Wednesday, March 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមេប៉ុស្តិ៍មិននៅ ភ្លើង.../ឆេះបន្ទប់ធ្វើការ

មេប៉ុស្តិ៍មិននៅ ភ្លើង…/ឆេះបន្ទប់ធ្វើការ

ភ្នំពេញ ៖ បន្ទប់ធ្វើការរបស់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ត្រូវបានអគ្គិភ័យឆាប ឆេះបណ្តាលឱ្យរងការខូចខាតសម្ភារៈមួយចំនួន និងផ្អើលដល់សមត្ថកិច្ចចេញអន្តរាគមន៍ ដោយបញ្ជូនរថយន្តពន្លត់អគ្គិភ័យ បាញ់ទឹកពន្លត់ភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ ស្ថិតនៅតាមបណ្តោយផ្លូវ១៤៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេង កង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ មានកម្លាំងសមត្ថកិច្ចបានប្រចាំការនៅក្នុងប៉ុស្តិ៍ខាងលើ ហើយស្រាប់តែពេលកើតហេតុមានការដាច់ភ្លើងនៅក្នុងប៉ុស្តិ៍ ដោយពួកគាត់សង្ស័យស្មានតែដាច់ភ្លើងទាំងអស់ ក៏ចេញរកមើល ស្រាប់តែឃើញផ្សែងហុយខ្មួលខ្មាញ់ចេញពីបន្ទប់លោកនាយប៉ុស្តិ៍ ដែលចាក់សោចេញទៅក្រៅ។

ប្រភពដដែល បន្តថា ដោយឃើញសភាពបែបនេះ ពួកគាត់បានរាយការណ៍សុំជំនួយពីរថយន្តពន្លត់អគ្គិភ័យ ចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។ ក្រោយទទួលព័ត៌មានភ្លាម សមត្ថកិច្ចជំនាញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអន្តរាគមន៍ ចំនួន៧គ្រឿង ធ្វើការបាញ់ទឹកពន្លត់អស់ចំនួន ១៤រថយន្ត ទើបធ្វើឱ្យភ្លើងរលត់ទៅវិញ នៅវេលាម៉ោង ៧និង៤០នាទីយប់ ថ្ងៃដដែល។

តាមការបញ្ជាក់ពីសមត្ថកិច្ច ហេតុការណ៍នេះ មិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្ស និងឆេះរាលដាលដល់ផ្ទះរបស់ប្រជាពលរដ្ឋក្បែរខាងនោះទេ។ ចំពោះការខូចខាត រួមមាន បន្ទប់ធ្វើការរបស់នាយប៉ុស្តិ៍ ទំហំ៤ម៉ែត្រ គុណនឹង ៤ម៉ែត្រ ចំនួន១បន្ទប់ ឆេះម៉ាស៊ីនថតអត្តសញ្ញាណប័ណ្ណ ចំនួន១គ្រឿង កុំព្យូទ័រ ចំនួន១គ្រឿង រួមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ចំពោះមូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

RELATED ARTICLES