Monday, March 24, 2025
Homeព័ត៌មានជាតិបក្សសន្តិភាពជាតិ ក្រសួងមហាផ្ទៃ ចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ

បក្សសន្តិភាពជាតិ ក្រសួងមហាផ្ទៃ ចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ

ភ្នំពេញៈ បន្ទាប់ពីបានកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈបានត្រឹមត្រូវ ស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយឡើងវិញនោះរួចមក គណបក្សសន្តិភាពជាតិ ដែលមានលោករស់ សារ៉ុម ជាប្រធាន ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ។

យោងតាមប្រកាស របស់ក្រសួងមហាផ្ទៃ លេខ: ៣០១០ប្រក ចុះថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយលោកបណ្ឌិតស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្ដីពីការចុះបញ្ជីគណបក្សសន្តិភាពជាតិ បានសម្រេចថា ត្រូវបានចុះឈ្មោះគណបក្សសន្តិភាពជាតិ សរសេរអក្សរកាត់ គ.ស.ជ ក្នុងបញ្ជីឈ្មោះគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដោយមានអាសយដ្ឋានទីស្នាក់ការកណ្ដាលនៅផ្ទះលេខ៦៩z ផ្លូវបេតុង ភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សូមជម្រាបថា គណបក្សសន្តិភាពជាតិ (គ.ស.ជ) រូបសញ្ញាបាតដៃ ផ្កាយ៥ មានបាវចនា ការពារ សមធម៌ វឌ្ឍនភាពសង្គម ។ គណបក្សសន្តិភាពជាតិ បានចែងពីការធ្វើពិធីសច្ចាប្រណិធានរួចហើយស្រេច ដែលបានធ្វើឡើងនៅថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ចុះហត្ថលេខាដោយលោករស់ សារ៉ុម តំណាងស្ថាបនិកគណបក្ស ។

ពិធីសច្ចាប្រណិធានរបស់គណបក្សសន្តិភាពជាតិ (គ.ស.ជ) ខាងលើនេះ មានខ្លឹមសារថា “ បពិត្រអស់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមយាង និងអញ្ជើញ មកធ្វើជាសាក្សីក្នុងពិធីសច្ចាប្រណិធាន ត្បិតក្នុងពេលនេះ មានស្ថាបនិក គណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការនាយក គណៈកម្មាធិការប្រតិបត្តិ គណបក្សសន្តិភាពជាតិ (គ.ស.ជ) គ្រប់ជាន់ថ្នាក់ សូមធ្វើសច្ចាប្រណិធាន ដោយអនុវត្តជាគោលការណ៍ ០៩ ចំណុច ឱ្យបានយ៉ាងខ្ជាប់ខ្ជួន និងដាច់ខាតបំផុត៖

១- ប្តេជ្ញាការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស

២- ប្តេជ្ញាការពារឯករាជ្យ បូរណភាពទឹកដី សន្តិភាព សមធម៌ វឌ្ឍនភាពសង្គម

៣- ប្តេជ្ញាគោរពលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង សេចក្តីសម្រេច និងបទបញ្ជានានា របស់គណបក្សសន្តិភាពជាតិ

៤- ប្តេជ្ញារក្សាការពារសុខដុមនីយកម្មផ្នែកជំនឿសាសនា ពូជសាសន៍ និន្នាការនយោបាយ

៥- ប្តេជ្ញាមិនធ្វើសកម្មភាពទាំងឡាយណាបម្រើបរទេសឬអង្គការចាត់តាំងដទៃ ក្បត់ជាតិ និងគណបក្ស

៦- ប្តេជ្ញាអនុវត្តគោលនយោបាយ និងកម្មវិធីនយោបាយគណបក្ស ឱ្យបានត្រឹមត្រូវ

៧- ប្តេជ្ញាគោរពឆន្ទៈពលរដ្ឋម្ចាស់ឆ្នោតភាគច្រើន និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ក្រោយបោះឆ្នោត

៨- ប្តេជ្ញាប្រកួតប្រជែងអំណាច ដោយសន្តិវិធី ធានាការផ្លាស់ប្តូរជាវិជ្ជមាន តាមរយៈការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌

៩- ប្តេជ្ញាដាច់ខាត ប្រឆាំងនយោបាយជ្រុលនិយមគ្រប់រូបភាព លើទឹកដីព្រះរាជាណាចក្រកម្ពុជា

បើអ្នកណាមិនបានប្រតិបត្តិតាមពាក្យសច្ចាប្រណិធាន សូមអស់វត្ថុស័ក្តិសិទ្ធិក្នុងលោក បំផ្លាញឱ្យវិនាសអន្តរាយជីវិត និងទ្រព្យសម្បត្តិ ។ ប៉ុន្តែបើអ្នកណាប្រតិបត្តិតាមពាក្យសច្ចាប្រណិធាននោះ សូមអស់វត្ថុស័ក្តិសិទ្ធិក្នុងលោក ជួយឱ្យជួបតែសេចក្តីល្អ ចម្រុងចម្រើនថ្កុំថ្កើងរុងរឿងសមដូចសេចក្តីបំណងប៉ងប្រាថ្នាកុំបីអាក់ខានឡើយ “ ។

ក្រៅពីសច្ចាប្រណិធាន គណបក្សសន្តិភាពជាតិ ក៏បានចែងពីលក្ខន្តិកៈមួយចំនួនដែរ ដែលក្នុងនោះ ជំពូកទី២ ស្ដីពី ទស្សនវិស័យ គោលបំណង និងគោលនយោបាយ បានចែងដូចខាងក្រោម៖

ប្រការ ៥៖ គណបក្សសន្តិភាពជាតិ ប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។

ប្រការ ៦៖ គណបក្សសន្តិភាពជាតិ ជាចលនាខ្មែរសន្តិភាព ប្រជាធិបតេយ្យស្ដាំនិយម សេរីនិយម កែទម្រង់និយម ចង់ឃើញកម្ពុជា ជាព្រះរាជាណាចក្រ មានរដ្ឋអធិបតេយ្យពេញលេញ ប្រជាពលរដ្ឋខ្មែរ រស់នៅគ្រប់ទីកន្លែង ប្រកបដោយសេចក្តីថ្លៃថ្នូរ មានសិទ្ធិធ្វើជាម្ចាស់ជោគវាសនាប្រទេសជាតិ តាមបែបប្រជាធិតេយ្យ និងការពារដោយរដ្ឋធម្មនុញ្ញតិតប្រាកដ ។

ប្រការ ៧៖ គណបក្សសន្តិភាពជាតិ មានគោលបំណងប្រមូលផ្ដុំកម្លាំងគ្រប់ជនជាតិខ្មែរ ដែលមានឧត្ដមគតិស្នេហាជាតិ មាតុភូមិ លទ្ធិប្រជាធិបវេយ្យ សន្តិភាព វឌ្ឍនភាពសង្គមពិតប្រាកដ ដោយមិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ទាំងក្នុង និងក្រៅប្រទេស រួមគ្នាដើម្បីរួមកម្លាំងគ្នាការពារជាតិ និងសមទ្ធិផលសង្គមជាតិ និងកសាងប្រទេសកម្ពុជា ឈរលើគោលការណ៍ឯករាជ្យ សន្តិភាព ប្រជាធិបតេយ្យ យុត្តិធម៌ សមធម៌ និងវឌ្ឍនភាពសង្គម ។

ជំពូក៣ ស្ដីពី គោលការណ៍កសាងគណបក្ស មានចែងដូចក្រោម៖

ប្រការ ៨៖ គណបក្សសន្តិភាពជាតិ មានគោលនយោបាយដូចតទៅ៖

១. គណបក្សប្រកាន់យកផ្លូវកណ្តាលស្ដាំនិយម ប្រជាធិបតេយ្យសេរីនិយម កែទម្រង់និយម លើកកម្ពស់មនសិការជាតិរបស់ប្រជាជន បើកទូលាយទំនាក់ទំនងអន្តរជាតិ និងអនុវត្តសេដ្ឋកិច្ចទីផ្សារសេរី។ កម្មវិធីនយោបាយ និងសកម្មភាពនយោបាយរបស់ខ្លួន ដោយឈរលើគោលការណ៍ជាក់ស្តែងក្នុងប្រទេសនិងនិន្នាការនយោបាយរួមនៃសកលលោក ។

២. គណបក្ស មានវិន័យ និងប្រជាធិបតេយ្យផ្ទៃក្នុង។ គណបក្សមិនអនុញ្ញាតឲ្យមានសកម្មភាពបំបែកបំបាក់សាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សដាច់ខាត ។

៣. ហ៊ានធ្វើពលិកម្ម និងការពារដាច់ខាត អធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព និងលទ្ធប្រជាធិបតេយ្យ នៃព្រះរាជាណាចក្រកម្ពុជា ។

៤. កសាងបក្ស និងប្រទេសជាតិឈរលើគោលការណ៍ឯករាជ្យ សន្តិភាព ប្រជាធិបតេយ្យ យុត្តិធម៌ សមធម៌ វឌ្ឍនភាពសង្គម ។

៥. លើកកម្ពស់ស្មារតីជាតិនិយម ឧត្ដមគតិស្នេហាជាតិ ពីចលនាមហាជនគ្រប់ទិសទី ចូលរួមជាមួយគណបក្ស ប្រមូលធនធានមនុស្សមានគុណភាព គុណធម៌ ស្មោះត្រង់ ចំពោះប្រទេសជាតិ និងប្រជាជនខ្មែរ…៕

RELATED ARTICLES