Sunday, March 30, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រា.../បល្បែងអនឡាញ ឃាត់ខ្លួនថៃ ៦៣នាក់

បង្ក្រា…/បល្បែងអនឡាញ ឃាត់ខ្លួនថៃ ៦៣នាក់

ខេត្តបន្ទាយមានជ័យ ៖ គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេតនិងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងចំនួន២ ដែលលួចលាក់ ប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ ក្រោមការគ្រប់គ្រងរបស់ក្រុមឧក្រិដ្ឋជនជនជាតិថៃ ប្រមាណ៧នាក់ នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ បន្ទាប់ពីបានស៊ើបអង្កេតស្រាវជ្រាវ និងឃ្លាំមើលសកម្មភាពសង្ស័យនៅទីតាំងខាងលើមួយរយៈកន្លងមក។

ការឈានទៅបង្ក្រាបទីតាំងទាំងពីរខាងលើនេះ ធ្វើឡើងដោយទទួលបានគោលការណ៍ណែនាំពីលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការចង្អុលដឹកនាំដោយផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

ក្នុងប្រតិបត្តិការឆ្មក់ចូលទីតាំងខាងលើ សមត្ថកិច្ចបានរកឃើញជនជាតិថៃ សរុបចំនួន៦៣នាក់ (ស្រី៣០នាក់) ក្នុងនោះមានកុមារ ចំនួន ២នាក់ និងបានរកឃើញសម្ភារៈវត្ថុតាង ដូចជា កុំព្យូទ័រ ចំនួន៣៣គ្រឿង និងទូរស័ព្ទដៃ ចំនួន៦៥គ្រឿង សម្រាប់ធ្វើសកម្មភាពបទល្មើសតាម ប្រព័ន្ធអនឡាញខុសច្បាប់ រួមទាំងអត្តសញ្ញាណប័ណ្ណថៃ ចំនួន៦៥ច្បាប់ និងលិខិតឆ្លងដែនថៃ ចំនួន២ច្បាប់។

តាមរយៈទិន្នន័យក្នុងវត្ថុតាង សមត្ថកិច្ចកំណត់បានថា ក្រុមនេះកំពុងត្រៀមរៀបចំប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ ដោយប្រើប្រាស់ទឹកដីកម្ពុជា ធ្វើសកម្មភាពទៅប្រទេសដទៃទៀត។ ក្នុងចំណោមពលរដ្ឋថៃ ទាំង៦៣នាក់ សមត្ថកិច្ចបានរកឃើញ ១០នាក់ កំពុងធ្វើ សកម្មភាពរៀបចំសម្ភារៈមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ ខុសច្បាប់ដោយស្ម័គ្រចិត្ត និង៤៦នាក់ កំពុងរស់នៅក្នុងស្ថានភាពដោយបិទសិទ្ធិសេរីភាពដើរហើរ ប៉ុន្តែមិនមានសញ្ញាណរងគ្រោះដោយអំពើហិង្សា ឬអំពើជួញដូរមនុស្សនោះឡើយ។

ក្នុងនោះដែរ សមត្ថកិច្ចបានកំណត់ជនជាតិថៃ ចំនួន៧នាក់ (ស្រី១នាក់) ជាមេខ្លោងជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសខាងលើ។

ជនជាតិថៃ ចំនួន៥៦នាក់ នគរបាលជាតិកម្ពុជា នឹងស្នើសុំកិច្ចសហការជាមួយនគរបាលភូមិន្ទថៃ ដើម្បីសម្រប សម្រួល រៀបចំបែបបទបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ផ្អែកតាមសំណូមពរពីអ្នកទាំងនោះ។ ដោយ ឡែកចំពោះជនសង្ស័យ ៧នាក់ផ្សេងទៀត កំពុងបន្តនីតិវិធី នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៕

RELATED ARTICLES