Monday, April 28, 2025
Homeព័ត៌មានជាតិនយោបាយទុច្ចរិត អ្នកវិភាគថា យកមកអនុវត្ត ស្មើនឹងបំផ្លាញមរតកសង្គមជាតិ

នយោបាយទុច្ចរិត អ្នកវិភាគថា យកមកអនុវត្ត ស្មើនឹងបំផ្លាញមរតកសង្គមជាតិ

ភ្នំពេញ ៖ អ្នកជំនាញគោលនយោបាយសង្គម សេដ្ឋកិច្ច និងអ្នកវិភាគ បានលើកឡើងថា សម្រាប់អ្នកនយោបាយកំពូល ដែលគ្រប់គ្រងដឹកនាំប្រទេស ដោយការអនុវត្តយុទ្ធសាស្រ្តនយោបាយទុច្ចរិត នោះលទ្ធផលចុងក្រោយ គឺស្មើនឹងបំផ្លាញមរតកសង្គមជាតិ ។

លោក ឌី គន្ធា អ្នកឯកទេសផ្នែកសង្គម គោលនយោបាយនិងសេដ្ឋកិច្ច បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ថា “បើអ្នកនយោបាយលំដាប់កំពូល កំពុងគ្រប់គ្រងអំណាចរដ្ឋសំខាន់ៗ អនុវត្តយុទ្ធសាស្ត្រនយោបាយទុច្ចរិតភាព លទ្ធផលចុងក្រោយ ស្មើបំផ្លាញមរតកសង្គមជាតិ!“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកឌី គន្ធា បញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ថា លោកលើកទឹកចិត្តឲ្យធ្វើការសិក្សាស្រាវជ្រាវ តាមដាន ត្រួតពិនិត្យនិងវាយតម្លៃលើការការទទួលខុសត្រូវរបស់តួអង្គក្នុងចំណោមអង្គភាពអំណាចរដ្ឋសំខាន់ៗ ប្រកបដោយការត្រិះពិចារណានិងវិភាគបែបតក្ក ដោយខ្លួនឯង។ លោកសង្កត់ធ្ងន់ថា “ចូរចងចាំថា ៖ ច្បាប់គឺច្បាប់! នយោបាយគឺនយោបាយ! ការពិតគឺការពិត!” ។

លោកឌី គន្ធា បញ្ជាក់បន្ថែមថា ដើម្បឲ្យដឹងថា តើយុទ្ធសាស្ត្រនយោបាយបែបណា ជាយុទ្ធសាស្ត្រនយោបាយទុច្ចរិតនោះ? គឺយើងអាចសួរទៅកាន់អ្នកនយោបាយណាមួយដែលចូលចិត្តលេងល្បែងនយោបាយទុច្ចរិត ព្រោះពួកគាត់ពិតជាបានដឹងយ៉ាងច្បាស់ថា អ្វីជាគុណតម្លៃពិតនៃអ្នកនយោបាយទុច្ចរិត ឬអ្នកនយោបាយគំរូអាក្រក់? និងអ្វីជាគុណតម្លៃពិតនៃអ្នកនយោបាយសុច្ចរិតភាព ឬអ្នកនយោបាយដែលមានគំរូល្អ?

ដោយឡែក លោកសេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា ទាក់ទងនឹងនយោបាយទុច្ចរិត គឺសំដៅទៅលើការប្រើប្រាស់អំណាចខុសពីគោលការណ៍ច្បាប់ ពាក់ព័ន្ធជាមួយនឹងការបើកផ្លូវទុច្ចរិតធ្វើអំពើពុករលួយ ហើយអាចនឹងធ្វើឲ្យមានបញ្ហាកើតឡើងនៅក្នុងសង្គម ដូចជាបញ្ហាសន្តិសុខ ឬក៏ទាក់ទងជាមួយនឹងបញ្ហាផ្សេងៗដែលធ្វើឲ្យប៉ះពាល់ទៅដល់ផលប្រយោជន៍រួមរបស់សង្គម និងប្រជាពលរដ្ឋនៅតាមសហគមន៍ ។

លោកសេក សុជាតិ បានមានប្រសាសន៍ថា “វាជាការពិត វាអាចមានការយល់ស្របខ្លះដែរ ពីព្រោះយើងដឹងហើយ ទាក់ទងនឹងនយោបាយទុច្ចរិត គឺសំដៅទៅលើការប្រើប្រាស់អំណាចខុសពីគោលការណ៍ច្បាប់ ពាក់ព័ន្ធជាមួយនឹងការបើកផ្លូវទុច្ចរិតធ្វើអំពើពុករលួយ ហើយអាចនឹងធ្វើឲ្យមានបញ្ហាកើតឡើងនៅក្នុងសង្គម ដូចជាបញ្ហាសន្តិសុខ ឬក៏ទាក់ទងជាមួយនឹងបញ្ហាផ្សេងៗដែលធ្វើឲ្យប៉ះពាល់ទៅដល់ផលប្រយោជន៍រួមរបស់សង្គម ហើយនិងប្រជាពលរដ្ឋនៅតាមសហគមន៍ ដូចជាករណីគ្រឿងញៀន ក្មេងទំនើង ហើយនិងអាចធ្វើឲ្យប៉ះពាល់ទៅដល់ដំណើរការនៃការអភិវឌ្ឍន៍សង្គម ដូចជាបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម ហើយនិងទំនាក់ទំនងអន្តរជាតិជាដើម ហើយជាពិសេសកិច្ចការទាំងអស់នេះ គឺវាធ្វើឲ្យប៉ះពាល់ទៅដល់ទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ទៅលើតួនាទីរបស់រដ្ឋាភិបាល ហើយនិងស្ថាប័នសំខាន់ៗដែលដឹកនាំសង្គមរបស់យើងហ្នឹង“ ។

លោកសេក សុជាតិ បានមានប្រសាសន៍បន្តថា “ចំណុចមួយទៀត ក៏យើងអាចយល់ថា វាមានផលប៉ះពាល់ដែរចំពោះមរតកនៃការប្រើប្រាស់អំណាច ដែលធ្វើឲ្យប៉ះពាល់ទៅដល់មរតកសង្គមជាតិរបស់យើងហ្នឹង គឺទាក់ទងជាមួយការគ្រប់គ្រងអំណាច ដែលផ្ដោតតែទៅលើផលប្រយោជន៍របស់ខ្លួនជាធំ ហើយព្យាយាមប្រើប្រាស់ឥទ្ធិពលបំផ្លាញដៃគូ ឬក៏បំផ្លាញទៅលើវប្បធម៌សន្ទនា មិនយកចិត្តទុកដាក់ទៅលើការអប់រំ ហើយនិងគ្មានការបង្រួបបង្រួម និងផ្សះផ្សា ឬក៏ឯកភាពជាតិ ដែលជាមូលដ្ឋានគ្រឹះនៅក្នុងការកសាងនិងអភិវឌ្ឍជាតិ ឲ្យបានរុងរឿង ហើយសន្តិភាពយូរអង្វែងហ្នឹង ។ ហើយបញ្ហានៃការប្រើប្រាស់នយោបាយទុច្ចរិតនេះផងដែរ ក៏វាជាកត្តាដែលនាំឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដែរ ទៅដល់ដំណើរការនៃកិច្ចសហប្រតិបត្តការពីដៃគូផ្សេងៗ ដូចជាអង្គការសង្គមស៊ីវិល បណ្ដាញសារព័ត៌មានឯករាជ្យ ក៏ដូចជាប្រព័ន្ធតុលាការ វាធ្វើឲ្យប៉ះពាល់ទៅដល់សកម្មភាពពួកគាត់“ ។

លោកសេក សុជាតិ បានមានប្រសាសន៍បន្ថែមថា “អ៊ីចឹងវាធ្វើឲ្យប៉ះពាល់ច្រើនដែរ បើសិនជារដ្ឋាភិបាល នៅតែប្រើប្រាស់មធ្យោបាយរឹតបន្តឹង ហើយមិនបើកទូលាយឲ្យពួកគាត់អាចចូលរួម ហើយនិងអាចចែករំលែក ឬក៏អាចឲ្យពួកគាត់ធ្វើការតស៊ូមតិទៅតាមផ្លូវច្បាប់ ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ហើយនិងច្បាប់ជាតិនិងអន្តរជាតិ ដែលជាច្បាប់បើកផ្លូវ និងផ្ទេរអំណាចឲ្យប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ ជាពិសេសគឺឲ្យពួកគាត់ប្រើប្រាស់អំណាចបានត្រឹមត្រូវ គឺជារឿងល្អ តែបើសិនជាមានការទប់ស្កាត់បែបនេះ គឺវានឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរទៅដល់កិច្ចការរបស់ពួកគាត់នៅក្នុងភាពជាម្ចាស់អំណាចហ្នឹង ហើយចំណុចចុងក្រោយមួយទៀត ខ្ញុំយល់ថា ការធ្វើនយោបាយទុច្ចរិត គឺវានឹងធ្វើឲ្យមានលទ្ធផលហ្នឹងមិនទៀងទាត់ទេ មានន័យថា វាគឺជាវប្បធម៌បំផ្លាញគេ ដើម្បីខ្លួនឯង ហើយគេក៏បំផ្លាញយើងវិញដើម្បីខ្លួនគេដូចគ្នា ។ ដូច្នេះមធ្យោបាយបែបនេះ គឺជាមធ្យោបាយឬក៏ជាវប្បធម៌នយោបាយបំផ្លាញឫសគល់នៃយុត្តិធម៌សង្គម បំផ្លាញដោយប្រើប្រាស់នូវអំណាចលើសដែនកំណត់នៃច្បាប់ ដែលជាទូទៅមានការមិនយល់ស្របពីមនុស្សភាគច្រើន ។ អ៊ីចឹងវាអាចនឹងធ្វើឲ្យមានការរង្គោះរង្គើនៅក្នុងការគ្រប់គ្រង ឬក៏ការចាត់ចែងដឹកនាំរដ្ឋ ស្របទៅតាមអ្វីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ“ ៕ កុលបុត្រ 

RELATED ARTICLES