Sunday, March 30, 2025
Homeព័ត៌មានជាតិមេបក្សសន្តិភាពជាតិថា សម រង្ស៊ី មេបដិវត្តន៍ក្លែងក្លាយ ជួបស៊យ២

មេបក្សសន្តិភាពជាតិថា សម រង្ស៊ី មេបដិវត្តន៍ក្លែងក្លាយ ជួបស៊យ២

ភ្នំពេញ ៖ ប្រធានគណបក្សសន្តិភាពជាតិ លោក រស់ សារ៉ុម បានលើកឡើងថា លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសង្រ្គោះជាតិ) ដែលពេលនេះ បានប្រកាសតែងតាំងខ្លួនឯងជាប្រធានចលនាជាតិតស៊ូនោះ គឺជាមេបដិវត្តន៍ក្លែងក្លាយ  កំពុងជួបរឿងស៊យធំ និងបរាជ័យ២យ៉ាង គឺទី១ សង្ឃឹមឈ្នះក្ដីក្នុងបណ្តឹងទៅតុលាការបារាំង រឿងគប់គ្រាប់បែកនៅមុខរដ្ឋសភាចាស់ ត្រូវតុលាការបារាំង លើកពេលសវនាការ យ៉ាងតិច១ឆ្នាំទៀត និងទី២ សង្ឃឹមថា សម្ដេចហ៊ុន សែន ប្រធានបក្សកាន់អំណាច (គណបក្សកាន់អំណាច) នឹងមានវាសនាដូចលោកឌូតឺរតេ អតីតប្រធានាធិបតីហ្វីលីពីន តែលោកឌូតឺតេ ត្រូវតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដោះលែងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ វិញទៅហើយ។

លោក រស់ សារ៉ុម បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ថា “រឿងស៊យសម្រាប់លោក សម រង្ស៊ី មេបដិវត្តន៍ក្លែងក្លាយ ៖ ១-សំណុំរឿងបោកគ្រាប់បែក តុលាការបារាំង លើកពេលសវនាការ យ៉ាងតិច ១ឆ្នាំ លោក សម រង្ស៊ី កកឈាមខួរក្បាល។ ២-ចោទសម្តេច ហ៊ុន សែន មានវាសនាដូចឌូតឺរតេ ទីបំផុតឌូតឺរតេ នឹងត្រូវដោះលែងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ខាងមុខ។ សរុប លោកសម រង្ស៊ី ពុំមែនជាបញ្ញវន្តនយោបាយឡើយ ប៉ុន្តែជាអ្នកនយោបាយឱកាសនិយម  ឆ្លងស្ពាន រុះស្ពាន ជិះក្របីចម្លងភក់ ព្រលះងៀតក្របី។ យកល្អ លោកសម រង្ស៊ី គួរដេកពិចារណាកំហុស ហើយកែសម្រួល កុំនាំចង្រៃដល់គេឯង“ ។

 បន្ថែមលើសំណេរតាមបណ្តាញសង្គម ខាងលើនេះ លោក រស់ សារ៉ុម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ថា ស៊យពីរយ៉ាងខាងលើនេះ បង្ហាញថាជាបរាជ័យដ៏ធំរបស់លោកសម រង្ស៊ី គឺទោះបីខំប្រើខួរក្បាលក្នុងវ័យចាស់យ៉ាងណា ក៏ទៅមិនរួចដែរ ច្បាំងរបៀបនេះ មិនឈ្នះគេទេ ។ ដូច្នេះលោកសង្ឃឹមថា មុនពេលដែលសម រង្ស៊ី បិទភ្នែកលាលោកនេះទៅ គួរតែបន្សល់នូវស្នាដៃខ្លះ ឲ្យអ្នកជំនាន់ក្រោយធ្វើទៅ កុំផ្ដាច់មុខ ទាល់តែចូលមឈូស ។ ជាពិសេស បើចង់ធ្វើបញ្ញវន្តនយោបាយ ទាល់តែគិតពីប្រយោជន៍ជាតិ ប្រយោជន៍ប្រជាជន ជាធំ មិនមែនគិតតែពីផ្កាប់មុខ ដើម្បីបំផ្លាញជាតិ ប្ដូរយកអំណាចខ្លួនឯងទេ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍ថា “បាទ! ខ្ញុំសូមជម្រាបបន្ថែមបន្តិច ពាក់ព័ន្ធជាមួយលោកសម រង្ស៊ី ដែលជាមេដឹកនាំបដិវត្តន៍ក្លែងក្លាយ នៅកម្ពុជា ៣០ឆ្នាំមកនេះ ព្រោះអ្វីដែលយើងឃើញ លោកសម រង្ស៊ី គាត់ចាប់អ្វីក៏ផុងដែរ ។ ទី១ ទាក់ទងជាមួយនឹងការដាក់សម្ពាធទៅឲ្យសហគមន៍អឺរ៉ុប ទាមទាររឿង EBA លុបចោលអីហ្នឹង គឺសហភាពអឺរ៉ុប ផ្ដាច់បានត្រឹមតែ ២០% តិចតួចទេ ។ អ៊ីចឹងគឺជាបរាជ័យមួយធំណាស់ វាមិនអាចធ្វើឲ្យរដ្ឋាភិបាលកម្ពុជាជួបបញ្ហាទេ ។ អាហ្នឹងចំណុចទី១ ដែលរឿងស៊យបំផុត តាំងពីការរំលាយគណបក្សសង្រ្គោះជាតិនោះ ។ រឿងស៊យទី២ គឺនយោបាយចុងក្រោយ នៅពេលដែលគាត់គាំទ្រចូបៃដិន ហើយបន្តុះបង្អាប់ដូណាល់ ត្រាំ តែទីបំផុតទៅ ដូណាល់ ត្រាំ ឡើងកាន់អំណាច អ៊ីចឹងសូម្បីតែគាត់ទៅធ្វើជាភ្ញៀវធម្មតា សុំចូលកន្លែងគេ នៅក្រសួងការបរទេសអាមេរិក ហ្នឹងក៏គាត់ច្រឡំ គាត់គិតថា សម័យឌីជីថល សម័យ ៤.០ហើយ អ៊ីចឹងធ្វើអី គេអត់ដឹង ធ្លាប់តែកុហកសកម្មជនបានដូចពីមុន តែអ្វីៗវាកកាយចេញមកអស់ ។ អ៊ីចឹងលោកសម រង្ស៊ី ពីមួយ ទៅមួយ គឺកាន់តែយ៉ាប់ ។ ហើយចំណុចទី២ ទាក់ទងសំណុំរឿងបោកគ្រាប់បែក ដែលចោទឯកឧត្ដមហ៊ីង ប៊ុនហៀង និងឯកឧត្ដមហុយ ពិសិដ្ឋ នៅតុលាការបារាំង នោះ ខ្ញុំឃើញការថ្លែងរបស់តុលាការបារាំង បញ្ជាក់ច្បាស់ថា ដើមបណ្ដឹងរដ្ឋប្បវេណី សម រង្ស៊ី គ្មានភ័ស្តុតាងអីដើម្បីដាក់បន្ទុកទេ មានតែរបាយការណ៍ ។ អ៊ីចឹងតុលាការ យករបាយការណ៍ទៅដាក់បន្ទុកជនជាប់ចោទបានអត់? វាអត់ អាហ្នឹងទី១ ។ ទី២ បារាំង មានសិទ្ធិឯណាមកកាត់ទោសពលរដ្ឋកម្ពុជា? អ៊ីចឹងវាជារឿងមួយដែលស៊យ ហើយតុលាការបារាំង ប្រកាសលើកពេល ហើយមិនចាត់ការលើសំណុំរឿងហ្នឹង ។ អ៊ីចឹងវាបរាជ័យធ្ងន់ណាស់ វាស៊យណាស់“ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍បន្តថា “ហើយចំណុចទី៣ ការចោទសម្ដេចហ៊ុន សែន ប្រៀបធៀបសម្ដេចហ៊ុន សែន ជាមួយនឹងឌូតឺរតេ ហ្នឹង វាខុសស្រឡះ ហើយហ៊ុន សែន មានចំណុចខ្លាំងច្រើនជាងឌូតឺរតេ ឆ្ងាយណាស់ ហើយឌូតឺរតេ ក៏ជាបុគ្គលម្នាក់ដែលខ្លាំងដែរ ។ អ៊ីចឹងវាសនារបស់លោក ឌូតឺរតេ គឺលទ្ធភាពគាត់ រឿង ICC ហ្នឹង វាគ្រាន់តែជាទំនាស់នយោបាយផ្ទៃក្នុងគ្រួសារហ្វីលីពីន ទេ ។ អ៊ីចឹងដោះស្រាយតែបន្តិចទេ ចេញអស់ហើយ ព្រោះ  ICC ឥឡូវវាមិនមែនជា ICC របស់ពិភពលោកទេ ជា ICC មួយ ដែលគ្រប់ដណ្ដប់ដោយផ្នែក ដូចបានឃើញស្រាប់ហើយថា ប្រធានាធិបតីកូរ៉េខាងត្បូង មើលទៅដូចសម្បើមណាស់ តែឥឡូវយ៉ាងម៉េច? ឥឡូវធ្វើអីប្រធានាធិបតីកូរ៉េខាងត្បូង បាន? ព្រោះអំណាចបច្ចុប្បន្ន គឺអាមេរិករៀបចំសណ្ដាប់ធ្នាប់ពិភពលោកឡើងវិញ ។ អ៊ីចឹងទំនាក់ទំនងរវាងរដ្ឋបាលរបស់អាមេរិក ជាមួយនឹងបណ្ដាប្រទេសផ្សេងៗ គឺត្រូវតែរៀបចំឡើងវិញ ។ អ៊ីចឹងជាមួយគណបក្សកាន់អំណាច នៃប្រទេសនីមួយៗ គឺអាមេរិក ធ្វើការប្រយ័ត្នប្រយែងណាស់ នេះចំណុចទី៣ ។ ហើយចំណុចទី៤ សម រង្ស៊ី គឺមិនមែនជាបញ្ញវន្តនយោបាយទេ ។ បញ្ញវន្តនយោបាយ គឺជាអ្នកនយោបាយដែលខ្លាំង ។ ខ្ញុំឧទាហរណ៍ស្រាប់ ដូចសម្ដេចហ៊ុន សែន លោកគឺជាបញ្ញវន្តនយោបាយ យ៉ាងពិតប្រាកដ ។ នៅប្រទេសថៃ ថាក់ស៊ីន គឺជាបញ្ញវន្តនយោបាយពិតប្រាកដ ។ សម្ដេចឪយើង គឺជាបញ្ញវន្តនយោបាយពិតប្រាកដ ។ អ្នកដែលធ្វើឲ្យជាតិចម្រើនរុងរឿង អ្នកដែលធ្វើឲ្យប្រជាជនចងចាំនូវស្នាដៃរបស់ខ្លួន អំឡុងពេលដែលខ្លួនទទួលខុសត្រូវនេះ គឺគេហៅថា បញ្ញវន្តនយោបាយហើយ ហើយអ្នកដែលដើរតាម ក៏អ៊ីចឹងដែរ គឺមានអនាគត អ្នកដែលដើរតាម មិនមែនរីងរៃដូចកូនចៅសម រង្ស៊ី ទេ កូនចៅសម រង្ស៊ី សូម្បីតែងាប់ក៏សម រង្ស៊ី មិនចូលបុណ្យហើយ មិនរំលែកទុក្ខហើយ ថែមទាំងកេងចំណេញលើសាកសពទៀត ។ អ៊ីចឹងសម រង្ស៊ី មានហេតុផលអី ជាបញ្ញវន្តនយោបាយ? សម រង្ស៊ី គ្រាន់តែជាអ្នកនយោបាយឱកាសនិយម ដែលខ្ញុំបានបញ្ជាក់ថា បើឆ្លងស្ពាន រុះស្ពាន ឆ្លងជាមួយសម្ដេចក្រុមព្រះ កម្ទេចហ៊្វុនស៊ិនប៉ិច ហើយដល់ពេលជិះក្របីចម្លងភក់ ជាមួយកឹម សុខា កម្ទេចកឹម សុខា ទៀត ។ អ៊ីចឹងសម រង្ស៊ី មានកន្លែងណាឈរ? ហើយជាអ្នកនយោបាយមួយ ឱកាសនិយម រត់ឆ្វេង រត់ស្ដាំ ចុងក្រោយយ៉ាងម៉េច? អាហ្នឹងមានកេរញ៉ឹក ជូឡុង ឪក្មេកផង មានកេរសម សារី ឪបង្កើត សម ញាណ ជីតាផង ធ្វើបានប៉ុណ្ណឹង ។ បើសម រង្ស៊ី ធ្វើខ្លួនឯង ប្រហែលជាគ្មានអីសោះ ព្រោះមនុស្សវាមិនដែលពិបាក ព្រោះកូនចៅសម រង្ស៊ី ខ្លះធ្វើដល់តំណាងរាស្រ្ត តែស្រមោច មិនស្គាល់ផង អ៊ីចឹងជាអ្នកមានឥទ្ធិពលអីនៅក្នុងនយោបាយខ្មែរ? វាទៅអត់រួច ។ អ៊ីចឹងដូចខ្ញុំបញ្ជាក់ពីមុនអ៊ីចឹងថា ពួកអស់នេះ គ្រាន់តែជាអ្នកនយោបាយឱកាសនិយមទេ ពេលមានស៊ី គឺមកដេកស៊ី តែពេលមានទុក្ខ រត់ចោលស្រុកអស់ហើយ ទៅនៅកន្លែងស្រុកទេសវា សញ្ជាតិពីរអស់ហើយ ហើយជាអកុសលសម្រាប់សកម្មជនគណបក្សប្រឆាំងខ្លះ មិនទាំងដឹងថា សម រង្ស៊ី កាន់សញ្ជាតិពីរផង អ្នកខ្លះអត់ដឹងទេ អ៊ីចឹងវាងប់ងុល យើងបន្ទោសក៏មិនកើត ព្រោះទី១ គ្នាកើតមក គឺសម្រាប់តែងប់ងុលអ៊ីចឹង ខ្ញុំសូមបញ្ជាកអ៊ីចឹង“ ។        

លោក រស់ សារ៉ុម បានមានប្រសាសន៍បន្តទៀតថា “ហើយចំណុចទី៥ ខ្ញុំចង់ទុកឱកាសឲ្យ ប៉ុន្តែគ្រាន់តែថា លោកសម រង្ស៊ី លែងមានឱកាសទៀតហើយ ទោះបីជាគាត់អាចកែប្រែគំនិត ប៉ុន្តែពេលវេលា អាយុជីវិតរបស់គាត់ហ្នឹង គឺវាកាន់តែខ្លីទៅៗ ព្រោះឥឡូវ ៧៦ហើយ ចូល៧៧ហើយ ហើយមកប្រើខួរក្បាលញាប់ដូចម៉ាស៊ីនដេរ ហើយកម្តៅខួរក្បាលរាល់ថ្ងៃ ទៅមុខមិនរួចទេ ច្បាំងរបៀបហ្នឹង ទៅមុខមិនរួចទេ មិនឈ្នះគេទេ មានតែបរាជ័យ គ្មានថ្ងៃលុះហើយនាំគេដែលទៅជាមួយហ្នឹង អន្តរាយជាមួយទៀត ។ អ៊ីចឹងខ្ញុំសង្ឃឹមថា មុនពេលដែលសម រង្ស៊ី បិទភ្នែកទៅ គួរតែបន្សល់នូវស្នាដៃខ្លះ ឲ្យអ្នកជំនាន់ក្រោយ គេធ្វើទៅ កុំផ្ដាច់មុខទាល់តែចូលមឈូសអ៊ីចឹង វាអត់កើតទេ ក្នុងនាមជាអ្នកនយោបាយ ។ អ៊ីចឹងបើចង់ធ្វើបញ្ញវន្តនយោបាយ ទាល់តែគិតពីប្រយោជន៍ជាតិ ប្រយោជន៍ប្រជាជន ជាធំ មិនមែនគិតតែពីផ្កាប់មុខ ដើម្បីបំផ្លាញជាតិប្ដូរអំណាចខ្លួនឯងទេ“ ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក រស់ សារ៉ុម ប្រធានគណបក្សសន្តិភាពជាតិ ដែលទើបតែត្រូវបានក្រសួងមហាផ្ទៃ ទទួលចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយដោយស្របច្បាប់ ខាងលើនេះ បានធ្វើឡើងក្រោយពីលោកសម រង្ស៊ី បានចូលទៅបំភ្លឺនៅតុលាការបារាំង ពាក់ព័ន្ធនឹងសំណុំរឿងគប់គ្រាប់បែកនៅមុខវិមានរដ្ឋសភាចាស់ (សព្វថ្ងៃជាវិមានតុលាការកំពូល) និងធ្វើឡើងក្រោយពីអតីតមេបក្សប្រឆាំងរូបនេះ បានលើកឡើងថា សម្ដេចហ៊ុន សែន ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) នឹងមានវាសនាដូចលោកឌូតឺរតេ អតីតប្រធានាធិបតីហ្វីលីន ដែលត្រូវតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចាប់ខ្លួនទៅកាត់ទោស ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។

ទាក់ទងនឹងការចូលទៅបំភ្លឺនៅតុលាការបារាំង ក្នុងនាមជាដើមបណ្ដឹង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ លោកសម រង្ស៊ី បានលើកឡើងពីសេចក្តីសម្រេចរបស់តុលាការបារាំង ដោយលោកបានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ថ្ងៃនេះ តុលាការឧក្រិដ្ឋ (Cour d’Assises) ទីក្រុងប៉ារីស បានសម្រេចលើកពេលការកាត់ក្តីហ៊ីង ប៊ុនហៀង និងហ៊ុយ ពិសិដ្ឋ ករណីគប់គ្រាប់បែកដៃ ថ្ងៃ ៣០ មីនា ១៩៩៧ រយៈពេលយ៉ាងយូរ មួយឆ្នាំ ដើម្បីឲ្យតុលាការ បង្គ្រប់សំណុំរឿងករណីនេះ ជាពិសេសប្រមូលរៀបចំនិងបកប្រែភ័ស្តុតាងបន្ថែមទៀត ក្នុងគោលបំណងបំពេញបែបបទរដ្ឋបាល តាមស្តង់ដារបច្ចេកទេស របស់តុលាការបារាំង។ ក្នុងខណៈនេះ តុលាការបារាំង សម្រេចរក្សាសុពលភាពដីកាចាប់ខ្លួនហ៊ីង ប៊ុនហៀង និង ហ៊ុយ ពិសិដ្ឋ ដែលចេញដោយចៅក្រមស៊ើបអង្កេត កាលពីឆ្នាំ២០២០។ ដូច្នេះការងារចុងក្រោយរបស់តុលាការ ជាការងារបច្ចេកទេសសុទ្ធសាធ ដែលត្រូវការពេលវេលាយ៉ាងយូរមួយឆ្នាំ។ តុលាការបារាំង ចាត់ទុកករណីថ្ងៃ ៣០ មីនា ១៩៩៧ ជាករណីធ្ងន់ធ្ងរបំផុត ដែលមិនត្រូវ និងមិនអាចបញ្ចប់បានយ៉ាងងាយទេ។ តុលាការបារាំង យល់ឃើញថា ភ័ស្តុតាងនិងសាក្សី ដែលប្រមូលបាន មកដល់ថ្ងៃនេះ មានទំហំនិងគុណភាព យកមកធ្វើជាមូលដ្ឋានសម្រាប់បំពេញសំណុំរឿងនេះ ឲ្យបានពេញលេញ តាមបែបបទតម្រូវដោយនីតិវិធីតុលាការបារាំង“ ។

លោកសម រង្ស៊ី បានបន្តថា “អ្វីដែលតុលាការបារាំង បានរៀបចំការងាររបស់ខ្លួន មកដល់ពេលនេះ បង្ហាញពីនីតិវិធីនៃតុលាការឯករាជ្យ ដែលធ្វើការយ៉ាងម៉ឺងម៉ាត់និងហ្មត់ចត់ មិនមែនគ្រាន់តែប្រមូលឯកសារទេ តែត្រូវការរៀបចំឯកសារទាំងនោះ ឲ្យស្របទៅនឹងបែបបទបច្ចេកទេសរបស់ខ្លួន។ ការងារស្វែងរកការពិតបែបនេះ មិនអាចធ្វើឡើងនៅប្រទេសកម្ពុជាបានទេ ក្រោមរបបត្រកូលហ៊ុន ដែលបញ្ជាតុលាការ តាមចិត្ត ធ្វើឲ្យតុលាការស្រុកខ្មែរ មានលក្ខណៈខ្វាក់និងថ្លង់។ សរុបសេចក្តីទៅ សេចក្តីសម្រេចរបស់តុលាការបារាំង ថ្ងៃនេះ គឺជាដំណឹងល្អមួយ សម្រាប់ជនរងគ្រោះ ក្រុមគ្រួសារ និងប្រជារាស្ត្រខ្មែរ ទាំងមូល ដែលស្រេកឃ្លានយុត្តិធម៌ ពីព្រោះសេចក្តីសម្រេចនេះ បង្ហាញថា សំណុំរឿងថ្ងៃ ៣០ មីនា ១៩៩៧ នៅរស់រវើក ហើយដំណើរការយុត្តិធម៌ កំពុងឈានទៅមុខ ឆ្ពោះទៅគោលដៅចុងក្រោយ។ យើងអាចជឿជាក់បានថា ក្នុងពេលដ៏ខ្លីខាងមុខនេះ គឺក្នុងឆ្នាំ២០២៦ និទ្ទណ្ឌភាពនៅប្រទេសកម្ពុជា នឹងត្រូវបានបញ្ចប់ ពីទីក្រុងប៉ារីស ដូចសង្គ្រាមនៅប្រទេសកម្ពុជា ត្រូវបានបញ្ចប់ ដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ អ៊ីចឹងដែរ“ ។

ទោះបីជាយ៉ាងណា ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានរាយការណ៍ថា នៅក្នុងបន្ទប់សវនាការនៅឯតុលាការបារាំង នៅទីក្រុងប៉ារីស ដែលធ្វើឡើងពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នោះ ត្រូវបានសម្រេចលើកពេល ដោយបានស្រង់សម្ដីលោកស្រីរដ្ឋអាជ្ញា អ៊ីសាបែល ប៉ូអ៊ីនសូ (Isabelle Poinso) ថា សវនាការក្នុងរយៈពេល ៣ថ្ងៃ កន្លងមកនេះ ទទួលបានភ័ស្តុតាងជាច្រើន ពីសាក្សីដែលមិនធ្លាប់ត្រូវបានសាកសួរពីមុនមក តែថាតំណាងអយ្យការ ត្រូវការការបំភ្លឺពីសាក្សីពាក់ព័ន្ធផ្សេងទៀត ហើយតុលាការ បានសម្រេចផ្អាកដំណើរការសវនាការ ដោយលើកទៅពេលក្រោយទៀត។

ជុំវិញរឿងក្ដីគប់គ្រាប់បែកនេះ លោកបណ្ឌិត សូ ណារ៉ូ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងថា ករណីនេះកើតឡើង ២៨ឆ្នាំកន្លងមកហើយ តែលោកសម រង្ស៊ី នៅតែរកភ័ស្តុតាងថ្មីមិនបាន ក្រៅតែពីរបាយការណ៍ សាក្សីមួលបង្កាច់ ។ ដូច្នេះទម្រាំបន្ថែម ១ឆ្នាំទៀត លោកសម រង្ស៊ី ពិតជារកទឹកខ្មេះឯណាទៅឱ្យតុលាការបារាំង បានទេ ។ បានន័យថា នេះគ្រាន់តែជាល្បិចពន្យារពេលការកាត់ក្តី កុំឱ្យលោកសម រង្ស៊ី អាម៉ាស់មុខប៉ុណ្ណោះ ព្រោះបើតុលាការបារាំង បញ្ចប់ក្តីនាពេលនេះ ដោយគ្មានភ័ស្តុតាងគ្រប់គ្រាន់ និងទុកពេលឱ្យជនក្បត់ជាតិ សម រង្ស៊ី សម្រាប់បន្តចោទប្រកាន់វាយប្រហារដ៏ឆ្កួតលេលាលើសម្តេចហ៊ុន សែន ដើម្បីកេងចំណេញនយោបាយ ទម្លាក់កំហុសដោយគ្មានភ័ស្តុតាងតែប៉ុណ្ណោះ។

លោកបណ្ឌិត សូ ណារ៉ូ បានសរសេនៅក្នុងគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ថា “ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ជាកំពូលបោកប្រាស់ប្រជាជនខ្មែរស្លូតត្រង់។ ឥឡូវនេះ ប៉ុនប៉ងបោកប្រាស់តុលាការបារាំងទៀតថា មានភ័ស្តុតាងថ្មីបន្ថែម តែការពិត សុទ្ធតែរបាយការណ៍ចាស់ៗ គ្មានបានការ។ តុលាការបារាំង ចង់លុបចោលការចោទប្រកាន់ដ៏អយុត្តិធម៌លើនាយឧត្តមសេនីយ៍ ទាំង២ហើយ តែជនក្បត់ជាតិ សម រង្ស៊ី នៅតែទទូចស្នើសុំពន្យារពេល ១ឆ្នាំទៀត ដើម្បីដើររកភ័ស្តុតាងថ្មី។ សាធារណមតិ អស់សំណើចត្រង់ថា ករណីនេះកើតឡើង ២៨ឆ្នាំកន្លងមកហើយ តែសម រង្ស៊ី នៅតែរកភ័ស្តុតាងថ្មីមិនបាន ក្រៅតែពីរបាយការណ៍ សាក្សីមួលបង្កាច់ ចុះទម្រាំបន្ថែម ១ឆ្នាំទៀត គាត់រកទឹកខ្មេះឯណាទៅឱ្យតុលាការបារាំង? នេះគ្រាន់តែជាល្បិចពន្យារពេលការកាត់ក្តី កុំឱ្យអាម៉ាសមុខ បើតុលាការបារាំង បញ្ចប់ក្តីនាពេលនេះ ដោយគ្មានភ័ស្តុតាងគ្រប់គ្រាន់ និងទុកពេលឱ្យជនក្បត់ជាតិ សម រង្ស៉ី សម្រាប់បន្តចោទប្រកាន់វាយប្រហារដ៏ឆ្កួតលេលាលើសម្តេចតេជោ ដើម្បីកេងចំណេញនយោបាយ ទម្លាក់កំហុសដោយគ្មានភ័ស្តុតាងតែប៉ុណ្ណោះ“ ។

លោកបណ្ឌិត សូ ណារ៉ូ បានសរសេរបន្តថា “គួររំលឹកដែរថា កាលពីថ្ងៃទី៣ កុម្ភៈ ២០០៦ សម រង្ស៊ី ធ្លាប់សរសេរសំបុត្រសុំទោសសម្តេចតេជោ ហ៊ុន សែន ដោយបានបញ្ជាក់ថា “ខ្ញុំមានការសោកស្តាយដោយបានប្រព្រឹត្តមិនត្រឹមត្រូវចំពោះសម្តេចនាយករដ្ឋមន្រ្តី ដូចជាការចោទប្រកាន់ថា សម្តេចនាយករដ្ឋមន្រ្តី នៅពីក្រោយការគប់គ្រាប់បែកលើហ្វូងបាតុករ ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមុខរដ្ឋសភា” ។ ខ្លឹមសារទាំងនេះ បើយកទៅបង្ហាញនៅមុខតុលាការបារាំង គឺពិតជាគ្រប់គ្រាន់ ដើម្បីឱ្យតុលាការបារាំង ទម្លាក់ចោលការចោទប្រកាន់រួចទៅហើយ ដ្បិតនេះគឺជាពាក្យបដិសេធផ្លូវការ ដោយផ្ទាល់របស់សម រង្ស៊ី ថាសម្តេចតេជោ ហ៊ុន សែន មិនមានពាក់ព័ន្ធនឹងអំពើដ៏ឧក្រិដ្ឋបែបនេះឡើយ។ សូមកុំភ្លេចថា តាំងពីឆ្នាំ១៩៩៥ សម រង្ស៊ី មានសត្រូវច្រើនណាស់ ជាពិសេសគឺគាត់បំបែកខ្លួនចេញពីគណបក្សហ៊្វុនស៊ិនប៉ិច ទៅបង្កើតគណបក្សជាតិខ្មែរ ដែលធ្វើឱ្យមេដឹកនាំ និងមេទ័ពហ៊្វុនស៊ិនប៉ិច ជាច្រើន ចាត់ទុកគាត់ជាសត្រូវបំបែកបក្ស ដ៏ជូរជត់បំផុត។ ដូច្នេះការគប់គ្រាប់បែក ឆ្នាំ១៩៩៧ មិនមែនមានប្រភពសង្ស័យតែមួយប្រភពទេ។ នេះមិនរាប់ទាំងប្រភពសង្ស័យពីពួកខ្មែរក្រហម នៅពេញព្រៃនៅឡើយ កាលនោះផង ដែលខ្មែរក្រហម ជានិច្ចកាល ចង់បាញ់ព្រួញមួយ បានសត្វពីរ ទម្លាក់កំហុសលើសម្តេចតេជោ“ ។

ដោយឡែក បើតាមប្រភពតុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានឲ្យដឹងថា លោកឌូតឺរតេ (Duterte) អតីតប្រធានាធិបតីហ្វីលីពីន នឹងត្រូវដោះលែងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នេះ បន្ទាប់ពីរកមិនឃើញទោសពៃរ៍ ។

យោងតាមសារពីលោកស្រីចៅក្រម តូម៉ូកូ អាកានេ (Tomoko Akane) ប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ( ICC) បានសរសេរលើបណ្តាញសង្គមថា «ខ្ញុំមានជំនឿយ៉ាងមុតមាំលើភាពគ្មានទោសពៃរ៍របស់លោកប្រធានាធិបតី Duterte។ ជាការឆ្លើយតបចំពោះសេចក្តីអំពាវនាវដ៏ទទូចរបស់ប្រជាជនហ្វីលីពីន ក៏ដូចជាសេចក្តីអំពាវនាវរបស់មេធាវី និងអ្នកជំនាញផ្នែកសិទ្ធិមនុស្ស ខ្ញុំបានសម្រេចចេញបញ្ជាឱ្យមានការដោះលែងរូបគាត់ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នេះ ដើម្បីអនុញ្ញាតឱ្យគាត់អាចទៅធ្វើបុណ្យខួបកំណើត នៅផ្ទះរបស់គាត់។ បន្ថែមលើនេះ ខ្ញុំក៏បានណែនាំឱ្យសាលាក្តី បដិសេធបទចោទប្រកាន់បទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិលើលោកប្រធានាធិបតី Duterte និងឱ្យផ្តល់សេរីភាពដល់គាត់ជាបន្ទាន់» ៕ កុលបុត្រ

RELATED ARTICLES