Tuesday, April 15, 2025
Homeតារាខ្មែរតារា១០ដួង ផ្ញើសារជូនពរ ថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

តារា១០ដួង ផ្ញើសារជូនពរ ថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ភ្នំពេញ ៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក នឹងមកដល់នៅថ្ងៃចន្ទ ២រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដែលចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៥ ក្រុមតារាចម្រៀងល្បីៗ មមាញឹកកើបលុយតាមបណ្ដារឆាកតន្រ្ដីនានា សឹងគ្រប់គ្នា ។ ដើម្បីតបស្នងទៅមហាជនដែលគាំទ្រ តារា ១០ដួង បានផ្ញើសារជូនពរបងប្អូនខ្មែរនៅថ្ងៃបុណ្យចូលឆ្នាំ ខាងមុខនេះ តាមរយៈ «នគរធំ» ។

 ១- ឆោម និមល ៖ តារាចម្រៀង ឆោម និមល បានទៅរស់នៅសហរដ្ឋអាមេរិក ទីក្រុងឡូសអែលចេឡេស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ា (California) រយៈពេលជាង ២០ឆ្នាំហើយ ដោយធ្វើជាតារាចម្រៀងក្នុងក្រុម Dengue fever music (ក្រុមតន្ត្រីគ្រុនឈាម) នោះ បានមកលេងស្រុកកំណើត ជាង១ខែ ដើម្បីត្រៀមច្រៀងសម្ដែងក្នុងពិធីអង្គរសង្រ្កាន្ដ ជាលើកដំបូង នៅខេត្តសៀមរាប ទាំង៣ថ្ងៃ ។ ឆោម និមល បានផ្ញើសារជូនពរមហាជន ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ថា «នៅក្នុងឱកាសឆ្នាំថ្មីនេះ ខ្ញុំសូមជូនពរដល់បងប្អូនខ្មែរ នៅទូទាំងប្រទេស រស់នៅស្រុកខ្មែរ ក៏ដូចនៅក្រៅប្រទេស សូមឲ្យមានសេចក្ដីសុខ និងសុភមង្គលគ្រប់ៗក្រុមគ្រួសារ»។

 ២- ឌួង ហ្សូរីដា ៖ ពិធីការិនី ឌួង ហ្សូរីដា ផ្ញើសារទៅមហាជនថា «ខ្ញុំសូមលើកម្រាមដៃ១០ សំពះទេវតាគ្រប់អង្គទាំងអស់ ដែលនឹងយាងចុះមកក្នុងពេលឆាប់ៗនេះ ជូនពរទៅដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ឲ្យមានសុខភាពល្អ សុខសប្បាយ សុវត្ថិភាព ជាពិសេសប្រជាជនខ្មែរទាំងអស់ ទូទាំងផ្ទៃប្រទេស មិនថាតែក្នុងនិងក្រៅប្រទេស ដើរលេងក្នុងឱកាសចូលឆ្នាំខ្មែរនេះ សូមប្រកបដោយភាពសុខសប្បាយ កុំឲ្យមានគ្រោះថ្នាក់អ្វីទាំងអស់។ បើអ្នកបើកបរ សូមបើកបរដោយការប្រុងប្រយ័ត្ន  បើស្រវឹង កុំបើកបរ ដើម្បីកុំឲ្យប៉ះពាល់ដល់អ្នកដទៃ ហើយខ្ញុំសង្ឃឹមថា ឆ្នាំថ្មី នឹងផ្ដល់នូវសិរីសួស្ដីឆ្នាំថ្មី គ្រប់ក្រុមគ្រួសារទាំងអស់គ្នា» ។

 ៣- ឆេង សូរិយា ៖ តារាចម្រៀងជើងចាស់ ឆេង សូរិយា ផ្ញើសារទៅមហាជនថា «ខ្ញុំសូមជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងអស់ មិនថាក្នុងឬក្រៅប្រទេស សូមជួប្រទះតែពុទ្ធពរទាំងឡាយ ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងរកស៊ីមានបានគ្រប់ៗគ្នា» ។

៤- លីន សោម៉ា ៖ ម្ចាស់ពាន Beat The Best រដូវកាលទី២ លីន សោម៉ា ផ្ញើសារទៅទស្សនិកជនថា «ខ្ញុំសូមជូនពរដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ធ្វើដំណើរទៅណាមកណា មានសុវត្ថិភាព និងរកស៊ីទទួលទានមានបានគ្រប់ក្រុមគ្រួសារ» ។

កញ្ញាលីន សោម៉ា និងលោកគី សាវីន

 ៥- នី មុនីនាថ ៖ តារាទឹកភ្នែក នី មុនីនាថ ផ្ញើសារទៅទស្សនិកជនថា «សម្រាប់ឆ្នាំថ្មី ឆ្នាំម្សាញ់ នេះ ខ្ញុំសូមជូនពរឲ្យបងប្អូនមហាជនទាំងអស់ ជួបតែសំណាងល្អ និងមានសុភមង្គល ហើយបុណ្យដែលនាងខ្ញុំបានសាង សូមឧទ្ទិលទៅដល់បងប្អូន ជួបតែសេចក្ដីសុខ សេចក្ដីចម្រើន រាល់បំណងដែលបងប្អូនបានប៉ងប្រាថ្នា សូមទទួលបានសេចក្ដីសម្រេច» ។

 ៦- រចនា រ៉ាវាឌី ៖ តារាស្រី រចនា រ៉ាវាឌី ផ្ញើសារទៅមហាជនថា «ខ្ញុំសូមជូនពរបងប្អូនដើរលេងកម្សាន្ដទៅទីជិតឆ្ងាយអី ប្រកបដោយសុវត្ថិភាព និងគោរពច្បាប់ចរាចេណ៍ទាំងអស់គ្នា បើកបរដោយមានការទទួលខុសត្រូវ ប្រ យ័ត្នប្រយែង ជាមួយនិងសុខភាពកូនចៅ សូមឲ្យពុកម៉ែបងប្អូនមានសុខភាពល្អ សំណាងល្អ រីកចម្រើនទាំង អស់គ្នា» ។

 ៧-ម៉ា នីកា ៖ ម៉ានីកា ផ្ញើសារទៅ អ្នកគាំទ្រ (Fan) ថា «ខ្ញុំសូមជូនពរឲ្យពុកម៉ែ បងប្អូន មានសុខភាពល្អ សំ ណាងល្អ មានសុភមង្គល និងធ្វើតំណើរទៅទីជិតឬទីឆ្ងាយ ប្រកបដោយសុវត្ថិភាព»។

 ៨- ហេង ប៊ុនលាភ ៖ លោកហេង ប៊ុនលាភ ផ្ញើសារទៅទស្សនិកជនថា «ខ្ញុំសូមគោរពជូនពរពុកម៉ែមីងមា បងប្អូនទាំងអស់ ប្រកបដោយសេចក្ដីសុខ សេចក្ដីចម្រើន សុខសុវត្ថិភាព ធ្វើដំណើរទៅទីណា កន្លែងណា យើងត្រូវតែប្រុងប្រយ័ត្ន និងមានការយោគយល់គ្នាទៅវិញទៅមក។ សំខាន់អ្នកបើកបរ អ្នកបញ្ជាយាន្ដជំនិះនីមួយៗ គឺត្រូវមានការប្រុងប្រយ័ត្ន និងអធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីសេចក្ដីសុខក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ ក៏ដូចជាបន្ដបន្ទាប់ ជាប្រចាំ» ។

 ៩- សាយ សៀរ៉ា ៖ តារាសម្តែងល្បីឈ្មោះ សាយ សៀរ៉ា បានផ្ញើសារទៅពលរដ្ឋថា «ក្នុងឱកាសឆ្នាំថ្មីនេះ ខ្ញុំបាទសូមជូនពរដល់ពុកម៉ែ បងប្អូន ទូទាំងប្រទេស សូមទទួលបាននូវសុខភាពល្អ សំណាងល្អ ជោគជ័យការ ងារ ។ អ្វីដែលសំខាន់ ពេលធ្វើដំណើរទៅផ្លូវជិត ផ្លូវឆ្ងាយ ពេលបើកបរ សូមមានការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា សូមបើកបរដោយសន្សឹមៗ កុំជែងគ្នា កុំវ៉ាគ្នា ពិសេសពេលបើកបរ កុំពិសារគ្រឿង ស្រវឹង» ។           

១០- គី សាវីន ៖ ម្ចាស់ពាន Cambodian Idol រដូវកាលទី៥ គី សាវីន ផ្ញើសារទៅមហាជនថា «ក្នុងឱកាសឆ្នាំថ្មីនេះ ខ្ញុំសូមគោរពជូនពរពុកម៉ែ បងប្អូន ជួបប្រទះតែនឹងសេចក្ដីសុខ សេចក្ដីចម្រើន និងទៅណាមកណាបើកបរប្រយ័ត្នប្រយែង បើកតិចៗ យឺតៗ និងពិសាដោយការទទួលខុសត្រូវ» ៕

កញ្ញាលីន សោម៉ា និងលោកគី សាវីន

RELATED ARTICLES