Saturday, March 29, 2025
Homeព័ត៌មានជាតិអសមត្ថភាព ចុះចេញ ! បក្សកាន់អំណាច ប្រតិកម្មនឹងសម រង្ស៊ី ព្រមានរឿងកោះគុត

អសមត្ថភាព ចុះចេញ ! បក្សកាន់អំណាច ប្រតិកម្មនឹងសម រង្ស៊ី ព្រមានរឿងកោះគុត

ភ្នំពេញ ៖ បក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានប្រតិកម្មនឹងលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) កំពុងរស់និរទេសនៅប្រទេសបារាំង ដែលបានព្រមានថា រឿងកោះគុត  ដល់ណាហើយ បើអសមត្ថភាព សូមមេត្តាចុះចេញ!…។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សឈ្នះឆ្នោត ។ ដូច្នេះមិនមានហេតុផលអីត្រូវចុះចេញ ទៅតាមពាក្យរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលជាខ្មាំងសត្រូវរបស់គណបក្សប្រជាជនកម្ពុជា នោះទេ ហើយគណបក្សប្រជាជនកម្ពុជា ក៏មិនមានអ្វីត្រូវបកស្រាយទៅទណិ្ឌតមេឧទ្ទាមក្បត់ជាតិ សម រង្ស៊ី ថែមទៀតដែរ ព្រោះរឿងកោះគុត នេះ ទាំងសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏ដូចសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានបញ្ជាក់ច្បាស់ហើយថា សម្តេច មិនដែលភ្លេចពីការការពារទឹកដីកម្ពុជា នោះទេ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “អារឿងការពារបូរណភាពទឹកដី វាជាតួនាទីភារកិច្ចរបស់រាជរដ្ឋាភិបាល មិនមែនតួនាទីរបស់ក្រុមមនុស្សរត់ចោលស្រុកទេ ។ អ៊ីចឹងទោះបីទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ ជ្រុលនិយម និយាយយ៉ាងម៉េចក៏ដោយ ក៏វាគ្មានប្រសិទ្ធភាពអីដែរ ហើយប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាមេដឹកនាំគណបក្សប្រជាជន លោកបានបញ្ជាក់ជូនប្រជាពលរដ្ឋកម្ពុជា ទូទៅបានជ្រាបអស់ហើយ ។ ដូច្នេះយើងមិនបាច់និយាយអីទេ“។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ប៉ុន្តែយ៉ាងណា ការប្រើពាក្យ “អសមត្ថភាព ចុះចេញ!” នោះ ខ្ញុំសូមឆ្លើយទៅវិញថា គណបក្សប្រជាជន ជាគណបក្សឈ្នះឆ្នោត ។ ដូច្នេះហើយ មិនចុះចេញទៅតាមពាក្យរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលជាខ្មាំងសត្រូវរបស់គណបក្សប្រជាជនទេ ។ ការសម្រេច នៅលើសន្លឹកឆ្នោតប្រជាពលរដ្ឋ គឺអាហ្នឹងនៅលើប្រជាពលរដ្ឋ ដែលផ្ដល់ឲ្យទៅដល់រយៈពេល ៥ឆ្នាំ ឥឡូវទើបតែបាន ១ឆ្នាំហ្នឹង ទៅចុះចេញលេងៗម៉េច? និយាយរួម អត់មានការចុះចេញផង ហើយយើងកុំឲ្យទណ្ឌិតហ្នឹងសង្ឃឹមថាបានកាន់អំណាចហ្នឹង វាអត់ផ្លូវទេ ខ្លួននៅតែដេកទទូរភួយនៅស្រុកបារាំង ឯណោះ វាអត់មានផ្លូវទេ ព្រោះវាអត់មានអ្នកណាគាំទ្រ ហើយជាពិសេស ខ្លួនគាត់រត់ចោលស្រុកខ្លួនឯងហ្នឹង មានពីណាបោះឆ្នោតឲ្យ?“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “ចំពោះទណ្ឌិតរូបនេះ ចោទថា មូលហេតុដែលសម្ដេចហ៊ុន សែន មិនហ៊ានដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ ព្រោះសម្ដេច ខ្លាចតុលាការសើរើផែនទីដើម ដែលមានបង្ហាញកោះត្រល់ ផងដែរនោះ យើងមិនអាចយកពាក្យរបស់ទណ្ឌិតក្បត់ជាតិហ្នឹង មកធ្វើជាមូលដ្ឋានដើម្បីបកស្រាយអីទេ មិនបាច់និយាយនាំអស់ទឹកមាត់ទេ ជាមួយពួកហ្នឹង មិនបាច់ឆ្លើយឆ្លងអីជាមួយវាទេ ។ ប៉ុន្តែជាជំហររឿងកោះគុត នេះ អាហ្នឹងខ្ញុំបានប្រាប់អម្បាញ់ហើយតើ! គឺថា សម្ដេចហ៊ុន ម៉ាណែត ក៏ដូចសម្ដេចតេជោ ហ៊ុន សែន លោកបានបញ្ជាក់អំពីជំហររបស់កម្ពុជា ហើយយើងមានអីទៅបកស្រាយថែមទៀត? វាអត់មានទេ“ ។

សូមបញ្ជាក់ថា ប្រតិកម្មរបស់លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ខាងលើនេះ បានធ្វើឡើងក្រោយពីលោកសម រង្ស៊ី អតតីមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ដែលកំពុងរស់និរទេសនៅប្រទេសបារាំង បានយកបណ្ដាញសង្គម បន្តវាយប្រហារមកលើគណបក្សកាន់អំណាច ជាពិសេស មកលើត្រកូលសម្ដេចហ៊ុន សែន ដោយព្រមានឲ្យនាយករដ្ឋមន្រី្តកម្ពុជា ចុះចេញពីតំណែង បើអសមត្ថភាពក្នុងការដោះស្រាយរឿងកោះគុត ដែលថៃ រំលោភយក ។

លោកសម រង្ស៊ី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក កាលពីពេលថ្មីៗនេះថា “សួរម្តងទៀត!! តើកោះគុត/គជ់ ចរចាដល់ណាហើយ? បើអសមត្ថភាព សូមមេត្តាចុះចេញ! ផ្ការីក ចលនាជាតិតស៊ូ” ។

លោកសម រង្ស៊ី បានសរសេរបន្ថែម នៅក្នុងខម្មិនថា “មិនថាកោះត្រល់ ឬកោះគុត/គជ់ទេ យើងអាចនឹងបាត់បង់ប្រទេសទាំងមូល ដោយស្នាដៃត្រកូលហ៊ុន។ មធ្យោបាយតែមួយគត់ ដើម្បីសង្គ្រោះកម្ពុជា គឺបញ្ចប់របបគ្រួសារត្រកូលហ៊ុន។ ផ្ការីក“ ។

លោកសម រង្ស៊ី បានសរសេរបន្ថែមថា “មូលហេតុដែលហ៊ុន សែន មិនហ៊ានដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ ព្រោះគាត់ខ្លាចតុលាការ សើរើផែនទីដើមដែលមានបង្ហាញកោះត្រល់ ផងដែរ“ ។

គួរបញ្ជាក់ដែរថា ការលើកឡើងរបស់លោកសម រង្ស៊ី ខាងលើនេះ បានធ្វើឡើងស្របពេលដែលចលនាប្រឆាំងនៅក្រៅប្រទេស រួមមានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ របស់លោកស្រី មួរ សុខហួរ អតីតអនុប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ និងជាអតីតតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង, បណ្ដាញយុវជនកម្ពុជាសកល ដែលលោកសុភ័ណ្ឌ ឡារី កូនធម៌លោកសម រង្ស៊ី ជាប្រធាន, អង្គការខ្មែរដើម្បីប្រជាធិបតេយ្យ និងគណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន៍ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលមានលោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប ជាប្រធាន ជាដើម បានប្រារព្ធពិធីសមាជនៅក្រៅប្រទេស ជាបន្តបន្ទាប់ ស្តីអំពីដំណោះស្រាយបញ្ហាកម្ពុជា ដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស អំពើអយុត្តិធម៌សង្គម ការបំផ្លាញប្រជាធិបតេយ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងបញ្ហាកោះគុត ដោយបានលើកឡើងថា ទាំងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុន ម៉ាណែត និងប្រធានគណបក្សកាន់អំណាច សម្ដេចហ៊ុន សែន នៅតែមិនទាន់បញ្ជាក់ទៅកាន់ពលរដ្ឋខ្មែរ នៅឡើយទេថា កម្ពុជា មានចំណែកគ្រប់គ្រងលើកោះគុត ឬក៏អត់នោះ ខណៈដែលភាគីថៃ បានចេញមុខបញ្ជាក់ច្បាស់ៗទៅកាន់ពលរដ្ឋរបស់គេថា កោះគុត ជាកម្មសិទ្ធិរបស់ថៃ តែមួយគត់ ហើយគ្មានប្រទេសណាអាចដណ្ដើមកាន់កាប់កោះនេះបានដាច់ខាត ។ ពួកប្រឆាំងនៅក្រៅប្រទេស បានប្រកាសជំហរថា នៅតែធ្វើការតវ៉ាបន្តទៅទៀត លុះត្រាតែរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានដំណោះស្រាយលើបញ្ហាកោះគុត តាមលក្ខខណ្ឌល្អប្រសើរ អាចទទួលយកបាន គឺមិនមែនជាការចរចាទ្វេភាគីជាមួយថៃ តែជាការដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិ ទើបកម្ពុជា ឈ្នះក្ដីថៃ ដូចករណីប្រាសាទព្រះវិហារ ។ មិនតែប៉ុណ្ណោះ ក្រុមប្រឆាំងនៅក្រៅប្រទេស ដឹកនាំដោយលោកសម រង្ស៊ី បានចោទថា នៅក្នុងសំណុំរឿងតំបន់កោះគុត នេះ មានការលួចចរចាសម្ងាត់ រវាងសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងលោកថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។

ទោះបីជាយ៉ាងណា ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥  កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានអះអាងថា គ្មានទេ ការស៊ុមគ្រលុំគ្នា ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន រវាងគ្រួសារសម្ដេចហ៊ុន សែន និងគ្រួសារលោក ថាក់ស៊ីន លើតំបន់ត្រួតស៊ីគ្នា កោះគុត។ សម្ដេចនាយករដ្ឋមន្ត្រី បន្តថា កិច្ចការទាក់ទងនឹងរឿងកោះគុត មិនមែនធ្វើឡើងដោយស្ងាត់ៗនោះទេ។ រាជរដ្ឋាភិបាល បានចរចាជាបន្តបន្ទាប់ តាំងពីឆ្នាំ១៩៩៥ ដើម្បីផលប្រយោជន៍ជាតិ ហើយក៏គ្មានការធ្វើឱ្យបាត់បង់សិទ្ធិក្នុងការចរចាព្រំដែនដែរ។ ជាពិសេស សម្ដេច បញ្ជាក់ថា ការចរចាជាមួយប្រទេសថៃ ជុំវិញការទាមទារតំបន់ដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ ត្រូវតែឈរលើគោលការណ៍បែងចែកផលសេដ្ឋកិច្ចដែលអាចទទួលយកបាន។

ដោយឡែក ថ្លែងនៅពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣២ ប្រចាំឆ្នាំ២០២៤ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចាត់ទុកការចោទប្រកាន់របស់ក្រុមប្រឆាំងថៃ និងក្រុមប្រឆាំងខ្មែរ នៅក្រៅប្រទេស ដែលថា សម្ដេច និងលោកថាក់ស៊ីន បានត្រូវរ៉ូវគ្នាលើបញ្ហាកោះគុត នោះជារឿងហួសហេតុបំផុត។ សម្ដេច បញ្ជាក់ថា ការចរចារវាងសម្តេច និងលោក ថាក់ស៊ីន នៅពេលដែលសម្ដេច នៅជានាយករដ្ឋមន្រ្តីនោះ គឺផ្តោតសំខាន់លើការធ្វើអាជីវកម្មខួងប្រេងនៅតំបន់ត្រួតស៊ីគ្នា ប៉ុន្តែកិច្ចការទាំងអស់នេះ មិនអាចឈានទៅមុខបាន ។ សម្ដេច បានលើកឡើងថា ពួកប្រឆាំង កំពុងរុញបញ្ហាកោះគុត ឱ្យក្លាយជាជម្លោះប្រដាប់អាវុធ និងសង្គ្រាម នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ ប៉ុន្តែបានអំពាវនាវឱ្យពលរដ្ឋ កុំបន្តរុញស្ថានការណ៍នេះធ្លាក់កាន់តែជ្រៅ និងត្រូវទុកលទ្ធភាពឱ្យរដ្ឋាភិបាលកម្ពុជា ចរចាជាមួយរដ្ឋាភិបាលថៃ ដោយសម្ដេច មានជំនឿថា វិវាទដែនទឹកនៅកោះគុត អាចចរចាបាន និងមិនទាន់ដល់ដំណាក់កាលដែលកម្ពុជា ត្រូវយកបញ្ហាកោះគុតទៅដោះស្រាយនៅតុលាការអន្ដរជាតិនោះទេ។

ជាមួយនេះ ជុំវិញករណីកោះគុត នេះដែរ សម្ដេចហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា សម្ដេច មិនដែលភ្លេចពីការការពារទឹកដីកម្ពុជា នោះទេ ៕ កុលបុត្រ

RELATED ARTICLES