Saturday, April 26, 2025
Homeតារាខ្មែរសួស វីសា បានកូន២ សរសើរប្ដីខ្លាំង

សួស វីសា បានកូន២ សរសើរប្ដីខ្លាំង

ភ្នំពេញ ៖ តារាចម្រៀង សួស វីសា ដែលថ្ងៃខួបកំណើតពិត នៅថ្ងៃទី៥ ខែឧសភា តែត្រូវបានស្វាមីនាង លោកប៊ុនថុល ប៊ុនថងហៅថមមី ធ្វើខួបកំណើតគម្រប់អាយុ៣២ឆ្នាំ ឲ្យនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ហើយលោកថមមី ថែមទាំងទិញខ្សែក ក្រវិលពេជ្រ ជាកាដូ ថើបប្រពន្ធដោយក្ដីស្រលាញ់។ ការធ្វើខួបកំណើត នាពេលនេះ ក្រោយពីនាងបានសម្រាលកូនប្រុស ឈ្មោះថង សាតារាពិសិដ្ឋ ហៅ Johnny កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ពោលគឺទើបបាន១៧ថ្ងៃ ហើយពេលនេះ នាងនៅតែឡើងគីឡូជ្រុល មិនទាន់ស្រកនៅឡើយ ។

 សួស វីសា បានចេញមុខសរសើរប្ដីនាង លោកថមមី ថាជាបុរសពូកែខ្លាំង អាចធ្វើបាននូវអ្វីដែលជាការស្រមៃពីមុន ដូចជាការរៀបការ មានកូនប្រុសស្រីជាមួយគ្នា និងការបង្ហាញទំនួលខុសត្រូវក្នុងគ្រួសារ ជាង១០ឆ្នាំមកនេះ ។ នាងថា ប្ដីនាងពូកែគ្រប់យ៉ាង ក្នុងនោះមានទាំងការរកស៊ី និងមើលថែនាងនិងកូនៗ។ ចំណែកលោកថមមី បានប្រកាសនៅថ្ងៃខួបកំណើតប្រពន្ធថា ទោះជាលោកមិនសូវនិយាយច្រើនដូចមុនមែន តែពេលខ្លះ ពាក្យថាស្រលាញ់រាប់លានដង មិនស្មើនូវទង្វើឡើយ ។លោកក៏បានអរគុណភរិយា ដែលបានផ្ដល់កាដូឲ្យលោកដែរ នោះគឺកូនប្រុសស្រីជាទីស្រលាញ់ ។

សួស វីសា មិនទាន់កំណត់ថ្ងៃវិលរកឆាកតន្រ្ដីនោះទេ ប៉ុន្ដែតាមក្រុមរាំនាង ដែលទៅមើលវីសា សម្រាលកូនទី២នោះ ពួកគេចង់ឲ្យនាងវិលវិញ ក្រោយសម្រាលកូនបាន៣ខែ ពោលគឺមានន័យថា អ្នករាំ ចង់ឲ្យនាងចេញច្រៀងវិញ នៅអំឡុងខែកក្កដា ខាងមុខនេះ ។ អ្នកសិល្បៈរួមអាជីព មើលឃើញថា វីសា កាន់តែពិបាកប្រជែងទីផ្សារចម្រៀង ក្រោយពេលមានកូន២នាក់ ពិសេសគឺការឡើងគីឡូជ្រុលតែម្ដង គឺដាច់ខាតទាល់តែសម្រកយ៉ាងហោចណាស់១០គីឡូ ទើបអាចមានការចាប់អារម្មណ៍ឡើងវិញ ។ ប៉ុន្ដែស្វាមីវីសា លោកប៊ុនថុល ប៊ុនថង ដែលវីសា អួតថាពូកែរកស៊ីនោះ ប្រាកដជាមានលទ្ធភាពគ្រប់យ៉ាងអាចចិញ្ចឹមនាងឲ្យរស់នៅដោយមានក្ដីសុខ ទោះជានាងមិនចេញរាំច្រៀងទៀតក៏ដោយ ។ ចំណែករឿងដែលវីសា បន្ដច្រៀងឬដើរចេញពីហង្សមាស នោះ ស្ថិតក្នុងភាពស្រពេចស្រពិល ព្រោះតារារួមអាជីពជាមួយនាង បានដើរចេញពីផលិតកម្មធំនេះ ជាបន្ដបន្ទាប់ ហេតុនេះវីសា កូន២ទៅហើយនោះ ប្រាកដជាមិនក្រាញនៅផលិតកម្មធំនេះទៀតទេ បើទោះជាថៅកែធ្លាប់លើកនាងឲ្យធ្វើជាគ្រូបង្វឹក The Voice Kids Cambodia រដូវកាលទី២ និង Beat The Best រដូវកាលទី២ ក៏ដោយ ។

 សូមបញ្ជាក់ថា សួស វីសា ក្រោយក្លាយជាភរិយាលោកថមមី ជាង៥ឆ្នាំ និងកូនពីរនាក់គឺកូនទី១ ស្រី ឈ្មោះថង សាម៉ូលីណា ហៅ Jenny អាយុជាង៤ឆ្នាំ  និងកូនទី២ ប្រុស ឈ្មោះថង សាតារាពិសិដ្ឋ ហៅ Johnny អាយុទើបបានជាង២០ថ្ងៃ នេះនាងមិនអាចប្រជែងទីផ្សារចម្រៀងជាមួយតារាវ័យក្មេង នាពេលបច្ចុប្បន្នបានឡើយ ប៉ុន្ដែអតីតតារា Rock រូបនេះ មានជីវភាពយ៉ាងល្អប្រសើរ ពោលគឺប្ដូរពីរស់នៅបន្ទប់ជួល និងជិះម៉ូតូឌុប ទៅ ច្រៀង ប្រែជាមានផ្ទះវីឡាយ៉ាងប្រណិត ជិះរថយន្ដទំនើបៗ ដូចជា Lexus Lx570, Mazda, Lexus Nx200t និង Alphard ជាដើម ។ ប៉ុន្តែវីសា នៅមិនទាន់សម្រេចក្ដីសុបិនធំ គឺចង់ជិះរថយន្ដម៉ាក Rolls Royce ដែលបំណងនេះ គេជឿថា លោកថមមី នឹងអាចបំពេញឲ្យនាង នាពេលខាងមុខនេះជាមិនខាន ។          

ក្រៅពីសួស វីសា តារាដែលមានប្ដីនិងកូនហើយ ពិបាកប្រជែងទីផ្សារសិល្បៈ នាពេលបច្ចុប្បន្ន មានដូចជា ឱក សុគន្ធកញ្ញា, សារ៉ាយ សក្ខណា, ទឹម រដ្ឋា និងហ៊ិន ច័ន្ទនីរ័ត្ន ជាដើម។ចំពោះវីសា គេជឿថា ក្រោយសម្រាលកូនទី២ នាងអាចនឹងដកខ្លួនពីការច្រៀងរាំជាច្រើនខែ បន្ដទៀត ហើយនឹងងាកមកផ្ដោតលើអាជីពលក់ដូរ Online ច្រើនជាងច្រៀងរាំ ៕

RELATED ARTICLES