ខេត្តឧត្តរមានជ័យ ៖ ប្តីប្រពន្ធ ២នាក់ ឧស្សាហ៍កើតមានជម្លោះនឹងគ្នា ហើយភាគីប្តី តែងប្រើហិង្សាវាយប្រពន្ធជាញឹកញាប់ លុះចុងក្រោយ បន្ទាប់ពីផ្ទុះហិង្សាវាយប្រពន្ធរួច ធ្វើឱ្យប្រពន្ធខឹង ក៏រត់ទៅដេកនៅផ្ទះអ្នកជិតខាង ព្រោះខ្លាចប្តីវាយថែមទៀត។ លុះព្រឹកឡើង ត្រឡប់ទៅផ្ទះវិញ ឃើញភ្លើងឆេះផ្ទះអស់ សល់តែផេះផង់ ទើបប្រញាប់ទៅប្តឹងប្រធានភូមិ បែរជាជួបប្តីនៅផ្ទះមេភូមិ និងត្រូវប្តីវាយថែម ២-៣ដៃទៀត ទើបផ្អើលដល់សមត្ថកិច្ចចាប់វាយខ្នោះប្តីកំណាច យកទៅចាត់ការតាមច្បាប់។

ករណីប្តីខឹងប្រពន្ធ ផ្ទះឯងមិដេក ទៅដេកផ្ទះគេ ដុតផ្ទះខ្លួនឯងចោលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិកូនដំរី សង្កាត់សំរោង ក្រុងសំរោង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះភាន់ ជា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះវី ស៊ីណែត អាយុ៣៣ឆ្នាំ និងមានលំនៅក្នុងភូមិកូនដំរី សង្កាត់សំរោង ក្រុងសំរោង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីព្រលប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ជនសង្ស័យខាងលើ និងប្រពន្ធ បាននាំគ្នាទៅលេងផ្ទះបងប្រុសរបស់ខ្លួន នៅក្នុងភូមិជាមួយគ្នា លុះក្រោយមកបានកើតមានជម្លោះពាក្យសម្តីនឹងគ្នា និងឈានដល់អំពើហិង្សាទៅលើប្រពន្ធទៀតផង ទើបធ្វើឱ្យស្ត្រីជាប្រពន្ធខឹង បានជិះម៉ូតូទៅប្តឹងប្រធានភូមិ ដើម្បីឱ្យប្រធានភូមិ ចាត់វិធានការលើប្តីដែលប្រើអំពើហិង្សាមកលើខ្លួនជាប្រពន្ធ។

ប្រភពដដែល បន្តថា ក្រោយពេលប្តឹងប្រធានភូមិរួច ស្ត្រីជាប្រពន្ធ មិនបានទៅដេកផ្ទះវិញទេ គឺទៅសម្រាកនៅផ្ទះអ្នកជិតខាងដែលស្គាល់គ្នា ដោយមិនទុកចិត្ត ខ្លាចប្តីប្រើអំពើហិង្សាបន្ថែមទៀត។ លុះព្រឹកឡើង ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ស្ត្រីជាប្រពន្ធ បានត្រឡប់ទៅផ្ទះវិញ ស្រាប់តែឃើញភ្លើងឆេះផ្ទះហ្មត់ ភ្លាមនោះស្ត្រីជាប្រពន្ធបានជិះម៉ូតូទៅផ្ទះប្រធានភូមិ ម្តងទៀត ដើម្បីរាយការណ៍ករណីភ្លើងឆេះផ្ទះ។

ប្រភពខាងលើ បញ្ជាក់ថា នៅពេលប្រពន្ធទៅដល់ផ្ទះប្រធានភូមិ ស្រាប់តែឃើញប្តីនៅទីនោះដែរ ខណៈនោះ ប្រពន្ធមិនទាន់បានរៀបរាប់ករណីភ្លើងឆេះផ្ទះផង បែរជាលោកប្តី ពោលពាក្យថា “អញដុតផ្ទះ កាលពីយប់មិញ”។ បន្ទាប់មក ប្តីប្រពន្ធពីរនាក់នោះ បានឈ្លោះប្រកែកគ្នាទៀត ហើយប្តីបានស្ទុះទៅវាយតប់ប្រពន្ធ ចំនួន២-៣ ដៃ ចំលើផ្ទៃមុខ បណ្តាលរងរបួសថែមទៀត។

ដោយឃើញទង្វើនិងសកម្មភាពបុរសជាប្តី បានប្រើអំពើហិង្សាលើគ្រួសារ រួមទាំងដុតបំផ្លាញផ្ទះសម្បែង ទ្រព្យ សម្បត្តិខ្លួនឯង ឆេះហ្មត់យ៉ាងដូច្នេះ សមត្ថកិច្ចប៉ុស្តិ៍មូលដ្ឋាន សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរ បាលក្រុងសំរោង ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ បានចុះធ្វើការឃាត់ខ្លួនជនបង្កហេតុ យកទៅសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

