ភ្នំពេញៈជនសង្ស័យម្នាក់បានលួចឡើងទៅលើផ្ទះគេទាំងកណ្តាលអធ្រាត្របំណងចូលលួចយករបស់របរមានតម្លៃ តែមិនបានសម្រេចក៏ត្រូវបានម្ចាស់ប្រទះឃើញចាប់ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចយកទៅសួរនាំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រ ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៧ ត្រង់ចំនុចផ្ទះលេខ៤២៤ ផ្លូវ១៦៣ ភូមិ២ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។
ជនសង្ស័យមានឈ្មោះ ស ឆន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិកណ្តឹង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។ ចំណែកឯបុរសជាម្ចាស់ផ្ទះមានឈ្មោះឡឹក វិបុល ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាមន្ត្រីនគរបាល ស្នាក់នៅត្រង់ចំនុចកើរហេតុខាងលើ។
បើតាមសម្តីពីបុរសដែលជាម្ចាស់ផ្ទះខាងលើបានរៀបរាប់អោយដឹងថានៅមុនពេលកើតហេតុ រូបគាត់រួមជាមួយនិងបុរសម្នាក់ទៀតដែលមិនស្គាល់អន្តសញ្ញាណបានម៉ូតូមួយគ្រឿងទើបតែចេញមកពីញ៉ាំអីនៅម្តុំអូរឬស្សីពេលមកដល់ផ្ទះវិញ ដោយសារតែទ្វារបងខាងមុខផ្ទះត្រូវបាននាក់ផ្ទះចាក់សោពីក្នុងទើបគាត់ដើរទៅទ្វាដែលនៅចំហៀងផ្ទះដើម្បីស្រែកហៅអោយនាក់នៅក្នុងផ្ទះចុះមកចាក់សោទ្វាអោយ ។ ខណះពេលនេះក៏ប្រទះឃើញជនសង្ស័យខាងលើកំពុងឈរសង្ងំនៅលើដំបូលយ៉ាកដែលនៅចំហៀងផ្ទះហើយគាត់ក៏បានស្រែកសួរនាំនិងហៅអោយចុះមកខាងក្រោមបែរជាជនសង្ស័យខាងលើលោតចុះមកខាងក្រោមបំរុងរត់គេចខ្លួនតែត្រូវគាត់ស្ទុះទៅចាប់ឃាត់ខ្លួនបានប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ធបាលបឹងកេងកងទី៣យកទៅសាកសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថារូបគេពុំមានបំណងឡើងទៅលួចយកអ្វីនេះទេគឺដោយសារតែមានក្រុមក្មេងហិតកាវមួយក្រុមបានដេញវាយរូបគេតាំងពីម្តុំគុកទួលស្លែងមកម៉្លេះហើយរូបគេភ័យពេកក៏បានរត់ឡើងទៅលើដំបូលយ៉ាកផ្ទះខាងលើដើម្បីលាក់ខ្លួន។
បច្ចប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ធបាលបឹងកេងកងទី៣កំពុងកសាងសំណំរឿងបញ្ចូបទៅអធិការដ្ធានខណ្ឌចំកាមនដើម្បីរងចាំការចាត់ការតាមនីតិវិធីច្បាប់៕សោល វ៉ាន់ណាល់