ខេត្តតាកែវ ៖ ក្រោយពីអត់ទ្រាំនឹងផលប៉ះពាល់ពីគំនរសំរាម អស់រយៈពេលជាង២០ឆ្នាំមកហើយ ទើបក្រុមប្រជាពលរដ្ឋប្រមាណជិត៣០០គ្រួសារ រស់នៅក្នុង៣ភូមិ នៃសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បាននាំគ្នាផ្ទុះការតវ៉ាចំពោះទីលានចាក់សំរាម នៅជាយក្រុងដូនកែវ ១ កន្លែង ដែលត្រូវគេដឹងថាជារបស់អ្នកស្រី លឹម សុខា ដែលកំពុងបង្កផលប៉ះពាល់ជាខ្លាំងដល់សុខភាព បរិស្ថាននិងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។

ការស្នើសុំរបស់ប្រជាពលរដ្ឋ ដោយមានការផ្តិតមេដៃផង តាំងពីខែមីនា ឆ្នាំ២០២៣ មកម៉្លេះ តែរហូតមកដល់ពេលនេះ មានរយៈពេលជាង២ឆ្នាំមកហើយ អាជ្ញាធរនៅតែមិនទាន់មានវិធានការទៅតាមការស្នើសុំរបស់ប្រជាពលរដ្ឋបានឡើយ។
លោកឆឹង គឹមឈន តំណាងប្រជាពលរដ្ឋជិត ៣០០គ្រួសារ បានឱ្យដឹងថា ទីលានចាក់សំរាមរបស់អ្នកស្រី លឹម សុខា នេះ បង្កភាពផលប៉ះពាល់ខ្លាំងណាស់ ដល់ប្រជាពលរដ្ឋ ព្រះសង្ឃ សិស្ស ដែលបណ្តាលមកពីការដុតគំនរសំរាមដោយគ្មានឡសម្រាប់ដុតត្រឹមត្រូវទេ។ ពេលដុតម្តងៗ បងប្អូនប្រជាពលរដ្ឋមិនអាចនៅផ្ទះបានទេ ដោយផ្សែងបានហុយធុំក្លិនឈ្ងៀម ប៉ះពាល់ដល់លំនៅដ្ឋាន ជះក្លិនស្អុយអាក្រក់ដល់ផ្ទះពួកគាត់ ដែលពិបាកដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាខ្លាំង ដែលករណីនេះ អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ មិនដែលបានយកចិត្តទុកដាក់គិតគូរដល់សុខភាពប្រជាពលរដ្ឋដែលរងផលប៉ះពាល់អ្វីសោះឡើយ។

តំណាងប្រជាពលរដ្ឋទាំង៣ភូមិ បានស្នើដល់អាជ្ញាធរក្រុង ពិសេសលោកវ៉ី សំណាង អភិបាលខេត្តតាកែវ ជួយអន្តរាគមន៍ដោះស្រាយជាមួយម្ចាស់ទីលានចាក់សំរាមនោះផង ព្រោះប្រជាពលរដ្ឋរស់នៅភូមិខាងលើ បានទទួលរងផលប៉ះពាល់ពីទីតាំងចាក់សំរាមនេះ ជាង២០ឆ្នាំមកហើយ ដោយគ្មានអាជ្ញាធរពាក់ព័ន្ធជួយសម្រួលដល់ពួកគាត់សោះហើយ គឺការដុតសំរាម គ្មានឡដុតរបៀបរបបបែបនេះ រហូតមកដល់បច្ចុប្បន្ននេះ និងសុំលោកអភិបាលខេត្ត ឱ្យអ្នកស្រី លឹម សុខា ប្តូរទីតាំងទីលានចាក់សំរាម ទៅកន្លែងផ្សេង ឬជួយរៀបចំឱ្យទីលានចាក់សំរាមទុកដាក់សំរាម ឱ្យមានសណ្តាប់ធ្នាប់ត្រឹមត្រូវ និងមានឡដុតសំរាមត្រឹមត្រូវ ទៅតាមបច្ចេកទេស ឬជួយបញ្ឈប់កុំឱ្យមានការដុតសំរាមនៅពេលយប់ ។

ពាក់ព័ន្ធនឹងករណីនេះ លោកអភិបាលក្រុងដូនកែវ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានថ្លែងថា លោកបានទទួលដំណឹងនេះយូរណាស់មកហើយ។ លោកអភិបាល បានឱ្យដឹងបន្ថែមថា ចំពោះទីតាំងនេះ លោកបានស្នើសុំទៅមន្ទីរពាក់ព័ន្ធ ដើម្បីរកទីតាំងថ្មីជំនួសវិញ ហើយនៅ ពេលរកទីតាំងថ្មីបាន លោកនឹងឱ្យបិទទីតាំងចាក់សំរាមចាស់នោះតែម្តង៕