថា «យើងមិនដែលភ្លេចពីការពារទឹកដីទេ» ។

សម្ដេចហ៊ុន សែន បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់សម្ដេច នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ថា “កន្លងមកមានការបញ្ចេញរូបថតខ្ញុំពីអ្នកថតរូបបរទេស ជាច្រើនសន្លឹក ដែលខ្ញុំមិនច្បាស់ថា ថតនៅទីណានិងឆ្នាំណា? ល្ងាចនេះ ទទួលបានរូបថតមួយសន្លឹកថែមទៀត ដែលខ្ញុំចាប់អារម្មណ៍លើទឹកមុខរបស់ខ្ញុំ ហាក់ដូចកំពុងគិតលើរឿងអ្វីមួយដែលមានចរិតស៊ីជម្រៅ។ ប្រសិនអ្នកស្រាវជ្រាវដែលបានបង្ហោះរូបថតនេះ អាចឲ្យខ្ញុំដឹងពីទីកន្លែងថត និងឆ្នាំដែលថត ខ្ញុំនឹងអាចស្រាវជ្រាវបានថា តើពេលនោះយើងកំពុងគិតពីអ្វី? រូបថតចាស់ៗរបស់ខ្ញុំ សក់ក្បាលសុទ្ធតែធម្មជាតិ ដែលមិនប្រើថ្នាំជំនួយធ្វើឲ្យសក់រឹងនោះឡើយ“ ។

ក្រោយបានឃើញសំណេររបស់សម្ដេចហ៊ុន សែន ដូចខាងលើនេះ មានគណនីហ្វេសប៊ុកមួយ ឈ្មោះ “Heng Sokunthea” បានចូលទៅសរសេរខម្មិន (comment) ថា “សម្តេចពុក កុំភ្លេចកោះគុត និងប្រាសាទតាមន្ត ដែលសៀមប្រុងលេបផង“ ។

ជាការឆ្លើយតបទៅនឹងម្ចាស់គណនីហ្វេសប៊ុក ខាងលើនេះ សម្ដេចហ៊ុន សែន បានសរសេរថា “យើងមិនដែលភ្លេចពីការពារទឹកដីទេ“ ។

គួរបញ្ជាក់ថា ការលើកឡើងរបស់សម្ដេចហ៊ុន សែន ខាងលើនេះ បានធ្វើឡើងស្របពេលដែលគណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន៍ នៃអតីតគណបក្សសង្រ្គោះជាតិ ដឹកនាំដោយលោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប និងចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ដឹកនាំដោយលោកស្រី មួរ សុខហួរ អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប និងជាអតីតអនុប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសរៀបចំធ្វើសមាជពលរដ្ឋខ្មែរ-កាណាដា ស្តីពីកោះគុត នៅទីក្រុងម៉ុងត្រេអាល់ ខេត្តកេប៊ិច ប្រទេសកាណាដា នៅថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ។

នៅក្នុងសមាជនេះ ក្រុមប្រឆាំងនៅក្រៅប្រទេស ទាមទារដូចនៅក្នុងបាតុកម្មមុនៗដែរ ឲ្យសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែបញ្ជាក់ថា មួយផ្នែកនៃកោះគុត ជារបស់កម្ពុជា។ រដ្ឋាភិបាល ត្រូវតែប្តឹងករណីកោះគុត ទៅតុលាការអន្តរជាតិ។ ជាពិសេសនៅតែប្រើពាក្យអំពាវនាវថា “សូមបងប្អូនចូលរួមការពារកោះគុត ឲ្យបានច្រើនកុះករ ដើម្បីការពារកោះគុត កោះខ្មែរ!“ ។

លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប និងជាប្រធានគណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន៍ នៃអតីតគណបក្សសង្រ្គោះជាតិ កំពុងរស់និទេសនៅសហរដ្ឋអាមេរិក ដែលនឹងចូលរួមនៅក្នុងសមាជនេះ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ថា គោលបំណងនៃសមាជនេះ គឺចង់ឲ្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា មួយផ្នែកនៃកោះគុត គឺជាកម្មសិទ្ធិរបស់កម្ពុជា ហើយរដ្ឋាភិបាល ត្រូវប្ដឹងករណីកោះគុត ទៅតុលាការអន្តរជាតិ ។ ជាមួយនេះ អតីតតំណាងរាស្រ្តបក្សប្រឆាំងរូបនេះ ចាត់ទុកការលើកឡើងរបស់សម្ដេចហ៊ុន សែន ដែលថា «យើងមិនដែលភ្លេចពីការពារទឹកដីទេ» នោះ គ្រាន់តែនិយាយឲ្យរួចតែពីមាត់តែប៉ុណ្ណោះ ឯការពិត លោកថា មិនបានបញ្ជាក់ពីការទទួលខុសត្រូវចំពោះជាតិ ក្នុងនាមគណបក្សកាន់អំណាចនោះទេ ព្រោះមិនហ៊ានប្ដឹងករណីកោះគុត ប្រាសាទតាមាន់ ទៅតុលាការអន្តរជាតិ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! សមាជនៅកាណាដា ស្ដីពីកោះគុត ហ្នឹងគឺយើងឲ្យប្រជាពលរដ្ឋយើងនៅកាណាដា បញ្ចេញមតិយោបល់ជុំវិញបញ្ហាកោះគុត តើគាត់មានមតិយោបល់យ៉ាងណា? ដើម្បីយើងដាក់ជូនទៅរដ្ឋាភិបាល នៅពេលយើងធ្វើសមាជ និងបាតុកម្មគ្រប់ទីកន្លែងហើយហ្នឹង ។ ដូច្នេះគោលបំណងរបស់យើង គឺចង់ឲ្យរដ្ឋាភិបាលរបស់យើង បញ្ជាក់ថា មួយផ្នែកនៃកោះគុត គឺជាកម្មសិទ្ធិរបស់កម្ពុជា ហើយរដ្ឋាភិបាល ត្រូវប្ដឹងករណីកោះគុត ទៅតុលាការអន្តរជាតិ ។ អាហ្នឹងជាគោលបំណងដែលយើងចង់បាន ហើយអ្វីដែលលោកហ៊ុន សែន ថាមិនដែលភ្លេចពីការការពារទឹកដីហ្នឹង គាត់និយាយឲ្យរួចតែពីមាត់តែប៉ុណ្ណោះឯង ប៉ុន្តែជាក់ស្ដែងគឺគាត់មិនបានការពារទឹកដីនោះទេ គាត់កាត់ទឹកដីឲ្យបរទេសជិតខាង ដើម្បីឲ្យបរទេសជិតខាងហ្នឹង ជួយការពារអំណាចត្រកូលហ៊ុន តពូជ ។ ដូច្នេះយើងឃើញថា អ្វីដែលគាត់និយាយហ្នឹង គឺមិនបញ្ជាក់ពីការទទួលខុសត្រូវចំពោះជាតិ ក្នុងនាមគណបក្សកាន់អំណាចនោះទេ ។ ដូច្នេះអ្វីដែលគាត់និយាយហ្នឹង មិនបានការពារទឹកដីនោះទេ គាត់ចង់កាត់កោះគុត ប្រាសាទតាមាន់តូច ទៅឲ្យថៃ ហ្នឹង ដើម្បីឲ្យថៃ ជួយការពារអំណាចរបស់គាត់ តាមរយៈការបង្រ្កាបសកម្មជនបក្សប្រឆាំងនៅថៃ ចាប់ពួកគេមកដាក់គុកនៅស្រុកខ្មែរ ហើយនិងមួយទៀត ឲ្យថៃ ជួយលាក់បាំងឃាតកម្មទៅលើលោកលិម គិមយ៉ា អីជាដើម ។ អាហ្នឹងយើងឃើញជាក់ស្ដែងអ៊ីចឹងឯង ដើម្បីតែអំណាចរបស់ខ្លួនហ្នឹង គឺសុខចិត្តកាត់ទឹកដីឲ្យបរទេសជិតខាង ហើយខ្ញុំយល់ថា បើចរចាទ្វេភាគីទៀត មិនបានលទ្ធផលនោះទេ នឹងបាត់កោះគុត ដែលជាកម្មសិទ្ធិរបស់យើង ប្រាសាទតាមាន់តូច នឹងបាត់ផងដែរ ហើយនឹងប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី អាចបាត់ពាក់កណ្ដាល ឬបាត់ទាំងស្រុង ។ ដូច្នេះជម្រើសមានតែប្ដឹងករណីកោះគុត ប្រាសាទតាមាន់តូច តាមាន់ធំ ហើយនិងប្រាសាទតាក្របី ទៅតុលាការអន្តរជាតិទេ ទើបយើងបានប្រាសាទទាំង៣ មកវិញ ហើយយ៉ាងហោចជាងពាក់កណ្ដាលនៃកោះគុត មកវិញផងដែរ“ ។

ទោះបីជាយ៉ាងណា ពាក់ព័ន្ធនឹងការលើកឡើងរបស់លោកអ៊ុំ សំអាន ក្នុងន័យវាយប្រហារ ចោទប្រកាន់មកលើសម្ដេចហ៊ុន សែន ខាងលើនេះ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រតិកម្ម ដោយប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ថា ពាក្យសម្ដេចហ៊ុន សែន ថា “យើងមិនដែលភ្លេចពីការពារទឹកដីទេ“ គឺជាពាក្យមានន័យទូលំទូលាយ ហើយបញ្ជាក់ច្បាស់អំពីតួនាទីរបស់គណបក្សកាន់អំណាច និងរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត ។ រីឯគណបក្សនយោបាយដទៃទៀត (អតីតគណបក្សប្រឆាំង) មិនមានតួនាទីដើម្បីនិយាយអំពីរឿងព្រំដែន រឿងឯករាជ្យ និងអំពីរឿងបូរណភាពទឹកដីនោះទេ ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “ទោះជាអ្នកក្រៅ អ្នករត់ចោលស្រុក ព្រួយបារម្ភយ៉ាងណាក៏ដោយ ក៏វាអត់ប្រយោជន៍ដែរ ពីព្រោះតួនាទី ភារកិច្ចការពារឯករាជ្យអធិបតេយ្យ បូរណភាពទឹកដី ក៏ដូចជាការពារសេចក្ដីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ គឺជាតួនាទីរបស់រាជរដ្ឋាភិបាល ដែលកើតឡើងពីឆន្ទៈរបស់ប្រជាជន តាមរយៈការបោះឆ្នោតហ្នឹងឯង ហើយពួកវាទោះបីល្បីថា មានមតិយ៉ាងណា ក៏មិនមែនជាតួនាទីរបស់ពួកវាដែរ ។ និយាយទៅ ពាក្យសម្ដេចតេជោ ហ៊ុន សែន ថា “យើងមិនដែលភ្លេចពីការពារទឹកដីទេ“ មានន័យទូលំទូលាយ ហើយបញ្ជាក់ច្បាស់អំពីតួនាទីរបស់គណបក្សកាន់អំណាច ហើយនិងរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត ហើយគណបក្សនយោបាយដទៃទៀត អាហ្នឹងមានតួនាទីអី ដើម្បីនិយាយអំពីរឿងព្រំដែន និយាយអំពីរឿងឯករាជ្យ និយាយអំពីរឿងបូរណភាពទឹកដី? អាហ្នឹងវាមានតែរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតទេ ដែលជាតំណាងស្របច្បាប់របស់ប្រជាជនទូទាំងប្រទេស នៅក្នុងការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ។ ប្រទេសដែលមានវិវាទកម្មជាមួយគ្នា បញ្ហាព្រំដែននេះ គឺគេមិនដែលយកគណបក្សនយោបាយក្រៅរដ្ឋាភិបាល យកមកដោះស្រាយទេ គេមានតែចរចារវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលតែប៉ុណ្ណោះ“ ។

ដោយឡែក ថ្លែងនៅក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ លើកទី២ នៃសមាគមឧកញ៉ាកម្ពុជា បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការឆ្នាំ២០២៥ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បើមានការរំលោភដោយវិធីសាស្រ្តកម្លាំងប្រដាប់អាវុធ កម្ពុជា ត្រៀមគ្រប់មធ្យោបាយការពារបូរណភាពទឹកដី ។ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា មិនចង់ឲ្យមានសង្រ្គាមផ្ទុះឡើងទេ ព្រោះសង្រ្គាម ធ្វើឲ្យប៉ះពាល់ច្រើន ទើបប្រទេសនៅលើពិភពលោក ចង់បានសន្តិភាព ។

សម្ដេចហ៊ុន ម៉ាណែត បានមានប្រសាសន៍នៅពេលនោះថា “រឿងនេះ ខ្ញុំកំពុងតែឃើញអ្នកមួយចំនួនដែលស្នេហាជាតិ ស្រែកពីក្រៅប្រទេសទៀតហើយ។ ម៉េចក៏មិនស្អីៗអ៊ីចឹងទៅ។ ខ្ញុំសូមបញ្ជាក់ថា រឿងការពារជាតិ ការពារទឹកដី ជារឿងដែលយើងត្រូវមានកង្វល់ទាំងអស់គ្នា។ រាជរដ្ឋាភិបាល មិនបានមិនអើពើនោះទេ។ នៅឆ្នាំ២០០៨-២០១១ យើងមិនមាត់មិនកទេ តែពេលគេចូលរំលោភយើង ដោយកម្លាំងប្រដាប់អាវុធ យើងក៏នឹងឆ្លើយតបដោយកម្លាំងប្រដាប់អាវុធដែរ។ ខ្ញុំបានប្រកាសថ្ងៃមុនរួចហើយ រាជរដ្ឋាភិបាលកម្ពុជា មិនចាំបាច់ឆ្ការដៃឆ្ការជើងទេ។ ពីថ្ងៃ៨-៩ មីនា នេះ មានអ្នកជ្រុលនិយមថៃ ស្រែកថា ប្រាសាទតាមាន់ធំ ជារបស់គេ ហើយបម្រុងលើកគ្នាមកស្រែកច្រៀងនៅលើនោះ។ យើងចាំបាច់ទៅស្រែកអី … ហ្នឹងជារឿងនយោបាយផ្ទៃក្នុងគេ។ ឥឡូវគេស្រែក គេរត់មកដល់ព្រំដែន។ ទាហានថៃ ទប់។ គេបង្កើតរឿងរបស់់គេ។ ឆ្នាំ២០០៨ កម្ពុជា មិនមានហេកហកទេ ប៉ុន្តែបើអ្នកឯងចូលរំលោភ ប្រើវិធីសាស្រ្តកងកម្លាំងប្រដាប់អាវុធ យើងត្រៀមលក្ខណៈការពារគ្រប់មធ្យោបាយ ដើម្បីការពារបូរណភាពទឹកដី រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធម្ដងទៀត។ មិនខ្លាចទេ ខ្ញុំសូមបញ្ជាក់។ តែរដ្ឋាភិបាល មិនចង់ឲ្យមានសង្រ្គាមផ្ទុះឡើងទេ…” ។

សម្ដេចនាយករដ្ឋមន្រ្តី បន្តថា “ខ្ញុំសូមបញ្ជាក់ និងបញ្ជូនសារ ដោយសារយើងមិនមាត់ គេថាយើងក្បត់ជាតិ យើងកាត់ទឹកដី ទើបមិនហ៊ានមាត់។ មានវិធីសាស្រ្តក្នុងការដោះស្រាយខុសគ្នា។ ស្រឡាញ់ជាតិដូចគ្នា ស្រឡាញ់ទឹកដីដូចគ្នា ការពារជាតិ ការពារទឹកដីដូចគ្នា ហើយរាជរដ្ឋាភិបាល មានវិធីសាស្រ្តរបស់ខ្លួនក្នុងការធ្វើការ…។ បងប្អូនដែលនៅក្រៅ ស្រែកថាខ្លាចបាត់ទឹកដី ចង់ឲ្យរដ្ឋាភិបាល ស្រែកមួយម៉ាត់មកថា កន្លែងនេះ/នោះ ជារបស់យើង។ ឥឡូវខ្ញុំសួរ តើនាយករដ្ឋមន្រ្តីខ្មែរ ចាំបាច់ត្រូវឆ្លើយតបទៅក្រុមអាវលឿងថៃ ប៉ុន្មាននាក់ ដែលមកនោះទេ?… រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់ការដោះស្រាយដោយសន្តិវិធី ប្រើមូលដ្ឋានច្បាប់អន្តរជាតិ ការចរចា និងការទូត តែក៏ត្រៀមលក្ខណៈគ្រប់ពេល បើសិនមានការឈ្លានពានដោយកម្លាំងប្រដាប់អាវុធ។… ចំពោះអ្នកដែលស្រែកថា យើងអន់ យើងមិនហ៊ានតទ័ព ឃើញទាហានថៃ ចូលមក មិនហ៊ាន អ្នកនៅក្រៅប្រទេស ជាពិសេសអ្នកនយោបាយមួយចំនួននោះ កាលពី២០០៨ ពេលដែលយើងវាយគ្នា (ជាមួយថៃ) ខ្ញុំឆែកមើលអស់លោកទាំងនោះ អត់មានចេញមកគាំទ្រទេ។ មានតែអ្នកខ្លះចេញមកប្រាប់ (ប្រជាពលរដ្ឋ) ថារដ្ឋាភិបាល វាយគ្នាលេងល្ខោនទេ មិនបាច់ជួយទេ។ ឥឡូវក្រែងថាអត់បានធ្វើអ្នកសេ្នហាជាតិ ពេលនោះស្ដាយ ចូលមក! ខ្ញុំធានាអត់មានការចាប់ទេ។ ខ្ញុំរៀបមួយកងអនុសេនាតូចឲ្យ។ ខ្ញុំឲ្យក្របខ័ណ្ឌកងទ័ពទៅ។ ចង់បំពាក់អាវុធ ចង់បានអីក៏បានដែរ។ ខ្ញុំរុញទៅមុខ ទៅតាមាន់ធំ (ឈរជើង) ៦ខែ នៅហ្នុង។ ទៅឈរជើងនៅហ្នុង បានដឹងអារម្មណ៍របស់កងទ័ពយ៉ាងម៉េច? សួរថា ពួកគាត់មិនមែនស្នេហាជាតិទេអី? ហេតុអីបានជាកងទ័ពនៅទៅនោះ មិនចាំបាច់ចង់ប្រយុទ្ធគ្នាម្ដងទៀត? មិនមែនយើងខ្លាចទេ ប៉ុន្ដែយើងមើលថា ការវាយគ្នា មិនមែនជាឱកាសនៃការដោះស្រាយរឿងព្រំដែនទេ ប៉ុន្ដែវាធ្វើឲ្យភាពតានតឹងកាន់តែលំបាក។ អ៊ីចឹងហើយបានជាគេឲ្យឈប់វាយគ្នា ហើយចរចាបច្ចេកទេសទៅ។ គ្មានប្រទេសណាមួយដែលកំពុងវាយគ្នា ហើយរកវិធីដោះស្រាយចេញទេ…”៕ កុលបុត្រ

RELATED ARTICLES