Monday, April 28, 2025
Homeព័ត៌មានជាតិបក្សកាន់អំណាចថា រដ្ឋាភិបាលក្រៅប្រទេសរបស់សម រង្ស៊ី ជាការស្រមើស្រមៃដូចយល់សប្តិ

បក្សកាន់អំណាចថា រដ្ឋាភិបាលក្រៅប្រទេសរបស់សម រង្ស៊ី ជាការស្រមើស្រមៃដូចយល់សប្តិ

ភ្នំពេញ ៖ បក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានលើកឡើងថា ការចង់បង្កើតរដ្ឋាភិបាលក្រៅប្រទេស របស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយម សម រង្ស៊ី ជាការស្រមើស្រមៃ ដូចការយល់សប្តិ ដែលមិនអាចទៅរួចឡើយ  ហើយលោកជឿថា ក្រុមឧទ្ទាមក្រៅច្បាប់ មិនហ៊ានបង្កើតរដ្ឋាភិបាលនៅក្រៅប្រទេសទេ  ព្រោះបើសិនជាក្រុមនេះហ៊ានប្រកាសបង្កើតរដ្ឋាភិបាលនៅក្រៅប្រទេស នោះស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជា នឹងធ្វើច្បាប់ដាក់ពួកនេះឲ្យទៅជាក្រុមភេរវករនៅក្រៅប្រទេស ហើយបើក្លាយជាក្រុមភេវរករហើយ ពួកនេះនឹងគ្មានដីជាន់ទេ ពីព្រោះបណ្ដាប្រទេសនានា គេមិនទទួលស្គាល់ក្រុមភេរវករជ្រុលនិយមទេ ។ ជាក់ស្តែងព្រោះតែមិនហ៊ានបង្កើតរដ្ឋាភិបាលក្រៅប្រទេសហ្នឹងហើយ ទើបបានជាសម រង្ស៊ី បង្កើតក្រុមប្រឹក្សាជាតិតស៊ូ ដើម្បីបន្លំភ្នែកមហាជន ។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក “យុវជន៧មករា” នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ថា “បានអីនឹងមានមន្ត្រីរដ្ឋាភិបាល បើអត់មានរូបរាងរដ្ឋាភិបាលផងនោះ ។ រដ្ឋាភិបាលក្រៅប្រទេស របស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ មាននៅក្នុងអារម្មណ៍ គ្រាន់តែជាការស្រមើស្រមៃ ដូចយល់សប្តិ ។ ការកាត់សេចក្តីលើឯកឧត្តមជាប្រធានអង្គរក្សសម្តេចតេជោ ហ៊ុន សែន ពីរឿងគប់គ្រាប់បែកនៅឆ្នាំ១៩៩៧ អត់ន័យ ព្រោះជាបាតុកម្មអនាធិបតេយ្យ គ្មានច្បាប់អនុញ្ញាត ។ ជនដែលដឹកនាំធ្វើបាតុកម្មអនាធិបតេយ្យ គ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរ គឺជាអ្នកទទួលខុសត្រូវចំពោះការបាត់បង់ជីវិតនិងរបួស របស់បាតុករ ។ ការមិនចូលរួមការកាត់ក្តីនៅតុលាការបារាំង គឺជាការមិនទទួលស្គាល់យុត្តាធិការតុលាការបារាំង ។ បាតុកម្មអនាធិបតេយ្យថ្ងៃ ៣០ មីនា ១៩៩៧ ជាការទទួលខុសត្រូវរបស់ទណ្ឌិតថៅកែបាតុកម្ម មិនទាក់ទិននឹងឯកឧត្តមជាប្រធានអង្គរក្សសម្តេចតជោ ហ៊ុន សែន ទេ …“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកសុខ ឥសាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ថា ការដែលលោកថាជាការស្រមើស្រមៃ ដូចយល់សប្ដិ នៅក្នុងការបង្កើតរដ្ឋាភិបាលក្រៅប្រទេស របស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ សម រង្ស៉ី នេះ គឺដោយសាររក្រុមទណ្ឌិតសម រង្ស៊ី គ្មានកម្លាំងនយោបាយ កម្លាំងធនធានមនុស្ស ដើម្បីនឹងដាក់ចូលទៅក្នុងរដ្ឋាភិបាលរបស់គេនោះទេ ហើយម្យ៉ាងទៀត ការបង្កើតរដ្ឋាភិបាលក្រៅប្រទេសនេះ វាជាការដើរផ្ទុយអំពីរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បើហ៊ានប្រកាសបង្កើត ស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជា នឹងធ្វើច្បាប់ដាក់ពួកនេះឲ្យទៅជាក្រុមភេរវករ ។ ចំណែកពាក្យថា ទទួលខុសត្រូវ គឺទទួលខុសត្រូវលើការស្លាប់និងរបួសរបស់បងប្អូនបាតុករ ដែលខ្លួនបានដឹកនាំធ្វើបាតុកម្មខុសច្បាប់ ដោយគ្មានសុំអនុញ្ញាតពីអាជ្ញានៅពេលនោះ ខណៈដែលមេអង្គរក្សសម្ដេចហ៊ុន សែន ទទួលខុសត្រូវតែលើការគ្រប់គ្រងអង្គរក្ស ការពារថ្នាក់ដឹកនាំ មិនមានរឿងអីទៅការពារពួកបាតុករអនាធិបតេយ្យនោះទេ ហើយតុលាការបារាំង ក៏មិនមានហេតុផលអីទទួលពាក្យបណ្ដឹងដោយលម្អៀងខាងនយោបាយនោះដែរ ព្រោះរឿងនេះកើតនៅកម្ពុជា មិនមែនកើតនៅប្រទេសបារាំង នោះទេ ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “យើងដឹងហើយថា ក្រុមឧទ្ទាមក្រៅច្បាប់ហ្នឹង មិនហ៊ានបង្កើតរដ្ឋាភិបាលនៅក្រៅប្រទេសទេ ពីរាជរដ្ឋាភិបាល ក្ដាប់បានបញ្ហាតាមផ្លូវច្បាប់ បើសិនណាជាក្រុមនេះ ហ៊ានប្រកាសបង្កើតរដ្ឋាភិបាលនៅក្រៅប្រទេស ហ្នឹងគឺស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជា នឹងធ្វើច្បាប់ស្ដីពីការដាក់ពួកនេះឲ្យ ទៅជាក្រុមភេរវករនៅក្រៅប្រទេស ហើយបើក្លាយទៅជាក្រុមភេវរករហើយ អាហ្នឹងពួកនេះគ្មានដីជាន់ទេ ពីព្រោះបណ្ដាប្រទេស គេមិនទទួលស្គាល់ក្រុមភេរវករជ្រុលនិយមទេ ។ ព្រោះតែវាមិនហ៊ានបង្កើតរដ្ឋាភិបាលក្រៅប្រទេសហ្នឹងហើយ បានជាវាបង្កើតក្រុមប្រឹក្សាជាតិតស៊ូហ្នឹងឯង ដើម្បីបន្លំភ្នែកមហាជន ប្រជាជន ។ យ៉ាងណា ការដែលជាការស្រមើស្រមៃដូចយល់សប្ដិ នៅក្នុងការបង្កើតរដ្ឋាភិបាលក្រៅប្រទេសនេះ ដោយសារវាគ្មានកម្លាំងនយោបាយ កម្លាំងធនធានមនុស្ស ដើម្បីនឹងដាក់ចូលទៅក្នុងរដ្ឋាភិបាលរបស់គេនោះទេ ហើយម្យ៉ាងទៀត ការបង្កើតរដ្ឋាភិបាលក្រៅប្រទេសនេះ វាជាការដើរផ្ទុយអំពីរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ពីព្រោះរាជរដ្ឋាភិបាល របស់ប្រទេសកម្ពុជា ត្រូវកើតចេញពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ហើយចេញពីបេក្ខជនជាប់ឆ្នោតរបស់តំណាងរាស្រ្តហ្នឹង បានរៀបចំសមាសភាពតែងតាំងជាគណៈរដ្ឋមន្រ្តីបាន ហីចុះពួកហ្នឹងមានស្អីឥឡូវនេះ? នៅសល់តែប៉ុន្មានគ្រាប់ហ្នឹង មានតែប្រធាន ហើយនិងអនុប្រធាន តែម្នាក់ ពីរនាក់ហ្នឹង យាយហួរ ហើយនិងអេង ឆៃអ៊ាង ហ្នឹង ក្រៅពីនោះ វាអត់មានអ្នកណា យកអ្នកណាមកធ្វើជារដ្ឋមន្រ្តីក្រសួងនេះ ក្រសួងនោះបាន? ហើយវាម្យ៉ាង គឺថាការបង្កើតរដ្ឋាភិបាលហ្នឹង វាអត់មានតាមរយៈការបោះឆ្នោតផង ។ ដូច្នេះហើយ វាមានត្រូវច្បាប់ឯណា? វាអត់ទេ ងាកទៅខាងណាក៏ខុសច្បាប់ដែរ ។ ដូច្នេះយើងយល់ថា រដ្ឋាភិបាលដែលហៅថាក្រៅច្បាប់នេះ ក្រៅប្រទេសនេះ វាអត់មានកើតទៅរួចទេ ។ អ៊ីចឹងទេ បានជាក្រុមឧទ្ទាមក្រៅច្បាប់ហ្នឹង វានៅអល់អែកៗហ្នឹង មិនហ៊ានប្រកាសជាចំហទេ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ចំពោះថា បាតុកម្មថ្ងៃ ៣០ មីនា ១៩៩៧ សម រង្ស៊ី ត្រូវទទួលខុសត្រូវ មិនទាក់ទិនប្រធានអង្គរក្សសម្តេចហ៊ុន សែន នោះ ខ្ញុំចង់រំលឹកថា ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ គឺថាប្រទេសយើង អនុវត្តតាមរដ្ឋធម្មនុញ្ញ ដែលជាស្មារតីមួយចំនួនធំរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ។ អ៊ីចឹងយើងដើរតាមគន្លងនីតិរដ្ឋ បើសិនណាជាចង់ធ្វើបាតុកម្ម តវ៉ារឿងអីមួយ ត្រូវសុំច្បាប់អាជ្ញាធរ ឬសមត្ថកិច្ចនៅមូលដ្ឋាន តែនេះគឺថា ទណ្ឌិតនេះ អត់មានសុំច្បាប់ទម្លាប់អី ទៅធ្វើបាតុភាពអនាធិបតេយ្យ អាហ្នឹងវាជាការទទួលខុសត្រូវរបស់អ្នកធ្វើ មិនមែនទីតាំងជិតៗគ្នា ហើយឲ្យឯកឧត្ដមហ៊ីង ប៊ុនហៀង ឯកឧត្ដមហ៊ុយ ពិសិដ្ឋ ហ្នឹង ទទួលខុសត្រូវម៉េច? ព្រោះគាត់ទទួលខុសត្រូវតែការគ្រប់គ្រងអង្គរក្សការពារថ្នាក់ដឹកនាំទេ មានរឿងអីទៅការពារឲ្យពួកបាតុករអនាធិបតេយ្យហ្នឹងនោះ? អត់មានទេ! ដូច្នេះពាក្យថា ទទួលខុសត្រូវ គឺទទួលខុសត្រូវលើការស្លាប់របស់បងប្អូនបាតុករ ដែលខ្លួនឯងអ្នកនាំ អ្នកញុះញង់ហ្នឹងមក ហើយទទួលខុសត្រូវចំពោះអ្នករងរបួសប៉ុន្មានហ្នឹង ។ អាហ្នឹងវាត្រូវទទួលខុសត្រូវហើយ ក៏ប៉ុន្តែកន្លងទៅ យើងដឹងហើយ ដោយសារថា សំអាងខ្លួនឯងមានសញ្ជាតិជាបារាំង ទៅដាក់ពាក្យប្ដឹងតុលាការបារាំង ហើយតុលាការបារាំង ដោយលម្អៀងខាងនយោបាយហ្នឹង ចេះតែទទួលពាក្យ ហើយមកដំណើរការនីតិវិធី វាមានយុត្តាធិការអីដែលអាចនឹងកាត់ក្ដីរឿងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា ហើយទៅកាត់ក្ដីនៅប្រទេសបារាំង? វាអត់មានទេ ។ អ៊ីចឹងហើយ ទើបឯកឧត្ដមទាំងពីរ មិនចូលរួម មិនចាត់មេធាវីទៅការពារក្ដី ពីព្រោះឯកឧត្ដមទាំងពីរ មិនទទួលស្គាល់យុត្តាធិការរបស់តុលាការបារាំង ។ ធម្មតារឿងកើតនៅកម្ពុជា មូលហេតុអីតុលាការបារាំង យកទៅកាត់ក្ដីនៅប្រទេសបារាំង ទៅវិញ? ដូច្នេះហើយយើងមិនបាច់ទៅរកមេធាវីអីទៅការពារក្ដីទេ វានាំតែខាតលុយខាតកាក់ ឬជិះកប៉ាល់ហោះទៅតទល់ក្ដីនោះ វាអត់មានប្រយោជន៍អី ពីព្រោះវាខុសនីតិវិធី មិនមែនតែត្រឹមច្បាប់នៅកម្ពុជា ទេ វាខុសទាំងនីតិវិធីច្បាប់អន្តរជាតិ ទៅទៀតផង“ ៕ កុលបុត្រ

RELATED ARTICLES