
ភ្នំពេញៈ ស្ថាប័នពាក់ព័ន្ធ រួមមាន ក្រេឌីត ប្យូរ៉ូ ខេមបូឌា (CBC) សមាគមមីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា និងស្ថាប័នសារព័ត៌មាន បានរួមគ្នាផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ និងការប្រើប្រាស់ឥណទានប្រកបដោយការទទួលខុសត្រូវ ដោយបានលើកឡើងពីការបញ្រ្ជាបចំណេះដឹងផ្នែកហិវញ្ញវត្ថុ ការប្រឈម ការទទួលខុសត្រូវ និងដំណោះស្រាយ ។
កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារណូវ៉ូថែល (NOVOTEL) ស្ថិតនៅផ្លូវ៥១ កែងផ្លូវ២៩៤ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានសហការជាមួយនឹងក្រេឌីត ប្យូរ៉ូ ខេមបូឌា (CBC) រៀបចំកិច្ចពិភាក្សាសារព័ត៌មានស្តីពី «ការចូលរួមផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ និងការប្រើប្រាស់ឥណទានប្រកបដោយការទទួលខុសត្រូវ”ក្នុងគោលបំណងដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាន បានស្វែងយល់អំពីតួនាទីនៃប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា ក្នុងការលើកកម្ពស់ស្ថិរភាពវិស័ហិរញ្ញវត្ថុនៅក្នុងទីផ្សារឥណទាន, និន្នាការ នៃទីផ្សារឥណទាន និងឥរិយាបថអ្នកប្រើប្រាស់ រួមទាំងស្ថានភាពឥណទាននៅកម្ពុជា សម្រាប់ឆ្នាំ២០២៤ ។

តាមរយៈនៃកិច្ចពិភាក្សានេះ អ្នកសារព័ត៌មាន ទទួលបាននូវចំណេះដឹងបន្ថែមទាក់ទងនឹងសិទ្ធិរបស់អតិថិជន និងច្បាប់ដែលបានតម្រូវក្នុងការប្រើប្រាស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា សម្រាប់ប្រជាពលរដ្ឋក្នុងការទទួលបានឥណទានជាមួយលក្ខខណ្ឌសមស្របសម្រាប់ទាំងស្ថាប័នហិរញ្ញវត្ថុ ក៏ដូចជាការការពារសិទ្ធិរបស់អតិថិជនផ្ទាល់ខ្លួនពីហានិភ័យឥណទាននិងវិធីដោះស្រាយបញ្ហានៅពេលប្រវត្តិឥណទានមានភាពមិនប្រក្រតីផងដែរ។ អ្វីដែលក្លឹបអ្នកកាសែតកម្ពុជា ចាត់ទុកកិច្ចពិភាក្សានេះមានសារសំខាន់ខ្លាំងនោះ សម្រាប់អ្នកសារព័ត៌មានផ្នែកសេដ្ឋកិច្ច ទទួលបាននូវចំណេះដឹងបន្ថែមអំពីការប្រើប្រាស់ឥណទានប្រកបដោយការទទួលខុសត្រូវ និងស្ថានភាពឥណទាននៅកម្ពុជា សម្រាប់ឆ្នាំ២០២៤។

នៅក្នុងបទបង្ហាញរបស់ខ្លួន អំពី ”តួនាទីនៃប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា ក្នុងការលើកកម្ពស់ស្ថិរភាពវិស័យហិរញ្ញវត្ថុនៅក្នុងទីផ្សារឥណទាន” លោកខុម ច័ន្ទតារា នាយកប្រតិបត្តិការក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ ខេមឌា បានលើកឡើងទាក់ទងនឹងចំណុចជាច្រើន រួមមាន ប្រមូល រក្សាទុក ចែករំលែកព័ត៌មានឥណទាន ដល់រូបវន្តបុគ្គល ឬនីតិបុគ្គល ការអនុញ្ញាតឲ្យមានលំហូរនៃព័ត៌មានដែលពាក់ព័ន្ធនឹងការសម្រេចចិត្តលើហានិភ័យចំពោះកិច្ចព្រមព្រៀងឥណទាន ការចេញប្រកាសស្ដីពីការចែករំលែកព័ត៌មានឥណទាន របស់ធនាគារជាតិ នៃកម្ពុជា ការប្រមូលទិន្នន័យ និងការបង្ហាញទិន្នន័យ នៃឥណទាននិងមូលប្បទានបត្របុគ្គល និងក្រុមហ៊ុន និងប្រវត្តិនៃការបង្កើតបង្កើតស៊ីប៊ីស៊ី (CBC) ភាគទុនិក សេវាកម្មសម្រាប់អតិថិជនទូទៅ សេវាកម្មនិងផលិតផលសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុ ជាដើម ។
ជាមួយគ្នានោះដែរ នៅក្នុងបទបង្ហាញរបស់ខ្លួន អំពី “និន្នាការនៃទីផ្សារឥណទាន និងឥរិយាបថអ្នកប្រើប្រាស់ (ស្ថានភាពឥណទាននៅកម្ពុជា សម្រាប់ឆ្នាំ២០២៤)” លោកស្រី ស្រ៊ី បុប្ផារ័ត្ន ប្រធានផ្នែកស្រាវជ្រាវ និងភាពជាដៃគូ បានលើកឡើងទាក់ទងនឹងផែនទីអំពីចំនួនអ្នកប្រើប្រាស់ឥណទានតាមស្រុក ឥរិយាបថអ្នកប្រើប្រាស់ឥណទាន ប្រភេទឥណទានលក្ខណៈបុគ្គល ទំហំឥណទានជាមធ្យម និងពីរ៉ាមីតអាយុរបស់អតិថិជន ជាដើម ។

ដោយឡែក នៅក្នុង“កិច្ចពិភាក្សារវាងអ្នកសារព័ត៌មាន និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ ក្នុងការចូលរួមផ្សព្វផ្សាយការប្រើប្រាស់ឥណទានប្រកបដោយទំនួលខុសត្រូវ” ដែលមានកញ្ញាសាន ស្រីនិច ជាអ្នកសម្របសម្រួល លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យ៉ូរ៉ូ ខេមបូឌា បានលើកឡើងថា មានទស្សនទាន៣ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងសារព័ត៌មាន ជាមួយនឹងវិស័យហិរញ្ញវត្ថុ ដែលក្នុងនោះ ទី១ ចូលរួមចំណែកក្នុងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុបានកាន់តែទូលំទូលាយមួយកម្រិតទៀត តាមរយៈការប្រើប្រាស់វិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងការធ្វើបញ្ហាស្មុគស្មាញមួយចំនួនក្នុងការប្រើប្រាស់ពាក្យបច្ចេកទេសមួយចំនួន ឲ្យទៅជាការប្រើប្រាស់សាមញ្ញ ដែលអាចឲ្យសាធារណជនស្ដាប់បាន ។ ជាពិសេស នៅពេលមានកិច្ចសហប្រតិបតិ្តការនេះ ធ្វើឲ្យការផលិតមាតិកាកាន់តែសម្បូរបែបកាន់តែច្រើន តាមរយៈវីដេអូឃ្លីប ក្រាហ្វិច និងអត្ថបទមួយចំនួនក្ដី ដែលជាប្រយោជន៍លើកកម្ពស់ការយល់ដឹងសេវាហិរញ្ញវត្ថ ឬអនក្ខរកម្មហិរញ្ញវត្ថុកាន់តែច្រើនឡើង ។ ទី២ វាកាន់តែជួយជំរុញការអនុវត្តនិងការទទួលខុសត្រូវខ្លាំងជាងមុន ព្រោះអ្នកសារព័ត៌មានអាចជាកញ្ចក់ឆ្លុះបញ្ចាំងក្នុងការបំពេញចន្លោះប្រហោងសាធារណជន ជាមួយនឹងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីឲ្យអតិថិជនយល់ដឹងកាន់តែច្បាស់ ពីប្រាក់កម្ចីមួយចំនួន ដែលធ្វើឲ្យពួកគាត់ជាប់បំណុលកាន់តែច្រើន ។ ទី៣ កាន់តែបង្កើនទំនុកចិត្ត និងជាវិធីសាស្រ្តមួយដែលអាចផ្ដល់មតិត្រលប់មកវិញចូលដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រោះពេលខ្លះសាធារណជនអត់អាចនិយាយបានផ្ទាល់ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុទេ គឺតាមរយៈអ្នកសារព័ត៌មាន ដែលស្ដាប់ឮ ហើយអាចយកកង្វល់បញ្ហាទាំងអស់នោះទៅឲ្យគ្រឹះស្ថានហិរញ្ញវត្ថុបានឮ និងធ្វើការកែលម្អផលិតផលនិងសេវាកម្មរបស់ខ្លួន ។

លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុ បានលើកឡើងថា ការងារហិរញ្ញវត្ថុ គឺជាការងារអាទិភាព របស់សមាគមមីក្រូហិរញ្ញវត្ថុ និងសមាគមធនាគារនៅកម្ពុជា ដែលត្រូវជម្រាបជូនទៅគ្រប់អតិថិជន និងសាធារណជនទាំងអស់ឲ្យបានយល់ដឹងពីហិរញ្ញវត្ថុនេះដែរ ។ ជាពិសេសសមាគមទាំងពីរ និងធនាគារ នៃកម្ពុជា បានគាំទ្រនៅក្នុងការរៀបចំដាក់បញ្ចូលចំណេះដឹងហិរញ្ញវត្ថុនេះ ទៅក្នុងកម្មវិធីសិក្សា សម្រាប់សិស្សថ្នាក់ទី៤ និងថ្នាក់ទី៧ ហើយថ្មីៗនេះ ក៏បាននិងកំពុងរៀបចំដាក់បញ្ចូលចំណេះដឹងហិរញ្ញវត្ថុនេះ ទៅដល់ថ្នាក់ផ្សេងៗទៀតដែរ ដើម្បីកសាងនូវធនធានទំពាំងស្នងឫស្សី ឲ្យមានបំណិនជីវិតផ្នែកចំណេះដឹងផ្នែកហិរញ្ញវត្ថុ ។ មិនតែប៉ុណ្ណោះ សមាគមក៏បានធ្វើសិក្ខាសាលា ស្ដីពីមីក្រូហិរញ្ញវត្ថុផងដែរ ដោយផ្ដោតទៅលើការជួបជាមួយអាជ្ញាធរនៅតាមភូមិស្រុក ដើម្បីបង្ហាញឆ្លើយតបទៅនឹងសំណួរនិងចម្ងល់របស់ពួកគាត់ ពាក់ព័ន្ធទៅនឹងវិស័យមីក្រូហិរញ្ញវត្ថុ ក៏ដូចជាផ្ដល់ននូវចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះ ឲ្យពួកគាត់ក្លាយជាជនបង្គោល ចែកចាយទៅដល់សហគមន៍របស់ពួកគាត់ផ្ទាល់ ទាក់ទងទៅនឹងសុវត្ថិភាពហិរញ្ញវត្ថុ ។ លើសពីនេះដែរ សមាគមក៏បានរៀបចំនូវយុទ្ធនាការផ្សេងៗទៀត ជាមួយផ្នែកសារព័ត៌មាន ដើម្បីធ្វើការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុនេះកាន់តែទូលំទូលាយ ។ អ្វីដែលសំខាន់ជាងនេះទៅទៀត ថ្មីៗនេះ សមាគមក៏បានចងក្រងនូវក្រមសីលធម៌ វិជ្ជាជីវៈសម្រាប់ភ្នាក់ងារឥណទាន ដើម្បីធ្វើការបញ្ជាក់បន្ថែមថា ចំណេះដឹងហិរញ្ញវត្ថុ ក៏ជាតួនាទីមួយរបស់ភ្នាក់ងារឥណទានក្នុងការផ្ដល់ជូនអតិថិជន ។
ទោះបីយ៉ាងណា លោកស្រី ឌិត នីតា បញ្ជាក់ថា បើទោះបីសមាគមទាំងពីរបានសង្កត់ទៅលើសកម្មភាពដូចដែលលោកស្រីបានលើកឡើងខាងលើក៏ដោយ ក៏នៅតែមានការប្រឈមនៅក្នុងការទទួលបានចំណេះដឹងហិរញ្ញវត្ថុ ទៅប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល ដែលការប្រឈមនេះ អាចដោយសារតែមិនទាន់មានការផ្សព្វផ្សាយទៅដល់ពួកគាត់ ឬដោយសារកត្តាបុគ្គលដែលមិនទាន់យល់ច្បាស់អំពីចំណេះដឹងហិរញវត្ថុ ខណៈដែលហិរញ្ញវត្ថុមានភាពទូលំទូលាយណាស់ មិនមែនសំដៅតែលើឥណទាននោះទេ ។ ជាពិសេសចំណេះដឹងហិរញ្ញវត្ថុមានសារសំខាន់សម្រាប់ការសន្សំពេលចូលនិវត្តន៍ ។

លោកស្រី ឌិត នីតា បន្តថា ជាសំណូមពរ លោកស្រីសុំឲ្យអ្នកសារព័ត៌មានមេត្តាជួយផ្សព្វផ្សាយធ្វើយ៉ាងណាឲ្យមានតុល្យភាព ព្រោះវិស័យហិរញ្ញវត្ថុនេះ មានសារសំខាន់ ហើយជាឆ្អឹងខ្នង ឬជាសរសៃឈាម នៅពេលដែលសរសៃដាច់ យើងនឹងដួលទាំងអស់គ្នាតែម្ដង ខណៈដែលពេលនេះ ឥណទាននៅតែបញ្ចេញ ប៉ុន្តែវាពិបាកនៅក្នុងការបញ្ចេញ ។ នៅពេលអត់មានឥណទានបញ្ចេញ ការវិនិយោគនឹងត្រូវជាប់ទ្រឹង ។ ដូច្នេះវិស័យនេះសំខាន់មែនទែន ដែលត្រូវការចូលរួមទាំងអស់គ្នា ដើម្បីពង្រឹងឆ្អឹងខ្នង ពង្រឹងសរសៃឈាមនេះឲ្យមានសុខភាពល្អ អត់មានខ្លាញ់រុំ ។
លោករ័ត្ន សោភ័ណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា ដោយសារតែអ្នកទទួលសេវាកម្មពីស្ថាប័នធនាគារនិងហិរញ្ញវត្ថុកាន់តែច្រើនទៅៗ សមាគមក៏បានគិតពីសុខុមាលភាពហិរញ្ញវត្ថុរបស់ប្រជាជន និងអ្នកប្រើប្រាស់ផងដែរ ព្រោះការប្រើប្រាស់ច្រើនពេក ក៏អាចមានបញ្ហាប៉ះពាល់ដល់សុខុភាពហិរញ្ញវត្ថុ និងអាចធ្វើឲ្យប៉ះពាល់សុខុមាលភាពផ្លូវចិត្តនៅក្នុងក្រុមគ្រួសារផងដែរ ។ ដូច្នេះការផ្សព្វផ្សាយអប់រំចំណេះដឹងហិរញ្ញវត្ថុ និងការប្រើប្រាស់ឥណទានប្រកបដោយការទទួលខុសត្រូវនេះ គឺជារបៀបវារៈកាន់តែសំខាន់ទៅៗ ។
ពាក់ព័ន្ធនឹងការប្រឈម និងដំណោះស្រាយ លោករ័ត្ន សោភ័ណ បញ្ជាក់ថា ការងារនេះជាការងារចម្បង ហើយនិងបន្តទៅមុខទៀត ដោយគិតថា តើមធ្យោបាយណាមួយអាចផ្សព្វផ្សាយទៅដល់ពលរដ្ឋនៅតំបន់ដាច់ស្រយាល? ពោលគឺត្រូវសិក្សាពីឥរិយាបថរបស់សាធារណជនទូទៅ ឲ្យតម្លៃពីប្រយោជន៍នៃចំណេះដឹងហិរញ្ញវត្ថុទៅដល់ពួកគាត់ ។

លោកលាង ដឺលុច នាយកប្រតិបត្តិក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា ក្នុងនាមក្លិបអ្នកកាសែតកម្ពុជា លោកលើកទឹកចិត្តឲ្យបន្តទំនាក់ទំនងនិងបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន និងពង្រឹងជំនាញដើម្បីធ្វើការរបស់ខ្លួន ផ្ដល់ព័ត៌មានឲ្យបានត្រឹមត្រូវទៅដល់មហាជន ។ នៅពេលដែលមហាជនទទួលបានព័ត៌មានត្រឹមត្រូវ ប្រាកដណាស់ថា គាត់នឹងធ្វើសេចក្ដីសម្រេចចិត្តត្រឹមត្រូវ ។ នេះហើយដែលហៅថា តួនាទីអ្នកសារព័ត៌មាន ។
ជាដំណោះស្រាយបញ្ហាប្រឈម លោកលាង ដឺលុច បញ្ជាក់ថា ជាទិដ្ឋភាពរួមនៅក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ នៅខ្សត់អ្នកកាសែតផ្នែកជំនាញហិរញ្ញវត្ថុ ។ ដូច្នេះលោកគិតថា គួរតែប្រឹងប្រែងទាំងអស់គ្នា ស្ថាប័នព័ត៌មានក៏ត្រូវប្រឹងប្រែង ប៉ុន្តែត្រូវការការគាំទ្រពីខាងវិស័យផងដែរ ដើម្បីបង្កើតឲ្យមានអ្នកកាសែតសេដ្ឋកិច្ចហិរញ្ញវត្ថុ នៅតាមអង្គភាព ឲ្យបានច្រើន និងជារឿងដែលចាំបាច់ ៕

