
ភ្នំពេញៈ ប្រធានគណបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា បានលើកឡើងថា លទ្ធផលបានពីការជេរគ្នា និងការលាបពណ៌ គឺខាតបង់ប្រយោជន៍សម្រាប់ខ្លួនឯង និងជាតិរបស់ខ្លួន ជាពិសេសបង្ហាញឲ្យឃើញពីផ្ទៃក្នុងកម្ពុជា និងស្ថាប័នជាតិមិនរឹងមំា ក៏ដូចជាស្ដែងឲ្យឃើញថា សីលធម៌ និងគុណធម៌របស់មនុស្ស បានធ្លាក់ចុះ ។
លោកមាជ សុវណ្ណារ៉ា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ថា “ លទ្ធផលបានពីការលាបពណ៌៖ ការជេរគ្នា ការលាបពណ៌ គឺខាតបង់ប្រយោជន៍សម្រាប់ខ្លួនឯង និងជាតិរបស់ខ្លួន !
១. បង្កើតបញ្ហាកាន់តែខ្លាំងឡើងៗ បង្កើតចិត្តគំនិតស្អប់ គំនុំព្យាបាទឈ្លោះទាស់ទែងគ្នា គ្មានរកសេចក្តីសុខឃើញទេ ។
២. មិនមានផលចំណេញអ្វីសម្រាប់ខ្លួននោះទេ ហើយថែមទាំងអាចកើតមានបញ្ហាដល់ខ្លួនទៀតផង ត្រូវគេប្តឹងអស់លុយកាក់ ឬជាប់គុកក៏ថាបាន ។
៣. មិនមានផលចំណេញអ្វីដល់ជាតិនោះទេ មានតែប្រេះឆាជាតិ បែកបាក់ជាតិ ខាតបង់ជាតិ ជាពិសេសបរទេសចំណេញពីខ្មែរ គឺយួន សៀម និងចិន ។
៤. ប្រទេសកម្ពុជាខ្លួនឯង ដើរមិនទៅមុខ មិនរីកចម្រើនទាន់ប្រទេសជិតខាង មានសៀម និងយួន ជាដើម ។
៥. បរទេសមើលងាយខ្មែរ ថាខ្មែរមិនចេះឯកភាព និងសាមគ្គីភាពគ្នា មិនគិតខិតខំរួមគ្នាអភិវឌ្ឍជាតិ គិតតែពីឈ្លោះគ្នាដូចសត្វធាតុ ។
៦. ផ្ទៃក្នុងកម្ពុជា និងស្ថាប័នជាតិមិនរឹងមំា ។
៧. សីលធម៌ និងគុណធម៌របស់មនុស្ស ត្រូវបានធ្លាក់ចុះ “ ។

ភ្ជាប់ជាមួយចំណុចខាងលើនេះ លោកមាជ សុវណ្ណារ៉ា បានលើកឡើងថា អ្នកជំនាន់ថ្មី ត្រូវបង្ហាញនូវភាពស្អាតស្អំ សុចរិតភាព តម្លាភាព និងសេចក្តីថ្លៃថ្នូរ បង្ហាញនូវទំនុកចិត្ត និងនាំមកនូវកិច្ចសហការរួមពីគ្រប់និន្នាការ គ្រប់ភាគីខ្មែរ ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យរុងរឿង រឹងមាំ នាំមកនូវសាមគ្គីជាតិ សេរីភាព យុត្តិធម៌ និងសន្តិភាពពេញលេញ គ្មានការគាបសង្កត់ បក្ខពួក ពុករលួយ ឬការរើសអើង ដោយមិនយកខ្មែរណាជាសត្រូវ ហើយបញ្ចប់នូវវប្បធម៌ «ទឹកឡើង ត្រីស៊ីស្រមោច ទឹកហោច ស្រមោចស៊ីត្រី» និងវប្បធម៌ឈ្នះចាញ់បែប «មានឯងអត់អញ មានអញអត់ឯង» ។
លោកមាជ សុវណ្ណារ៉ា បានសរសេរបន្ថែម នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ថា “គណបក្សជំនាន់ថ្មី «មានមិត្ត តែគ្មានសត្រូវ» នៃគោលនយោបាយការបរទេស ជាមួយនឹងសហគមន៍អន្តរជាតិ ដែលគ្មានការរងនូវឥទ្ធិពលក្នុងសម្ពាធគ្របដណ្តប់ ឬរណបរដ្ឋបរទេសណាមួយ ក្រៅពីមិត្តភាពស្មើមុខស្មើមាត់គ្នា ដើម្បីស្តារប្រទេសជាតិឱ្យមានកិត្តិយស និងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញឡើងវិញ ប្រកបដោយកិត្យានុភាពនៅលើឆាកអន្តរជាតិ ។ ដូច្នេះកំណែទម្រង់រដ្ឋបាលសាធារណៈ និងអភិបាលកិច្ចល្អ គឺជាកាតព្វកិច្ចចាំបាច់របស់អ្នកជំនាន់ថ្មី ត្រូវតែបន្តបេសកកម្ម ដើម្បីជាមរតកសម្រាប់អ្នកជំនាន់ក្រោយៗ។ អ្នកជំនាន់ថ្មី ត្រូវបង្ហាញនូវភាពស្អាតស្អំ សុចរិតភាព តម្លាភាព និងសេចក្តីថ្លៃថ្នូរ បង្ហាញនូវទំនុកចិត្ត និងនាំមកនូវកិច្ចសហការរួមពីគ្រប់និន្នាការ គ្រប់ភាគីខ្មែរ ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យរុងរឿង រឹងមាំ នាំមកនូវសាមគ្គីជាតិ សេរីភាព យុត្តិធម៌ និងសន្តិភាពពេញលេញ គ្មានការគៀបសង្កត់ បក្ខពួក ពុករលួយ ឬការរើសអើង ដោយមិនយកខ្មែរណាជាសត្រូវ ហើយបញ្ចប់នូវវប្បធម៌«ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» និងវប្បធម៌ឈ្នះចាញ់បែប«មានឯងអត់អញ មានអញអត់ឯង» ឱ្យរលត់ផុតពីកម្ពុជា គឺ«គ្មានទេហិង្សា ឬមនោគមន៍វិជ្ជាជ្រុលនិយម» ក្រៅពីបោសសម្អាត ចាប់យកមេត្តាធម៌ និងករុណាធម៌ ដោយគោរពវិន័យ ឬច្បាប់ ដើម្បីនាំមកនូវសណ្តាប់ធ្នាប់ ឆ្ពោះទៅរកសង្គមជាតិមួយប្រកបដោយសុខភាពប្រជាធិបតេយ្យ និងបរិស្ថានបៃតងនៃការគោរពសិទ្ធិមនុស្ស “ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ថា ការលាបពណ៌គ្នានេះ គឺជាជំងឺឆ្លងមួយកាចសហាវបំផុត ដែលបានកើតឡើងនៅក្នុងសង្គមខ្មែរ តាំងពីអតីតកាលមក ។ ដូច្នេះដើម្បីបញ្ឈប់នូវការជេរគ្នា ការលាបពណ៌គ្នានេះ វាទាល់តែយើងត្រូវរកដំណោះស្រាយបែបណាមួយ ដើម្បីឲ្យខ្មែរនិងខ្មែរយល់គ្នា ចៀសវាងការជេរប្រមាថ ការលាបពណ៌ដោយមន្ទិលសង្ស័យ ដោយការច្រណែនឈ្នានីស គុំកួន សងសឹកគ្នា ។ ជាពិសេសត្រូវយកហេតុផល អង្គហេតុ អង្គច្បាប់មកដោះស្រាយបែបជាសន្តិភាពផ្លូវចិត្ត ផ្លូវកាយ ផ្លូវវាចា និងត្រូវស្រលាញ់ខ្មែរគ្នាឯង ស្រលាញ់ជាតិខ្លួនឯង រួមកម្លាំង ឲ្យគុណតម្លៃជាតិសាសន៍របស់ខ្លួន ខិតខំអភិវឌ្ឍ កសាងជាតិឲ្យមានការរីកចម្រើនគ្រប់វិស័យ បង្ហាញកិត្យានុភាព កិត្តិយស និងកេរ្តិ៍ឈ្មោះខ្មែរឡើងវិញ នៅលើឆាកអន្តរជាតិ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ យើងដឹងហើយថា ការលាបពណ៌គ្នា គឺវាកើតចេញពីរវាងអ្នកនយោបាយ និងអ្នកនយោបាយ រវាងអ្នកនយោបាយ និងប្រជាពលរដ្ឋ រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ រវាងមន្រ្តី និងមន្រ្តី និងពលរដ្ឋផងដែរ ហើយការលាបពណ៌គ្នានេះ គឺជាជំងឺមួយកាចសហាវបំផុត គឺជាជំងឺឆ្លង ។ ជំងឺលាបពណ៌គ្នានេះ គឺកើតនៅក្នុងសង្គមខ្មែរ គឺថា តាំងពីក្រោយអាណានិគមបារាំងមកហ្នឹង គឺថា យើងគិតពីទសវត្សរ៍ឆ្នាំ១៩៦០ ដោយការលាបពណ៌ថាខ្មែរស ខ្មែរខៀវ ខ្មែរប្រផេះ រហូតមកដល់អតីតកាលរបបកុម្មុយនីស្ត ហើយរបបថ្មីៗ នៃព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ១៩៩៣មកហ្នឹង ក៏យើងនៅតែមានការហែកហួរ ការលាបពណ៌ ការញុះញង់គ្នា បង្កើតការមិនទុកចិត្ត ទំនុកចិត្តឲ្យគ្នា គឺបក្សប្រឆាំង បក្សស្រប បក្សកាន់អំណាច បក្សរណប ខ្មែរស ខ្មែរខៀវ ខ្មែរប្រផេះហ្នឹងសុទ្ធតែបែងចែកចំណាំ ដូចជាអតីតអង្គការភ្នែកម្នាស់ ក្នុងរបបខ្មែរក្រហមអ៊ីចឹង ហើយមកដល់ឥឡូវក៏វាមិនទាន់បាត់ដែរ អាចារកម្ម ចារកិច្ច អាធ្វើជាភ្នែកម្នាស់ បីបក្សមួយទៅបក្សមួយ ដើម្បីរាយការណ៍អីហ្នឹង ។ អ៊ីចឹងបច្ចុប្បន្ននេះ ក៏ខ្មែរយើងនេះ យើងឃើញថា នៅតែបន្តការលាបពណ៌គ្នាឥតឈប់ឈរ ទៅនឹងការជេរប្រមាថកាតទានរវាងខ្មែរនិងខ្មែរ ចោទប្រកាន់គ្នាថាបក្សនេះ បក្សនោះ ឬក៏អាចថាជាយួនទៅទៀត លាបពណ៌ដល់ថាជាយួន ជាអីទៅទៀត “ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “ អ៊ីចឹងហើយអ្វីដែលធ្វើឲ្យការជេរប្រមាថ ការលាបពណ៌រវាងខ្មែរនិងខ្មែរហ្នឹង គឺវាខាតបង់ទៅដល់សង្គមជាតិហ្នឹងឯង ហើយខាតបង់ទៅដល់សង្គមជាតិ ដែលយើងត្រូវរកវិធីដោះស្រាយបែបណា យើងដឹងហើយ ដឹងថា ការជេរគ្នាតាមហ្វេសប៊ុកក្ដី តាមសាធារណៈ ឬក៏តាមប្រព័ន្ធផ្សព្វផ្សាយនេះ មិនមែនជាដំណោះស្រាយនោះទេ ។ អ៊ីចឹងហើយការជេរគ្នា ការលាបពណ៌គ្នា វាទាល់តែយើងត្រូវរកដំណោះស្រាយបែបណា ដែលយើងយកទៅដោះស្រាយ ដើម្បីឲ្យខ្មែរនិងខ្មែរយល់គ្នា ចេញពីដើមហេតុ សុ ចិ បុ លិ ។ មានន័យថា ចៀសវាងការជេរប្រមាថ ការលាបពណ៌ដោយមន្ទិលសង្ស័យ ដោយការច្រណែនឈ្នានីស គុំកួន សងសឹកគ្នា ។ អ៊ីចឹងហើយអត់បានប្រមូលប្រភពឲ្យគ្រប់ជ្រុងជ្រោយ ថាតើរឿងហ្នឹងវាជាការពិតឬអត់? បុគ្គលហ្នឹង បើនិយាយអំពីនយោបាយ តើលក់ខ្លួន លក់ក្បាល ឬក៏យ៉ាងម៉េច អីយ៉ាងម៉េច ទៅនឹងសិទ្ធិរដ្ឋធម្មនុញ្ញ ការពារធានាដោយរដ្ឋធម្មនុញ្ញ? ទៅនឹងសិទ្ធិរបស់បុគ្គល ទៅនឹងច្បាប់ទម្លាប់របស់ប្រទេស ហើយនិងសិទ្ធិដែលចូលចិត្ត ឬក៏សិទ្ធិដែលមិនអាចនៅជាមួយអ្នកដែលពោរពេញទៅដោយហិង្សា ទៅដោយការលាបពណ៌ ភូតភរ កុហកបោសប្រាស់អីជាដើមហ្នឹង? អាសរុបទាំងអស់ហ្នឹងហើយ ដែលយើងចង់ឃើញថា សុ ចិ បុ លិ គឺមុននឹងបុរេវិនិច្ឆ័យ ឬក៏សន្និដ្ឋានវាយតម្លៃ គឺយើងត្រូវទី១ ស្ដាប់ មើល ឃើញ ដឹង ឮ ហើយឆ្ងល់ ឆ្ងល់ហើយសួរ សួរដើម្បីរកហេតុផលហើយ យើងកត់ចំណាំ ចាំយើងធ្វើការវិនិច្ឆ័យ សន្និដ្ឋាន វិភាគបែបណា អាហ្នឹងហើយដែលវាចៀសវាងការជេរប្រមាថ ការលាបពណ៌គ្នាដោយការគិតខុស “ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “ នេះជាបញ្ហាដែលខ្ញុំមើលឃើញ ដែលខ្ញុំបានបញ្ជាក់ទាំង៧ចំណុចហ្នឹង គឺទី១ បង្កើតបញ្ហាកាន់តែខ្លាំង ដោយសារតែបង្កើតអាចិត្តគំនិតស្អប់ គំនុំព្យាបាទ ឈ្លោះទាស់ទែងគ្នា ទាំងអស់ហ្នឹងហើយ មិនដែលនាំឲ្យយើងបានសុខនៅក្នុងពេលបច្ចុប្បន្ន និងទៅបរលោក គឺថា មានតែការគុំកួន ខឹងសម្បាគ្នា លាបពណ៌គ្នា ពន្យុះមិនពិត ថាការពិតអីជាដើមហ្នឹង ។ វាអត់មានជាការចំណេញអីសម្រាប់ខ្លួនយើង ក៏ដូចជាសម្រាប់ប្រទេសជាតិ ក្រៅតែពីឈ្លោះគ្នា បែកបាក់គ្នា ប្ដឹងផ្ដល់អស់លុយ អស់កាក់ ហើយអាចនឹងឈានទៅរកការជាប់គុក ជាប់ច្រវាក់អីហ្នឹង គឺថា វាសុទ្ធតែជាការខាត វាអត់មានចំណេញអីទៅដល់ខ្លួនឯង ទៅដល់ជាតិអីទេ ក្រៅតែពីការបែកបាក់ ប្រេះឆា ខាតបង់ពេលវេលា មិនចំណេញទៅដល់សង្គមខ្មែរ ក្រៅតែពីធ្វើឲ្យប្រទេសជិតខាង មានយួន សៀម ចិនហ្នឹង គេមើលងាយ មើលថោកខ្មែរ ដូចដែលខ្ញុំបានបញ្ជាក់ទាំង៧ចំណុចហ្នឹង គឺថា កម្ពុជាខ្លួនឯងហ្នឹង វាអត់រីកចម្រើនទៅមុខ ដោយសារតែអាការមិនមានភាពសាមគ្គី ការមិនទុកចិត្តគ្នា ការបង្កើតនូវអំពើហិង្សានិយម នៃការបែកបាក់ពាក្យសម្ដី ការឈ្លោះទាស់ទែងគ្នា បាត់បង់អត្ថប្រយោជន៍រួម ក្រៅតែពីអត្តទត្ថបុគ្គលហ្នឹងហើយ ដែលធ្វើឲ្យប្រទេសជិតខាង គេកេងចំណេញ ហើយគេមើលងាយ មើលថោកយើងទៅទៀត ហើយយើងកុំទៅថា បរទេសហ្នឹង គេខូច គឺយើងទេ ដែលធ្វើឲ្យគេឃើញយើងខ្សោយ អាហ្នឹងធម្មតាដូចមនុស្សនៅក្នុងខ្លួនអ៊ីចឹង សុខភាពតែមិនល្អហើយ អាមេរោគហ្នឹងវាវ៉ៃហើយ យើងអត់ថែសុខភាព អត់មានសាមគ្គី មិនមានគំនិតជាតិរួម ដើម្បីអភិវឌ្ឍ ក្រៅតែពីការឈ្លោះទាស់ទែងគ្នា ហើយធ្វើឲ្យជាតិវាមិនឯកភាពគ្នា អត់រឹងមាំ “ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “ អ៊ីចឹងស្ថាប័នជាតិហ្នឹងក៏វាបង្កភាពការិយាធិបតេយ្យ អនាធិបតេយ្យ អំពើពុករលួយ បក្ខពួក គ្រួសារនិយមហ្នឹង គ្មានអ្នកណាស្ដាប់អ្នកណា វាអត់គោរពច្បាប់ ក្រៅពីដណ្ដើមគ្នាអញខ្លាំង អញធំជាងឯង ឯងតូចជាងអញ អញមានជាងឯង ឯងក្រជាងអញ បក្ខពួកអញធំជាងបក្ខពួកឯង ឯងអត់មានខ្សែហ ទេ ។ អាហ្នឹងហើយវាជារឿងដែលយើងជួបការទុក្ខលំបាក នៅក្នុងបញ្ហាជាតិ បញ្ហាគ្រួសារ បញ្ហាសង្គម ដែលធ្វើឲ្យយើងលែងគិតថា ប្រទេសកម្ពុជា ជាប្រទេសកាន់ព្រះពុទ្ធសាសនា ។ អ៊ីចឹងហើយយើងបែរជាបាត់នូវសីលធម៌ គុណធម៌ ដែលទៅធ្លាក់ចុះ ។ អាហ្នឹងហើយជាចំណុចដែលខ្ញុំមើលឃើញនូវប្រការទាំង៧ចំណុច ដែលធ្វើឲ្យយើងមានការជេរគ្នា លាបពណ៌គ្នាហ្នឹងហើយ ដែលធ្វើឲ្យប្រទេសជាតិមិនអាចទៅមុខរួច ធ្វើឲ្យសង្គមខ្មែរហ្នឹងមិនយកអាការចេះដឹង បញ្ញាញាណ ពុទ្ធិហ្នឹងមកប្រើ ក្រៅតែពីច្រណែនឈ្នានីសគ្នា គំនុំគុំកួនសងសឹកគ្នា មិនបង្កើតនូវអ្វីជាចំណុចនៃពហុគំនិតនៃចំណេះដឹងរួម កសាងជាតិ អភិវឌ្ឍប្រទេសឲ្យរីកចម្រើន វាជួបការលំបាក ហើយធ្វើឲ្យប្រទេសហ្នឹងមិនទៅមុខ ពេលមិនទៅមុខ ធ្វើឲ្យប្រទេសជិតខាង គេឆក់ឱកាសដើម្បីកេងចំណេញពីប្រជាជាតិយើង ពីប្រទេសយើង ពីភោគទ្រព្យយើង ពីធនធានយើង អាភាពខ្សោយរបស់យើងកាន់តែខ្សោយទៅៗ ។ អ៊ីចឹងហើយអនាធិបតេយ្យនៃការដឹកនាំប្រទេស ដោយសារតែការមិនយល់គ្នា ការមិនចាប់ដៃគ្នាសាមគ្គីភាព ការមិនឲ្យតម្លៃគ្នា ការជានឈ្លីគ្នាដោយអំពើអយុត្តិធម៌ ជួបនូវការឈឺចាប់ មនុស្សមិនមានការជឿជាក់ ទំនុកចិត្តឲ្យគ្នា វាបាត់នូវវប្បធម៌នៃក្ដីស្រលាញ់ វប្បធម៌រំលែកចែកគ្នារស់ ក្រៅតែពីវប្បធម៌នៃការលោភលន់ បំពានគ្នា គាបសង្កត់ បឺតឈាម អ្នកណាមានអំណាចខ្លាំង គឺឈ្នះ យុត្តិធម៌ អ្នកណាមានអំណាចមិនខ្លាំង ខ្សោយ ក្រ ទន់ទាប គឺថា ជួបបញ្ហាលំបាកគ្រប់សព្វបែបយ៉ាង “ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្ថែមថា “ អ៊ីចឹងហើយយើងនឹងរកវិធីដោះស្រាយវប្បធម៌ជេរលាបពណ៌ហ្នឹង គឺគ្មានអ្វីក្រៅតែពីបញ្ឈប់នូវគំនិតជេរគ្នា បញ្ឈប់ការលាបពណ៌គ្នា បង្កើតវប្បធម៌សន្តិភាពដោយមេត្តាធម៌ យកខ្មែរតែមួយ មិនយកខ្មែរណាជាសត្រូវ បណ្ដុះគំនិត ឧត្ដមគតិ មនសិការ បញ្ញាស្មារតីជាតិនិយម សតិសម្បជញ្ញៈរបស់ខ្មែរ សម្រាប់ក្ដីស្រលាញ់ឲ្យគ្នា ការពារគ្នា ជួយគ្នាហ្នឹង ឲ្យមានការវិវត្តន៍រលូនទៅ ដើម្បីខ្មែរខ្លាំង ខ្មែររុងរឿង ខ្មែររីកចម្រើន ខ្មែរកសាងបដិវត្តន៍ផ្នត់គំនិតមានឯង អត់អញ មានអញ អត់ឯង ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី ឲ្យមានទំនុកចិត្ត ទំនួលខុសត្រូវ ផ្សះផ្សារបួសស្នាមបែកបាក់ ហើយនាំគ្នាស្រលាញ់នូវអំពើល្អ គិតល្អ ធ្វើល្អ និងបណ្ដុះវប្បធម៌អហិង្សា មិនសាបនូវវប្បធម៌ហិង្សានិយម និងគំនិតមនោគមន៍វិជ្ជាជ្រុលនិយម ដោយមិនបៀតបៀន មិនព្យាបាទ មិនឈ្នានីស មិនលោភលន់ កេងប្រវ័ញ្ច បានន័យថា ពោលគឺសង្គមមួយដែលយើងរស់នៅជាមួយគ្នាប្រកបដោយចិត្តមេត្តាករុណា មុទិតា ឧបេក្ខា ហើយយើងអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព គឺច្បាប់គោរពនីតិរដ្ឋ ស្មើមុខស្មើមាត់គ្នាចំពោះមុខច្បាប់ ហើយយកច្បាប់ជាធំ ដែលយើងហៅថា ធម្មាធិបតេយ្យហ្នឹង ជាពិសេសគឺយើងបណ្ដុះវប្បធម៌ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ។ អ៊ីចឹងហើយខ្មែរត្រូវបញ្ឈប់ការជេរគ្នា លាបពណ៌គ្នាតទៅទៀត គឺថា ត្រូវបង្កើតវប្បធម៌ដោះស្រាយដោយសន្តិវិធី យកហេតុ យកផល យកអង្គហេតុ អង្គច្បាប់មកដោះស្រាយបែបជាសន្តិភាពផ្លូវចិត្ត ផ្លូវកាយ ផ្លូវវាចា និងត្រូវស្រលាញ់ខ្មែរគ្នាឯង ស្រលាញ់ជាតិខ្លួនឯង រួមកម្លាំង ឲ្យគុណតម្លៃជាតិសាសន៍របស់ខ្លួន និងខិតខំអភិវឌ្ឍ កសាងជាតិឲ្យមានការរីកចម្រើនគ្រប់វិស័យ ហើយបង្ហាញកិត្យានុភាព កិត្តិយស និងកេរ្តិ៍ឈ្មោះខ្មែរឡើងវិញ នៅលើឆាកអន្តរជាតិ ខ្ញុំថា អានេះហើយជាការចាប់ផ្ដើមសម្រាប់អ្នកជំនាន់ថ្មី ឈាមថ្មី គំនិតថ្មី គិតថ្មី ធ្វើថ្មី នូវអ្វីជាសុភមង្គល និងសុខដុមរមនាសម្រាប់ប្រទេសជាតិ និងប្រជារាស្រ្តសម្បូររុងរឿង សប្បាយ គ្មានទុក្ខលំបាក មិនមានវិប្បដិសារីឲ្យគ្នា គ្មានការឈឺចាប់ឲ្យគ្នា ក្រៅតែពីវប្បធម៌នៃក្ដីស្រលាញ់ វប្បធម៌នៃការជួយចែករំលែករស់ កុំដណ្ដើមគ្នារស់ វប្បធម៌ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរការពារខ្មែរ “ ៕