Tuesday, April 15, 2025
Homeតារាខ្មែរនី មុនីនាថ ស្រក់ទឹកភ្នែក អំពាវនាវពលរដ្ឋចូលរួមបរិច្ចាគឈាម

នី មុនីនាថ ស្រក់ទឹកភ្នែក អំពាវនាវពលរដ្ឋចូលរួមបរិច្ចាគឈាម

ភ្នំពេញ ៖ មិនមែនជាការថតកុន ឬសម្ដែង MV ទេ ប៉ុន្ដែនៅចំពោះមុខព្រះសង្ឃ ជាច្រើនអង្គ កាលពីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ នី មុនីនាថ ដែលឈរនៅលើឆាកមូលនិធិឈាម នី មុនីនាថ នោះ នាងបានបង្ហូរទឹកភ្នែកជោកថ្ពាល់ ព្រោះតែការងារមួយនេះនាងជួបឧបសគ្គច្រើន រហូតមានពេលខ្លះនាងចង់បោះបង់ទៀតផង ក្រោយចំណាយពេលវេលារយៈពេល ៥ឆ្នាំ ដើម្បីផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការបរិច្ចាគឈាម សង្រ្គោះជីវិតមនុស្សដែលត្រូវការឈាមជាបន្ទាន់ ។

មុនីនាថ ថ្លែងថា ការងារមួយនេះ មិនមែនជារឿងងាយស្រួលឡើយសម្រាប់រូបនាង ព្រោះត្រូវចំណាយថវិកាផ្ទាល់ខ្លួន ពេលវេលា បោះបង់ការគ្រប់គ្រងអាជីវកម្មផ្ទាល់ខ្លួន ហើយទូរស័ព្ទនាង ត្រូវបើក ២៤ម៉ោង ដើម្បីរង់ចាំទទួលអ្នកត្រូវការឈាមពីនាង។ នាងថា បើថ្ងៃធ្វើកម្មវិធីវិញ នាងរវល់រហូតម៉ោង ៣ទៀបភ្លឺ ទើបបានគេង ១ភ្លែត ក៏ត្រូវក្រោកឡើងពីព្រឹក ដើម្បីដឹកនាំធ្វើពិធី ហេតុនេះហើយបានជាមានគេសួរនាងថា ប្រឹងអីប្រឹងយ៉ាងនេះ បានអីមកវិញ?ចង់ល្បីឬ? អ្នកខ្លះថែមទាំងថា នាងប្រហែលជាលែងល្បីពីសិល្បៈហើយ បានជាមកប្រឹងធ្វើសប្បុរសធម៌ យកមុខមាត់ជាដើម ដែលពាក្យនេះ នាងមានអារម្មណ៍ខកចិត្ត តូចចិត្តដែរ ប៉ុន្ដែមិនអាចបញ្ឈប់បេះដូងនាងដែលចង់ធ្វើការងារមួយនេះបានទេ ។

នី មុនីនាថ ទទួលស្គាល់ថា ដំបូងនាងគិតថា កម្មវិធីធំដែលរៀបចំការបរិច្ចាគឈាម នៅផ្សារអូឡាំព្យ៉ា នោះ ជាការងារចុងក្រោយរបស់នាងហើយ ព្រោះនាងមិនអាចទៅមុខទៀតបានដោយសារតែការផ្សព្វផ្សាយមិនសូវទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ដូចការរំពឹងទុក អ្នកចុះឈ្មោះមានចំនួនមិនច្រើនដូចក្ដីចង់បានជាដើម ។ ប៉ុន្ដែនៅចំពោះមុខអ្នកយកព័តមាន «នគរធំ» មុនីនាថ ប្រាប់ថា នាងនឹងបន្ដការងាររបស់នាង «មូលនិធិឈាម នី មុនីនាថ»នេះ តទៅទៀត ពោលគឺមិនអាចបញ្ចប់ត្រឹមនេះបានទេ ព្រោះជីវិតមនុស្ស ត្រូវការឈាមសង្រ្គោះ ជារៀងរាល់ថ្ងៃ។

 នី មុនីនាថ ប្រាប់ថា អាចជាកម្មរបស់នាង ដែលមកទទួលធ្វើការងារមួយនេះ ព្រោះ ៥ឆ្នាំមកនេះ នាងបានជួបការលំបាកច្រើនពេកហើយ ។ នាងថា ក្នុងនាមជាសិល្បការិនីម្នាក់ពេលខ្លះនាងបានដើរទៅដោយអត់ពាក់ស្បែកជើង ទៅសុំទីតាំងគេធ្វើកម្មវិធី ហើយគេសួរនាងថា មកពីណា? នាងមានអារម្មណ៍តូចចិត្តខ្លះដែរ ប៉ុន្ដែមិនដកថយទេ រហូតទ្រាំបានដល់ទៅ ៥ឆ្នាំមកហើយ ។

នី មុនីនាថ ថ្លែងថា នាងបានរៀបចំកម្មវិធីបរិច្ចាគឈាមនេះ ជាច្រើនលើកច្រើនសាមកហើយ ដូចជានៅផ្សារអូឡាំព្យ៉ា ចំនួន២ដង, សៀមរាប មួយដង, សាលាជុងអ៊ីង និងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ២ដង ខណៈដែលកម្មវិធីនៅផ្សារអូឡាំព្យ៉ា ជាលើកទី២ នេះ មូលនិធិនាងទទួលបានឈាម ចំនួន២៨៣ប្លោក ពីពលរដ្ឋដែលទៅចូលរួមដោយស្ម័គ្រចិត្ត។ នាងថា ជូនកាលក្នុង ១អាទិត្យ មានអ្នកបរិច្ចាគឈាមសម្រាប់មូលនិធិរបស់នាងត្រឹមតែ ១ទៅ៣នាក់ តែឈាម ត្រូវការរាល់ថ្ងៃ។ ពេលរៀបចំ Event ម្ដងៗ អស់លុយច្រើនណាស់ ហើយនាងមិនអាចយកលុយខ្លួនឯងមកចំណាយរហូតបានទេ គឺគ្មានធនធានដល់ម្ល៉ឹងឡើយ តែនៅពេលដែលនាងប្រឹងធ្វើការងារនេះ បែរជាមិនសូវមានការគាំទ្រទៅវិញ ។ មុនីនាថ ថានាងបាក់ទឹកចិត្ត ដែលមិនសូវមានការចូលរួមច្រើន ហើយគេសួរនាងថា ធ្វើអ៊ីចឹងដើម្បីស្អី? បានអីមកវិញ? នាងឆ្លើយវិញថា បានការសប្បាយចិត្តពីសាច់ញាតិជនរងគ្រោះ ពីបងប្អូន ហើយនាងធ្វើចេញពីចិត្ត ពីបេះដូង មិនមែនជាការចង់ល្បីទេ ។

 នី មុនីនាថ បានបង្កើត «មូលនិធិឈាម នី មុនីនាថ» តាំងពីឆ្នាំ២០២០ ហើយពេលនេះបានជួយដល់អ្នកជំងឺ ចំនួន១៧៨៩ប្លោក និង៣ឆ្នាំចុងក្រោយ មានឈាមស្ដុក ចំនួន ១៨៧៨ប្លោក និងស្ដុកឈាមសព្វថ្ងៃ មានត្រឹមតែ ៨៦ប្លោកប៉ុណ្ណោះ ខណៈអ្នកដែលជំពាក់ឈាម មានចំនួន៦៨៨ប្លោក ។ អ្នកជំពាក់ឈាមមូលនិធិឈាម នី មុនីនាថ នោះ ចង់សំដៅថា រាល់ពេលដែលបងប្អូនដែលស្នើខ្ចីឈាម នី មុនីនាថ គឺត្រូវឲ្យគាត់សងត្រឡប់មកវិញ ព្រោះឈាម អត់មានរោងចក្រ ឬពីមន្ទីពិសោធន៍ណាដែលអាចផលិតបានទេ ហើយពេលខ្លះ មានអ្នកខ្ចីទៅមានដល់ទៅ ១០ប្លោក ក៏មានដែរ អ៊ីចឹងគាត់ត្រូវតែសងត្រឡប់មកវិញ គឺសងពេលណាដែលគាត់មានសុខភាពល្អ ហើយមិនមែនជាការសងជាប្រាក់កាសទេ គឺជាការបរិច្ចាគឈាម សងត្រឡប់មកវិញ ។

បើទោះជា នី មុនីនាថ បានជួបផលវិបាកច្រើនជុំវិញការដឹកនាំ «មូលនិធិឈាម នី មុនីនាថ» និងពេលខ្លះមានអារម្មណ៍ចង់បោះបង់តួនាទី ប៉ុន្ដែសកម្មភាពរបស់នាង ជាគំរូរល្អមួយក្នុងនាមជាតារាម្នាក់ដែលចូលរួមការងារសង្គម ទើបមិនត្រឹមតែតារារួមអាជីពនោះទេ ប៉ុន្ដែមហាជនភាគច្រើន ក៏បានគាំទ្រនិងកោតសរសើរនូវទឹកចិត្តសប្បុរសធម៌របស់នាង ក្នុងការងារមួយនេះ។ ចំណែកការងារសិល្បៈវិញ មុនីនាថ ថានឹងផុតកុងត្រាជាមួយផលិតកម្មសាស្រ្ដាហ្វីម នៅចុងឆ្នាំ២០២៥ នេះហើយ បន្ទាប់ពីបានចុះកុងត្រា៥ឆ្នាំ ៕

RELATED ARTICLES