ខេត្តស្វាយរៀងៈ ក្មេងទំនើង ចំនួន២នាក់ បានទៅចូលរួមពិធីមង្គលការមួយ ដោយបានផឹកស៊ីរហូតដល់ស្រវឹងជោក ស្រាប់តែបែកគំនិតទៅយកដាវ មកកាន់ រួចដើរអុកឡុកពេញក្នុងរោងការ និងថែមទាំងបង្កជម្លោះជាមួយភ្ញៀវដែលចូលរួមមង្គលការ លុះម្ចាស់ដើមការឃាត់មិនស្តាប់ ក៏ប្តឹងសមត្ថកិច្ចចុះអន្តរាគមន៍ ចាប់វាយខ្នោះទាំង២នាក់ យកទៅចាត់ការតាមច្បាប់។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង២០នាទី យប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិត្រោក ឃុំតាសួស ស្រុកស្វាយជ្រំ។


ក្មេងទំនើងទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះអ៊ិន ធិ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ និងទី២-ឈ្មោះពុត គង្គា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ។ ក្មេងទំនើងទាំង២នាក់ខាងលើ មានលំនៅក្នុងភូមិចំបក់កោង ឃុំតាសួស ស្រុកស្វាយជ្រំ។

លោកវរសេនីយ៍ឯកសោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានបញ្ជាក់ថា មុនពេលកើតហេតុ កាល ពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស បានទទួលព័ត៌ មានពីប្រជាពលរដ្ឋ ឈ្មោះអេង នាង ភេទស្រី អាយុ៧៣ឆ្នាំ មានលំនៅ ភូមិត្រោក ឃុំតាសួស ស្រុកស្វាយជ្រំ ដោយបានរាយការណ៍មកថា មានក្មេងទំនើងចំនួន២នាក់ (ឈ្មោះអ៊ិន ធិ និងឈ្មោះពុត គង្គា) បានមកចូលរួមកម្មវិធីការកូនរបស់គាត់ លុះពេលផឹកស្រាស្រវឹង ស្រាប់តែបានកាន់ដាវជាប់ដៃ បង្កការអុកឡុកក្នុងរោងការ និងបានទាស់ពាក្យសំដីគ្នាជាមួយឈ្មោះខៀវ សល់ ហៅឆក ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងដែក មានលំនៅ ភូមិត្រោក ឃុំតាសួស ស្រុកស្វាយជ្រំ ទៀតផង។

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ បានបន្តថា ពេលទទួលព័ត៌មានភ្លាម កម្លាំងជំនាញស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស បានចុះដល់កន្លែងកើតហេតុ និងបាននាំខ្លួនទាំង២នាក់ខាងលើ មកអធិការដ្ឋាននគរបាលដ្ឋានគរបាលស្រុកស្វាយជ្រំ ដើម្បីសាក សួរ។
ក្រោយពីបានស្តាប់ចម្លើយសារភាពរបស់ក្មេងទំនើងទាំង២នាក់រួចហើយ លោកអធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយទោស្នងការ និងបានសុំយោបល់លោកខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ហើយត្រូវបានសាលាដំបូងខេត្តស្វាយរៀង ចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្តស្វាយរៀង កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥៕