ភ្នំពេញ ៖ រថយន្តសាំងយ៉ុង មួយគ្រឿង ដឹកស៊ុតមាន់ ព្យាយាមបើករត់គេចពីកម្លាំងសមត្ថកិច្ចជំនាញ ត្រូវបានសមត្ថកិច្ចដេញតាមឃាត់តាំងពីភ្លើងស្តុបបារគូ រហូតដល់ផ្លូវ ៣០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ទើបឃាត់បាន ត្រួតពិនិត្យឃើញដឹកស៊ុតមាន់ ចំនួនជាង២ម៉ឺនគ្រាប់ ដែលនាំចូលពីប្រទេសវៀតណាម គ្មានច្បាប់អនុញ្ញាត។

ប្រតិបត្តិការបង្ក្រាបឡានដឹកពងយួន អត់ច្បាប់នេះ បានធ្វើឡើង កាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។រថយន្តដែលត្រូវបានចាប់ឃាត់ ម៉ាកសាំងយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ខាងមុខ ភ្នំពេញ 2J-4787 ចំណែកខាងក្រោយ ពាក់ស្លាកលេខ តាកែវ 2C-7812។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្ត ១គ្រឿងខាងលើ បានព្យាយាមបើករត់គេចពីក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនិងផលិតផលសត្វ ត្រង់ចំណុចភ្លើងស្តុបបារគូ សង្កាត់ដង្កោ ដែលបានឃាត់ដើម្បីត្រួតពិនិត្យ ទើបកម្លាំងជំនាញ មានការសង្ស័យ បានដេញតាមរហូតដល់ផ្លូវ ៣០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ទើបឃាត់បាន ត្រួតពិនិត្យរកឃើញស៊ុតមាន់ ចំនួន ២៥៣២០គ្រាប់ នាំចូលពីប្រទេសវៀតណាម ដោយគ្មានច្បាប់អនុញ្ញាត។

តាមការសារភាពពីអ្នកបើកបររថយន្ត បានឱ្យដឹងថា ស៊ុតសត្វទាំងអស់នេះ នាំចូលមកពីប្រទេសវៀតណាម តាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ដឹកយកមកចែកចាយលក់បន្តនៅរាជធានីភ្នំពេញ គ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្មានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសនាំចេញឡើយ។
បន្ទាប់ពីចាប់ឃាត់បាន ស៊ុតមាន់ទាំងជាង ២ម៉ឺនគ្រាប់ ត្រូវបានយកទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធី៕