ភ្នំពេញ ៖ រាប់តាំងពីតារាចម្រៀង, ពិធីករ, អ្នករាំ អ្នកសារព័តមានអនឡាញមួយចំនួន រួមទាំងអ្នកធ្វើមាតិការ តាម Tik Tok និងទស្សនិកជន តាមឆាកតន្រ្ដី ជាដើម ត្រូវបានគេមើលឃើញថា ពួកគេព្យាយាមទាញឲ្យទស្សនិកជនចាប់អារម្មណ៍លើកូនទី២ របស់លោកព្រាប សុវត្ថិ កំលោះសង្ហា សុវត្ថិ មុនីនាគ ដែលចេញFull Mv របស់ខ្លួន នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ តាមរយៈការលើកបដា, អាវយឺតមានឈ្មោះនិងអាល់ប៊ុមចម្រៀងរបស់គេ បើកឆាកនានាដែលជាត្រៀមជាស្រេច មុនពេលថតវីដេអូបង្ហោះ ខណៈសកម្មភាពបែបនោះ គេមិនដែលឃើញលោកព្រាប សុវត្ថិ និងភរិយា ធ្វើចំពោះកូនទី១ សុវត្ថិ មុនីវណ្ណ និងកូនទី៣ សុវត្ថិ សិរីវុឌ្ឍ មុនពេលពួកគេចេញបទចម្រៀងថ្មី នៅ Galaxy ឡើយ។

ទោះបីជាយ៉ាងណា ក្រោយចេញបទចម្រៀងថ្មីរបស់ខ្លួន បានជិត២សប្ដាហ៍នេះ គេនៅមិនទាន់អាចសន្និដ្ឋានបានថា តើកូនទី២ របស់ព្រាប សុវត្ថិ ល្បីល្បាញជាងពេលច្រៀងបទខ្មែរ នៅហង្សមាស ឬយ៉ាងណានោះទេ ខណៈដែលអ្នកលេងបណ្ដាញសង្គម ទាំងហ្វេសបុក និង Tik Tok ភាគច្រើនខម្មិនថា មិនហ៊ាននិយាយ ។ ចំណែកមុនីនាគ ពេលនេះប្រឹងហាត់រាំខ្លាំងពេកស្រកគីឡូជាងមុនបន្ដិច ហើយរូបគេនិយាយជាមួយក្រុមការងារ ជាភាសារអង់គ្លេស ដែលនេះជាជំហានថ្មី ឬការវិវត្តរបស់មុនីនាគ ខុសពីបងនិងប្អូនប្រុសរបស់គេ ។ ប៉ុន្តែរឿងថាសុវត្ថិ មុនីនាគ អាចនឹងចេញបទជាភាសារអង់គ្លេស រហូត ឬអាចនឹងចូល Galaxy តាមឪពុកនិងបងប្អូនរបស់គេដែរឬយ៉ាងណា នាពេលខាងមុខនេះ គឺស្ថិតនៅក្នុងភាពស្រពេចស្រពិលនៅឡើយ។

លោកនូ ស៊ឹប តារាចម្រៀងជើងចាស់ បានប្រាប់អ្នកយកព័តមានយើង នាពេលថ្មីៗនេះថា មូលហេតុដែលព្រាប សុវត្ថិ រុញកូនទី២ ឲ្យច្រៀងបទភាសារអង់គ្លេស នោះគឺដោយសារតែទីផ្សារបទចម្រៀងបរទេស ពេលនេះក៏មានច្រើនដែរ នៅស្រុកខ្មែរ។ លោកថា បច្ចុប្បន្នលោកព្រាប សុវត្ថិ មានលុយ អីចឹងចង់ជួលគ្រូរាំ គ្រូបង្ហាត់ច្រៀងបរទស មកបង្វឹកកូន គ្មានបញ្ហានោះទេ ។

គិតតាំងពីសុវត្ថិ មុនីនាគ ចេញបទថ្មីរបស់ខ្លួន ជាភាសារអង់គ្លេសជាTrailer នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នោះមក គេនៅមិនទាន់ឃើញមុនីនាគ ឡើងឆាកធំច្រៀងដូចបងនិងប្អូនប្រុសគេនោះទេ គឺមានតែការផ្សព្វផ្សាយពីពិធីករ តាមការប្រគំតន្រ្ដីនានា ពេលព្រាប សុវត្ថិ ទៅច្រៀងប៉ុណ្ណោះ ។ ចំណែកលោកនូ ស៊ឹប ជឿថា កូនព្រាប សុវត្ថិ អាចនឹងច្រៀងបទជាភាសាខ្មែរផង អង់គ្លេសផង ពោលគឺប្រហែលជាមិនមែនចេញបទបរទេសសុទ្ធ ពេលច្រៀងនៅស្រុកខ្មែរ នោះទេ ដែលចំណុចនេះ លោកនូ ស៊ឹប និយាយថា «ច្រៀងបទខ្មែរផង អង់គ្លេសផង មានអី ល្អតើ មានទៅខុសឆ្គងអី»។

មិនមែនមានតែព្រាប សុវត្ថិ នោះទេ ដែលកំពុងតែបណ្ដុះកូនៗរបស់ខ្លួន ដើម្បីស្នងតំណែង ប៉ុន្ដែមានតារាមួយ ចំនួនទៀត ដែលចូលដល់វ័យជ្រេ តែងតែជំរុញឲ្យកូនៗ បន្ដវេនឪពុកម្ដាយ ក្នុងនោះមានដូចជា លោកហួរ ឡាវី, ខាន់ ជេមស៍, កែវ កល្យាណ និងសឿន ផានផាភួង ជាដើម ។

គួរបញ្ជាក់ថា កូនកំលោះទី២ របស់តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ គឺសុវត្ថិ មុនីនាគ នេះហើយដែលតារា ចម្រៀង ពេជ្រ សោភា និយាយថា អាចនឹងស្នងតំណែងឪពុករបស់គេ នាពេលអនាគត ព្រោះតែនាងមើលឃើញថា មុនីនាគ មានទេពកោសល្យស្រដៀងទៅនឹងលោកសុវត្ថិ ពិសេសពេលសមច្រៀងបទខ្មែរ នៅតាមឆាក សំឡេងស្ដាប់ទៅច្រឡំឪពុកគេតែម្ដង ។ ប៉ុន្ដែពេលនេះ ព្រាប សុវត្ថិ បែរជារុញឲ្យមុនីនាគ ទៅច្រៀងបទជាភាសាអង់គ្លេស ទៅវិញ ហើយគេនៅមិនទាន់អាចសន្និដ្ឋានបានថា សំឡេងគេ ស្រដៀងទៅតារាបរទេសរូបណានៅឡើយ ៕




