
ភ្នំពេញ ៖ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ដែលកំពុងរស់និរទេសនៅប្រទេសបារាំង បានសម្រេចបង្កើតប្រឹក្សាជាតិតស៊ូ ដែលមានរូបលោកជាប្រធាន ដើម្បីប្រមូលកម្លាំងខ្មែរ នៅទូទាំងពិភពលោក ឲ្យងើបឡើងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយអះអាងថា បេសកកម្មរបស់ចលនាជាតិតស៊ូ គឺធ្វើគ្រប់យន្តការប្រតិបត្តិ ដើម្បីបញ្ចប់នយោបាយសន្តិភាពងើប១វ៉ៃ១សព្វថ្ងៃ ជំនួសដោយ “សន្តិភាពមានទុក្ខម្នាក់ ដោះស្រាយជូនម្នាក់” ឬ «សន្តិភាពតវ៉ាម្នាក់ រកយុត្តិធម៌ជូនម្នាក់”។
ទោះបីជាយ៉ាងណា សម្រាប់រាជរដ្ឋាភិបាល មិនបានចាប់អារម្មណ៍នឹងក្រុមប្រឹក្សាជាតិតស៊ូ បង្កើតដោយសម រង្ស៊ី នេះទេ ខណៈដែលគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ចាត់ទុកការបំភៃ្លព័ត៌មានរបស់ក្រុមសម រង្ស៊ី ថា សម្ដេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាសមាជិកឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ គឺជាប្រធានចលនាជាតិតស៊ូ នៅក្នុងប្រទេសនោះ ជារឿងឥតប្រយោជន៍ ឆ្លើយតបនាំឲ្យខាតទឹកមាត់ ។ ប៉ុន្តែអ្នកនាំពាក្យសម្ដេច ស ខេង បានប្រតិកម្មថ្កោលទោសចំពោះការប្រឌិតព័ត៌មានបំភ្លៃបែបនេះ ។
សូមបញ្ជាក់ថា នៅក្នុងសមាជមហាជនសង្គ្រោះជាតិ ដែលរៀបចំនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង បានសម្រេចបង្កើតក្រុមប្រឹក្សាជាតិតស៊ូ ដែលមានរូបលោកជាប្រធាន លោកគឹម សុខ ជាអ្នកនាំពាក្យ និងលោកឆាំ ឆានី ជាប្រធានក្រុមជំនួយការ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបង្កើតក្រុមប្រឹក្សាជាតិតស៊ូ (NRC) ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ថា «ដោយមើលឃើញអំពីភាពអន្តរាយរបស់ប្រជាជាតិខ្មែរ ដែលជួបវិបត្តិគ្រប់វិស័យ សមាជមហាជនសង្រ្គោះជាតិ នៅទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានសម្រេចស្នើឲ្យលោកសម រង្ស៊ី បង្កើតចលនាសម្ព័ន្ធតស៊ូប្រជាធិបតេយ្យ ចេញពីចលនាជាតិតស៊ូ ។ ដោយគោរពតាមសំណើ ជាសេចក្ដីប្រាថ្នាដែលចេញពីសំឡេងរបស់សមាជមហាជន លោកសម រង្ស៊ី បានបង្កើតរចនាសម្ព័ន្ធដឹកនាំក្រុមប្រឹក្សាជាតិតស៊ូ ។ ក្រុមប្រឹក្សាជាតិតស៊ូ ចេញដំណើរនៅថ្ងៃនេះ ក្នុងគោលដៅនាំយកលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម និងប្រព័ន្ធការពារបូរណភាពទឹកដី ដែលមានគុណភាព ។ សមាសភាពដឹកនាំ ដែលចេញមុខ រួមមាន ៖ ១-លោកសម រង្ស៊ី ប្រធាន ២-លោកគឹម សុខ អ្នកនាំពាក្យ និង៣-លោកឆាំ ឆានី ប្រធានក្រុមជំនួយការ ។
សេចក្ដីប្រកាសព័ត៌មានដដែល បន្តថា “បេសកកម្មរបស់យើង ធ្វើគ្រប់យន្តការប្រតិបត្តិ ស្របតាមខ្លឹមសាររដ្ឋធម្មនុញ្ញ និងស្មារតីនៃកិច្ចព្រមព្រៀងសនិ្តភាពក្រុងប៉ារីស ដើម្បីបញ្ចប់នយោបាយ “សន្តិភាពងើប១វ៉ៃ១ៗសព្វថ្ងៃ ជំនួសដោយ “សន្តិភាពមានទុក្ខម្នាក់ ដោះស្រាយជូនម្នាក់” ឬ «សន្តិភាពតវ៉ាម្នាក់ រកយុត្តិធម៌ជូនម្នាក់” ។ យើងដើរលើផ្លូវរួម សហការជាមួយប្រជាពលរដ្ឋខ្មែរ និងអ្នកប្រជាធិបតេយ្យខ្មែរ គ្រប់ភាគី ដោយ “មិនសុំយុត្តិធម៌ពីជនផ្ដាច់ការទេ ប៉ុន្តែទាមទារយុត្តិធម៌រហូតដល់បានជោគជ័យ” ។ យើងសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ចូលរួមជាមួយក្រុមប្រឹក្សាជាតិតស៊ូ ក្នុងក្ដីសង្ឃឹមសង្រ្គោះប្រទេសជាតិកម្ពុជា របស់យើង ពីក្រុមអ្នកដឹកនាំផ្ដាច់ការ“ ។

បន្ថែមលើសេចក្ដីប្រកាសព័ត៌មានខាងលើនេះ លោកគឹម សុខ អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូ និងជាអ្នកវិភាគនយោបាយ-សង្គម ដែលកំពុងរស់និរទេសនៅប្រទេសហ្វាំងឡង់ បានបញ្ជាក់ថា «ក្រុមប្រឹក្សាជាតិតស៊ូ (NRC) ចេញដំណើរហើយ ដណ្ដើមយកប្រទេសកម្ពុជា មកជូនប្រជាពលរដ្ឋខ្មែរវិញ» ។
លោកគឹម សុខ បន្តថា «ការងារស្នូលរបស់ក្រុមប្រឹក្សាជាតិតស៊ូ នៅពេលនេះ គឺការប្រមូលផ្ដុំកម្លាំងអ្នកនយោបាយគ្រប់គណបក្ស និងពលរដ្ឋខ្មែរទូទៅ ដែលស្រលាញ់លទ្ធិប្រជាធិបតេយ្យ ឱ្យងើបទាំងអស់គ្នា តស៊ូរួមគ្នាទាមទារយុត្តិធម៌និងសេរីភាពមកវិញ ។ ក្រុមប្រឹក្សាជាតិតស៊ូ នឹងក្លាយទៅជាកម្លាំងនៃការប្រមូលផ្ដុំអ្នកប្រជាធិបតេយ្យ ដើម្បីសង្គ្រោះជាតិកម្ពុជា ពីជនផ្ដាច់ការ»។

ជាមួយគ្នានោះដែរ លោកសម រង្ស៊ី ប្រធានក្រុមប្រឹក្សាជាតិតស៊ូ បានបញ្ជាក់ថា ការបង្កើតក្រុមប្រឹក្សាជាតិនេះ គឺជាយុទ្ធសាស្ដ្រថ្មីបន្ថែមទៀត ក្នុងបេសកកម្មសង្គ្រោះកម្ពុជា ចេញពីរបបដឹកនាំត្រកូលហ៊ុន ។ លោកបន្តថា លោកមិនអាចអត់ទ្រាំនៅស្ងៀមបានឡើយ នៅពេលឃើញពលរដ្ឋភាគច្រើន រស់នៅជួបតែការឈឺចាប់ វេទនា និងក្លាយជាជនរងគ្រោះ ដោយសាររបបដឹកនាំបែបជិះជាន់និងគាបសង្កត់ ហើយឃើញតែក្រុមបក្ខពួក និងក្រុមអ្នកអែបអបត្រកូលសម្ដេចហ៊ុន សែន ដែលអាចរស់នៅសុខស្រួល ហើយនាំគ្នាអួតសម្ញែងទ្រព្យសម្បត្តិ មាសប្រាក់ហូរហែ ដែលបានមកពីអំពើពុករលួយ។
លោក សម រង្ស៊ី បានមានប្រសាសន៍បញ្ជាក់ក្នុងសមាជនៅប្រទេសបារាំង នោះថា «ហ៊ុន សែន ថាងើបមួយ វ៉ៃមួយ ងើបមួយ វ៉ៃមួយ គាត់អំណាចពេញដៃ បញ្ជាកងកម្លាំងប្រដាប់អាវុធ ធ្វើបាបរាស្រ្ដតាមចិត្ត។ ដូច្នេះរាស្ដ្រក្នុងប្រទេស មិនអាចនិយាយអីបាន មិនអាចធ្វើអីបាន។ អ៊ីចឹងជាកាតព្វកិច្ចរបស់ជនជាតិខ្មែរ ដែលរស់នៅក្រៅប្រទេស ដែលយើងមានសេរីភាព ហ៊ាននិយាយ ហ៊ានតវ៉ា ហ៊ានរៀបចំការតស៊ូ យើងត្រូវតែចេញមុខជំនួសប្រជារាស្ដ្រខ្មែរដែលគ្នាមិនអាចធ្វើអីបាន“ ។
លោកសម រង្ស៊ី ក៏បានបញ្ជាក់ដែរថា ក្រុមប្រឹក្សាជាតិតស៊ូ នឹងមានសមាជិក សមាជិកា ទាំងនៅក្នុងប្រទេសកម្ពុជា រួមទាំងក្នុងជួរគណបក្សកាន់អំណាច និងពលរដ្ឋខ្មែរ ដែលរស់នៅក្រៅប្រទេស នៅទូទាំងពិភពលោក។ លោកជឿជាក់ថា នៅពេលណាមួយ ពលរដ្ឋខ្មែរ ងើបឡើងតស៊ូទាំងអស់គ្នា ដើម្បីដណ្ដើមយកប្រទេសកម្ពុជា មកដាក់ជាសម្បត្តិរួមវិញ ខណៈបច្ចុប្បន្នកំពុងក្លាយជារបស់កម្មសិទ្ធិផ្ដាច់មុខរបស់ក្រុមគ្រួសារត្រកូលហ៊ុន ។ ជាពិសេស លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ទាំងអស់ ឈប់និយាយពីរឿងបក្ស តែត្រូវនិយាយពីរឿងជាតិវិញ “ដោះអាវបក្ស ពាក់អាវជាតិ” អត់ត្រូវលេងល្បែងបោះឆ្នោតជាមួយសម្ដេចហ៊ុន សែន ទៀតទេ ផ្លូវតែមួយគត់ គឺត្រូវតស៊ូរំដោះប្រទេសជាតិឲ្យទាល់តែបាន ។

លោកសម រង្ស៊ី បានមានប្រសាសន៍បន្ថែមនៅក្នុងពិធីសមាជនោះថា “ខ្ញុំសូមអំពាវនាវដល់ខ្មែរទាំងអស់ អត់មាននិយាយរឿងគណបក្សទេ ។ ឥឡូវនិយាយរឿងជាតិ សុំដោះអាវបក្ស ពាក់អាវជាតិវិញ ។ នេះសំដៅទៅខ្មែរទាំងអស់ ក្នុងជួរគណបក្សប្រជាជនកម្ពុជា ក៏មានអ្នកស្នេហាជាតិដែរ ក៏មានអ្នកឈឺចាប់ដែរ ក៏មានអ្នកព្រួយបារម្ភពីវាសនាប្រទេសជាតិដែរ គ្រាន់តែគេមិនហ៊ាននិយាយ ពីព្រោះហ៊ុន សែន ពូកែសម្លុត គ្នាគាត់ដែលគាត់សម្លុត ដែលគាត់ធ្វើបាបយើង គឺមែនទែនណា គាត់សម្លុតគ្នាគាត់ ថាឲ្យតែហ៊ានមកចាប់ដៃជាមួយសម រង្ស៊ី ជាមួយអ្នកស្នេហាជាតិ គឺគាត់នឹងធ្វើបាបគ្នាគាត់ នៅជុំវិញគាត់សព្វថ្ងៃ ដូចពួកគាត់ធ្វើបាបយើង ។ ដូច្នេះអ្នកឈឺចាប់ច្រើនណាស់ អ៊ីចឹងហើយបានរួបរួមគ្នា កុំនិយាយពីរឿងបក្ស និយាយពីរឿងជាតិ ធ្វើឲ្យយើងអាចរួបរួមគ្នា គ្រប់គណបក្សទាំងអស់អាចរួបរួមគ្នាដើម្បីរំដោះប្រទេសកម្ពុជា ពីត្រកូលចង្រៃ ហ៊ុន សែន ។ អ៊ីចឹងយើងដល់ដំណាក់កាលនេះហើយ ត្រូវតែតស៊ូ ហើយុទ្ធសាស្រ្តតស៊ូ ខុសពីយុទ្ធសាស្រ្តបោះឆ្នោត ។ ខ្ញុំអស់មានជំនឿលើការបោះឆ្នោតហើយ បោះឆ្នោតស្រុកខ្មែរ បោះឆ្នោតលេងសើច បោះឆ្នោតហ៊ុន សែន បន្លំជានិច្ច ហ៊ុន សែន ឈ្នះរហូត ។ តើយើងត្រូវលេងល្បែងបោះឆ្នោតទៀតទេបងប្អូន? អត់ទេ! អត់លេងល្បែងបោះឆ្នោតជាមួយហ៊ុន សែន ទេ ។ ដូច្នេះនៅសល់ផ្លូវតែមួយទេ គឺតស៊ូរំដោះប្រទេសជាតិយើង ឲ្យទាល់តែបាន ពីត្រកូលចង្រៃ ហ៊ុន សែន“ ។
ស្របនឹងការថ្លែងរបស់លោកសម រង្ស៊ី ខាងលើនេះដែរ លោកសេង រតនា សកម្មជនប្រឆាំង នៅសហរដ្ឋអាមេរិក ខាងក្រុមគាំទ្រលោកសម រង្ស៊ី បានប្រកាសគាំទ្រសមាសភាពក្បាលម៉ាស៊ីនដឹកនាំចលនាជាតិតស៊ូ ដែលមានលោកសម រង្ស៊ី ជាប្រធាននេះ ។ ប៉ុន្តែលោកសេង រតនា ដែលដាក់ងារខ្លួនឯងជាសម្តេចសេង រតនា នោះ បានសរសេរព័ត៌មានបំភ្លៃពីសមាសភាពថ្នាក់ដឹកនាំចលនាជាតិតស៊ូនេះ ដោយថា ក្បាលម៉ាស៊ីនដឹកនាំចលនាជាតិតស៊ូនៅក្នុងប្រទេសកម្ពុជា មានសម្តេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធាន សម្តេច សាយ ឈុំ ជាអនុប្រធាន និងលោកកែ គឹមយ៉ាន ជាប្រធានក្រុមជំនួយការ ទៅវិញ។

លោកសេង រតនា បានសរសេរក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ថា “សូមអបអរសាទរក្បាលម៉ាស៊ីនដឹកនាំចលនាជាតិតស៊ូនៅក្នុងប្រទេសកម្ពុជា ។ រួមមាន : ១- សម្តេច ស ខេង ជាប្រធាន ២- សម្តេច សាយ ឈុំ ជាអនុប្រធាន ៣- សម្តេច កែ គឹមយ៉ាន ជាប្រធានក្រុមជំនួយការ ។ ខ្ញុំសូមប្រកាសគាំទ្រពីសហរដ្ឋអាមេរិក និងសូមជូនពរសម្តេច ទាំងបី មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច“ ។
ទោះបីយ៉ាងណាជុំវិញការបំភ្លៃព័ត៌មានរបស់ក្រុមសម រង្ស៊ី ខាងលើនេះ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ថា លោកសុំមិនឆ្លើយតប នាំឲ្យអស់ទឹកមាត់ទេ ហើយក៏មិនបរិយាយច្រើនជុំវិញការបង្កើតក្រុមប្រឹក្សាជាតិតស៊ូ របស់សម រង្ស៊ី នោះដែរ គឺចង់បង្កើតអីបង្កើតទៅ ។
លោកសុខ ឥសាន បានមានប្រសាសន៍ថា “ឥឡូវគាត់ (សម រង្ស៊ី ) បង្កើតអីបង្កើតទៅ អាហ្នឹងយើងមិនបាច់មានមតិអីទេ ខ្ញុំអត់និយាយអីចូលពួកហ្នឹងទេ ពីព្រោះវាបង្កើតហ្នឹង មិនមែនទើបបង្កើតម្ដងហ្នឹងឯណា បង្កើតដប់ម្ភៃដងទៅហើយ ក៏ប៉ុន្តែសួរថា វាបានការអី? អ៊ីចឹងទេ វាគ្រាន់តែជានយោបាយបោកបញ្ឆោតភូតកុហកសកម្មជនរបស់គាត់តែប៉ុណ្ណឹង ។ អ៊ីចឹងទេ គឺមិនបាច់ឆ្លើយតបទេ ទោះបីគាត់ប្រើពាក្យថា “បញ្ចប់នយោបាយសន្តិភាពងើប១វ៉ៃ១” ក៏ដោយ ប្រើអីប្រើទៅ ខ្ញុំអត់ឆ្លើយតបទេ ហើយអាហ្នឹងស្រេចនឹងគាត់ គាត់តែងតាំងអ្នកណា ក៏តែងតាំងទៅ ។ ឯបុគ្គលមួយនោះ (សេង រតនា) ថា អបអរសាទរសម្ដេច ស ខេង និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាថ្នាក់ដឹកនាំចលនាជាតិតស៊ូនោះ ខ្ញុំអត់និយាយទេ សុំទោសហើយណា! អត់ឆ្លើយតបទេ វាអត់ប្រយោជន៍ នាំឲ្យខាតទឺកមាត់“ ។

យ៉ាងណាក៏ដោយ សម្រាប់អ្នកនាំពាក្យសម្តេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីប្រកាសថ្កោលទោសចំពោះលោកសេង រតនា ដែលបំភ្លៃព័ត៌មានតាមបណ្តាញសង្គមខាងលើនេះ ។
សេចក្ដីប្រកាសថ្កោលទោស របស់អ្នកនាំពាក្យសម្ដេច ស ខេង ចុះថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ មានខ្លឹមសារថា “អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ និងធ្ងន់ធ្ងរបំផុត ចំពោះក្រុមប្រឆាំងជ្រុលនិយម និរទេសខ្លួននៅបរទេស ដែលតែងតែចិញ្ចឹមចិត្តបង្កើតព័ត៌មានក្លែងក្លាយ ដោយបំពាន បំភ្លៃ និងបំភាន់ តាមបណ្តាញសង្គមថា សម្តេចក្រឡាហោម ស ខេង ជាក្បាលម៉ាស៊ីនដឹកនាំនៃរបស់ដែលហៅថា ចលនាជាតិតស៊ូស្អីគេនោះ។
អ្នកនាំពាក្យ សូមគូសបញ្ជាក់ថា សកម្មភាពរបស់ក្រុមជ្រុលនិយមទាំងនេះ គឺជាឧបាយកលទុច្ចរិត អសីលធម៌ គ្មានគុណធម៌ជាមនុស្សជាតិ ក្នុងទិសដៅបំពានបំភ្លៃ បំភាន់ មួលបង្កាច់ ក្លែងបន្លំ ញុះញង់ ក្នុងគោលបំណងអគតិបំបែកបំបាក់សាមគ្គីផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា បម្រើចេតនាព្រៃផ្សៃខ្មៅងងឹត សម្រេចមហិច្ឆតាដណ្តើមអំណាច ក្នុងទម្រង់ទាញទម្លាក់ប្រជាជន និងកម្ពុជា ទាំងមូល ឱ្យចូលភ្នក់ភ្លើងវិនាសកម្មម្តងទៀត តាមរបៀប «បដិវត្តន៍ពណ៌»។
អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង សូមរំលឹកជូនថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី បានបញ្ជាក់ម្តងទៀតក្នុងពិធីបំពាក់ឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាសប្រាំផុត ថ្មីៗនេះថា “គ្មាននរណាអាចបំបែកបំបាក់ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា បានទេ ផ្ទុយទៅវិញគ្រប់ការប៉ុនប៉ងបំបែកបំបាក់ តែងតែរលាយខ្លួនឯងទៅវិញ»។ ជារួម គ្រប់ព័ត៌មានដែលបង្កើតដោយក្រុមប្រឆាំងជ្រុលនិយម ក៏សុទ្ធតែជារបៀបវារៈនយោបាយដូចដែលពួកគេធ្លាប់អះអាងជារឿយៗថា “គេនៅមានក្លេជាច្រើនទៀតប្រឌិតឡើង ដើម្បីធ្វើឱ្យជំរំទេវតាឆេះ» ដែលគេចង់សំដៅដល់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលស្របច្បាប់ ទាំងក្នុងបច្ចុប្បន្ន និងទៅអនាគត។ គំនិតដ៏ស្មោកគ្រោកទាំងនេះ គឺជាភេរវករនយោបាយ និងជាបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ ដែលអាចបង្កអន្តរាយដល់ប្រជាជននិងជាតិទាំងមូល។
អ្នកនាំពាក្យ សូមសង្កត់ធ្ងន់ថា សម្តេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃគណៈអចិន្ត្រៃយ៍គណបក្ស តែងជួបប្រជុំពិគ្រោះយោបល់តាមទស្សនៈ “រូបរួមគ្នាដើម្បីកម្ពុជារុងរឿង ក្នុងស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ ឋានៈជាគណបក្សដឹកនាំរាជរដ្ឋាភិបាល ដើម្បីទប់ទល់នឹងភាពមិនប្រាកដប្រជារបស់ពិភពលោក រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ស្ថិរភាពសង្គម ការពារសន្តិភាព និងរក្សាលំនឹងសេដ្ឋកិច្ច ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ប្រកបដោយឆន្ទៈមោះមុតខ្ពស់ គោរពេនិងគាំទ្រឥតងាករេ នូវរាល់សេចក្តីសម្រេចរបស់គណបក្ស ក្រោមការដឹកនាំប្រកបដោយប្រតិភាណ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា“ ។
សេចក្ដីប្រកាសថ្កោលទោស របស់អ្នកនាំពាក្យសម្តច ស ខេត បន្តទៀតថា “សម្តេចក្រឡាហោម តែងគោរពគោលការណ៍ដឹកនាំតាមឋានានុក្រម និងមានភក្តីភាព មានកាលៈទេសៈប្រកបដោយសេចក្តីកតញ្ញូចំពោះសម្តេចតេជោ ។ សម្ដេចតេជោ តែងមានព្រហ្មវិហារធម៌ចំពោះសម្តេចក្រឡាហោម គឺគ្មានអ្វីអាចបំបែកស្មារតីចាស់ទុំរបស់លោកទាំងពីរបានជាដាច់ខាត ដូចពាក្យតំណាលថា “សម្តេចក្រឡាហោម ក្រោមការដឹកនាំរបស់សម្តេចតេជោ” ។
សម្តេចក្រឡាហោម ស ខេង តែងតម្កល់នូវគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ជាក់ស្តែង សម្តេចក្រឡាហោម ថ្លែងពីខេត្តបាត់ដំបង នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នេះថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាអគ្គមគ្គុទេសក៍ដ៏ឆ្នើមក្នុងការដោះស្រាយបញ្ជាកម្ពុជា ពីការបែកបាក់ ពីសង្គ្រាម ជម្លោះឈ្លោះទាស់ទែង បែងចែកទឹកដី រហូតមកដល់មានសុខសន្តិភាព តាមរយៈនយោបាយឈ្នះ-ឈ្នះចុងក្រោយ ដែលសម្តេចតេជោ បានដឹកនាំ បានដាក់ចេញ ដោយមានការគាំទ្រ ការចូលរួមរបស់ថ្នាក់ដឹកនាំក្រោមឱវាទ ក៏ដូចជាមន្ត្រីពជការ ប្រជាពលរដ្ឋ នាំឱ្យទទួលបានសុខសន្តិភាព ១០០% គឺកម្ពុជា យើងគ្មានសង្គ្រាម ឬអាចនិយាយថា គ្មានកម្លាំងប្រដាប់អាវុធណាមួយនៅក្រៅច្បាប់នោះទេ ដោយមានតែកងយោធពលខេមរភូមិន្ទ តែមួយគត់ ស្ថិតក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល កើតចេញពីការបោះឆ្នោត ហើយការអនុវត្តតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា យើងខិតខំប្រឹងប្រែងក្រោមការដឹកនាំរបស់សម្តេចតេជោ ធ្វើឱ្យប្រទេសកម្ពុជា ប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។ កម្ពុជា ធ្វើបានប៉ុណ្ណេះ ចាត់ទុកថា ជោគជ័យធំណាស់ ដែលយើងមិនអាចបំភ្លេចបាន ការដឹកនាំជំរុញនូវការអភិវឌ្ឍ ការស្តារ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ដើម្បីឈានទៅសម្រេចគោលដៅ កម្ពុជាជាប្រទេសអភិវឌ្ឍន៍ មានចំណូលខ្ពស់ នាឆ្នាំ២០៥០ ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាគាំទ្រយុទ្ធសាស្ត្រនេះ ដើម្បីផលប្រយោជន៍ជាតិ»។ ជាពិសេស សម្តេចក្រឡាហោម ស ខេង តែងតែប្រប្រកាសជំហរគាំទ្ររាជរដ្ឋាភិបាលកម្ពុជា បន្តវេន ប្រកបដោយភាពជឿជាក់ខ្ពស់ ចំពោះការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ជាថ្មីម្តងទៀត អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង សូមអំពាវនាវដល់សាធារណជនជាតិ និងអន្តរជាតិ កុំជឿតាមសារបស់ក្រុមភេរវករនយោបាយ ដែលមានចរិតបំពានជាន់ឈ្លីច្បាប់ គោលការណ៍ប្រជាធិបតេយ្យ បំផ្លិចបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍ និងប្រក្រតីភាពនៃសេចក្តីសុខរបស់ប្រពលរដ្ឋខ្មែរ ដែលទើបតែទទួលបានពីមនុញ្ញផលនៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសក៍ឯក នៃសន្តិភាព និងការអភិវឌ្ឍ។ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា “ការផ្សព្វផ្សាយនេះ មិនមែនជាការពិត ជាការបាកប្រាស់ បែបប្រជាភិថុតិសុទ្ធសាធ ដែលត្រូវបដិសេធយ៉ាងដាច់អហង្ការ និងត្រូវថ្កោលទោសយ៉ាងធ្ងន់ធ្ងរ“។ លើសពីនេះ ការបង្កើតចលនាតស៊ូនិរទេសខ្លួននៅបរទេសនេះ គឺជាចលនាខុសច្បាប់ ច្រាសទិសលទ្ធិប្រជាធិបតេយ្យ និងសូមឱ្យប្រជាពលរដ្ឋខ្មែរ កុំចាប់អារម្មណ៍ កុំជឿតាម កុំគាំទ្រ កុំចូលរួមជាដាច់ខាត“ ៕ កុលបុត្រ

