Sunday, April 13, 2025
Homeព័ត៌មានជាតិបុណ្យចូលឆ្នាំថ្មី ក្រសួងសុខាភិបាល ណែនាំវិធានការរក្សាសុខភាព

បុណ្យចូលឆ្នាំថ្មី ក្រសួងសុខាភិបាល ណែនាំវិធានការរក្សាសុខភាព

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន អំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនូវជំងឺ ផ្តាសាយបក្សី និងការពុលអាហារ ពុលស្រា-ស ឬបញ្ហាសុខភាពផ្សេងៗ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលខាភិបាល ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ស្តីពីវិធានការការពារនិងរក្សាសុខភាព នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានខ្លឹមសារទាំងស្រុងថា «ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ក្រសួងសុខាភិបាល សូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ សូមជួបតែសេចក្តីសុខសុភមង្គល សុខភាពល្អបរិបូណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច ការងារ ព្រមទាំងទទួលបាននូវពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

 ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល សូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនូវជំងឺផ្តាសាយបក្សី និងការពុលអាហារ ពុលស្រា-ស ឬបញ្ហាសុខភាពផ្សេងៗ ដោយអនុវត្ត នូវវិធានការបង្ការនានា ដូចខាងក្រោម ៖

វិធានការបង្ការការចម្លងជំងឺផ្តាសាយបក្សី ការពុលចំណីអាហារ និងពុលស្រា ៖

– ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ លាងសម្អាតដៃ ឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល មុនចាប់កាន់អាហារ ឬប៉ះពាល់សត្វ បោចសម្អាតសត្វស្លាប លាងសម្អាតសាច់ និងវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ។

– កុំប៉ះពាល់ ឬទទួលទានមាន់ទាឈឺឬងាប់ និងពាក់ស្រោមដៃ និងម៉ាស់ ឬយកក្រមា ចងបិទច្រមុះ មុនពេលចាប់កាន់មាន់ទា ធ្វើម្ហូបអាហារ រួចហើយស្រុះវាក្នុងទឹកពុះ មុននឹងបោចសម្អាតរោម។

– ចុងភៅ ត្រូវទុកដាក់អាហារឆៅនិងឆ្អិន ដាច់ដោយឡែកពីគ្នា សម្អាតសម្ភារប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារ ឱ្យបានត្រឹមត្រូវ និងត្រូវចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ មុនបរិភោគ ជាពិសេសសាច់សត្វបក្សី ស៊ុត និងអាហារសមុទ្រ។ កុំទទួលទានពងមាន់ ឬពងទាជ័រព្នៅ និង ទុកដាក់អាហារឆៅនិងឆ្អិន ឱ្យនៅដាច់ដោយឡែកពីគ្នា។ នៅពេលលោកអ្នកទិញម្ហូបអាហារដែលឆ្អិនស្រាប់នៅតាមផ្សារ ឬតាមដងផ្លូវ ត្រូវប្រាកដថា អាហារទាំងនោះឆ្អិនល្អ មានអនាម័យ និងមានសុវត្ថិភាព ដោយការវេចខ្ចប់បានល្អ។

– ប្រសិនបើមានមាន់ទាឈឺ ឬងាប់ច្រើន នៅផ្ទះ ឬក្នុងភូមិ ហើយមានអាការក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម សូមប្រញាប់ស្វែងរកការពិគ្រោះយោបល់និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិត ជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យ ប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ។

– ត្រូវទុកដាក់ចំណីអាហារក្នុងសីតុណ្ហភាពមានសុវត្ថិភាព។ កុំរក្សាទុកអាហារក្នុងកន្លែងដែលមានសីតុណ្ហភាពធម្មតា លើសច្រើនម៉ោង (បើចង់ទុកបានល្អ ត្រូវរក្សាសីតុណ្ហភាពត្រជាក់ ត្រូវតិចជាង ៥អង្សាសេ និងបើក្តៅ គឺត្រូវលើសពី ៦០អង្សាសេ។ សុវត្ថិភាពល្អ គឺចម្អិនអាហារ មួយពេលសម្រាប់តែមួយពេល ដោយមិនទុកអាហារសេសសល់យូរ ដែលអាចផ្អូម ដែលបង្កឱ្យមានការជំងឺរាក ឈឺពោះ កួតជាដើម)។

– ត្រូវប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមមានគុណភាពល្អ ហើយមិនត្រូវប្រើប្រាស់សារធាតុគីមីបន្ថែម។

– ទទួលទានចំណីអាហារ និងពិសាទឹកឆ្អិនដាំពុះ ដែលមានអនាម័យ និងសុវត្ថិភាពល្អ។

– កុំប្រើប្រាស់ចំណីអាហារដែលរក្សាទុកហួសកាលកំណត់ប្រើប្រាស់។

– មិនត្រូវទទួលទានស្រា-សដែលគ្មានប្រភពផលិតច្បាស់លាស់ ឬយកមេតាណុល មកលាយធ្វើជាស្រា-ស បង្កឱ្យមានការពុលរហូតដល់បាត់បង់ជីវិត។

– កាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ដែលអាចបង្កអំពើហិង្សានិងគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុ។

វិធានការបង្ការជំងឺឆ្លងផ្សេងទៀត និងសុវត្ថិភាពក្នុងពេលចូលឆ្នាំ ៖

– នៅពេលក្អក កណ្តាស់ ត្រូវខ្ទប់មាត់ដោយពាក់ម៉ាស់ ឬប្រើកន្សែងដៃ ឬប្រើផ្នត់កែងដៃ និងមិនត្រូវខាកស្តោះ ឬបន្ទោបង់ពាសវាលពាសកាល។

– ចៀសវាងការចូលរួមក្នុងទីប្រជុំជន ឬការធ្វើដំណើរ ប្រសិនបើអ្នកមានអាការក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ហើយត្រូវទៅពិនិត្យព្យាបាលជំងឺឱ្យបានត្រឹមត្រូវ។

– ត្រូវសម្រាន្តក្នុងមុង ស្លៀកពាក់ខោជើងវែង អាវដៃវែង ឱ្យបានជិត ដើម្បីបង្ការមូសខាំ ដែលអាចបង្កជាជំងឺគ្រុនឈាម។

– ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរ និងសម្លៀកបំពាក់ ទាំងនៅក្នុងនិងក្រៅផ្ទះ ឱ្យមានសណ្តាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកមូស។

– ពេលធ្វើដំណើរ ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។

– ត្រូវប្រុងប្រយ័ត្ន និងបង្ការអគ្គិភ័យ នៅតាមផ្ទះសម្បែងរៀងខ្លួន។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថា មានការឆ្លងជំងឺ សូមប្រញាប់ទៅស្វែងរកការពិនិត្យ ពិគ្រោះ នៅមណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងមកលេខ ១១៥។

អាជ្ញាធរមូលដ្ឋាន សូមយកចិត្តទុកដាក់តាមដានស្ថានភាពសុខភាពប្រជាជនក្នុងតំបន់ ជាពិសេសជនងាយរងគ្រោះ និងសហការចាត់ចែងជាបន្ទាន់ ក្នុងករណីមានបញ្ហាសុខភាពណាមួយកើតឡើង។

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងថែរក្សាសុខភាព តាមរបៀបបង្ការខាងលើ។ ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹងអំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈ តាមបណ្តាញសង្គមផ្លូវការ របស់ក្រសួងសុខាភិបាល ក៏ដូចជាទំព័រហ្វេសប៊ុក ផ្លូវការ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ»៕

RELATED ARTICLES