ភ្នំពេញ ៖ អតីតម្ចាស់ពាន The Voice Cambodia រដូវកាលទី២ លោកប៊ុត សីហា បានចេញមុខច្រៀងតាមវង់តន្ត្រីវិញ នាពេលថ្មីៗនេះ ដើម្បីរករកលុយដូចកាលពី១២ឆ្នាំមុន បន្ទាប់ពីបានផុងខ្លួនប្រើគ្រឿងញៀន និងបានជាប់គុក ជាង១ឆ្នាំ ។ ទោះបីជាយ៉ាងណា អ្នកស្ដាប់សីហា ច្រៀងផ្ទាល់ សរសើរថា សីហា នៅតែមានទឹកដមសំ ឡេងធ្ងន់ល្អ មិនទាន់បែកសំឡេងនោះទេ ។

អ្នកយកព័តមានយើងបានទូរស័ព្ទទៅប៊ុត សីហា កាលពីរសៀលថ្ងៃទី១៩ មីនា ឆ្នាំ២០២៥ តែគ្មានអ្នកទទួល ឡើយ ទើបមិនអាចសុំការបញ្ជាក់ថា រូបគេចាប់ផ្ដើមចេញច្រៀងតាមអកកេសនោះ ស៊ីថ្លៃប៉ុន្មាន ក្នុងមួយកម្មវិធី ។ ដោយឡែកនៅលើទំព័រហ្វេសបុក របស់សីហា មានបង្ហោះសកម្មភាពរូបគេថតសំឡេងបទថ្មី ក្នុង Studio ដោយថែមទាំងអួតថា បទនោះ រូបគេច្រៀងស្រែកបែកអាកាសទៀតផង ។ សីហា បានចេញមុខសុំទោសលោកស្រីទ្រី ដាណា ដែលចំណាយលុយធ្វើបទចម្រៀងឲ្យខ្លួនច្រៀង តែខ្លួនមិនបានបំពេញតាមកិច្ចសន្យានោះ ដោយថាមកពីរូបគេមានវិបត្តិគ្រួសារ មិត្តភក្ដិអូសទាញឲ្យសេពគ្រឿងញៀន នាំឲ្យគេស្លុងតាមគេ។ ប៉ុន្ដែម្ចាស់ពានរូបនេះ បានច្រានចោលការចោទថា លោកជាមេចែកចាយគ្រឿងញៀន ដោយគេទទួលស្គាល់ត្រឹមថាជាជនរងគ្រោះម្នាក់ ដោយសារតែគ្រឿងញៀន។

សីហា បានសន្យាឈប់ប្រើប្រាស់គ្រឿងញៀន ខណៈ Fan មួយចំនួន ហាក់មិនសូវជឿជាក់ទាំងស្រុងថា សីហា ឈប់លេងថ្នាំបានទាំងស្រុងនោះទេ ដោយសារតែគេធ្លាប់សន្យាមួយលើកជាពីរលើករួចមកហើយ។ ប៉ុន្ដែតាម រយៈរូបភាពចុងក្រោយនេះ គេឃើញសីហា ហាក់មានការស្តាយក្រោយច្រើន ព្រោះបានរំលឹកពីរូបភាពអនុស្សាវរីយ៍ចាស់ៗនៃការប្រឹងប្រលងចម្រៀង រហូតដល់បានលើកពាន ។ ប៉ុន្តែមហាជនថា សីហា អត់អនាគត រលាយកេរ្ដិ៍ឈ្មោះខ្ទេចខ្ទី ដោយសារតែការជក់ថ្នាំញៀន ជំនួសឲ្យការកាន់ក្បាលមីក្រូ ។

សូមបញ្ជាក់ថា អំឡុងពេលដែលម្ចាស់ពាន The Voice Cambodia រដូវកាលទី១ ប៊ុត សីហា ចាប់ផ្ដើមចេញ ច្រៀងតាមឆាកតូចៗ មានដូចជាមង្គលការ នៅទីជនបទ ជប់លៀងតាមភូមិ ជាដើមនោះ ស្រាប់ម្ចាស់ពាន The Voice Cambodia រដូវកាលទី២ និងទី៣ មានដូចជាលោកថែល ថៃ និងកញ្ញាលឹម សេរីហាន់នីកា កំពុងតែមមាញឹកចេញច្រៀងរកលុយតាមកម្មវិធីប្រគំតន្ត្រី (Concerts) ធំៗ របស់ហង្សមាស ពោលគឺវាសនារបស់គេ ផ្ទុយស្រឡះពីសីហា ។ ប៉ុន្ដែបើសីហា ពិតជាកែខ្លួននិងផ្ដាច់ពីគ្រឿងញៀនបានមែន នោះរូបគេនឹងនៅតែត្រូវបានទស្សនិកជនផ្ដល់ឱកាសឲ្យម្ដងទៀតជាមិនខាន ។

ប៊ុត សីហា ដោយសារតែគ្រឿងញៀន ធ្វើឲ្យរូបគេបាត់បង់ឱកាសកើបលុយសែនដុល្លារ ពីឆាកធំៗ តាំងពីឆ្នាំ២០១៤ ពោលគឺ ១១ឆ្នាំមកហើយ ស្របពេលដែលលោកស្រីទ្រី ដាណា ធ្លាប់អះអាងថា បានចំណាយលុយដល់ទៅជាង ១០ម៉ឺនដុល្លារ លើការផលិតបទចម្រៀងកុងត្រាជាមួយសីហា។ មហាជនរង់ចាំមើលថា ប៊ុត សីហា អាចស្ដារមុខមាត់របស់ខ្លួនឡើងវិញបានឬអត់ នៅពេលដែលចេញពីគុក លើកចុងក្រោយនេះ រូបគេហាក់ ភ្ញាក់ខ្លួនដូចខ្មោច៧ថ្ងៃ ព្រោះស្ដាយការតស៊ូ និងកេរ្ដិ៍ឈ្មោះដែលខ្លួនរកបាន បែរជាត្រូវរលាយអស់ដោយសារតែគ្រឿងញៀន ៕

