
ភ្នំពេញ ៖ អ្នកវិភាគ និងអ្នកឃ្លាំមើល បានលើកឡើងថា បញ្ហាគ្រឿងញៀន នៅកម្ពុជា នាពេលបច្ចុប្បន្ន គឺជាបញ្ហាធំខ្លាំងណាស់ ដែលទាមទារថ្នាក់ដឹកនាំជាន់ខ្ពស់ និងអ្នកដែលទទួលបន្ទុកខុសត្រូវលើបញ្ហាទាំងនេះ បង្ហាញពីឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហា ហើយបញ្ហាដ៏ធំបំផុត គឺបញ្ហាផ្ទៃក្នុងរបស់មន្ត្រីជាអ្នកអនុវត្តច្បាប់។ ដូច្នេះប្រសិនបើផ្ទៃក្នុង មានចំណុចល្អ ហើយមិនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ទើបមានភាពងាយដោះស្រាយ ប៉ុន្តែបើមន្ត្រីអនុវត្តច្បាប់មួយចំនួន បានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយហើយនោះ បញ្ហាប្រយុទ្ធប្រឆាំងគ្រឿងញៀន បានក្លាយជាចំណុចរសើបខ្លាំង និងពិបាកដោះស្រាយ ព្រោះសូម្បីតែរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានទទួលស្គាល់ដែរថា បញ្ហាគ្រឿងញៀន មានស្មុគស្មាញ ពិបាកដោះស្រាយ មានជាប់ពាក់ព័ន្ធនឹងមន្រ្តីធំៗ ។
លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការស្រាវជ្រាវ និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ថា ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺជាចំណុចល្អ ហើយក៏អាចឆ្លុះបញ្ចាំងឱ្យឃើញពីបញ្ហាពុករលួយក្នុងការអនុវត្តច្បាប់ របស់មន្ត្រីដែលពាក់ព័ន្ធទាំងអស់ ខណៈដែលស្ថានភាពបញ្ហាគ្រឿងញៀន នាពេលបច្ចុប្បន្ន ពិតជាមានការស្មុគស្មាញពិបាកដោះស្រាយ ។ ចំពោះការផលិតនិងការប្រើប្រាស់គ្រឿងញៀន កាន់តែកើនឡើង ដែលជាទូទៅអាជ្ញាធរ ពិបាកបែកចែកសារធាតុគីមីកែច្នៃផ្សេងៗក្នុងវិស័យឧស្សាហកម្ម។ រឿងដែលធ្ងន់ធ្ងរជាងគេបំផុតដែលលោកកត់សម្គាល់ គឺពាក់ព័ន្ធនឹងអំពើពុករលួយ ហើយបញ្ហានេះ វាហាក់បីបង្ហាញពីភាពធ្ងន់ធ្ងរឡើងនៅក្នុងសង្គម ដោយសារតែចំណាត់ថ្នាក់កម្ពុជា ក្នុងអំពើពុករលួយ លើពិភពលោក បានធ្លាក់ចុះពិន្ទុជាលំដាប់ ។ យ៉ាងណា លោកជឿថា ការព្រមានរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំពោះមន្ត្រីដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន គឺនឹងមានប្រសិទ្ធភាព ប្រសិនបើការអនុវត្តរបស់ថ្នាក់ដឹកនាំមានភាពតឹងរ៉ឹង និងគ្មានការយោគយល់ចំពោះមន្ត្រីដែលពាក់ព័ន្ធនឹងគ្រឿងញៀន ។
លោកសេក សុជាតិ បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ថា “ពាក់ព័ន្ធជាមួយនឹងបញ្ហាគ្រឿងញៀននេះ យើងឃើញហើយ ទី១ គឺបណ្ដាញនៃអង្គការចាត់តាំងរបស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀននេះ គឺមានភាពច្បាស់លាស់ រឹងមាំ ។ ដូច្នេះនៅពេលពួកគាត់បានចាក់ឫសគល់ជាមួយនឹងមន្រ្តី មិនថាឋានៈទាបខ្ពស់ ធំតូច គឺកាលណាគាត់ចាក់ចូលបានកាន់តែជ្រៅ ហើយមានការស៊ុមគ្រលុំ ឬក៏ការត្រូវរ៉ូវគ្នាជាលក្ខណៈប្រព័ន្ធ ។ អ៊ីចឹងវាពិបាកនៅក្នុងការធ្វើឲ្យមានភាពល្អប្រសើរឡើងវិញណាស់ ហើយនៅក្នុងទិដ្ឋភាពទាំងអស់នេះ គឺយើងបានដឹងថា នៅពេលដែលអាជ្ញាធរបានធ្វើការដោះស្រាយបញ្ហាគ្រឿងញៀនកន្លងមក គឺមានជាប់ពាក់ព័ន្ធជាមួយមន្រ្តី ហើយថ្នាក់ដឹកនាំជាន់ខ្ពស់ ដូចជាឧបនាយករដ្ឋមន្រ្តី នៅក្នុងក្រសួងមហាផ្ទៃ ក៏ដូចជាឧបនាយករដ្ឋមន្រ្តីទី១ ក៏បានលើកឡើងពីការជាប់ពាក់ព័ន្ធបញ្ហាគ្រឿងញៀន ទៅនឹងមន្រ្តីធំៗ ដែលធ្វើឲ្យពួកគាត់មានការពិបាកនៅក្នុងការដោះស្រាយបញ្ហាបានល្អ ហើយយើងឃើញហើយថា វាពាក់ព័ន្ធមន្រ្តីធំ គឺគ្មានអ្វីក្រៅពីអំពើពុករលួយនោះទេ ហើយបើសិនជាយើងមិនអាចដោះស្រាយបញ្ហានៃអំពើពុករលួយបានទេ គឺយើងក៏ពិបាកនៅក្នុងការដោះស្រាយបញ្ហាគ្រឿងញៀននេះដែរ ហើយទាមទារនិងតម្រូវឲ្យមានការតាំងចិត្ត និងការប្ដេជ្ញាខ្ពស់ពីថ្នាកដឹកនាំរាជរដ្ឋាភិបាល នៅក្នុងការលុបបំបាត់ ឬក៏ចាត់វិធានការក្ដៅ ទៅលើមន្រ្តីដែលពាក់ព័ន្ធជាមួយនឹងគ្រឿងញៀន ទាំងអស់ហ្នឹង ។ នេះសុទ្ធសឹងតែជារឿងដែលសំខាន់ ហើយនិងការអនុវត្តច្បាប់ដោយស្មើភាពគ្នា គឺជារឿងចាំបាច់ ហើយនិងអាចដោះស្រាយបញ្ហាទាំងអស់ហ្នឹងបាន“ ។

ជាមួយគ្នានេះដែរ លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ថា ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀន នៅប្រទេសកម្ពុជា លោកសូមផ្ដល់យោបល់ ៤ចំណុច គឺ ៖ ទី១- ត្រូវកម្ចាត់ចោលនូវអំពើពុករលួយ ទី២- ត្រូវពង្រឹងផ្លូវច្បាប់ឡើងវិញ កុំឲ្យពួកឧក្រិដ្ឋជនឆបោកអនឡាញ ពួកចែកចាយគ្រឿងញៀន ទិញក្បាលពួកតុលាការបាន ទី៣- ត្រូវចាត់ចោលនូវអំពើបក្ខពួកនិយម និងទី៤- ត្រូវតែស៊ើបអង្កេតឲ្យបានជាដាច់ខាត ហើយចាត់វិធានការតាមផ្លូវច្បាប់ ទៅលើពួកដែលពាក់ព័ន្ធទាំងឡាយណានៅក្នុងសំណុំរឿងគ្រឿងញៀន ។
លោកម៉ែន ណាត បានមានប្រសាសន៍ថា “ពាក់ព័ន្ធរឿងគ្រឿងញៀននេះ នៅកម្ពុជា យើងពិបាកដោះស្រាយណាស់ ហើយរឿងនេះកាន់តែដោះស្រាយ កាន់តែរីកដុះដាល ។ យើងឃើញហើយ ករណីគ្រឿងញៀនហ្នឹង អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃមុន លោក ស ខេង នោះ ក៏រអ៊ូរទាំថា ចាត់ការមិនបានជោគជ័យ ហើយមកដល់ស សុខា នេះ ឃើញអាទិត្យមុននេះ និយាយឡូងៗពាក់ព័ន្ធទៅនឹងពួកមន្រ្តីរាជការ មន្រ្តីប៉ូលិសហ្នឹង ជាប់ជំពាក់ជាមួយនឹងគ្រឿងញៀន ហើយគាត់អង្វរ គាត់អំពាវនាវអ៊ីចឹង ហើយជាមួយគ្នាដែរហ្នឹង លោកហ៊ុន ម៉ាណែត ក៏មាននិយាយខ្លះដែរ កន្លងទៅ បញ្ហាហ្នឹង ។ ក៏ប៉ុន្តែខ្ញុំកត់សម្គាល់ឃើញថា អ្នកធំអស់ហ្នឹង ទាំងរដ្ឋមន្រ្តីមហាផ្ទៃ ទាំងរដ្ឋមន្រ្តីការពារជាតិ រួមទាំងនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នេះ និយាយដូចជានិយាយទ្រឹស្ដីអ៊ីចឹង ហើយចាត់វិធានការបានតិចតួចបំផុត សូម្បីតែពួកមន្រ្តីគ្នាឯងហ្នឹង ក៏ចាត់វិធានការតែពួកកូនចៅកំប៉ិកកំប៉ុក អ្នកចែកចាយបន្តហ្នឹង ប៉ុន្តែដល់មន្រ្តីគ្រាក់ៗធំ ដែលពាក់ព័ន្ធជ្រៅក្នុងការចាប់គ្រឿងញៀនគេបានហើយ យកទៅបន្តលក់ដូរអី កន្លែងហ្នឹង ក៏មិនឃើញមានការចាប់បាន មិនឃើញមានការស៊ើបអង្កេតអីអ៊ីចឹង ។ អាហ្នឹងវាជាផលវិបាកមួយ ប៉ុន្តែចម្លើយរបស់ខ្ញុំនៅទីនេះ ខ្ញុំចង់កត់សម្គាល់ថា ត្រូវចាប់ផ្ដើមស៊ើបអង្កេតពីមនុស្សដែលមានកេរ្តីឈ្មោះអាក្រក់សិន ។ មនុស្សដែលមានកេរ្តិ៍ឈ្មោះអាក្រក់លើឆាកអន្តរជាតិ ជុំវិញករណីគ្រឿងញៀន ករណីឆបោក ករណីលាងលុយអនឡាញនេះ យើងកត់សម្គាល់ថា វាមានដូចជា លោកកុក អាន ដែលពាក់ព័ន្ធនឹងការឆបោកអនឡាញ ពាក់ព័ន្ធចាប់ជំរិតអនឡាញអីនៅប៉ោយប៉ែតនោះ កាស៊ីណូរបស់គាត់នៅប៉ោយប៉ែតហ្នឹង ជនល្បីទី១ ។ ជនល្បីទី២ រឿងលោកហ៊ុន តូ ។ លោកហ៊ុន តូ ហ្នឹងល្បីល្បាញខ្លាំងណាស់លើឆាកអន្តរជាតិ មិនដែលមានការស៊ើបអង្កេតត្រឹមត្រូវក្នុងការសួរនាំ ឬក៏ចាប់មកផ្ដន្ទាទោសតាមផ្លូវច្បាប់ទេ គ្មានអីទាំងអស់ ។ ទី៣ លោកលី យ៉ុងផាត់ ក៏ល្បីល្បាញសម្បើមដែរ ល្បីល្បាញខាងចាប់ជំរិត ជាមជ្ឈមណ្ឌលឆបោកអនឡាញអ៊ីចឹងទៅ ហើយរហូតទៅដល់មានសហរដ្ឋអាមេរិក ឆ្នាំទៅមិញហ្នឹង ដាក់ទណ្ឌកម្ម បង្កកទ្រព មិនឲ្យចូលទឹកដីអាមេរិក ទៀត ហើយជនល្បីទី៤ គឺលោកចេន ហ្ស៊ី ដែលជាអតីតឧក្រិដ្ឋជនរត់ពីចិន មកនៅស្រុកខ្មែរ ហៅមកធ្វើទីប្រឹក្សាលោកហ៊ុន សែន នៅកម្ពុជា ។ ឃើញទេ! ល្បីល្បាញខ្លាំងណាស់ អ្នកអស់ហ្នឹង ។ ខ្ញុំលើកតែ៤នាក់ហ្នឹង ដើម្បីធ្វើការកត់សម្គាល់ ហើយជំរុញឲ្យមានការស៊ើបអង្កេត បើសិនជារដ្ឋាភិបាល ចង់កាត់សាច់ស្អុយ ហើយចង់ឲ្យពលរដ្ឋហ្នឹងមានជំនឿចិត្តឡើងវិញ” ។
លោកម៉ែន ណាត បានមានប្រសាសន៍បន្តថា “ប៉ុន្តែយើងឃើញជាក់ស្ដែងហើយ មកដល់បច្ចុប្បន្នហ្នឹង រដ្ឋាភិបាលការពារ ដូចជាការពារលោកលី យ៉ុងផាត់ ដូចជាការពារលោកកុក អាន ដូចជាការពារលោកហ៊ុន តូ អីនេះ ។ នៅពេលដែលបណ្ដាញសារព័ត៌មានអន្តរជាតិចុះផ្សាយមិនល្អ មន្រ្តីរដ្ឋាភិបាល ឬអ្នកនាំពាក្យរដ្ឋាភិបាលហ្នឹងចេញមកការពារ ថាគេហ្នឹងទៅមួលបង្កាច់អីអ៊ីចឹង ហើយមិនមានការស៊ើបអង្កេតផង ថាមួលបង្កាច់? ហើយឲ្យអ្នកណាជឿទុកចិត្តបាន? អ៊ីចឹងរឿងនេះវាជ្រៅណាស់ ពាក់ព័ន្ធជ្រៅណាស់ ហើយពួកអស់ហ្នឹងពាក់ព័ន្ធសុទ្ធតែកន្លែងមជ្ឈមណ្ឌលឆបោកអនឡាញអីហ្នឹង កន្លែងអស់ហ្នឹងហើយកន្លែងមជ្ឈមណ្ឌលចែកចាយគ្រឿងញៀនធំនោះ អាហ្នឹងវាអ៊ីចឹង ដូចកន្លែងម្ដុំមានកាស៊ីណូអីហ្នឹង គឺមានពាក់ព័ន្ធជ្រៅណាស់ ។ អាហ្នឹងមួយទៅ ហើយមួយទៀត យើងក៏ចង់ឃើញដែរ ពួកមន្រ្តីរដ្ឋាភិបាល មិនមែនតែនិយាយទេ ស សុខា ក៏ដោយ លោកហ៊ុន ម៉ាណែត ក៏ដោយ មិនមែនចេះតែនិយាយ អត់ឃើញចាត់វិធានការធ្ងន់ធ្ងរ ត្រូវនិយាយហើយចាត់វិធានការ ព្រោះអ្នកហ្នឹងកាន់កូនសោរដ្ឋាភិបាល ត្រូវកណ្ដាប់ដៃរដ្ឋាភិបាល ដើម្បីចាត់វិធានការពួកឧក្រិដ្ឋជន និងពួកដែលពាក់ព័ន្ធទាំងឡាយណា ទាំងក្រោយខ្នងក៏ដោយ ហើយកុំគិតថាអ្នកហ្នឹងពាក់ព័ន្ធគ្រួសារអញ គ្រួសារឯងអី ក្នុងន័យហ្នឹង ត្រូវតែចាត់វិធានការ អាហ្នឹងបានអាចកាត់បន្ថយបានមួយចំណែក ហើយរឿងសំខាន់ជាងគេ ដូចខ្ញុំបញ្ជាក់ជូន ទី១- ត្រូវកម្ចាត់ចោលនូវអំពើពុករលួយ។ ទី២- ត្រូវពង្រឹងផ្លូវច្បាប់ឡើងវិញ កុំឲ្យពួកឧក្រិដ្ឋជនឆបោកអនឡាញ ពួកចែកចាយគ្រឿងញៀនអីអស់ហ្នឹងទិញក្បាលពួកតុលាការហ្នឹង ដើម្បីឲ្យការពារខ្លួន។ ទី៣- ត្រូវចាត់ចោលនូវអំពើបក្ខពួកនិយមហ្នឹង។ ទី៤- ត្រូវតែស៊ើបអង្កេតឲ្យបានជាដាច់ខាត ហើយចាត់វិធានការតាមផ្លូវច្បាប់ទៅលើពួកដែលពាក់ព័ន្ធទាំងឡាយណានៅក្នុងសំណុំរឿងគ្រឿងញៀនហ្នឹង ។ ខ្ញុំជូន ៤ចំណុចហ្នឹង ជុំវិញការដោះស្រាយបញ្ហាគ្រឿងញៀន ធ្វើម៉េចក៏ដោយ មិនទាន់មានប្រសិទ្ធភាពទាំងស្រុងទេ ក៏ប៉ុន្តែត្រូវចាប់ផ្ដើមពីចំណុចអស់ហ្នឹងសិន” ។

គួរបញ្ជាក់ថា ការលើកឡើងរបស់អ្នកវិភាគ និងអ្នកឃ្លាំមើលខាងលើនេះ បានធ្វើឡើងក្រោយពីលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០ ដែលប្រព្រឹត្តនៅក្រសួងមហាផ្ទៃ កាលពីទី១២ ខែមីនា ឆ្នាំ២០២៥ ថា បញ្ហាគ្រឿងញៀននៅកម្ពុជា មិនធំដូចបច្ចុប្បន្នឡើយ បើគ្មានមន្ត្រីខិលខូចមួយចំនួន កាងពីក្រោយ។ លោករដ្ឋមន្រ្តី បានដាស់តឿនដល់មន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ត្រូវដកខ្លួននិងកែប្រែឥរិយាបថជាបន្ទាន់ ព្រោះចាប់ពីពេលនេះទៅ ប្រសិនបើមានមន្ត្រីណាពាក់ព័ន្ធ ហើយស្រាវជ្រាវរកឃើញ គឺនឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរ៉ឹងបំផុត ជាពិសេសនឹងត្រូវលុបឈ្មោះចេញក្របខ័ណ្ឌ ស្របតាមគោលការណ៍ “កាត់សាច់ស្អុយចោល”។ ជាពិសេស លោករដ្ឋមន្រ្តី ក៏បានដាស់តឿនដល់មន្រ្តីពន្ធនាគារ ទូទាំងប្រទេស ត្រូវត្រួតពិនិត្យឡើងវិញចំពោះការបើកដៃឱ្យមានការជួញដូរគ្រឿងញៀន និងប្រព្រឹត្តសកម្មភាពផ្សេងដែលផ្ទុយពីច្បាប់កំណត់ ។
លោកបណ្ឌិត ស សុខា បានមានប្រសាសន៍នៅពេលនោះថា “ខ្ញុំជឿជាក់ថា បញ្ហាគ្រឿងញៀននេះ បើគ្មានការពាក់ព័ន្ធនឹងមន្ត្រីផ្ទៃក្នុងទេ ការពាក់ព័ន្ធបែបករណីគ្រឿងញៀននេះ មិនសូវធំប៉ុណ្ណឹងទេ។ អានេះខ្ញុំនិយាយតែម្តង ជាធម្មតាអ្នកអនុវត្តជួរមុខ ឃើញស្ករ តែងតែចង់បាន។ អីចឹងហើយ ខ្ញុំពីក្នុងវេទិកានេះ សូមពន្លាតនៃការផ្សព្វផ្សាយ សូមកុំឱ្យប៉ះពាល់ ឬច្រឡូកច្រឡំជាមួយក្រុមនេះ (ក្រុមគ្រឿងញៀន) ។ ពន្លាតនៃការស្រាវជ្រាវ ហើយការស្រាវជ្រាវ មិនមែនស្រាវជ្រាវតែពួកអ្នកជួញដូរទេ តែស្រាវជ្រាវ ពេលខ្លះពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់យើង។ ត្រូវពន្លាតនៃការស្រាវជ្រាវសមត្ថកិច្ចរបស់យើងដែរ។ បើមិនអីចឹងទេ នៅហ្នឹង ស្រមោចនិងស្ករ ស្ករនិងស្រមោច ហើយថ្ងៃក្រោយទៅ យើងជាអ្នករងទាំងអស់គ្នា។ បញ្ហាគ្រឿងញៀន ជាបញ្ហាដ៏ស្មុគ្រស្មាញ ហើយវាជាសញ្ញាអវិជ្ជមាន ប្រសិនបើមានការដោះស្រាយ ឬការអនុវត្តឱ្យបានល្អទេ។ ហើយបញ្ហាទាំងអស់ ហាក់បីដូចជារដ្ឋមន្ត្រី (ក្រសួងមហាផ្ទៃ) បញ្ជាក់ថា ដោយសារតែភាពមិនសហការរបស់មន្ត្រីដែលទទួលបន្ទុកឬកាន់ការងារនេះ ដែលពួកគាត់មានភាពឆកល្វែង ដោយមិនហ៊ានអនុវត្ត ដោយសារខ្លាចបាត់បង់ផលប្រយោជន៍របស់គាត់នៃជ្រុងណាមួយ“ ។

ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះដែរ រាជរដ្ឋាភិបាល បានដាក់ចេញផែនការថ្មី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០ សម្រាប់រយៈពេលមួយឆ្នាំ២០២៥ ដែលទាមទារកិច្ចសហការពីគ្រប់ក្រសួងស្ថាប័ន ដើម្បីរួមគ្នាអនុវត្តវិធានការនានាទប់ស្កាត់និងលុបបំបាត់ឥទ្ធិពលប្រកបដោយគ្រោះថ្នាក់នៃឧក្រិដកម្មគ្រឿងញៀន ព្រមទាំងកសាងសង្គមមួយដែលមានសុខុមាលភាពនិងសុវត្ថិភាពសម្រាប់ប្រជាជនទាំងមូល ។
ថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាពេលនោះដែរ លោកបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា បញ្ហាគ្រឿងញៀន បានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយ មិនតែសម្រាប់ប្រទេសកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយទៅជាសត្រូវដ៏កាចសាហាវមួយរបស់បណ្តាប្រទេសទាំងអស់នៅលើសកលលោក។ ស្របជាមួយបញ្ហាអសន្តិសុខសកល ដែលកំពុងកើតឡើងផងនោះ ក្រុមឧក្រិដ្ឋជនទុច្ចរិត បានឆ្លៀតឱកាសបង្កើនសកម្មភាព និងឧបាយកលរបស់ខ្លួន ក្នុងការផលិត ចែកចាយ ជួញដូរ និងចរាចរ ជាពិសេសនៅតំបន់ត្រីកោណមាស និងអឌ្ឍចន្ទមាស។ ដូច្នេះដើម្បីឆ្លើយតបទៅនឹងបញ្ហាដ៏ស្មុគស្មាញនេះ រាជរដ្ឋាភិបាលកម្ពុជា តែងតែឈរលើគោលការណ៍ដ៏រឹងមាំមុតស្រួចមួយ លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាទិសដៅអាទិភាពចម្បងបំផុត និងដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រ និងវិធីសាស្ត្រ គ្រប់បែបយ៉ាង ដើម្បីឆ្លើយតបទាន់ពេលនូវរាល់បញ្ហា និងការពារថែរក្សាសង្គមកម្ពុជា ជាសង្គម ស្អាតស្អំ ដែលគ្រឿងញៀន លែងជាឧបសគ្គដល់កិច្ចអភិវឌ្ឍជាតិ។
លោកប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានគូសរំលេចថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល វិធានការគន្លឹះទាំង៥ និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាពិសេសការសម្រេចបន្តដាក់ចេញ «ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០” សុទ្ធតែជាសក្ខីភាពដ៏ប្រត្យក្សមួយ អំពីគោលនយោបាយមុតស្រួច ប្រឆាំងនឹងគ្រឿងញៀន របស់រាជរដ្ឋាភិបាល។ បន្ថែមពីលើនេះទៀត ជាមួយចក្ខុវិស័យវែងឆ្ងាយ និងការដោះស្រាយមុតស្រួចចំបញ្ហា សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញនូវយុទ្ធសាស្ត្រដ៏មានស័ក្តិសិទ្ធិភាពមួយ គឺ «គោលការណ៍សម្អាតចក ចេញពីផ្ទៃបឹង» ក្នុងការចាត់វិធានការម៉ឺងម៉ាត់ចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងឡាយណាដែលមានការជាប់ពាក់ព័ន្ធនឹងប្រើប្រាស់គ្រឿងញៀន គឺត្រូវបណ្តេញចេញពីក្របខ័ណ្ឌ ដោយគ្មានលើកលែង ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អ ភាពស្អាតស្អំ និងភាពគំរូនៃការអនុវត្តច្បាប់។

យោងតាមរបាយការណ៍ប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ហាញថា បទល្មើសគ្រឿងញៀនពុំមានការថមថយទេ បើធៀបនឹងឆ្នាំ២០២៣។ នៅឆ្នាំ២០២៤ ចំនួនករណីគ្រឿងញៀនដែលបង្ក្រាបបាន កើន៣១,៨៤% និងគ្រឿងញៀនចាប់យក កើន៣៩៩% ក្នុងនោះគ្រឿងញៀនចរាចរឆ្លងកាត់តាមព្រំដែនគោក មានប្រមាណ៨៤% តាមផ្លូវអាកាស ប្រមាណ១% តាមបញ្ញើប្រៃសណីយ៍ ប្រមាណ១% ករណីកែច្នៃផលិត ប្រមាណ៩% និងករណីរក្សាទុក ជួញដូរ ចាត់ចែង សម្រួលប្រើប្រាស់ក្នុងផ្ទៃប្រទេស ប្រមាណ៥%។ ក្នុងចំណោមគ្រឿងញៀនដែលបានចាប់យកទាំងនេះ ជាប្រភេទមេតំហ្វេតាមីន កេតាមីន ហេរ៉ូអ៊ីន និងអ៊ិចស្តាស៊ី មានប្រភពពីតំបន់ត្រីកោណមាស កូកាអ៊ីន មានប្រភពពីអាមេរិកខាងត្បូង និងអាមេរិកកណ្តាល ហើយកេតាមីន និងអ៊ិចស្តាស៊ី មួយចំនួនមានប្រភពពីតំបន់អឺរ៉ុប។
របាយការណ៍បានកត់ត្រាថា នៅឆ្នាំ២០២៤ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ១០ ៦៣០ករណី កើនឡើង ២៥៦៧ករណី ស្មើ ៣១,៨៤% និងឃាត់ខ្លួនជនសង្ស័យចំនួន ២៧ ០៧១នាក់ កើន៣៥,៥៣% បើប្រៀបធៀបនឹងឆ្នាំ២០២៣ ៕ កុលបុត្រ