ខេត្តកំពត ៖ អ្នកកាសែតអនឡាញ ចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពត ធ្វើការឃាត់ខ្លួន បន្ទាប់ ពីធ្វើបានសកម្មភាពផ្សាយព័ត៌មានពីបញ្ហាការបង្ហូរទឹកកខ្វក់ចេញពីកាស៊ីណូ ចូលក្នុងប្រឡាយ និងចាក់សំរាមនៅខាងក្រោយកាស៊ីណូ និងបានគំរាមទារប្រាក់ពីខាងកាស៊ីណូ ចំនួន២ពាន់ដុល្លារ ត្រូវភាគីកាស៊ីណូ ដាក់ ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួន។ ក្រោយការឃាត់ខ្លួន អ្នកកាសែតអនឡាញ ទាំង៣នាក់ ត្រូវបានបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ ហើយត្រូវបានតុលាការសម្រេចចោទប្រកាន់ និងឃុំខ្លួន ២នាក់ ចំណែកជនត្រូវចោទម្នាក់ ភេទស្រី តុលាការសម្រេចមិនឃុំខ្លួន ដោយហេតុផលមនុស្សធម៌ (មានកូនតូច៣នាក់ក្នុងបន្ទុក) ។

អ្នកសារព័ត៌មានអនឡាញ ទាំង៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះទន់ ម៉ូវ ភេទប្រុស អាយុ៤១ឆ្នាំ ជាចាងហ្វាងសារព័ត៌មានកំពតដេលី។ ទី២-ឈ្មោះខ្មៅ មិថុនា ភេទប្រុស អាយុ៣២ឆ្នាំ ជានិពន្ធនាយកសារព័ត៌មាន កំពតដេលី និងទី៣-ឈ្មោះធី សុផល ភេទស្រី អាយុ៣៥ឆ្នាំ ជាចាងហ្វាងសារព័ត៌មានអធិរាជសំឡេងចៅកំសត់ និងជាពិធីការិនី។

តាមប្រភពសមត្ថកិច្ច បានដឹងថា អ្នកកាសែតអនឡាញ ចំនួន៣នាក់ (ស្រី១) ខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពត ធ្វើការឃាត់ខ្លួន បន្ទាប់ពីអ្នកកាសែត ទាំង៣នាក់ បានធ្វើសកម្មភាពផ្សាយព័ត៌មានពីបញ្ហាការបង្ហូរទឹកកខ្វក់ចេញពីកាស៊ីណូ «កាស៊ីណូខ្ញុំ» ចូលក្នុងប្រឡាយ និងចាក់សំរាមនៅខាងក្រោយកាស៊ីណូ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ និងបានផ្តិតរូបភាពផ្ញើជូនលោកអភិបាលស្រុកកំពង់ត្រាច និងលោកអភិ បាលខេត្តកំពត ហើយបន្ទាប់មក បានបង្ហោះលើផេកសារព័ត៌មានរបស់ខ្លួន (កំពតដេលី) ដោយសំណូមពរមន្ទីរបរិស្ថានខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទ ព្រមទាំងលោកម៉ៅ ធនិន អភិបាលខេត្តកំពត ជួយត្រួតពិនិត្យមើលផង។

ប្រភពដដែល បន្តថា តាមចម្លើយសារភាពរបស់អ្នកកាសែតអនឡាញ ឈ្មោះ ទន់ ម៉ូវ ដែលជាចាងហ្វាងសារព័ត៌មាន កំពតដេលី បានឲ្យដឹងថា ក្រោយពីមានការផ្សព្វផ្សាយព័ត៌មានខាងលើ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ មានទូរស័ព្ទតំណាងក្រុមហ៊ុនកាស៊ីណូ បានហៅចូលមកខ្លួនថា សូមស្ងាត់ទៅ ឈប់បង្ហោះទីតាំងចាក់សំរាមនោះទៀត ចាំគេជួយថ្លៃសាំងខ្លះ។ ពេលនោះ ខ្លួនបានសួរទៅអ្នកទូរស័ព្ទមកនោះថា ជួយរបៀបម៉េច? គេប្រាប់ថា ជួយ១ពាន់ដុល្លារ។ ខ្លួនបានប្រាប់វិញថា ពេលចុះទៅផ្សាយនោះ មិនមែនតែមួយស្ថាបន័ទេ គឺមាន ២ស្ថាប័ន ហើយសុំឱ្យជួយ ២ពាន់ដុល្លារ ទើបយក។ ពេលនោះ តំណាងក្រុមហ៊ុនថា បើអ៊ីចឹង ចាំគាត់ជួយ២ពាន់ដុល្លារ ទើបខ្លួនប្រាប់ថា បើបងជួយខ្ញុំ ខ្ញុំយល់ព្រមឈប់ចុះផ្សាយបន្តទៀត។
បន្ទាប់ពីមានការគំរាមទារប្រាក់ ពីសំណាក់អ្នកកាសែតនោះរួចមក តំណាងក្រុមហ៊ុនកាស៊ីណូមានការថ្នាំងថ្នាក់ ដោយសារការគំរាមទារប្រាក់ ចំនួន២ពាន់ដុល្លារ ជាផ្នូរនឹងការឈប់ចុះផ្សាយព័ត៌មាននោះ។ ពេលនោះ តំ ណាងក្រុមហ៊ុនកាស៊ីណូ បានដាក់ពាក្យប្តឹងទៅសមត្ថកិច្ច ពីបទគំរាមទារប្រាក់ ចំនួន២ពាន់ដុល្លារ ហើយក៏ណាត់ឱ្យភាគីខាងសារពត៌មាន ឱ្យមកជួប ដើម្បីប្រគល់ប្រាក់ឱ្យ នៅកន្លែងណាមួយ។
លុះដល់វេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ យោងតាមពាក្យបណ្តឹង កម្លាំងសមត្ថកិច្ច បានសហការជាមួយដើមបណ្តឹង បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ នៅចំណុចកាហ្វេកីឡា មួយកន្លែង ក្នុងភូមិស្លាបតាអោន ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ខណៈជនសង្ស័យកំពុងទទួលប្រាក់ពីដើមបណ្តឹង។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ទន់ ម៉ូវ ជាចាងហ្វាងកាសែតកំពតដេលី បានសារភាពថា ខ្លួនពិតជាបានទារប្រាក់ចំនួន ២០០០ដុល្លារ ពីតំណាងក្រុមហ៊ុនកាស៊ីណូខ្ញុំ ជាផ្នូរនឹងការបញ្ឈប់ផ្សាយព័ត៌មានប្រាកដមែន។
ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង៣នាក់ រួមទាំងប្រមូលបានវត្ថុតាងរួចមក សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី ហើយត្រូវបានតុលាការសម្រេចចោទប្រកាន់ និងឃុំខ្លួន ចំនួន ២នាក់ និងដោះលែងក្រៅឃុំ ១នាក់ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពត លេខ : ០៦សបព.អក/២៥ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ស្តីពីការចោទប្រកាន់ជនសង្ស័យចំនួន ០៣នាក់ ដែលជាអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងករណីកំហែងយក (គំរាមទារប្រាក់) បានបញ្ជាក់ថា អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តកំពត មានកិត្តិយស សូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ តំណាងក្រុមហ៊ុនកាស៊ីណូខ្ញុំ ឈ្មោះញឹម វណ្ណឈុខ ភេទប្រុស អាយុ៤៦ឆ្នាំ បានប្ដឹងទៅសមត្ថកិច្ចនៃស្នងការដ្ឋាននគរ បាលខេត្តកំពត ចោទប្រកាន់លើចាងហ្វាងសារព័ត៌មាន កំពតដេលី ដែលគំរាមទារប្រាក់ ចំនួន ២០០០ (ពីរពាន់) ដុល្លារអាមេរិក ជាថ្នូរនឹងការបញ្ឈប់ចុះផ្សាយពត៌មាន នៅទីតាំងចាក់សំរាម និងកន្លែងបង្ហូរទឹក របស់កាស៊ីណូខ្ញុំ ហើយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៦និង៣០នាទី កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើការបង្ក្រាបជាក់ស្តែង ក្នុងខណៈដែលជនរងគ្រោះកំពុងប្រគល់ប្រាក់ ចំនួន ២០០០ (ពីរពាន់) ដុល្លារអាមេរិក ឱ្យទៅជនសង្ស័យទាំង ០៣នាក់ នៅចំណុចហាងកាហ្វេកីឡា ស្ថិតនៅក្នុងភូមិស្លាបតាអោន ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ឃាត់ខ្លួនជនសង្ស័យចំនួន ០៣រូប មាន ៖
១-ឈ្មោះ ទន់ ម៉ូវ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាចាហ្វាងសារព័ត៌មាន កំពតដេលី ស្នាក់នៅភូមិដួង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។
២-ឈ្មោះ ធី សុផល ភេទស្រី ជនជាតិខ្មែរ អាយុ៣៣ឆ្នាំ មុខរបរពិធីការិនី និងជាចាងហ្វាងសារព័ត៌មាន អធិរាជ សម្លេងចៅកំសត់ ស្នាក់នៅភូមិប៉ោសំរោង ឃុំតាពួង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
៣-ឈ្មោះ ខ្មៅ មិថុនា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាហ្វេ និងជានិពន្ធនាយកសារព័ត៌មានកំពតដេលី ស្នាក់នៅភូមិកោតាចាន់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ។
ដកហូតវត្ថុតាង រថយន្ត ០១គ្រឿង ម៉ាកTOYOTA CAMRY ផលិតឆ្នាំ២០០៣ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AI-0393, ប័ណ្ណសារព័ត៌មាន ចំនួន០៣ និងប្រាក់ ចំនួន ២០០០(ពីរពាន់) ដុល្លារអាមេរិក ដែលជារបស់ជនរងគ្រោះ ។
នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្តកំពត បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌ លេខ ២០១ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ។
ក្រោយពីតំណាងអយ្យការបានធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ និងពិនិត្យភស្តុតាង ព្រមទាំងបានស្តាប់ចម្លើយជនសង្ស័យខាងលើ តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើជនសង្ស័យ ចំនួន ០៣នាក់ រួមមាន ៖ ១-ឈ្មោះ ទន់ ម៉ូវ ភេទប្រុស អាយុ ៥០ឆ្នាំ, ២-ឈ្មោះ ធី សុផល ភេទស្រី អាយុ៣៣ឆ្នាំ និង ៣-ឈ្មោះ ខ្មៅ មិថុនា ភេទប្រុស អាយុ៣២ឆ្នាំ។
ពីបទ ៖ កំហែងយក (គំរាមទារប្រាក់) ប្រព្រឹត្តនៅចំណុចកាស៊ីណូខ្ញុំ ស្ថិតនៅក្នុងភូមិលក ឃុំឫស្សីស្រុកខាង លិច ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៦៣ និង មាត្រា ៣៦៤ នៃក្រមព្រហ្មទណ្ឌ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ លេខ ១៣៨ ចុះថ្ងៃ ទី២២ ខែមីនា ឆ្នាំ២០២៥ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន» ។

ថ្ងៃសៅរ៍ ៩រោច ខែផលួន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ខេត្តកំពត, ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ អ្នកនាំពាក្យ នៃអយការអមសាលាដំបូងខេត្តកំពត
បន្ទាប់មក នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ លោកឈុន ច័ន្ទសីហា អនុប្រធានសាលាដំបូងខេត្តកំពត និងជាចៅក្រមស៊ើបសួរ បានចេញដីការបង្គាប់ឲ្យឃុំខ្លួន ៖
១- នាមត្រកូល និងនាមខ្លួន ទន់ ម៉ូវ ភេទប្រុស អាយុ៤១ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ ចាងហ្វាង សារព័ត៌មានកំពតដេលី កម្រិតវប្បធម៌ថ្នាក់ទី៨ (ចាស់) មានទីកន្លែងកំណើត នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត មានលំនៅបច្ចុប្បន្ន នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ឪពុកឈ្មោះ ទុំ តង (ស) ម្តាយឈ្មោះ សេង សារុន (រ) ប្រពន្ធឈ្មោះ ប៉ែន ថាវី មានកូន ០១នាក់ ប្រវត្តិនៃការផ្តន្ទារទោសដោយតុលាការពីមុន គ្មាន ។ ឃាត់ខ្លួននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ ពីបទកំហែងយក (គំរាមកំហែងតាមតេលេក្រាម) ប្រព្រឹត្តនៅចំណុចកាស៊ីណូខ្ញុំ នៅភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៥ បទល្មើសដែលមានចែងនិងផ្តន្ទាទោស តាមបញ្ញត្តិមាត្រា៣៦៣ និងមាត្រា៣៦៤ នៃក្រមព្រហ្មទណ្ឌ ។
២- នាមត្រកូលនិងនាមខ្លួន ខ្មៅ មិថុនា ភេទប្រុស អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរនិពន្ធនាយកសារព័ត៌មានកំពតដេលី និងជាអ្នកលក់ការហ្វេ កម្រិតវប្បធម៌បរិញ្ញាបត្រ មានទីកន្លែងកំណើតនៅភូមិកោះតាចាន់ ឃុំ កំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត មានទីលំនៅបច្ចុប្បន្ននៅភូមិកោះតាចាន់ ឃុំកំពង់ ត្រាចខាងកើត ស្រុក កំពង់ត្រាច ខេត្តកំពត ឪពុកឈ្មោះ ទុំ សំអាង (រ) ម្តាយឈ្មោះ ឃុន ផល្លា (ស) ប្រពន្ធឈ្មោះ សូ ទិត្យាវតី ប្រវត្តិនៃ ការផ្តន្ទាទោសដោយតុលាការពីមុន គ្មាន ។ ឃាត់ខ្លួននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទកំហែងយក (គំរាមកំហែងតាមតេលេក្រាម) ប្រព្រឹត្តនៅចំណុចភាស៊ីណូខ្ញុំ នៅភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៥ បទល្មើសដែលមានចែងនិងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៦៣ និងមាត្រា៣៦៤ នៃក្រមព្រហ្មទណ្ឌ ។
បង្គាប់ ៖ – ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណរធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ទន់ ម៉ូវ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ខ្មៅ មិថុនា ភេទប្រុស អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ ទៅពន្ធនាគារខេត្តកំពត ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ។
-ឲ្យប្រធានពន្ធនាគារខេត្តកំពត ឃុំខ្លួនជនទាំង២នាក់នេះ រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។
– ឲ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឲ្យបានល្អ នៅពេលដីកានេះត្រូវបានបង្ហាញក្នុងករណីចាំបាច់។
ដោយឡែកចំពោះជនត្រូវចោទ ឈ្មោះ ធី សុផល ហៅស្រស់ ភេទស្រី អាយុ៣៣ឆ្នាំ ចៅក្រមស៊ើបសួរ បានចេញដីកាសម្រេចមិនឃុំខ្លួនបណ្តោះអាសន្ន តែតម្រូវឲ្យឈ្មោះនេះ ចូលទៅបង្ហាញខ្លួននៅចំពោះមុខតុលាការ ជាដរាបណាមានដីកាកោះហៅ ។

យោងតាមដីកាសម្រេចមិនឃុំខ្លួនបណ្តោះអាសន្ន ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ លោកឈុន ច័ន្ទសីហា អនុប្រធានសាលាដំបូងខេត្តកំពត និងជាចៅក្រមស៊ើបសួរ អមដោយលោក ប៉ុន ផារ័ត្នពេជ្រដារ៉ូ ជាក្រឡាបញ្ជី បានបញ្ជាក់ថា ក្រោយពីបានពិនិត្យចប់សព្វគ្រប់ហើយ ឃើញថា ឈ្មោះ ធី សុផល ហៅស្រស់ ភេទស្រី អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរជាពិធីការនី និងជាចាងហ្វាងសារព័ត៌មានអធិរាជសម្លេងចៅកំសត់ កម្រិតវប្បធម៌ថ្នាក់ទី១២ មានទីកន្លែងកំណើត នៅភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប មានលំនៅបច្ចុប្បន្ន នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ឪពុកឈ្មោះ បាន ធី (ស) ម្តាយឈ្មោះ សំ ចន្ទី (ស) ប្តីឈ្មោះ ម៉ឹង កំសត់ មានកូន ០៣នាក់ ប្រវត្តិនៃការផ្តន្ទាទោសដោយតុលាការពីមុន គ្មាន ត្រូវបានចោទប្រកាន់ពីបទកំហែងយក (គំរាមកំហែងតាមតេលេក្រាម) ប្រព្រឹត្តនៅចំណុចកាស៊ីណូខ្ញុំ នៅភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បទល្មើសដែលមានចែងនិងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៦៣ និងមាត្រា៣៦៤ នៃក្រមព្រហ្មទណ្ឌ ។
ហេតុដូច្នេះសម្រេចមិនឃុំខ្លួនឈ្មោះខាងលើនេះ តែតម្រូវឲ្យឈ្មោះនេះ ចូលទៅបង្ហាញខ្លួននៅចំពោះមុខតុលាការ ជាដរាបណាមានដីកាកោះហៅ ៕