Tuesday, April 15, 2025
Homeព័ត៌មានជាតិយុវជនស្ម័គ្រចិត្ត ៥៨៦នាក់ ចេញជួយរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត

យុវជនស្ម័គ្រចិត្ត ៥៨៦នាក់ ចេញជួយរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត

ភ្នំពេញ-សៀមរាប ៖  យុវជនស្ម័គ្រចិត្ត ចំនួន៥៨៦នាក់ បានចេញដំណើរពីរាជធានីភ្នំពេញ ទៅជួយរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅខេត្តសៀមរាប ។

លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥  បានអញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្ត ចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ២០២៥ ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីរួមខេត្តសៀមរាប។

នៅក្នុងការជូនដំណើរនោះ លោកហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ប្អូនៗដែលចូលរួមស្ម័គ្រចិត្តចូលរួមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៥ ដោយលោកបានផ្ដាំផ្ញើដល់ប្អូនៗ ចេះថែទាំសុខភាពឱ្យបានល្អ នៅក្នុងអំឡុងពេលបំពេញភារកិច្ច។

ឆ្លៀតក្នុងឱកាសនោះដែរ តាមរយៈប្អូនៗយុវជនស្ម័គ្រចិត្ត លោកក៏បានថ្លែងអំណរគុណចំពោះអាណាព្យាបាល ដែលបានអនុញ្ញាតឱ្យប្អូនៗ បានចូលរួមបំពេញភារកិច្ចក្នុងការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានមកដល់ នាពេលដ៏ខ្លីខាងមុខនេះ។

ដោយឡែក កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ លោកសុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងលោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានអញ្ជើញដឹកនាំអនុគណ:កម្មការសម្របសម្រួល និងពិធីការ របស់រដ្ឋបាលខេត្ត អមដំណើរនាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី្រ ចុះពិនិត្យទីតាំងរៀបចំអង្គរសង្ក្រាន្ត ក្នុងការរៀបចំពិធីបើកព្រឹត្តិការណ៍ ដែលនឹងប្រព្រឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

RELATED ARTICLES