Thursday, March 20, 2025
Homeតារាខ្មែរពឹង ពុទ្ធិស័ក្តិៈសារភាពស្នេហ៍អ៊ីងអ៊ីង

ពឹង ពុទ្ធិស័ក្តិៈសារភាពស្នេហ៍អ៊ីងអ៊ីង

ភ្នំពេញ ៖ តារាសម្ដែងរូបសង្ហា លោកពឹង ច័ន្ទបូមី ហៅពឹង ពុទ្ធិស័ក្តិ បានសារភាពថាលោកនិងស្រីស្អាត អ៊ីងអ៊ីង គឺពិតជាមានទំនាក់ទំនងស្នេហាជាមួយគ្នាមែន ដោយស្វែងយល់ចិត្តគ្នាអស់រយៈពេលជាង ១ឆ្នាំមកហើយ ។ ទោះបីជាយ៉ាងណា លោកពុទ្ធិស័ក្តិ បញ្ជាក់ថា ការភ្ជាប់ពាក្យ ឬពិធីរៀបការ នៅមិនទាន់គិតដល់នោះទេ បើទោះជាក្រុមគ្រួសារទាំងសងខាងបានដឹងឮក្ដី ។

 លោកពឹង ពុទ្ធិស័ក្តិ បានប្រាប់អ្នកយកព័ត៌មាន «នគរធំ» កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ថា «ខ្ញុំនិងអ៊ីងអ៊ីង ស្រលាញ់គ្នាជាង ១ឆ្នាំហើយ តែរឿងភ្ជាប់ពាក្យ ឬរៀបការយើងមិនទាន់គិតដល់ទេ ព្រោះពេលនេះយើងទាំងពីរផ្ដោតលើការរកស៊ីសិន ។ នៅថ្ងៃទី១៩ ខែមីនា ខ្ញុំនិង គាត់ចេញទៅចិន ដើម្បីសិក្សាពីការនាំយកផ្នែកភេសជ្ជៈ មកលក់នៅខ្មែរ អ៊ីចឹងយើងចង់មានមុខរបរឲ្យច្បាស់លាស់សិន ទើបគិតគួរពីរឿងរៀបការ ។ យើងជាខ្មែរ មិនអាចចោលប្រពៃណីយើងបានទេ គ្រាន់តែរង់ចាំពេលវេលាដ៍សមស្របមួយសិន» ។

មុខជំនួញដែលលោកពឹង ពុទ្ធិស័ក្តិ គ្រោងនឹងចាប់ដៃគូស្នេហ៍បង្កើតឡើងនោះ ទាក់ទងអាជីវកម្មលក់កាហ្វេ ដែលលោកថាអាចនឹងសិក្សាពីការទិញ Franchise ឬបង្កើតដោយខ្លួនឯងហើយនឹងចេញជារូបរាងនៅក្រោយចូលឆ្នាំខ្មែរ។ ប៉ុន្ដែលោកពុទ្ធិស័ក្តិ នៅមិនទាន់ដឹងថា មុខរបរថ្មីរបស់លោកនេះ ចំណាយទុនរួមគ្នាជាមួយគូស្នេហ៍ អស់លុយប៉ុន្មាននោះទេ គ្រាន់តែដឹងថា អាចនឹងច្រើន ខណៈដែលបច្ចុប្បន្ន លោកថាក៏បានរកស៊ីទាក់ ទងគ្រឿងសម្អាង និងអាជីវកម្មតាម Online មួយចំនួនដែរ ប៉ុន្ដែមិនទាន់បានចេញវីដេអូច្រើនឡើយ ។

 ឆ្លើយតបសំណួរថា តើមូលហេតុអ្វីបានជាលោកជ្រើសគូស្នេហ៍ជាតារាដូចគ្នា? លោកពុទ្ធិស័ក្តិ បានអះអាងថា ដោយសារតែលោកនិងគូស្នេហ៍ យល់ចិត្តគ្នាច្រើនជាង ១ឆ្នាំមកនេះ អាចរស់នៅជាមួយគ្នាបាន ស្របពេលដែលវ័យលោកនិងសង្សារ ក៏ប្រហាក់ប្រហែលគ្នាដែរ ពោលឆ្នាំនេះ លោក២៨ឆ្នាំ ចំណែកអ៊ីងអ៊ីង ប្អូនលោកតិចតួច ។ លោកពុទ្ធិស័ក្តិ ក៏បានប្រាប់ដែរថា មូលហេតុដែលលោកស្រលាញ់គ្នាជាមួយអ៊ីងអ៊ីង ជាង១ឆ្នាំ តែទើបបង្ហាញ ឬសារភាពស្នេហានាពេលនេះ ដោយសារតែមុននេះ មានជនអនាមិក បានយករូបថតនិងឈ្មោះលោកទៅបោកគេ ដោយឆាតទៅមនុស្សមួយចំនួន ខ្ចីលុយ ឬបញ្ជាឲ្យលោកធ្វើអ្វីតាមគេចង់បានទៀតផង ។លោកថា ដើម្បីកុំឲ្យមហាជនចាញ់បោកក្រុមទុច្ចរិតទាំងនោះទៀត ថារូបលោកនៅកំលោះ ឆាតទៅញ៉ែគេ ចុះឡើងៗក៏ខ្ចីលុយនោះ ទើបលោកបង្ហាញមុខគូស្នេហ៍ ឲ្យគេដឹងនៅពេលនេះ ។ លោកពុទ្ធិស័ក្តិ ថាករណីនេះ លោកក៏បានដាក់ពាក្យបណ្ដឹងទៅផ្នែកជំនាញក្រសួងមហាផ្ទៃ ផងដែរ ហើយលោកនឹងសហការជានិច្ចជាមួយអាជ្ញាធរ ដើម្បីកុំឲ្យក្រុមជនទុច្ចរិត យកគណនី និងឈ្មោះឬរូបលោក ទៅបោកគេទៀត។ ពុទ្ធិស័ក្តិ បន្ថែមថា ក្រៅពីប្ដឹងទៅក្រសួងមហាផ្ទៃ លោកក៏បានពិភាក្សាជាមួយក្រុមមេធាវីស្ម័គ្រចិត្តជាច្រើននាក់ទៀតដែរ ពីបញ្ហាខាងលើនេះ ព្រោះមិនអាចនៅស្ងៀមបានទេ ដោយសារតែជនទាំងនោះ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសលោក និងធ្វើឲ្យអ្នកចាញ់បោកពួកគេ ឈឺចាប់។

 គួរបញ្ជាក់ថា លោកពឹង ពុទ្ធិស័ក្តិ ជាតារាសម្ដែង បង្ហាញម៉ូដ និងជាជ័យលាភី Mister United Continent 2018 ។ លោកពុទ្ធិស័ក្តិ បានប្រឡូកអាជីពសម្ដែង រយៈពេលជាង៦ឆ្នាំមកហើយ និងបានថតភាពយន្ដជាច្រើនរឿង ខណៈដែលកាលពីចុងឆ្នាំ២០២៤ លោកបានថតបញ្ចប់រឿងភាគឲ្យហង្សមាស និងបាយ័ន តែមិនទាន់ដាក់ បញ្ចាំង។ ប៉ុន្ដែរឿង «ខ្មោចនាងស្មោះ» ដែលលោកសម្ដែងជាតួឯកនោះ កំពុងបញ្ចាំងតាមរោងកុន។ លោកពុទ្ធិស័ក្តិ បញ្ជាក់ថាលោកផ្ដោតតែលើអាជីពសម្ដែង និងចម្រៀង មិនចង់ចាប់អាជីពជាពិធីករទេ ហើយនៅឆ្នាំ២០២៥ នេះ លោកក៏មិនទាន់ទទួលថតសម្ដែងរឿងថ្មីដែរ ដោយសារតែរវល់រឿងបង្កើតមុខរបរឲ្យចេញជារូបរាងសិន ។          

មហាជនរង់ចាំមើលថា ចំណងស្នេហាប្រុសរូបសង្ហា ពឹង ពុទ្ធិស័ក្តិ និងស្រីស្អាត អ៊ីងអ៊ីង អាចឈានទៅកាន់ដៃគ្នាចូលរោងការដែរឬអត់ ក្រោយពួកគេដាក់ទុនរកស៊ីរួមគ្នា មុនរៀបការបែបនេះ? …៕

RELATED ARTICLES