ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោកតាមអនឡាញ ដោយបង្ហោះ លក់ផលិតផលគ្រឿងអេឡិចត្រូនិក និងទូរស័ព្ទ តែនៅពេលអ្នកទិញផ្ទេរប្រាក់មក មិនផ្ញើទំនិញទៅឲ្យ បែរជាប្លុកអ្នកទិញនោះចោលតែម្តង។

ជនសង្ស័យដែលត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួន មានឈ្មោះ ពៅ ចាន់វណ្ណៈ អាយុ៤២ឆ្នាំ មានលំនៅ សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្រោយស្តាត់ចាស់ ម្តុំមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប និងបានប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ Modern Phone Shop ដើម្បីបង្ហោះលក់ផលិតផលគ្រឿងអេឡិចត្រូនិក និងទូរស័ព្ទ។

ក្រោយឃាត់ខ្លួន ជនសង្ស័យបានទទួលស្គាល់ថា ខ្លួនពិតជាបានប្រព្រឹត្តអំពើឆបោកតាមអនឡាញ ជាច្រើនលើកច្រើនសាប្រាកដមែន ហើយភ័ស្តុតាងដែលសមត្ថកិច្ចជំនាញរកឃើញនៅក្នុង Facebook Page ជននេះបានប្លុកជនរងគ្រោះជាច្រើននាក់ ក្រោមរូបភាពដូចៗគ្នា គឺទទួល បានប្រាក់ហើយ មិនផ្ញើទំនិញត្រឡប់ទៅវិញ។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕