ភ្នំពេញ ៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus ) រាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរោង ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ថា រថយន្តក្រុងសាធារណៈដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចរាល់ ទាំងរថយន្ត អ្នកបើកបរ តាមគោលដៅចេញដំណើរនីមួយៗ សម្រាប់ដឹកជញ្ជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ រហូត ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ “ជិះដោយមិនបង់ប្រាក់”។

សូមបងប្អូនប្រជាពលរដ្ឋ មកទទួលសេវារថយន្តក្រុងសាធារណៈ ជិះទៅស្រុកកំណើត ៖ -ជិះដោយមិនបង់ប្រាក់ -ជិះដោយមិនតម្រូវឱ្យមានការចុះឈ្មោះ -ជិះដោយមិនតម្រូវអត្តសញ្ញាណប័ណ្ណ ឬឯកសារផ្សេងៗ។ដូច្នេះសូមអញ្ជើញបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋទាំងអស់ មកទទួលសេវារថយន្ដក្រុងសាធារណៈ ធ្វើដំណើរប្រកបដោយសុវត្ថិភាព និងផាសុកភាព។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្ពីពីការរៀបចំរថយន្តក្រុង ចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និងទៅកម្សាន្តសប្បាយសង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្តាខេត្តនានា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់់។

រដ្ឋបាលរាជធានីភ្នំពេញ ជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ដោយអនុវត្តតាមប្រ សាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងពិធីបិទសន្និបាតការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុង ចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និងទៅកម្សាន្តសប្បាយសង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្តាខេត្តនានា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ដោយក្នុងនោះ រួមមាន ៖

១-សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ៖ ប្រើប្រាស់រថយន្តក្រុង ចំនួន ១០០គ្រឿង សម្រាប់បម្រើដល់ប្រតិបត្តិការតម្រាយខ្សែរត់ជាប្រក្រតីក្នុងរាជធានីភ្នំពេញ។
២-សេវាដឹកជញ្ជូនប្រជាពលរដ្ឋដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្ត ត្រឡប់មករាជធានីភ្នំពេញ វិញ ៖ ប្រើប្រាស់រថយន្តក្រុង ចំនួន ៤៩៧គ្រឿង ព្រមទាំងបានរៀបចំទឹកពិសាបរិសុទ្ធ ដោយឥតគិតថ្លៃ នៅក្នុងរថយន្តក្រុងនីមួយៗ តាមគោលដៅចេញដំណើរផងដែរ ដែលម៉ោងចេញដំណើរ ចាប់ពីម៉ោង ៦:៣០នាទីព្រឹក ដល់ម៉ោង ១១:៣០នាទីព្រឹក និងគោលដៅ ទីតាំងចេញដំណើរលម្អិត ដូចខាងក្រោម ៖
– គោលដៅ ភ្នំពេញ-ព្រៃវែង-ភ្នំពេញ ៖ ចំនួនរថយន្ត ០៥គ្រឿង ទីតាំងស្ថានីយរថយន្តក្រុង វាលស្បូវ (ផ្លូវជាតិលេខ១ ច្រកចូលបុរីតារាសំណាង) ម៉ោងចេញដំណើរ ចាប់ពីម៉ោង ៦:៣០នាទីព្រឹក ដល់ម៉ោង ១១:៣០នាទីព្រឹក។
– គោលដៅ ភ្នំពេញ-ស្វាយរៀង ភ្នំពេញ ៖ ចំនួនរថយន្ត ១៥គ្រឿង ទីតាំងស្ថានីយរថយន្តក្រុង វាលស្បូវ (ផ្លូវជាតិលេខ១ ច្រកចូលបុរីតារាសំណាង) ។
– គោលដៅ ភ្នំពេញ កណ្តាល តាកែវ ភ្នំពេញ ៖ ចំនួនរថយន្ត ០៣គ្រឿង ទីតាំងស្ថានីយរថយន្តក្រុងចាក់អង្រែលើ។
-គោលដៅ ភ្នំពេញ-កែប-ភ្នំពេញ ៖ ចំនួនរថយន្ត ០៩គ្រឿង ទីតាំងស្ថានីយរថយន្តក្រុង ផ្លូវ២០០៤ (ជាប់របងបញ្ជាការដ្ឋានកង់ទ័ពអាកាស)។
– គោលដៅ ភ្នំពេញ-កំពត-ភ្នំពេញ ៖ ចំនួនរថយន្ត ០៩គ្រឿង ទីតាំងស្ថានីយរថយន្តក្រុង ផ្លូវ២០០៤ (ជាប់របងបញ្ជាការដ្ឋានកង់ទ័ពអាកាស)។
– គោលដៅ ភ្នំពេញ-កំពង់ស្ពឺ-ព្រះសីហនុ-ភ្នំពេញ ៖ ចំនួនរថយន្ត ១៤គ្រឿង ទីតាំងស្ថានីយរថយន្តក្រុង ផ្លូវ២០០៤ (ជាប់របងបញ្ជាការដ្ឋានកង់ទ័ពអាកាស)។
– គោលដៅ ភ្នំពេញ-កំពង់ស្ពឺ កោះកុង ភ្នំពេញ ៖ ចំនួនរថយន្ត ០៥គ្រឿង ទីតាំងស្ថានីយរថយន្តក្រុង ផ្លូវ២០០៤ (ជាប់របងបញ្ជាការដ្ឋានកង់ទ័ពអាកាស)។
– គោលដៅ ភ្នំពេញ-កំពង់ឆ្នាំង-ភ្នំពេញ ៖ ចំនួនរថយន្ត ១០គ្រឿង ទីតាំងស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ។
– គោលដៅ ភ្នំពេញ-ពោធិ៍សាត់-ភ្នំពេញ ៖ ចំនួនរថយន្ត ២០គ្រឿង ទីតាំងស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ។
– គោលដៅ ភ្នំពេញ-បាត់ដំបង-ភ្នំពេញ ៖ ចំនួនរថយន្ត ៧៥គ្រឿង ទីតាំងស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ។
– គោលដៅ ភ្នំពេញ-បន្ទាយមានជ័យ-ភ្នំពេញ ៖ ចំនួនរថយន្ត ៦៥គ្រឿង ទីតាំងស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ។
– គោលដៅ ភ្នំពេញ-ប៉ៃលិន-ភ្នំពេញ ៖ ចំនួនរថយន្ត ២០គ្រឿង ទីតាំងស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ។
– គោលដៅ ភ្នំពេញ-កំពង់ធំ-ភ្នំពេញ ៖ ចំនួនរថយន្ត ១៥គ្រឿង ទីតាំងដីឡូត៍តំបន់ OCIC ជ្រោយចង្វា (រង្វង់មូលទេពមច្ឆា)។

– គោលដៅ ភ្នំពេញ-សៀមរាប-ភ្នំពេញ ៖ ចំនួនរថយន្ត ១១២គ្រឿង ទីតាំងដីឡូត៍តំបន់ OCIC ជ្រោយចង្វា (រង្វង់មូលទេពមច្ឆា)។
– គោលដៅ ភ្នំពេញ-ឧត្តរមានជ័យ-ភ្នំពេញ ៖ ចំនួនរថយន្ត ១៥គ្រឿង ទីតាំងដីឡូត៍តំបន់ OCIC ជ្រោយចង្វា (រង្វង់មូលទេពមច្ឆា)។
– គោលដៅ ភ្នំពេញ-ព្រះវិហារ-ភ្នំពេញ ៖ ចំនួនរថយន្ត ១០គ្រឿង ទីតាំងដីឡូត៍តំបន់ OCIC ជ្រោយចង្វា (រង្វង់មូលទេពមច្ឆា)។
– គោលដៅ ភ្នំពេញ-កំពង់ចាម-ភ្នំពេញ ៖ ចំនួនរថយន្ត ១៨គ្រឿង ទីតាំងស្ថានីយរថយន្តក្រុង រង្វង់មូលកួចកាណុង។
– គោលដៅ ភ្នំពេញ-ត្បូងឃ្មុំ-ភ្នំពេញ ៖ ចំនួនរថយន្ត ១២គ្រឿង ទីតាំងស្ថានីយរថយន្តក្រុង រង្វង់មូលកួចកាណុង។
– គោលដៅ ភ្នំពេញ-ក្រចេះ-ភ្នំពេញ ៖ ចំនួនរថយន្ត ២៥គ្រឿង ទីតាំងស្ថានីយរថយន្តក្រុង រង្វង់មូលកួចកាណុង។
– គោលដៅ ភ្នំពេញ-ស្ទឹងត្រែង-ភ្នំពេញ ៖ ចំនួនរថយន្ត ២០គ្រឿង ទីតាំងស្ថានីយរថយន្តក្រុង រង្វង់មូលកួចកាណុង។
– គោលដៅ ភ្នំពេញ-មណ្ឌលគិរី-ភ្នំពេញ ៖ ចំនួនរថយន្ត ១០គ្រឿង ទីតាំងស្ថានីយរថយន្តក្រុង រង្វង់មូលកួចកាណុង។
– គោលដៅ ភ្នំពេញ-រតនគិរី-ភ្នំពេញ ៖ ចំនួនរថយន្ត ១០គ្រឿង ទីតាំងស្ថានីយរថយន្តក្រុង រង្វង់មូលកួចកាណុង។

ឆ្លៀតក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន ម្ចាស់ អាជីវកម្ម និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ សូមផ្តល់កិច្ចសហការរក្សាតម្លៃសេវាដឹកជញ្ជូនឱ្យនៅដដែល ដោយពុំដំឡើងថ្លៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ខាងមុខនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយសម្រួលដល់ការចំណាយ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

អាស្រ័យហេតុនេះ សូមបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប និងចូលរួម ធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេស ទៅលេងកម្សាន្តនៅតាមបណ្តាខេត្តនានា តាម រយៈរថយន្តក្រុង របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ប្រកបដោយសុវត្ថិភាព និងផាសុកភាពទាំងអស់គ្នា… ៕ ខៀវទុំ