ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ ទើបនឹងចេញពីពន្ធនាគារ បានបង្កហិង្សាវាយបុរសម្នាក់ បណ្តាលឱ្យរងរបួសបែកមុខហូរឈាមជោកខ្លួន ដោយចោទថា ជេរខ្លួន លុះជនរងគ្រោះរត់មកប្តឹងសមត្ថកិច្ច ក៏ត្រូវបានលោកមេប៉ុស្តិ៍ដឹកនាំកម្លាំងចុះអន្តរាគមន៍ ស្រាប់តែទៅដល់ ត្រូវជនបង្កហេតុ ទាញដាវកាប់ប្រហារទៅលើប៉ូលិសមេប៉ុស្តិ៍ បណ្តាលឱ្យដាច់ដៃរងរបួសយ៉ាងដំណំ។ ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ ការតាមច្បាប់។

ករណីហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិត្រពាំងស្យា ឃុំស្វាយរំពា ស្រុកបសេដ្ឋ។

ជនដៃដល់ដែលត្រូវសមត្ថកិច្ចចាប់វាយខ្នោះ មានឈ្មោះទឿង សារីម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិត្រពាំងស្យា ឃុំស្វាយរំពា ស្រុកបសេដ្ឋ (ជាមុខសញ្ញាទើបនឹងចេញពីពន្ធនាគារ)។ ចំណែកជនរងគ្រោះ មានចំនួន២នាក់ រួមមាន ទី១-ឈ្មោះផាន ឡាក់មួយ ភេទប្រុស អាយុ៤០ឆ្នាំ មានលំនៅក្នុងភូមិត្រពាំងស្យា ឃុំស្វាយរំពា ស្រុកបសេដ្ឋ (រងរបួសបែកមុខ)។ និងទី២-លោកវរសេនីយ៍ត្រី ឡោ ឡាបាំង ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយរំពា បានរងរបួសដាច់រយះប្រអប់ដៃឆ្វេង ដេរអស់ចំនួន៧ថ្នេរ និងត្រូវរបួសកូនដៃខាងស្តាំផងដែរ)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះទឿង សារីម បានធ្វើសកម្មភាពកាន់ដាវកែច្នៃ ១ដើម ចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះផាន ឡាក់មួយ ខណៈដែលជនរងគ្រោះកំពុងដេកនៅក្រោមផ្ទះ។ ភ្លាមនោះជនរងគ្រោះបានដើរចេញពីកន្លែងសម្រាកទៅ ប៉ុន្តែត្រូវបានដៃដល់វាយមួយដៃ ចំកណ្តាលមុខ បណ្តាលឱ្យបែកមុខ និងហូរឈាមជោក ដួលទៅលើដី រួចហើយជនដៃដល់បានគេចខ្លួនបាត់។

ប្រភពដដែល បន្តថា បន្ទាប់មក ជនរងគ្រោះបានរាយការណ៍ទៅសមត្ថកិច្ចនគរបាលមូលដ្ឋាន ដើម្បីឱ្យជួយអន្តរាគមន៍។ ភ្លាមៗនោះ កម្លាំងជំនាញព្រហ្មទណ្ឌស្រុកបសេដ្ឋ បានសហការជាមួយប៉ុស្តិ៍ស្វាយរំពា បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការឃាត់ខ្លួនជនដៃដល់ ប៉ុន្តែក្នុងពេលកំពុងប្រត្តិបត្តិការឃាត់ខ្លួនជនដៃដល់នោះ ស្រាប់តែជនដៃដល់បានទាញយកដាវកែច្នៃដេញកាប់មកលើកម្លាំងសមត្ថកិច្ច ដោយកាប់ត្រូវចំលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរំពា ចំនួន២ដាវ បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅគ្លីនិក ដើម្បីព្យាបាល។ ចំណែកជនដៃដល់ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌស្រុកបសេដ្ឋ ចាប់ឃាត់ខ្លួនភ្លាមៗ រួចនាំយកទៅសួរនាំនៅអធិការដ្ឋានស្រុកបសេដ្ឋ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវាយលើជនរងគ្រោះឈ្មោះផាន ឡាក់មួយ និងយកដាវកាប់លើជនរងគ្រោះជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយរំពា ប្រាកដមែន។ មូលហេតុព្រោះតែខឹងជនរងគ្រោះ ឈ្មោះផាន ឡាក់មួយ បានជេរប្រមាថខ្លួន នូវពាក្យអសុរោះពេក។សមត្ថកិច្ច បានបញ្ជាក់ថា ជនដៃដល់ខាងលើ គឺជាមនុស្សកាចសាហាវ និងទើបតែចេញពីពន្ធនាគារ ប៉ុន្តែមិន រាងចាល នៅតែប្រព្រឹត្តអំពើហិង្សាទៀត។
ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕